សហរដ្ឋអាមេរិកកំពុងកែសម្រួលគោលនយោបាយរបស់ខ្លួនចំពោះកោះតៃវ៉ាន់ និងបានប្រកាសឲ្យដឹងជាផ្លូវការអំពីការលក់អាវុធឲ្យតៃវ៉ាន់ ស្របពេលដែលប្រទេសចិនកំពុងបង្កើនសម្ពាធលើដែនដីមួយនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកមួយរូបបានឲ្យដឹងកាលពីថ្ងៃចន្ទថា វិធានការរបស់សហរដ្ឋអាមេរិកទាំងនេះមិនមែនជាការផ្លាស់ប្ដូរគោលនយោបាយនោះទេ តែវាជាផ្នែកមួយនៃ «ការកែសម្រួលដ៏សំខាន់មួយ» លើគោលនយោបាយ «ចិនតែមួយ» ដែលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនមានជាយូរមកហើយ។
លោក David Stilwell ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានថ្លែងកាលពីថ្ងៃចន្ទនៅក្នុងសុន្ទរកថាទៅកាន់អង្គការ Heritage Foundation ថា៖ «សហរដ្ឋមានគោលនយោបាយចិនតែមួយជាយូរមកហើយ ។ ប៉ុន្តែគោលនយោបាយនេះខុសពីគោលនយោបាយចិនតែមួយរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលគណបក្សកុម្មុយនីស្តចិនអះអាងពីអធិបតេយ្យភាពរបស់ខ្លួនលើកោះតៃវ៉ាន់។ សហរដ្ឋអាមេរិកមិនប្រកាន់ជំហរអធិបតេយ្យភាពលើកោះតៃវ៉ាន់នោះទេ»។
កោះតៃវ៉ាន់បានបញ្ជាក់ថា ខ្លួននឹងបន្តពង្រឹងសមត្ថភាពការពារខ្លួន ដោយបានអរគុណសហរដ្ឋអាមេរិកសម្រាប់ការបេ្តជ្ញាចិត្តយ៉ាងមុតមាំលើបញ្ហាសន្តិសុខរបស់តៃវ៉ាន់។ ចំណែកឯនៅក្នុងរដ្ឋធានីប៉េកាំងវិញ មន្ត្រីចិនបានជំរុញឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការបង្កើនទំនាក់ទំនងជាមួយតៃវ៉ាន់។
ថ្មីៗនេះ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់កំពុងចាប់ផ្ដើមកិច្ចពិភាក្សាសេដ្ឋកិច្ចទ្វេភាគីថ្មីមួយ បន្ទាប់ពីតៃវ៉ាន់បានប្រកាសកាលពីសប្ដាហ៍មុនអំពីគម្រោងនៅក្នុងការដកចេញនូវការរឹតត្បិតលើការនាំចូលសាច់ជ្រូក និងសាច់គោពីសហរដ្ឋអាមេរិក៕