ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​ជំរុញ​ឲ្យ​ដាក់ទោស​លើ​ជនដៃដល់​ដែល​បាញ់​សម្លាប់​អ្នកកាសែត


រូបឯកសារ៖ អ្នកកាសែត​កម្ពុជា​នាំ​គ្នា​សួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត នៃ​អង្គការ​លីកាដូ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។
រូបឯកសារ៖ អ្នកកាសែត​កម្ពុជា​នាំ​គ្នា​សួរ​ព័ត៌មាន​ពី​សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត នៃ​អង្គការ​លីកាដូ នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្រុម​អង្គការ​ដែល​ធ្វើការពារសិទ្ធិ​អ្នកកាសែត​បាន​ជំរុញឲ្យអាជ្ញាធរកម្ពុជា​ចាត់វិធានការ​ឲ្យបាន​ហ្មត់ចត់​ទៅលើ​បុគ្គ​លដែល​បាន​បាញ់អ្នកកាសែតម្នាក់ឲ្យស្លាប់​នៅខេត្ត​សៀមរាប។

បើ​តាម​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ហៅកាត់​ថា ខេមបូចា​ អ្នកសារព័ត៌​មានអន​ឡាញ​មក​ពី​អង្គភា​ពសារព័ត៌​មាន​កម្ពុជាអភិវឌ្ឍន៍ ក្នុងខេត្ត​សៀមរាប លោក​ ឈឿង​ ឈឹង​ ត្រូវ​បានបាញ់​ប្រហារឲ្យរង​របួសធ្ងន់​កាល​ពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ ហើយបានស្លាប់​នៅ​យប់ម៉ោង ២យប់ ឈានចូលថ្ងៃទី ៧ ខែ​ធ្នូ ឆ្នាំ​ ២០២៤ នៅមន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​។

តាម​រយៈសេចក្តី​ថ្លែងការណ៍​ចុះថ្ងៃទី ​៧ ខែ​ធ្នូ ឆ្នាំ​ ២០២៤ អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដាក់​ទោសទណ្ឌ​ដើម្បី​បញ្ចប់​អំពើហិង្សា​លើអ្នក​កាសែត​។

សេចក្តី​ថ្លែង​ការណ៍​ដដែល​បញ្ជាក់ថា​៖ «ឃាតកម្ម​នេះ​គួរ​ឲ្យ​រន្ធត់ ហើយ​ទាមទារ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ខ្លាំង។ យើង​អំពាវនាវ​ដល់​អាជ្ញាធរ​កម្ពុជា​ធានា​ថា​គ្រប់​ភាគី​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ។ យើង​ក៏​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​ជាក់ស្តែង​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​អ្នក​សារព័ត៌មាន»។

បើ​តាមការអង្កេត​របស់​អង្គការអ្នកកាសែតគ្មានព្រំដែន ​អ្នក​កាសែត​ដែល​ចុះ​ផ្សាយ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​នៅ​កម្ពុជា​ប្រឈម​នឹង​អំពើ​ហិង្សា​ជា​ញឹក​ញាប់។ ក្នុង​ឆ្នាំ ២០១៤ អ្នក​យក​ព័ត៌មាន ​តាំង ទ្រី ត្រូវ​បាន​គេ​បាញ់​សម្លាប់ ខណៈ​កំពុង​ស៊ើប​អង្កេត​ទំនាក់​ទំនង​រវាង​កង​កម្លាំង​សន្តិសុខ និង​ការ​ជួញ​ដូរ​ឈើ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស។
នាយក​ប្រតិបត្តិសមាគមខេមបូចា លោក ណុប វី បានប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារ ​ដោយ​លោក​ជំរុញ​ឲ្យអាជ្ញាធរ​ដោះ​ស្រាយ​ករណី​កន្លង​មក​នៃអំពើហិង្សាលើអ្នក​សារព័ត៌មាន​ប្រកប​ដោយ​សុច្ចរិត។

លោក​បន្ថែមថា​៖ «យើង​ក៏​ស្នើ​សុំ​សមត្ថ​កិច្ច​គ្រប់​ជាន់​ថ្នាក់​ពិនិត្យ​មើល​ក្នុង​ករណី​ផ្សេងៗ​ទៀត​ ដែល​កើតមក​លើអ្នក​សារព័ត៌មាន​ហើយ​ដែល​ករណី​ទាំង​អស់​នោះ​ស្ថិតនៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​ហ្នឹង​ សុំឲ្យ​ធ្វើ​ម៉េច​ពន្លឿន​ដំណើរ​ការ​ស៊ើប​អង្កេត​ហ្នឹង​ឲ្យ​បាន​ប្រសិទ្ធភាព​ តម្លាភាព​ ហើយ​នឹង​ឈាន​ទៅ​បញ្ចប់​ការស៊ើបអង្កេត​ ដើម្បី​នាំ​យក​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​»។

