អាជ្ញាធរក្នុងទីក្រុងមួយរបស់ប្រទេសចិន ដែលស្ថិតនៅក្នុងខេត្ត Yunnan ជាប់ព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា កំពុងធ្វើតេស្តរកវីរុសកូរ៉ូណាទៅលើមនុស្សរាប់ម៉ឺននាក់នៅថ្ងៃអង្គារ បន្ទាប់ពីរកឃើញការឆ្លងពីរករណីដែលបាននាំចូលមកពីប្រទេសជាប់ព្រំដែន គឺប្រទេសមីយ៉ាន់ម៉ានោះ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារ Reuters។
អាជ្ញាធរចិនក្នុងទីក្រុង Ruili ក្នុងខេត្ត Yunnan នោះ បានហាមប្រាមកុំឲ្យពលរដ្ឋចេញក្រៅផ្ទះ និងមិនឲ្យរថយន្តធ្វើដំណើរតាមផ្លូវ។
អាជ្ញាធរទីក្រុង Ruili ដែលជាចំណុចធ្វើដំណើរឆ្លងកាត់សំខាន់នៅភាគនិរតីប្រទេសចិន នឹងធ្វើតេស្តរកមើលវីរុសកូរ៉ូណាទៅលើពលរដ្ឋដែលរស់នៅក្នុងទីក្រុងចំនួន២០០.០០០នាក់ បន្ទាប់ពីមានសេចក្តីរាយការណ៍កាលពីថ្ងៃអាទិត្យថា មានករណីឆ្លងនាំចូលចំនួន២ករណី។
មន្រ្តីស្ថានទូតចិនក្នុងប្រទេសមីយ៉ាន់ម៉ាបានជួបពិភាក្សាគ្នា តាមរយៈប្រព័ន្ធវីដេអូ ដើម្បីបង្កើតកិច្ចប្រឹងប្រែងរួមគ្នា ក្នុងការទប់ស្កាត់និងការពារជំងឺកូវីដ១៩ នេះបើតាមការបញ្ជាក់ឲ្យដឹងនៅលើគេហទំព័រផ្លូវការរបស់ស្ថានទូតចិនក្នុងប្រទេសមីយ៉ាន់ម៉ា៕