ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​រៀបចំ​កិច្ច​ប្រជុំ​ជាមួយ​សកម្មជន​ប្រជាធិបតេយ្យ​មកពី​ជុំវិញ​ពិភពលោក


ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ចលនា​ពិភពលោក​ដើម្បី​ប្រជាធិបតេយ្យ​របស់​គណៈកម្មការ​ទាយជ្ជទាន​សម្រាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក (U.S. National Endowment for Democracy) ក្នុង​ទីក្រុង​តៃប៉ិ នៅ​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។
ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ចលនា​ពិភពលោក​ដើម្បី​ប្រជាធិបតេយ្យ​របស់​គណៈកម្មការ​ទាយជ្ជទាន​សម្រាប់​លទ្ធិ​ប្រជា​ធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក (U.S. National Endowment for Democracy) ក្នុង​ទីក្រុង​តៃប៉ិ នៅ​ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។

ប្រធានាធិបតី​តៃវ៉ាន់​អ្នកស្រី Tsai Ing-wen បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ការ​គំរាមកំហែង​ដែល​បង្ក​ឡើង​ដោយ​របប​អាជ្ញាធិបតេយ្យ​គឺ​ជា​«ការ​ដាស់​ស្មារតី​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​នានា​នៅ​លើ​ពិភពលោក»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នកស្រី​ថ្លែង​ដូច្នេះ​នៅ​ពេល​ដែល​អ្នកស្រី​បើក​កិច្ច​ប្រជុំ​មួយ​ដែល​មាន​ការ​ចូលរួម​ពី​សកម្មជន​ប្រហែល ២០០ នាក់​មកពី​ប្រទេស​ចំនួន ៧០ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ប្រទេស​អ៊ីរ៉ង់ រុស្ស៊ី អ៊ុយក្រែន និង​ទីក្រុង​ហុងកុង​ផង​ដែរ នៅ​ក្នុង​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។

កិច្ច​ប្រជុំ​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ពីរ​ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​ប្រធានាធិបតី​ចិន​លោក Xi Jinping ត្រូវ​បាន​សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​មេដឹកនាំ​នៅ​អាណត្តិ​ទី ៣ ជា​បន្ត​ទៀត។

កោះ​តៃវ៉ាន់​រង​ការ​គំរាម​កំហែង​មិន​ឈប់ឈរ​ពី​សំណាក់​ប្រទេស​ចិន​ដែល​ជា​ប្រទេស​អាជ្ញាធិបតេយ្យ ដែល​ប្រទេស​នេះ​ចាត់ទុក​តៃវ៉ាន់​ថា​ជា​ផ្នែក​មួយ​របស់​ខ្លួន។

អ្នកស្រី Tsai បាន​និយាយ​ថា ប្រជាពលរដ្ឋ​តៃវ៉ាន់ «មិន​ដែល​គេច​ចេញ​ពី​បញ្ហា​ប្រឈម​នៃ​ការ​ជ្រៀតជ្រែក​បែប​អាជ្ញាធិបតេយ្យ​នោះ​ទេ … និង​បាន​តតាំង​ជាមួយ​នឹង​កម្លាំង​ណា​ដែល​មាន​បំណង​បំផ្លាញ» លទ្ធិ​ប្រជាធិបតេយ្យ​របស់​កោះ​តៃវ៉ាន់។

អ្នកស្រី​បាន​បញ្ជាក់​នៅ​ក្នុង​សុន្ទរកថា​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ដែល​លើកឡើង​អំពី​ការ​ឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ថា៖ «បញ្ហា​ប្រឈម​ដែល​បង្ក​ឡើង​ដោយ​របប​អាជ្ញាធិបតេយ្យ​គឺ​ជា​ការ​ដាស់​ស្មារតី​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​នានា​នៅ​ជុំវិញ​ពិភពលោក»៕

XS
SM
MD
LG