លោក ​ណុប វី បាន​កត់សម្គាល់ថា ការដាក់ទោស​ទណ្ឌទៅលើ​ជន​ដៃដល់​គឺជាការបញ្ចប់​ការ​គំរាម​កំហែង​ ការ​ព្រមាន​ផ្សេងៗ​ទៀត​ ដែល​ជាអំពើ​ធ្វើទុក្ខ​បុកម្នេញ​ទៅលើ​អ្នក​កាសែត​។

អ្នកនាំពាក្យក្រសួងព័ត៌មាន​លោក​ ទេព អស្នារិ​ទ្ធ​ ប្រាប់វីអូអេថា ​ក្រសួង​ព័ត៌មាន​យកចិត្ត​ទុកដាក់យ៉ាង​ខ្លាំង​ទៅលើករណី​លបលួចបាញ់ទៅលេីអ្នកសារព័ត៌មានឱ្យបាត់បង់ជីវិតនោះ​។ លោក​បន្ថែមថា ​ក្រោយ​កើតហេតុភ្លាមៗ ជន​ដៃដល់ត្រូវ​បាន​ចាប់ខ្លួន​ និង​កំពុង​ស្ថិត​ក្នុងនីតិវិធី​។

លោក​បញ្ជាក់ថា​៖ «​ក្រសួងព័ត៌មានក៏ដូច​ជារាជរដ្ឋាភិបាលកម្ពុជា​ជានិច្ចកាល​តែងតែ​ផ្តល់ការ​យកចិត្តទុកដាក់ខ្ពស់ចំពោះតួនាទី​របស់អ្នកសារព័ត៌មាន​របស់យើង ​ដោយបាន​បន្តលើកកម្ពស់​ លើកស្ទួយសិទ្ធិសេរីភាព​ខាងផ្នែកសារព័ត៌មាន ដែល​បាន​ការពារ​និងផ្តល់ឲ្យដោយ​រដ្ឋធម្មនុញ្ញកម្ពុជា​និងលិខិតបទដ្ឋាន​គតិយុត្តិ​ជាធរមាន ព្រមទាំងបាន​និងកំពុង​បន្តផ្តល់នូវបរិយាកាសអំណោយ​ផលសម្រាប់ការប្រកបអាជីព​ជាអ្នកកាសែត​នៅក្នុង​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា​»។

សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ជា​លំដាប់​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៧ នៅពេល ដែល​អតីត​នាយក​រដ្ឋមន្ត្រីលោក ហ៊ុន សែន បង្ក្រាប​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដោយ​បង្ខំ​ឲ្យ​ស្ថាប័ន​ល្បីៗ​ ដូច​ជាសំឡេង​ប្រជាធិបតេយ្យ ​ត្រូវ​បិទដំណើរការ។ រដ្ឋាភិបាល​បាន​ដក​ហូត​អាជ្ញាប័ណ្ណក្នុង​ខែ​កុម្ភៈ ឆ្នាំ ​២០២៣។ នេះ​បើតាមអង្គ​ការអ្នកកាសែតគ្មានព្រំដែន​។

អង្គការ​ការពារ​អ្នកកាសែត​ដដែលនេះបន្តទៀត​ថា រយៈពេល​មួយ​ឆ្នាំ​នៃ​ការ​កាន់​អំណាច​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហាក់​កំពុង​បន្ត​ការ​បង្រ្កាបលើប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ចាប់​ផ្តើម​ដោយ​លោក ហ៊ុន សែន ដែលឪពុក​របស់​លោក។

អង្គការ​អ្នកការសែត​គ្មាន​ព្រំដែន​បាន​ដាក់​កម្ពុជាឲ្យ​ជាប់​ចំណា​ត់ថ្នាក់ទី ១៥១​ ក្នុង​ចំណោម ១៨០ ​ប្រទេស ​នៅក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌​មាន​ពិភព​លោក​ឆ្នាំ ២០២៤។ ចំណាត់ថ្នាក់​នេះ​មានន័យថា​ កម្ពុជា​ជា​ប្រទេស​មានការគំរាម​កំហែងដល់​សេរីភាព​សារព័ត៌​មានយ៉ាង​«ធ្ងន់ធ្ងរណាស់»​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG