រដ្ឋាភិបាលកោះតៃវ៉ាន់ បានចេញរូបគំនូរថ្មីលើក្របលិខិតឆ្លងដែនរបស់ខ្លួន កាលពីពេលថ្មីៗនេះ ដោយផ្តោតទៅលើពាក្យ «តៃវ៉ាន់» យ៉ាងច្បាស់លាស់ដើម្បីបញ្ចៀសការជាប់ទាក់ទិនជាមួយប្រទេសចិនដែលកាលពីពេលមុនជាទីកន្លែងនៃការរាតត្បាតវីរុសកូរ៉ូណា។
ឈ្មោះផ្លូវការរបស់កោះនោះគឺសាធារណរដ្ឋចិនឬ R.O.C នៅតែស្ថិតលើក្របលិខិតឆ្លងដែនដដែល ក៏ប៉ុន្តែមានទំហំតូចជាងមុន។ អ្នកសង្កេតការណ៍និយាយថា ការធ្វើបែបនេះនឹងជួយកាត់បន្ថយភាពតានតឹងជាមួយចិន។
ឈ្មោះផ្លូវការសាធារណរដ្ឋចិនឬ R.O.C. បានធ្វើឲ្យប្រជាពលរដ្ឋតៃវ៉ាន់មានការលំបាកក្នុងការធ្វើដំណើរទៅបរទេសចាប់តាំងពីការចាប់ផ្តើមការរាតត្បាតនៃវីរុសកូរ៉ណាកាលពីខែមករាមក ពីព្រោះពលរដ្ឋតៃវ៉ាន់ជារឿយៗត្រូវបានគេយល់ច្រឡំថាជាអ្នកមកពីប្រទេសចិនដីគោក នេះបើតាមការយល់ឃើញរបស់លោក Joseph Wu រដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់។
រដ្ឋាភិបាលតៃវ៉ាន់បានខិតខំអនុម័តច្បាប់កាលពីខែកក្កដា ដោយបានស្នើឲ្យគណៈរដ្ឋមន្ត្រីរចនាក្របលិខិតឆ្លងដែននិងសញ្ញាសម្គាល់ក្រុមហ៊ុនអាកាសចរណ៍ចិនឡើងវិញដែលជាក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ដើម្បីបញ្ជាក់អំពីអត្តសញ្ញាណតៃវ៉ាន់។
លិខិតឆ្លងដែនមានលក្ខណៈអត្តសញ្ញាណតៃវ៉ាន់
ដោយធ្វើទៅតាមច្បាប់នោះ លោក Wu បាននិយាយថា រូបសញ្ញាថ្មីដាក់តៃវ៉ាន់នៅខាងមុខនិងកណ្តាលក្របលិខិតឆ្លងដែនដែលជាការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ។
លោក Wu បានប្រាប់សន្និសីទកាសែតដើម្បីបង្ហាញរូបសញ្ញាថ្មីកាលពីពេលថ្មីៗថា៖ «នៅលើក្របលិខិតឆ្លងដែន ពាក្យតៃវ៉ាន់មានទំហំធំជាងមុន ហើយស្ថិតនៅចំពីលើពាក្យថាលិខិតឆ្លងដែនដែលបញ្ជាក់យ៉ាងច្បាស់លាស់ថា នេះជាលិខិតឆ្លងដែនតៃវ៉ាន់។ ឥឡូវនេះច្បាស់លាស់ណាស់»។
ការផ្លាស់ប្តូរមួយទៀតទាក់ទិននឹងឈ្មោះផ្លូវការណ៍របស់កោះតៃវ៉ាន់ដែលត្រូវបានបន្ថយទំហំនៅលើគ្របលិខិតឆ្លងដែន ក៏ប៉ុន្តែមានបោះពុម្ភ៣ដងក្នុងរង្វល់មូលដែលព័ទ្ធជុំវិញបដិរូបជាតិ។
