ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បង្ក្រាប​នៅ​ហុងកុង​ជះ​ផល​ប៉ះពាល់​ដល់​សមិទ្ធផល​ការទូត​របស់​តៃវ៉ាន់


ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ក្រុង​តៃប៉ិ តៃវ៉ាន់ កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen ថ្លែង​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ក្រុង​តៃប៉ិ តៃវ៉ាន់ កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

ការ​បង្ក្រាប​របស់​ប្រទេស​ចិន​ទៅ​លើ​សេរីភាព​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន​បញ្ឆេះ​ឱ្យ​មាន​ប្រតិកម្ម​ខ្លាំងៗ​នៅ​កោះ​តៃវ៉ាន់ ដែល​នៅ​ទីនោះ ក្រុម​មន្ត្រី​ជាន់​ខ្ពស់​មួយ​ចំនួន​មាន​ការ​ឈឺចាប់​ចំពោះ​ការ​បាត់បង់​ដែល​កើត​មាន​នៅ​ក្រុង​ហុងកុង ទោះបីជា​តៃវ៉ាន់​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ការទូត​កើនឡើង​ដោយ​កម្រ​ក៏​ដោយ។

ប្រធានាធិបតី​តៃវ៉ាន់ អ្នកស្រី Tsai Ing-wen បាន​ប្រាប់​អ្នក​ចូលរួម​ក្នុង​សន្និសីទ​តាម​អ៊ីនធឺណិត​មួយ​កាល​ពី​ពាក់​កណ្តាល​ខែ​សីហា​កន្លង​ទៅ​នេះ​ថា៖ «យើង​មាន​ការ​សោកស្តាយ និង​បារម្ភ​ដែល​ឃើញ​ថា ពន្លឺ​នៃ​សេរីភាព​ពលរដ្ឋ​នេះ​ត្រូវ​បាន​ដកហូត ដែល​ជា​ការ​បំពាន​លើ​ការ​សន្យា​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​សន្យា​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ហុងកុង ព្រម​ទាំង​សហគមន៍​អន្តរជាតិ​ផង​ដែរ»។

អ្នកស្រី Tsai Ing-wen និយាយ​អំពី​ប្រធានបទ​នេះ​ឡើង​វិញ នៅ​ក្នុង​ការ​ប្រជុំ​ដាច់​ដោយ​ឡែក​ពី​នេះ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម (Democratic Progressive Party (DPP)) របស់​អ្នកស្រី​នៅ​ក្នុង​ទីក្រុង​តៃប៉ិ។

នៅ​ក្នុង​ការ​ប្រជុំ​នោះ ក្តីបារម្ភ​សម្រាប់​ទីក្រុង​ហុងកុង​បាន​បង្អាក់​ដល់​ក្ដី​រំភើប​របស់​អ្នកស្រី​ចំពោះ​ដំណើរ​ទស្សនកិច្ច​ជាប់ៗ​គ្នា​ទៅ​កាន់​កោះ​តៃវ៉ាន់​ដោយ​គណៈប្រតិភូ​មក​ពី​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក Yoshiro Mori និង​គណៈប្រតិភូ​មក​ពី​សហរដ្ឋអាមេរិក​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​សុខាភិបាល លោក Alex Azar ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​មួយ​រូប​របស់​សហរដ្ឋ​អាមេរិក ដែល​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅ​កាន់​កោះ​តៃវ៉ាន់​ជា​លើក​ដំបូង​បង្អស់​ក្នុង​រយៈពេល​ជាង ៤០ កន្លង​ឆ្នាំ​មក​នេះ។

រដ្ឋមន្ត្រី​សុខាភិបាល លោក Alex Azar និង​គណៈប្រតិភូ​សហរដ្ឋអាមេរិក​បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Songshan កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។
រដ្ឋមន្ត្រី​សុខាភិបាល លោក Alex Azar និង​គណៈប្រតិភូ​សហរដ្ឋអាមេរិក​បាន​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Songshan កាលពី​ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០។

អ្នកស្រី Tsai Ing Wen បាន​និយាយ​ក្នុង​សម្តី​ដើម​ថា៖ «ពលរដ្ឋ​របស់​យើង​សប្បាយ​រីករាយ​ចំពោះ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជប៉ុន និង​សហរដ្ឋអាមេរិក [ប៉ុន្តែ] វា​ច្បាស់​ណាស់​ថា ស្ថានភាព​នៅ​ក្នុង​ទីក្រុង​ហុងកុង​កាន់តែ​ធ្លាក់​ដុនដាប»។

អ្នកស្រី​ប្រធានាធិបតី​បាន​លើកឡើង​អំពី​ទិដ្ឋភាព​ដែល​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​អំពី​ពលរដ្ឋ​ហុងកុង​តម្រង់ជួរ​គ្នា​នៅ​តូប​កាសែត​នៅ​ពាក់​កណ្តាល​អាធាត្រ​ដើម្បី​ទិញ​កាសែត Apple Daily ក្នុង​គោល​បំណងបង្ហាញ​ការ​គាំទ្រ​ដល់​កាសែត​នេះ និង​និពន្ធ​នាយក​កាសែត​នេះ​គឺ​លោក Jimmy Lai ដែល​ទើប​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន រួម​ជាមួយ​នឹង​សហការី ៤ នាក់ និង​សមាជិក​គ្រួសារ ២ នាក់ ហើយ​ក្រោយ​មក​នៅ​ថ្ងៃ​តែ​មួយ​នោះ គេ​ឃើញ​មាន​ការ​ចាប់ខ្លួន​សកម្មជន ៣ នាក់​ផ្សេង​ទៀត​ផង​ដែរ។

មនុស្សម្នា​តម្រង់​ជួរ​គ្នា​នៅ​កន្លែង​លក់​កាសែត​មួយ​ដើម្បី​ទិញ​កាសែត Apple Daily នៅ​លើ​ផ្លូវ​មួយ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។
មនុស្សម្នា​តម្រង់​ជួរ​គ្នា​នៅ​កន្លែង​លក់​កាសែត​មួយ​ដើម្បី​ទិញ​កាសែត Apple Daily នៅ​លើ​ផ្លូវ​មួយ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០។

អ្នកស្រី​បាន​ប្រាប់​ក្រុម​មន្ត្រី​គណបក្ស DPP ក្នុង​សម្តី​ដើម​ថា៖ «កាសែត​នេះ​ស្ទើរ​តែ​លក់​ដាច់​ទាំង​អស់​នៅ​គ្រប់​ទីកន្លែង។ អ្នក​ខ្លះ​និយាយ​ថា ទោះបីជា [កាសែត Apple Daily] មាន​តែ​ក្រដាស​ទទេ​ក៏​ដោយ ក៏​ពួកគេ​នៅតែ​ចង់​ទិញ​ដែរ។ ខ្ញុំ​រំជួល​ចិត្ត​ណាស់»។

អ្នកស្រី Tsai Ing Wen កាន់​អំណាច​ក្នុង​អាណត្តិ​ទី ២ ដែល​មាន​រយៈពេល ៤ ឆ្នាំ​របស់​អ្នកស្រី​បាន​ប៉ុន្មាន​ខែ​មក​ហើយ បន្ទាប់​ពី​អ្នកស្រី​បាន​ឈ្នះ​ការ​បោះឆ្នោត​នៅ​ក្នុង​ខែ​មករា។ ជ័យជម្នះ​របស់​អ្នកស្រី​នេះ​ត្រូវបាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​ការ​គាំទ្រ​ដល់​ជំហរ​របស់​អ្នកស្រី​ដែល​ថា ប្រយោជន៍​សេដ្ឋកិច្ច​តែ​មួយ​មុខ​មិនមែន​ជា​មូលហេតុ​ត្រឹមត្រូវ​ដើម្បី​ភ្ជាប់​ទាក់ទង​ជិតស្និទ្ធ​ជាង​មុន​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នោះ​ទេ។

អ្នកស្ត្រី Tsai Ing Wen បាន​និយាយ​នៅ​ក្នុង​សន្និសីទ​វីដេអូ​ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន Hudson និង​មជ្ឈមណ្ឌល​ដើម្បី​វឌ្ឍនភាព​អាមេរិកាំង (Center for American Progress) ក្នុង​សម្តី​ដើម​ថា៖ «គេ​និយាយ​ថា អាណត្តិ​ទី ២ នេះ​គួរតែ​មាន​ភាព​ងាយស្រួល​ជាង​អាណត្តិ​ទី ១។ អ្នក​ទាំង​នោះ​ច្បាស់​ជា​អ្នក​ដែល​មិន​ធ្លាប់​ឆ្លង​កាត់​ឆ្នាំ ២០២០ នេះ ដូច​ពួក​យើង​នោះ​ទេ»។

អ្នកស្រី​បាន​និយាយ​ថា តៃវ៉ាន់ «មិន​មាន​ភាព​ស៊ាំ» ទប់ទល់​នឹង​ករណី​ឆ្លង​បន្តិច​បន្តួច​ជា​បន្ត​ក្រោយ​ពី​ការ​ផ្ទុះ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ នោះ​ទេ ហើយ​តៃវ៉ាន់​បាន​អនុវត្ត​វិធានការ​ជួយ​សង្គ្រោះ​ដូច​ប្រទេស​ភាគ​ច្រើន​ដែរ ទោះបីជា​កន្លងមក តៃវ៉ាន់​ទទួល​បាន​ជោគជ័យ​ខ្លាំង​បំផុត​នៅ​ក្នុង​ការ​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​ក៏ដោយ។

ភាព​ងាយ​រងគ្រោះ​របស់​តៃវ៉ាន់​ចំពោះ​ការ​គាបសង្កត់​ពី​ចិន ដែល​គេ​យល់​ថា​នឹង​អាច​កាន់តែ​លេច​ច្បាស់​ជាង​មុន នៅ​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​រឹតបន្តឹង​ការ​ក្តោបក្តាប់​អំណាច​របស់​ខ្លួន​ទៅ​លើ​ក្រុង​ហុងកុង​នោះ បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​តៃវ៉ាន់​បង្កើន​ការ​ចំណាយ​ផ្នែក​ការពារ​ជាតិ និង​ពង្រឹង​សម្ព័ន្ធភាព​ជាមួយ​នឹង​សហរដ្ឋអាមេរិក ដែល​ជា​ដៃគូ​ដ៏​សំខាន់​បំផុត​របស់​តៃវ៉ាន់ និង «ប្រទេស​ប្រជាធិបតេយ្យ​ដែល​មាន​គោលការណ៍​ដូច​គ្នា»។ នេះ​បើ​តាម​ការ​លើកឡើង​របស់​អ្នកស្រី Tsai Ing Wen។

ការ​គំរាមកំហែង​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ច្បាស់​តាម​រយៈ​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ ដែល​ថា យោធា​ចិន​បាន​ធ្វើ​សមយុទ្ធ​យោធា​បាញ់​គ្រាប់​ពិត និង​បាន​បើក​យន្តហោះ​ចម្បាំង​ឆ្លង​កាត់ «ខ្សែ​បន្ទាត់​កណ្តាល» នៃ​ច្រក​សមុទ្រ​តៃវ៉ាន់ ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​របស់​លោក Azar នៅ​កោះ​តៃវ៉ាន់។

កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​របស់​អ្នកស្រី Tsai Ing Wen បាន​ស្នើ​បង្កើន​ថវិកា​ផ្នែក​ការពារ​ជាតិ​របស់​ខ្លួន​ប្រមាណ ១០% ខ្ពស់​ជាង​កម្រិត​បច្ចុប្បន្ន ដែល​បច្ចុប្បន្ន​នេះ​មាន​ចំនួន ២,៣% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP) រួច​ទៅ​ហើយ។ គេ​រំពឹង​ថា ការ​ស្នើ​នេះ​នឹង​ត្រូវ​បាន​អនុម័ត ដោយសារ​តែ​គណបក្ស​របស់​អ្នកស្រី​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា។

ប៉ុន្តែ​អ្នកស្រី Tsai Ing Wen មិន​សូវ​បារម្ភ​អំពី​ការ​វាយប្រហារ​ណា​មួយ​ដែល​អាច​កើត​ឡើង​ភ្លាមៗ​នោះ​ទេ ហើយ​អ្នកស្រី​បាន​និយាយ​ថា យុទ្ធសាស្ត្រ​របស់​អ្នកស្រី​ចំពោះ​ទំនាក់ទំនង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​ឈរ​លើ​គោលការណ៍​ចំនួន ៤ ដែល​អ្នកស្រី​បាន​ប្រកាស​ជា​លើក​ដំបូង​កាល​ពី​ខែ​ឧសភា នៅ​ក្នុង​សុន្ទរកថា​ស្បថ​ចូល​កាន់​តំណែង​នៅ​អាណត្តិ​ទី ២ របស់​អ្នកស្រី ដែល​នោះ​គឺ សន្តិភាព សមភាព ប្រជាធិបតេយ្យ និង​កិច្ច​សន្ទនា។

ក្រុម​មន្ត្រី​នៃ​ការិយាល័យ​តំណាង​តៃវ៉ាន់​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ប្រាប់ VOA ថា តៃវ៉ាន់ «នឹង​មិន​ធ្វើ​សកម្មភាព​ដោយ​ប្រថុយប្រថាន​ដើម្បី​បង្កើន​ការ​ប្រឈម​មុខ​ដាក់​គ្នា​នោះ​ទេ ហើយ​យើង​ក៏​មិន​ចុះចាញ់​ដែរ»។

អ្នកស្រី Tsai Ing Wen បាន​បញ្ជាក់​ថា តៃវ៉ាន់ «ជានិច្ចកាល​នឹង​ទទួល​ស្គាល់​ចំណង​ទាក់ទង​ផ្នែក​ប្រវត្តិសាស្ត្រ និង​វប្បធម៌​រវាង​តៃវ៉ាន់​និង​ចិន។ ហើយ​យើង​នឹង​មិន​បញ្ឈប់​ការ​ជឿជាក់​របស់​យើង​ដែល​ថា នឹង​មាន​អនាគត​ដ៏​ល្អ​ប្រសើរ​ជាង​នេះ​នៅ​ពេល​ខាង​មុខ​នោះ​ទេ»។

អ្នកស្រី​បាន​សង្កត់​ធ្ងន់​អំពី​សិទ្ធិ​ដែល​ពលរដ្ឋ​តៃវ៉ាន់​ចំនួន ២៣ លាន​នាក់​ត្រូវ​កំណត់​អំពី​អនាគត​របស់​ពួកគេ​ផ្ទាល់ ដែល​នោះ​គឺ​ជា​ជំហរ​មួយ​ដែល​អ្នកស្រី​ហៅ​ថា​ជា «ភាព​ផ្ទុយ​ស្រឡះ» ពី​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង៕

XS
SM
MD
LG