កាលពីថ្ងៃពុធនេះ កោះតៃវ៉ាន់បានស្នើឲ្យប្រទេសចិនសុំទោសចំពោះការបង្ក្រាបបង្ហូរឈាមលើក្រុមអ្នកតវ៉ាប្រជាធិបតេយ្យនៅទីលាន Tiananmen ក្នុងទីក្រុងប៉េកាំង កាលពីឆ្នាំ ១៩៨៩។ ការស្នើនេះត្រូវបានក្រសួងការបរទេសចិនច្រានចោល ដោយអះអាងថា «មិនសមហេតុផល»។
នៅថ្ងៃព្រហស្បតិ៍ទី ៤ ខែមិថុនាស្អែក គឺជាខួបលើកទី ៣១ នៃការបង្ក្រាបរបស់ទាហានចិនលើការតវ៉ាដែលដឹកនាំដោយនិស្សិតនៅទីលាន Tiananmen និងតំបន់ជុំវិញ។ អាជ្ញាធរចិនបានហាមឃាត់មិនឲ្យមានការប្រារព្ធណាមួយជាសាធារណៈអំពីព្រឹត្តិការណ៍នេះនៅលើទឹកដីចិននោះទេ។
រដ្ឋាភិបាលចិនមិនដែលផ្សព្វផ្សាយអំពីចំនួនអ្នកស្លាប់ទាំងអស់នៅក្នុងការបង្ក្រាបនោះទេ ប៉ុន្តែការប៉ាន់ប្រមាណរបស់អង្គការសិទ្ធិមនុស្ស និងសាក្សីនានា បានបង្ហាញថា អ្នកស្លាប់មានចំនួនពីរាប់រយនាក់រហូតដល់រាប់ពាន់នាក់។
ក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់បានបញ្ជាក់ថា រដ្ឋាភិបាលចិនគួរតែ «វាយតម្លៃឡើងវិញនូវការពិតជាប្រវត្តិសាស្ត្រអំពីហេតុការណ៍ថ្ងៃទី ៤ មិថុនា និងសុំទោសដោយស្មោះត្រង់»។
ក្រុមប្រឹក្សានេះបានបន្ថែមទៀតថា៖ «យើងជឿថា អ្នកកាន់អំណាចសព្វថ្ងៃគួរមានភាពក្លាហាននៅក្នុងការកែកំហុស ធ្វើកំណែទម្រង់ដំបូងៗជាបន្ទាន់ និងផ្ដល់អំណាចជូនប្រជាពលរដ្ឋវិញ»។
នៅក្នុងទីក្រុងប៉េកាំង អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានច្រានចោលនូវការស្នើឡើងរបស់តៃវ៉ាន់នេះ។
លោកបានបញ្ជាក់នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា៖ «ការលើកឡើងរបស់អាជ្ញាធរតៃវ៉ាន់នេះគឺមិនសមហេតុផលទាល់តែសោះ។ ទាក់ទិននឹងភាពចលាចលនយោបាយនៅចុងទសវត្សរ៍ ១៩៨០ ប្រទេសចិនបានធ្វើការសន្និដ្ឋានយ៉ាងច្បាស់លាស់រួចរាល់ហើយ»៕