ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi បានចូលរួមជាមួយនឹងសមាជិកសភាផ្សេងទៀតជាជាតិសាសន៍អាស៊ី ជាតិសាសន៍ស្បែកខ្មៅ និងជាតិសាសន៍ Hispanic កាលពីថ្ងៃសុក្រ ដើម្បីរិះគន់លើការកើនឡើងនៃឧក្រិដ្ឋកម្មស្អប់គុំកួនជាតិសាសន៍អាស៊ីក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដែលក្នុងនោះរួមមានទាំងករណីសម្លាប់បុរសជនជាតិថៃអាយុ ៨៤ ឆ្នាំម្នាក់ផងដែរនៅក្នុងទីក្រុង San Francisco រដ្ឋ California។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា។
ហេតុការណ៍នៃអំពើស្អប់គុំកួនពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ីបានកើនឡើងខ្លាំង គឺជាង ៣.០០០ ករណី ត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិក ចាប់តាំងពីវិបត្តិជំងឺកូវីដ១៩ បានចាប់ផ្ដើមកាលពីឆ្នាំមុនមក។
សមាជិកសភាខាងគណបក្សប្រជាធិបតេយ្យ និងសកម្មជននានាតាមសហគមន៍ បាននិយាយថា ការកើនឡើងនេះគឺជាប់ពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងវោហារសាស្ត្រប្រឆាំងជាតិសាសន៍អាស៊ី ដែលលោកអតីតប្រធានាធិបតី Donald Trump និងមេដឹកនាំនយោបាយផ្សេងទៀតបានប្រើ នៅពេលពិភាក្សា ឬនិយាយអំពីជំងឺកូវីដ១៩។
អ្នកស្រី Pelosi បាននិយាយថា៖ «ស្របពេលយើងប្រារព្ធពិធីបុណ្យចូលឆ្នាំចន្ទគតិ ដែលជាពេលសប្បាយរីករាយ វាក៏ជាពេលនៃការឈឺចាប់សម្រាប់ពួកយើងនៅពេលនេះផងដែរ ដោយសារតែហេតុការណ៍ដែលបានកើតឡើងទាំងនេះ»។
អ្នកស្រីបានថ្លែងដូច្នេះនៅក្នុងសន្និសីទកាសែតតាមរយៈ Zoom ជាមួយនឹងថ្នាក់ដឹកនាំនៃក្រុមសភាទទួលបន្ទុកកិច្ចការពលរដ្ឋដើមកំណើតអាស៊ីប៉ាស៊ីហ្វិក ក្រុមសភាទទួលបន្ទុកកិច្ចការពលរដ្ឋស្បែកខ្មៅ និងក្រុមសភាទទួលបន្ទុកកិច្ចការពលរដ្ឋដើមកំណើត Hispanic ដើម្បីជាកាបង្ហាញនូវសាមគ្គីភាពជាមួយនឹងសហគមន៍ពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី។
អ្នកស្រី Pelosi បញ្ជាក់ដូច្នេះថា៖ «ភាពចម្រុះជាតិសាសន៍របស់យើងគឺជាភាពខ្លាំងរបស់យើង។ ការរួបរួមរបស់យើងគឺជាអំណាចរបស់យើង។ យើងបានរួបរួមគ្នាជាធ្លុងមួយចំពោះរឿងនេះ»។
គេឃើញមានរលកនៃការវាយប្រហារជាពាក្យសម្ដី និងការវាយប្រហារជាកាយវិការ លើពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី និងដើមកំណើតប៉ាស៊ីហ្វិក ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ប៉ុន្តែនៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ការវាយប្រហារនេះមានលក្ខណៈកាន់តែហិង្សាឡើង និងហាក់សំដៅលើពលរដ្ឋវ័យចំណាស់។
កាលពីថ្ងៃទី ២៨ ខែមករាកន្លងទៅនេះ លោក Vicha Ratanapakdee ដែលជាជនអន្តោប្រវេសន៍ជនជាតិថៃ អាយុ ៨៤ ឆ្នាំ បានដើរហាត់ប្រាណដូចរាល់ថ្ងៃនៅក្នុងទីក្រុង San Francisco រដ្ឋ California ហើយនៅពេលដែលលោកកំពុងដើរនោះ ស្រាប់តែបុរសម្នាក់បានរត់កាត់ថ្នល់យ៉ាងលឿនមករុញលោកមួយទំហឹងឲ្យដួល។
ហេតុការណ៍នេះត្រូវបានថតជាប់នៅក្នុងវីដេអូមួយ និងជាហេតុការណ៍ដែលក្រុមគ្រួសាររបស់ជនរងគ្រោះហៅថាជាឧក្រិដ្ឋកម្មស្អប់គុំកួន។ នៅក្នុងហេតុការណ៍នោះ លោក Ratanapakdee ត្រូវបានជនល្មើសរុញមួយទំហឹងដួលបោកក្បាលនឹងដី ហើយក្រោយមកលោកបានស្លាប់៕