ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​តៃវ៉ាន់​សន្យា​ការពារ​សេរីភាព​និង​លទ្ធិ​ប្រជាធិបតេយ្យ​របស់​តៃវ៉ាន់


ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​ពិធី​បុណ្យជាតិ​នៅ​ខាង​មុខ​អគារ​ប្រធានាធិបតី​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២។
ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen ថ្លែង​សុន្ទរកថា​ក្នុង​អំឡុងពេល​នៃ​ពិធី​បុណ្យជាតិ​នៅ​ខាង​មុខ​អគារ​ប្រធានាធិបតី​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២២។

ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen បាន​ព្រមាន​រដ្ឋាភិបាល​ចិន​នៅ​ក្នុង​សុន្ទរកថា​មួយ​នា​ទិវា​បុណ្យ​ជាតិ​របស់​តៃវ៉ាន់​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កោះ​តៃវ៉ាន់​នឹង​មិន​បោះបង់​ចោល​បែបបទ​នៃ​ការ​រស់នៅ​បែប​ប្រជាធិបតេយ្យ​របស់​ខ្លួន​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

នៅ​ក្នុង​សុន្ទរកថា​នោះ អ្នកស្រី Tsai បាន​ធ្វើ​ការ​ប្រៀបធៀប​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​នៅ​ប្រទេស​អ៊ុយក្រែន​ជាមួយ​នឹង​គោល​បំណង​របស់​រដ្ឋាភិបាល​ចិន​ដែល​កន្លង​មក​ធ្លាប់​បាន​អះអាង​ថា​នឹង​ដណ្ដើម​គ្រប់គ្រង​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ណា​មួយ​ដោយ​ប្រើ​កម្លាំង​ប្រសិនបើ​ចាំបាច់។

អ្នកស្រី Tsai បាន​និយាយ​ដូច្នេះ​ថា៖ «យើង​ពិតជា​មិន​អាច​ធ្វើ​ព្រងើយ​កន្ដើយ​ជាមួយ​នឹង​បញ្ហា​ប្រឈម​ដែល​ការ​ពង្រីក​ឥទ្ធិពល​យោធា [របស់​ចិន] ទាំង​នេះ​បាន​បង្ក​ចំពោះ​របៀប​រៀបរយ​ពិភពលោក​ដែល​មាន​លក្ខណៈ​សេរី​និង​ប្រជាធិបតេយ្យ​នោះ​ទេ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «[ប្រសិនបើ​មាន] ការ​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សេរីភាព​របស់​តៃវ៉ាន់​[នោះ​វា] នឹង​ក្លាយជា​ការ​បរាជ័យ​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​នានា​នៅ​លើ​ពិភពលោក»។

កោះ​តៃវ៉ាន់​និង​ប្រទេស​ចិន​បាន​បំបែក​ចេញ​ពី​គ្នា​នៅ​ចុង​សម័យ​សង្គ្រាម​ស៊ីវិល​របស់​ចិន​នៅ​ក្នុង​ឆ្នាំ ១៩៤៩។ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​បង្កើន​ការ​ដាក់​សម្ពាធ​ការទូត សេដ្ឋកិច្ច និង​យោធា​លើ​រដ្ឋាភិបាល​តៃវ៉ាន់​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

អ្នកស្រី Tsai បាន​បញ្ជាក់​ថា ការ​ក្លាយជា​ផ្នែក​មួយ​របស់​ប្រទេស​ចិន​គឺ​មិន​អាច​ទទួល​យក​បាន​ទេ​សម្រាប់​ប្រជាពលរដ្ឋ​តៃវ៉ាន់ ដោយសារតែ «នៅ​ក្នុង​អំឡុង​ពេល ៧៣ ឆ្នាំ​កន្លង​មក​នេះ ប្រជាពលរដ្ឋ​តៃវ៉ាន់​បាន​រស់នៅ​និង​រីក​ចម្រើន​ទៅ​មុខ​ជាមួយ​គ្នា​នៅ​លើ​ទឹកដី​តៃវ៉ាន់​នេះ និង​បាន​បង្កើត​នូវ​អារម្មណ៍​ដ៏​ខ្លាំងក្លា​នៃ​អត្តសញ្ញាណ​និង​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «ការ​យល់ស្រប​គ្នា​ជា​រួម​ដ៏​ទូលំទូលាយ​បំផុត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​តៃវ៉ាន់​និង​គណបក្ស​នយោបាយ​ផ្សេងៗ​គឺ​ថា យើង​ត្រូវតែ​ការពារ​អធិបតេយ្យភាព​ជាតិ​របស់​យើង​និង​បែបបទ​នៃ​ការ​រស់នៅ​ដែល​មាន​សេរីភាព​និង​បែប​ប្រជាធិបតេយ្យ​របស់​យើង។ ក្នុង​ចំណុច​នេះ យើង​នឹង​មិន​សម្របសម្រួល​ណា​មួយ [ជាមួយ​នឹង​រដ្ឋាភិបាល​ចិន] នោះ​ទេ»។

រដ្ឋាភិបាល​ចិន​បាន​ឆ្លើយតប​ចំពោះ​ការ​លើកឡើង​របស់​អ្នកស្រី Tsai នេះ ដោយ​បាន​ហៅ​គណបក្ស​នយោបាយ​របស់​អ្នកស្រី​ថា​ជា «បុព្វហេតុ​ចម្បង​នៃ​ភាព​តានតឹង​បច្ចុប្បន្ន» រវាង​ចិន​និង​តៃវ៉ាន់។

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​អ្នកស្រី Mao Ning បាន​និយាយ​ថា៖ «យើង​មាន​ឆន្ទៈ​នៅ​ក្នុង​ការ​បង្កើត​លំហ​ដ៏​ទូលំទូលាយ​សម្រាប់​ការ​បង្រួបបង្រួម​ឡើង​វិញ​ដោយ​សន្តិវិធី ប៉ុន្តែ​យើង​នឹង​មិន​ទុក​លំហ​ណា​មួយ​ជា​ដាច់ខាត​សម្រាប់​ឯករាជ្យភាព​របស់​តៃវ៉ាន់​និង​សម្រាប់​សកម្មភាព​ផ្ដាច់​ខ្លួន​ណា​មួយ»៕

XS
SM
MD
LG