ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Xi Jinping ថា ចិន​នឹង​មិន​លះបង់​ចោល​ការ​ប្រើប្រាស់​កម្លាំង​ទាក់ទិន​នឹង​រឿង​តៃវ៉ាន់


ប្រធានាធិបតី​ចិន​លោក Xi Jinping ចូលរួម​ក្នុង​ពិធី​បើក​សមាជ​ជាតិ​លើក​ទី ២០ នៃ​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ក្នុង​សាល Great Hall of the People នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។
ប្រធានាធិបតី​ចិន​លោក Xi Jinping ចូលរួម​ក្នុង​ពិធី​បើក​សមាជ​ជាតិ​លើក​ទី ២០ នៃ​បក្ស​កុម្មុយនីស្ត​ចិន​នៅ​ក្នុង​សាល Great Hall of the People នៅ​ទីក្រុង​ប៉េកាំង កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។

កាលពី​ថ្ងៃ​អាទិត្យ ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​សន្យា​នៅ​ក្នុង​សុន្ទរកថា​នៃ​ការ​ចាប់ផ្ដើម​សមាជ​គណបក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ២០ នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា ប្រទេស​ចិន​នឹង «មិន​លះបង់​ចោល​ជា​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​កម្លាំង» ទាក់ទិន​នឹង​រឿង​កោះ​តៃវ៉ាន់។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

លោក Xi បាន​ថ្លែង​ប្រាប់​គណៈប្រតិភូ​ដែល​ចូលរួម​នៅ​ក្នុង​សមាជ​គណបក្ស​នេះ​នៅ​ឯ​សាល Great Hall of the People ថា៖ «ការ​ដោះស្រាយ​បញ្ហា​តៃវ៉ាន់​គឺ​ជា​រឿង​របស់​ប្រជាពលរដ្ឋ​ចិន​ខ្លួន​ឯង និង​ត្រូវតែ​ដោះស្រាយ​ដោយ​ប្រជាពលរដ្ឋ​ចិន​តែ​ឯកឯង។ យើង​នឹង​ប្រកាន់​ខ្ជាប់​តាម​ការ​ព្យាយាម​ធ្វើ​ឱ្យ​មាន​នូវ​ការ​បង្រួបបង្រួម​ដោយ​សន្តិវិធី​ឡើង​វិញ​ប្រកប​ដោយ​ភាព​ស្មោះត្រង់​និង​ការ​ប្រឹងប្រែង​អស់​ពី​ដួងចិត្ត ប៉ុន្តែ​នឹង​មិន​លះបង់​ចោល​ជា​ដាច់ខាត​នូវ​ការ​ប្រើប្រាស់​កម្លាំង និង​រក្សា​នូវ​ជម្រើស​នៅ​ក្នុង​ការ​ចាត់​គ្រប់​វិធានការ​ទាំង​អស់»។

ប្រទេស​ចិន​ចាត់ទុក​កោះ​តៃវ៉ាន់​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯង​និង​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​នេះ​ថា​ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន ដែល​នឹង​ត្រូវ​ទាមទារ​កាន់កាប់​ឡើង​វិញ​នៅ​ថ្ងៃ​ណា​មួយ​ដោយ​ការ​អន្តរាគមន៍​ពី​យោធា​ប្រសិនបើ​ចាំបាច់។

លោក Xi បាន​បន្ថែម​ថា៖ «កង់​ប្រវត្តិសាស្ត្រ​នៃ​ការ​បង្រួបបង្រួម​ជាតិ​និង​ការ​ស្ដារ​ប្រទេស​ជាតិ​ឡើង​វិញ​កំពុង​វិល​ទៅ​មុខ។ ការ​បង្រួបបង្រួម​មាតុភូមិ​ឡើង​វិញ​ត្រូវតែ​សម្រេច​ឱ្យ​បាន ហើយ​នឹង​ប្រាកដ​ជា​សម្រេច​បាន»។

លោក Xi បាន​ថ្កោលទោស «ការ​ផ្ដាច់​ខ្លួន​និង​ការ​ធ្វើ​អន្តរាគមន៍» ណា​មួយ​នៅ​ក្នុង​រឿង​កោះ​តៃវ៉ាន់​នេះ។

លោក​ក៏​បាន​សរសើរ​ផង​ដែរ​ដល់​ការ​ផ្លាស់ប្ដូរ​របស់​ទីក្រុង​ហុងកុង​ពី «ភាព​ចលាចល​ទៅ​ជា​អភិបាល​កិច្ច» បន្ទាប់ពី​ប្រទេស​ចិន​បាន​អនុវត្ត​នូវ​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​កាលពី​ឆ្នាំ ២០២០ ដែល​បាន​បង្ក្រាប​លើ​ក្រុម​ប្រឆាំង​នៅ​ក្នុង​ទីក្រុង​នេះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG