ប្រធានាធិបតីចិន ស៊ី ជីនពីង ទទួលស្គាល់ថា បញ្ហាថ្មី មាននៅក្នុងទំនាក់ទំនងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងជាមួយកោះតៃវ៉ាន់ ដែលជាកោះត្រួតត្រាដោយខ្លួនឯងដែលចិន សង្ឃឹមថា នឹងយកមកធ្វើជារបស់ខ្លួននៅថ្ងៃណាមួយ។
នៅពេលដែលប្រធានាធិបតីចិន ស៊ី ជីងពីង បានជួបជាមួយគណៈប្រតិភូកោះតៃវ៉ាន់នៅសន្និសីទកំពូលសេដ្ឋកិច្ចក្នុងតំបន់ប្រចាំឆ្នាំ លោក បានកត់សម្គាល់ថា មានបញ្ហាថ្មីក្នុងទំនាក់ទំនងហើយបានជំរុញឲ្យភាគីទាំង២ ធ្វើឲ្យកាន់តែច្រើនឡើងថែមទៀតដើម្បីធ្វើឲ្យប្រសើរឡើងនូវចំណងទាក់ទងសម្រាប់រយៈពេលយូរ។
នៅឯវេទិការអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិក (APEC) ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអាទិត្យ បណ្តាញផ្សាយព័ត៌មានរដ្ឋចិន បានរាយការណ៍ថា លោកស៊ី បាននិយាយថា ទោះបី វា ជាការជៀសមិនរួចក៏ដោយដែលភាគីទាំង២ នឹងមានការខ្វែងគំនិតគ្នា ភាគីទាំង២ ត្រូវតែគោរពជម្រើសមាគ៌ាអភិវឌ្ឍន៍និងប្រព័ន្ធសង្គមរបស់ភាគីនិមួយៗ។
ចិន បានទាមទារត្រួតត្រាកោះតៃវ៉ាន់ចាប់តាំងពីទសវត្សរ៍១៩៤០ហើយចង់ធ្វើការបង្រួបបង្រួម ថ្វីបើជំទាស់ប្រឆាំងកោះដែលគ្រប់គ្រងដោយខ្លួនឯងក៏ដោយ។ ចាប់តាំងពីឆ្នាំ២០០៨មក ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងខាងសេដ្ឋកិច្ចចំនួន២១ជាមួយកោះតៃវ៉ាន់ជាការលើកទឹកចិត្តដើម្បីបញ្ចូលគ្នានេះ។
ក៏ប៉ុន្តែ ការតវ៉ាប្រឆាំងចិននៅកោះតៃវ៉ាន់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលបានអូសបន្លាយជាយូរយាហើយនឹងភាពជាប់គាំងកំណែទម្រង់តាមបែបលទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង បានធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់។
ក្នុងប៉ុន្មានខែថ្មីៗនេះ ប្រធានាធិបតី Ma Ying-jeou នៃកោះតៃវ៉ាន់ ក៏បានជំរុញរដ្ឋាភិបាលទីក្រុងប៉េកាំងឲ្យយល់ព្រមដល់ការទាមទាររបស់ពួកបាតុករក្នុងទីក្រុងហុងកុងឲ្យមានការបោះឆ្នោតជាសាកលសម្រាប់ប្រធានប្រតិបត្តិរបស់ដែនដីនោះ។
លោក Tung Chen-yuan ជាសាស្រ្តាចារ្យការសិក្សាខាងអភិវឌ្ឍន៍នៅសាកលវិទ្យាល័យជាតិ Chengchi ក្នុងទីក្រុងតៃប៉ិ និយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង មានការឆ្លៀសវៃដើម្បីបញ្ចៀសកុំឲ្យចំណងទាក់ទងនោះកាន់តែអាក្រក់ឡើង។
«លោក និយាយថា ការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងចិននិងកោះតៃវ៉ាន់ បានធ្លាក់ចុះបន្តិចម្តងៗ។ ប្រសិនបើ អស់លោក អ្នក សួរអំពីការចាត់វិធានការធ្វើឲ្យជឿនលឿននោះ លោក Tung និយាយបន្ថែមទៀតថា មានការលំបាកកម្រិតខ្ពស់។ ដូច្នេះ លោក និយាយបន្តទៀតថា ចំពោះចិនដីគោក វា ជាការណ៍ល្អមួយដែលទំនាក់ទំនងនោះ វិលត្រឡប់ទៅកាន់ស្ថិរភាពនិងកុំធ្វើឲ្យទំនាក់ទំនងស្មុគស្មាញម្តងទៀតហើយថា មហិច្ឆិតារបស់ចិន មិនគួរខ្លាំងពេកទេ»។
ប្រធានាធិបតីចិន មិនបានថ្លែងជាសាធារណៈពីបញ្ហាជាក់លាក់ណាមួយរវាងភាគីទាំង២នៅពេលដែលលោក បានជួបជាមួយលោក Vicent Siew អតីតអនុប្រធានាធិបតីកោះតៃវ៉ាន់ និងជាប្រធានគណៈប្រតិភូរបស់កោះនោះនៅសន្និសីទកំពូលរបស់ពួកមេដឹកនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ីនិងមហាសមុទ្រប៉ាស៊ីហ្វិកក្នុងទីក្រុងប៉េកាំងទេ។
ពួកអ្នកជំនាញការ រំពឹងថា ពួកមន្រ្តីចិន នឹងបន្តធ្វើការឆ្ពោះទៅកាន់កិច្ចព្រមព្រៀងថ្មីស្តីពីពាណិជ្ជកម្ម ការឆ្លងកាត់និងការវិនិយោគទុននៅពេលដែលពួកគេ មានចាប់តាំងពីលោកម៉ាដែលជាប្រធានាធិបតីសម្រុះសម្រួល បានចូលកាន់តំណែងក្នុងឆ្នាំ២០០៨មក។
ពួកគេ ជឿជាក់ថា ពួកមន្រ្តីចិន នឹងនៅរក្សាមិត្តភាពដល់កោះតៃវ៉ាន់ដើម្បីធ្វើឲ្យសម្រេចគោលដៅរបស់ខ្លួននៅទីបញ្ចប់គឺការបង្រួបបង្រួមជាតិ។ ឧទាហរណ៍ ពួកគេ នឹងព្យាយាមពិនិត្យមើលទស្សនៈរបស់ប្រជាពលរដ្ឋសាមញ្ញនៅកោះតៃវ៉ាន់ហើយនឹងបង្អន់វោហាសាសន៍ប្រទេសមួយ ប្រព័ន្ធ២។ រដ្ឋាភិបាលកុម្មុយនិស្ត ប្រើប្រាស់គំរូនោះដើម្បីត្រួតត្រាទីក្រុងហុងកុងនិងកោះម៉ាកាវដោយគ្មានលទ្ធិប្រជាធិបតេយ្យ។
លោក Li Chong-pin ជាសាស្រ្តាចារ្យខាងការសិក្សាយុទ្ធសាស្រ្តដែលបានចូលនិវត្តន៍នៅ កោះតៃវ៉ាន់ និយាយថា ចិន អាចធ្វើបន្តិចបន្តួចថែមទៀត។
«បរិយាកាសដ៏ស្រអាប់ដែលពួកគេ ព្យាយាមធ្វើឲ្យប្រសើរឡើងលើបញ្ហានេះ។ខ្ញុំគិតថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងធ្វើដូចគ្នានេះនិងកាលពីពេលមុនដែរ។ ក៏ប៉ុន្តែ បញ្ហាប្រឈមនៃការធ្វើឲ្យប្រសើរឡើងនៃទំនាក់ទំនងឆ្លងកាត់ច្រកសមុទ្រ ខ្ញុំ គិតថា រដ្ឋាភិបាលទីក្រុងប៉េកាំង មិនអាចធ្វើបានច្រើនទៀតទេ»។
ចិន នឹងពិនិត្យមើលដោយយកចិត្តទុកដាក់ចំពោះអារិភាពកាន់តែច្រើនថែមទៀតនៅកោះតៃវ៉ាន់មុនពេលការប្រកួតប្រជែងតំណែងប្រធានាធិបតីរបស់កោះនោះនៅដើមឆ្នាំ២០១៦។ លោកប្រធានាធិបតីម៉ានៃកោះតៃវ៉ាន់ ត្រូវតែចុះចេញពីតំណែងដោយសារការកម្រិតអាណត្តិ ហើយអាសនៈរបស់លោក អាចធ្លាក់ទៅលើគណបក្សប្រជាធិបតេយ្យជឿនលឿនដែលជាគណបក្សប្រឆាំងដ៏សំខាន់របស់កោះតៃវ៉ាន់។ គណបក្សនោះ ប្រកាន់ជំហរយ៉ាងប្រុងប្រយ័ត្នខ្លាំងជាងប្រធានាធិបតីម៉ាលើបញ្ហាទំនាក់ទំនងជាមួយចិន៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន