ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទំនាក់​ទំនង​ការបរទេស​របស់​តៃវ៉ាន់​ទទួល​បាន​ការ​គាំទ្រ​រឹងមាំ​​នៅ​​ប្រទេស​សិង្ហបុរី


ទាហាន​នៅ​លើ​រថពាសដែក​កំពុង​ទំនាក់​ទំនង​គ្នា​ក្នុង​ពេល​ធ្វើ​សមយុទ្ធ​យោធា​មួយ​នៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​ Zuoying នៅ​ភាគ​ខាង​ត្បូង​នៅ​កោះ​តៃវ៉ាន់ កាល​ពី​ខែ​មករា ឆ្នាំ​២០១៧។
ទាហាន​នៅ​លើ​រថពាសដែក​កំពុង​ទំនាក់​ទំនង​គ្នា​ក្នុង​ពេល​ធ្វើ​សមយុទ្ធ​យោធា​មួយ​នៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​ Zuoying នៅ​ភាគ​ខាង​ត្បូង​នៅ​កោះ​តៃវ៉ាន់ កាល​ពី​ខែ​មករា ឆ្នាំ​២០១៧។

សេចក្តី​សម្រេចរបស់​ប្រទេស​សិង្ហបុរី​ក្នុង​សប្តាហ៍​នេះ​ក្នុង​ការ​បន្ត​រក្សា​ទុក​កម្មវិធី​ហ្វឹក​ហ្វឺន​យោធា​មាន​រយៈ​ពេល​៤០​ឆ្នាំ​មក​ហើយ​ជាមួយ​កោះ​តៃវ៉ាន់​ ទោះ​ណា​ជា​មាន​ការ​គាប​សង្កត់​ពី​ប្រទេស​ចិន​ក៏​ដោយនោះ​ បាន​ផ្តល់​ឱ្យ​គោល​នយោបាយ​ការ​បរទេស​នៃ​កោះ​តៃវ៉ាន់​ នូវ​ជ័យជំនះ​មួយ​មិន​សូវ​មាន​ក្នុង​ទ្វីប​អាស៊ី។

ពួក​មន្ត្រី​នៅក្នុង​កោះ​តៃវ៉ាន់​ បាន​និយាយ​ក្នុង​សប្តាហ៍​នេះ​ថា​ ប្រទេស​សិង្ហបុរី​នឹង​បន្តក​ម្ម​វិធី​ហ្វឹកហ្វឺន​យោធា​ឈ្មោះ​គម្រោងការណ៍​ Starlight ​ទោះ​ណា​ជា​មាន​ដំណើរ​ទស្សន​កិច្ច​មួយ​កាល​ពី​ខែ​មុន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​សិង្ហបូរី Lee Hsien Loong ​ទៅ​កាន់​ប្រទេស​ចិន​ក៏​ដោយ។​ ប្រទេស​ចិន​បាន​ចាត់​ទុក​កោះ​តៃវ៉ាន់​ ថា​ជា​ផ្នែក​មួយ​របស់​ដែន​ដី​ខ្លួន​ផ្ទាល់​ហើយ​ចិន​មិន​បាន​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​ឯទៀតៗ​ឱ្យ​មាន​ទំនាក់​ទំនាង​ខាង​ការ​ទូតឬ​ខាង​យោធា​ជាមួយ​តៃវ៉ាន់ ទេ។​

​ភាគី​ទាំង​ពីរ​បាន​ចាប់​ផ្តើ​មកម្មវិធី​នេះ​កាល​ពី​ឆ្នាំ​១៩៧៥​ នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ​Lee Kuan Yew ដែល​ជា​អ្នក​បង្កើត​ប្រទេស​សិង្ហបុរី​ និង​មិត្ត​របស់​លោកគឺ​លោក ​Chiang Ching-Kuo​ នាយករដ្ឋមន្ត្រី​តៃវ៉ាន់​ នៅ​ពេល​នោះ​ដែល​ក្រោយ​មក​បាន​កាន់​តំណែង​ជា​ប្រធានាធិបតីកោះ​តៃវ៉ាន់។​

ប្រទេស​សិង្ហបូរី​បាន​ជ្រើសរើស​យក​កោះ​តៃវ៉ាន់​ ជា​កន្លែង​ហ្វឹកហ្វឺន​ពី​ព្រោះ​រដ្ឋជា​ក្រុង​នេះ​ខ្វះ​ផ្ទៃ​ដី​សម្រាប់​ធ្វើ​សមយុទ្ធ​យោធា​ធំ​ដុំ​ដោយ​មាន​រួម​ទាំង​ការ​ធ្វើ​ដូច​ជា​មាន​សង្គ្រាម​មែន​ទែន​ផង។

លោក​ Nathan Liu ​ជា​សាស្ត្រាចារ្យ​ផ្នែក​កិច្ចការ​អន្តរជាតិ​នៅ​ឯសាកល​វិទ្យាល័យ Ming Chuan ​ក្នុង​កោះ​តៃវ៉ាន់ ​បាន​និយាយ​ថា៖ «ខ្ញុំ​យល់​ថា​ប្រទេសសិង្ហបុរី​បាន​ខិត​ខំ​ព្យាយាម​យ៉ាង​ហោច​ណាស់ ធ្វើ​ជា​អ្នក​អព្យាក្រឹត​ទោះ​ណា​ជា​ពួក​គេ​ទទួល​គំនាប​សង្កត់​នេះ​ពី​ប្រទេស​ចិន​ក៏​ដោយ។ ទំនាក់​ទំនង​នេះ​ជា​មួយ​កោះ​តៃវ៉ាន់​ មិន​គួរ​ត្រូវ​បញ្ឈប់​ឬ​ត្រូវ​ផ្អាក​នោះ​ទេ»៕

XS
SM
MD
LG