រដ្ឋាភិបាលមីយ៉ាន់ម៉ាមិនអនុញ្ញាតឲ្យអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិចូលក្នុងប្រទេសនោះទេ។ ទោះជាយ៉ាងនេះក្តី លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ នៅអាចធ្វើការស៊ើបអង្កេតពីចម្ងាយ។
លោក Thomas Andrews បានលើកឡើងថា សក្ខីកម្មពីក្រុមអ្នកការពារសិទ្ធិមនុស្ស សមាជិកអង្គការសង្គមស៊ីវិលនៅមីយ៉ាន់ម៉ា និងវត្ថុតាងជារូបភាពអាក្រក់ផ្សេងៗ បានបង្ហាញថា ការបោះឆ្នោតនៅមីយ៉ាន់ម៉ា នឹងមិនអាចជឿទុកចិត្តបាននោះទេ សូម្បីតែមិនទាន់មានការបោះឆ្នោតនៅឡើយ។
លោក Andrews បាននិយាយថា៖
«លទ្ធផលនៃការបោះឆ្នោតជាតិនោះមិនអាចបង្ហាញឲ្យត្រឹមត្រូវពីឆន្ទៈរបស់ប្រជាជននោះទេ នៅពេលដែលសិទ្ធិបោះឆ្នោតត្រូវបានរារាំងដោយសារតែពូជសាសន៍ កុលសម្ព័ន្ធ ឬសាសនា។ ហើយខ្ញុំឃើញនូវភស្តុតាងដែលថា រដ្ឋាភិបាលមិនមានទំនោរ ឬត្រៀមលក្ខណៈនឹងសម្របសម្រួលសិទ្ធិបោះឆ្នោតដល់ក្រុមរ៉ូហ៊ីងយ៉ាដែលគ្រប់អាយុបោះឆ្នោតនៅរដ្ឋ Rakhine ឬនៅជំរំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដេសនោះទេ»។
លោក Andrews បានបន្តថា ការធ្វើការបោះឆ្នោតអំឡុងពេលមានជម្លោះប្រដាប់អាវុធដ៏រ៉ាំរៃ ស្របពេលដែលការប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា គឺពិតជាលំបាកខ្លាំងណាស់។ លោកបានបន្ថែមថា ក្រៅពីការរឹតត្បិតលើការសេរីភាពក្នុងការធ្វើដំណើរ ដោយសារតែការរាតត្បាតជំងឺកូវីដ១៩ ការបិទប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញសង្គមដោយរដ្ឋាភិបាល បានបង្កជាការលំបាកដល់ពលរដ្ឋក្នុងការទទួលបានសារផ្សេងៗ។
លោក Andrews បានថ្លែងថា៖
«បញ្ហាគ្រោះថ្នាក់មួយទៀត គឺបេក្ខជនឈរឈ្មោះបោះឆ្នោត និងគណបក្សនយោបាយ ប្រើប្រាស់ការគំរាមកំហែង និងភាសាបង្កឲ្យមានភាពស្អប់ខ្ពើមជាអាវុធផ្នែកនយោបាយ។ ប្រជាជនមីយ៉ាន់ម៉ាដឹងថា អំពើអាក្រក់នេះមិនត្រឹមតែប៉ះពាល់ទៅដល់ការបោះឆ្នោតប៉ុណ្ណោះទេ ប៉ុន្តែអាចបង្កជាអំពើហិង្សាផងដែរ។ ហើយសារញុះញង់ទាំងនោះ មិនគួរមាននោះទេ នៅក្នុងការបោះឆ្នោត មិនថានៅលើខិតបណ្ណឃោសនា ឬនៅលើប្រព័ន្ធអ៊ីនធឺណិតក៏ដោយ»។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិបានបង្ហាញរូបភាពអាក្រក់នានា ចំពោះអ្វីដែលលោកបានពណ៌នាថា ជាសំណៅឯកសារផ្សព្វផ្សាយឃោសនាបោះឆ្នោតបែបពិសពុល។ ហើយការធ្វើដូចនេះបានបង្កឲ្យមានការតវ៉ាប្រឆាំងពីប្រទេសមីយ៉ាន់ម៉ា វេណេស៊ុយអេឡា ចិន បេឡារុស និងគុយបា។
ក្រុមប្រទេសទាំងនេះបានអះអាងថា ឯកសារផ្សព្វផ្សាយទាំងនោះមានលក្ខណៈបំភ្លៃការណ៍ពិត ហើយមិនត្រូវបានអនុម័តដោយក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនិងមិនគួរយកមកបង្ហាញនោះទេ។
លោកស្រី Elisabethy Tichy-Fisslberger ប្រធានក្រុមប្រឹក្សសិទ្ធិមនុស្សអង្គការសហប្រជាជាតិបាននិយាយថា គ្រប់តម្រូវការផ្លូវច្បាប់សម្រាប់សំណៅឯកសារជារូបភាពទាំងនោះ ត្រូវបានបំពេញជាស្ថាពរហើយ។
លោកស្រី Tichy-Fisslberger បានមានប្រសាសន៍ថា៖
«យើងបានទទួលវត្ថុតាងជារូបភាពទាំងនោះកាលពីពីរ ឬបីថ្ងៃមុន។ ឯកសារទាំងនោះត្រូវបានចែករំលែកជាមួយនឹងការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលព្រមព្រៀងថា ឯកសារទាំងនោះអាចត្រូវបង្ហាញក្រោមលក្ខខណ្ឌដែលផ្ទៃមុខរបស់បុគ្គល ត្រូវបានបិទមិនឲ្យមើលឃើញ ហើយយើងក៏បានធ្វើតាមដែរ។ ដូច្នេះ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិយល់ស្របថា ឯកសារទាំងនោះអាចត្រូវយកមកធ្វើបទបង្ហាញបាន»។
ប្រទេសអូស្ត្រាលី ជប៉ុន និងបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប បានបង្ហាញការគាំទ្រទៅលើសំណើអនុញ្ញាតឲ្យមានការបង្ហាញនូវរូបភាព រូបពីផ្កាយរណប ឬរូបថតដទៃទៀតផងដែរ។ បន្ទាប់ពីមានការបោះឆ្នោតគាំទ្រលើសំណើនេះ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិត្រូវបានអនុញ្ញាតឲ្យធ្វើបទបង្ហាញ៕
ប្រែសម្រួលដោយលោក ណឹម សុភ័ក្ត្របញ្ញា