ក្រុមមេដឹកនាំអាស៊ីអាគ្នេយ៍បាននិយាយថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការស្ថាបនាកោះនៅក្នុងសមុទ្រចិនខាងត្បូងគំរាមកំហែងធ្វើឲ្យអន្តរាយដល់សន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់នោះ។
សេចក្តីថ្លែងការណ៍មួយត្រូវបានចេញផ្សាយនៅទីបញ្ចប់នៃសន្និសីទកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាសមាគមអាស៊ាន នៅក្នុងប្រទេសម៉ាឡេស៊ី កត់សម្គាល់ពី«កង្វល់យ៉ាងខ្លាំង»អំពីការចាក់ដីបង្កើតជាកោះនៅក្នុងសមុទ្រចិនខាងត្បូងដោយអំពាវនាវឲ្យមាន«ការទប់ចិត្តដោយខ្លួនឯងនៅក្នុងការធ្វើសកម្មភាពនានា»។
លោក Hong Lei អ្នកនាំពាក្យនៃក្រសួងការបរទេសចិនបាននិយាយការពារសកម្មភាពរបស់ប្រទេសលោកដោយលោកថ្លែងថា ការងារកសាងរបស់ចិនបានធ្វើទ្បើងនៅក្នុងរង្វង់អធិបតេយ្យភាពទឹកដីនៃប្រទេសចិន។
លោក Hong Lei បានមានប្រសាសន៍ថា៖ «ការងារកសាងដោយប្រទេសចិននៅលើកោះនិងកន្លែងមានផ្កាថ្មប៉ប្រះទឹកក្នុងសមុទ្រចិនខាងត្បូងឋិតនៅខាងក្នុងដែនអធិបតេយ្យភាពនៃប្រទេសចិន។ ការងារស្ថាបនានេះមានភាពយុត្តិធម៌ សមហេតុផលនិងត្រឹមត្រូវតាមច្បាប់ហើយវាគ្មានផលប៉ះពាល់ដល់ប្រទេសណាមួយទេ»។
លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Najib Razak បានបើកការប្រជុំសន្និសីទនេះកាលពីថ្ងៃច័ន្ទ ដោយលោកបានសុំដល់ក្រុមមេដឹកនាំ៩នាក់ទៀតនៃសមាគមអាស៊ាន ឲ្យដោះស្រាយជម្លោះទឹកដីជាមួយប្រទេសចិនដោយសន្តិវិធីដោយមិនបង្កើនភាពតានតឹងនៅក្នុងតំបន់។
ប្រទេសចិនបានចាក់ដីបង្កើតជាកោះនៅលើតំបន់មានផ្កាថ្មប៉ប្រះទឹកហើយកំពុងកសាងវាលយន្តហោះនិងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រជុំកោះ Spratly ដែលប្រទេសហ្វីលីភីន វៀតណាម ម៉ាឡេស៊ី, ព្រុយណេ និងកោះតៃវ៉ាន់បានទាមទារថាជារបស់ផងខ្លួនដែរនោះ។ តំបន់នោះសំបូរទៅដោយប្រភពធនធានធម្មជាតិហើយជាផ្លូវពាណិជ្ជកម្មតាមសមុទ្រសំខាន់មួយដែរ៕