នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson កាលពីថ្ងៃពុធនិយាយថា លោកនឹងផ្តល់មធ្យោបាយដល់ពលរដ្ឋហុងកុងឲ្យអាចទទួលសញ្ជាតិអង់គ្លេសបានប្រសិនបើប្រទេសចិនពិតជានឹងប្រើច្បាប់សន្តិសុខជាតិដែលក្រុមប្រឆាំងបារម្ភថានឹងបំបាត់សិទ្ធិនយោបាយនៅក្នុងដែនដីពាក់កណ្តាលស្វ័យតនេះ។
លោក Johnson បានធ្វើការប៉ាន់ស្មានថា ពេលនេះមានពលរដ្ឋហុងកុងរហូតដល់ជាង៣៥០.០០០នាក់ហើយដែនកាន់លិខិតឆ្លងដែនអង់គ្លេស ហើយអាចមានពលរដ្ឋ២,៥លាននាក់ទៀតអាចដាក់ពាក្យសុំបាន។
រដ្ឋសភាចិនកាលពីសប្តាហ៍មុនបានអនុម័តច្បាប់សន្តិសុខជាតិចម្រូងចម្រាសនេះដែលនឹងអនុញ្ញាតឲ្យមន្ត្រីសន្តិសុខនិងចារកម្មចិនអាចប្រចាំការនៅដែនដីហុងកុងបានជាលើកដំបូង ហើយដែលនេះជាវិធានការឆ្លើយតបនឹងបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យនៅហុងកុងក្នុងពេលកន្លងមក៕