តៃវ៉ាន់បានបន្ថែមឈ្មោះផ្សេងមួយទៀត នៅលើក្របលិខិតឆ្លងដែនរបស់ខ្លួនជាលើកដំបូងនៅឆ្នាំ២០០៣ នៅពេលដែលគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ដែលគាំទ្រឯករាជ្យ បានទទួលជ័យជម្នះយ៉ាងខ្លាំងនៅក្នុងការបោះឆ្នោតដែលត្រូវបានគេមើលឃើញជាទូទៅថាជាផ្នែកមួយនៃរបៀបវារៈដែលលាក់បាំងរបស់គណបក្សដើម្បីជំរុញកោះតៃវ៉ាន់ឆ្ពោះទៅកាន់ឯករាជ្យភាពស្របច្បាប់។
ការបញ្ចៀសការប្រឈមមុខ
លោក Charles Chen សមាជិកសភារបស់គណបក្សគួម៉េងតាំងឬ KMT បាននិយាយថា ក្របលិខិតឆ្លងដែនដែលរូបគំនូរថ្មី បានបញ្ជាក់ពីវិធានការឆ្ពោះទៅមុខមួយទៀត ថ្វីបើរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) ទំនងបានធ្វើសម្បទានដោយការរក្សាទុកឈ្មោះផ្លូវការណ៍ដើម្បីបញ្ចៀសការប្រឈមមុខខាងមនោគមវិទ្យា។ លោក Chen បានប្រាប VOA តាមទូរស័ព្ទថា៖ «ខ្ញុំគិតថា របៀបវារៈដែលមានការលាក់បាំងលែងលែងមានការលាក់បាំងទៀតហើយ។ ក៏ប៉ុន្តែ នេះជាវិធានការតូចបំផុត។ ប្រសិនបើ យកឈ្មោះសាធារណរដ្ឋចិនចេញពីក្របលិខិតឆ្លងដែនមែន ការណ៍នេះនឹងក្លាយជាជំហានដ៏សំខាន់មួយ»។
ការណ៍នេះ អាចធ្វើឲ្យចិនខឹងសម្បារដែលចិនចាត់ទុកកោះតៃវ៉ាន់ជាខេត្តមួយធ្វើតាមទំនើងចិត្ត ក៏ប៉ុន្តែមកទល់ពេលនេះ ការឆ្លើយតបរបស់ចិនចំពោះគំនូរលិខិតឆ្លងដែនថ្មី ហាក់ដូចជាធ្វើឡើងដោយមានការទប់ទល់។
ល្បិចកលរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP)
លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានប្រាប់សន្និសីទកាសែតនៅពេលដែលគេសួរអំពីលិខិតឆ្លងដែនថ្មីរបស់កោះតៃវ៉ាន់នោះថា៖ «ទោះជារដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) កំពុងប្រើល្បិចកលអ្វីក៏ដោយ ក៏កោះតៃវ៉ាន់នៅតែជាផ្នែកដ៏សំខាន់មួយរបស់ចិនដដែល។ រឿងនេះនឹងមិនផ្លាស់ប្តូរទេ»។
លោក Chen នៃគណបក្ស KMT បាននិយាយបន្តទៀតថា រចនាបទថ្មីបម្រើគោលបំណងរដ្ឋាភិបាលរបស់គណបក្សប្រជាធិបតេយ្យជឿនលឿន (DPP) តែមួយគត់គឺធ្វើឲ្យពួកអ្នកគាំទ្ររបស់ខ្លួនសប្បាយចិត្ត ដោយសារតែរូបគំនូរថ្មីនោះនឹងមិនប៉ះពាល់ដល់វិធីដែលគយនៅចំណតអាកាសយានដ្ឋានជុំវិញពិភពលោកត្រួតពិនិត្យអ្នកកាន់លិខិតឆ្លងដែនរបស់កោះតៃវ៉ាន់ទេ។
ទោះជាយ៉ាងណាក៏ដោយ មានសេចក្តីរាយការណ៍ថា ពួកអ្នកកាន់លិខិតឆ្លងដែនតៃវ៉ាន់ ត្រូវបានគេរារាំងមិនឲ្យចូលក្នុងប្រទេសមួយចំនួនដូចជាឥណ្ឌូណេស៊ីដែលបានបដិសេធមិនឲ្យជនជាតិចិនចូល ដើម្បីរារាំងការរាលដាលជំងឺកូវីដ១៩។
ការស្ទង់មតិមួយកាលពីខែមីនាដែលត្រូវបានចេញផ្សាយដោយគណបក្សអំណាចថ្មីឬ (NPP) បានបង្ហាញថា ពលរដ្ឋតៃវ៉ាន់ជិត៧៥ភាគរយបានគាំទ្រគំនិតនៃ«ការដកឈ្មោះសាធារណរដ្ឋចិន»ចេញពីលិខិតឆ្លងដែនរបស់តៃវ៉ាន់ធ្វើឲ្យមានភាពខុសគ្នាយ៉ាងច្បាស់ក្រឡែតរវាងពលរដ្ឋតៃវ៉ាន់និងចិនដីគោក។
គោលបំណងពិតប្រាកដ
លោក Jerry Liu នាយកបណ្តាញព័ត៌មាននៃគណបក្សអំណាចថ្មីឬ (NPP) និយាយថា ចំណាត់ការរបស់រដ្ឋាភិបាលដាក់ឈ្មោះ«តៃវ៉ាន់»នៅលើក្របលិខិតឆ្លងដែនជាការ ស្វាគមន៍ប្រកបដោយវិជ្ជាមាន ក៏ប៉ុន្តែ មិនល្មមគ្រប់គ្រាន់ទេ។
លោក Liu បានប្រាប់ VOA តាមទូរស័ព្ទថា៖ «ប្រសិនបើពួកគេដាក់ឈ្មោះសាធារណរដ្ឋចិននៅខាងក្នុងលិខិតឆ្លងដែន ឧទាហរណ៍នៅលើទំព័រទី១នៃលិខិតឆ្លងដែននិងនៅលើក្របលិខិតឆ្លងដែន វាប្រសើរជាង។ ហើយ ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋតៃវ៉ាន់ភាគច្រើននឹងអបអរវិធីនេះ»។
លោក Liu ក៏បានជម្រុញឲ្យដ្ឋាភិបាលស្វែងរកវិធីដើម្បីកែប្រែបដិរូបជាតិរបស់កោះតៃវ៉ាន់ ពីព្រោះមើលទៅដូចបដិរូបរបស់គណបក្សគួម៉េងតាំងឬ KMT ពេក។
លោក Liu បាននិយាយទៀតថា គណបក្សបានចាប់ផ្តើមការប្រកួតប្រជែងរូបគំនរក្របលិខិតឆ្លងដែនថ្មីក្នុងប៉ុន្មានខែកន្លងមកនេះ។ គណបក្សនោះ បានបញ្ជាក់ថា ខ្លួនបានទទួលរចនាបទជាង១២០ដែលបង្ហាញភាគច្រើននូវឈ្មោះ«តៃវ៉ាន់»និងរូបអំពីតៃវ៉ាន់ដូចជាមេអំបៅ ក្តាន់តៃវ៉ាន់ឬសត្វចាបតៃវ៉ាន់នៅលើក្របលិខិតឆ្លងដែនរបស់ខ្លួនដែលបានស្នើ។
លោក Liu និយាយទៀតថា ការណ៍នេះបង្ហាញឲ្យឃើញថា ពលរដ្ឋតៃវ៉ាន់ពិតជាប្រាថ្នាចង់ឲ្យគេស្គាល់អត្តសញ្ញាណរបស់ពួកគេជាជនជាតិតៃវ៉ាន់ ជាជាងជាជនជាតិចិនដីគោក។
ការស្ទង់មតិកាលពីពេលថ្មីៗ បង្ហាញថា ពលរដ្ឋតៃវ៉ាន់៨៣ភាគរយបានសម្គាល់ខ្លួនឯងជាជនជាតិតៃវ៉ាន់៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន