ប្រទេសចិនបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងពង្រីកផ្នែកយោធាជាបន្តទៀតនៅព្រំដែនរបស់ខ្លួន រួមមានការពង្រីកនៅតំបន់មានជម្លោះនៅឯសមុទ្រ ប៉ុន្តែចិននៅតែទទូចថា ខ្លួនមិនចង់ប្រឈមមុខជាមួយនឹងប្រទេសជិតខាងណាមួយទេ។
ក្នុងឯកសារគោលនយោបាយមួយ គណៈរដ្ឋមន្រ្តីរបស់ចិននិយាយថា កងទ័ពរំដោះប្រជាជនចិននឹងប្តូរយុទ្ធសាស្ត្ររបស់ខ្លួនពីការការពារខ្លួនខាងផ្លូវអាកាសមកយុទ្ធសាស្ត្រការពារផងវាយលុកផង។ យុទ្ធសាស្ត្រនេះនឹងផ្តោតសំខាន់លើការការពារដែនសមុទ្រ។
ឯកសារនេះត្រូវបានផ្សព្វផ្សាយ នៅពេលប្រទេសចិននិងស.រ.អា.មានការប្រឈមមុខគ្នាខាងពាក្យសម្តី អំពីការដែលប្រទេសចិនចាក់ដីបង្កើតកោះនៅក្នុងសមុទ្រចិនខាងត្បូង ដោយបានបង្កភាពតានតឹងជាមួយប្រទេសមួយចំនួន ដែលបានទាមទារដែនទឹកនៅតំបន់នោះ។
រដ្ឋាភិបាលក្រុងប៉េកាំង ដែលអះអាងថាដែនសមុទ្រស្ទើរតែទាំងអស់នៅទីនោះជារបស់ខ្លួននោះ បានដាក់ពាក្យតវ៉ាផ្លូវការនៅសប្តាហ៍នេះក្រោយពីយន្តហោះសង្កេតការណ៍របស់ស.រ.អា.ហោះជិតកោះ ដែលចិនកំពុងធ្វើនៅក្នុងសមុទ្រជិតប្រជុំកោះ Spratly នោះ៕