ស្ថានភាពសេរីភាពសារព័ត៌មានមានភាពវិជ្ជមានច្រើននៅឆ្នាំ២០២៤ ជាពេលដែលអ្នកកាសែតបានបំពេញវិជ្ជាជីវៈដោយសុវត្ថិភាព ហើយសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ ទំាង ក្នុងនិងក្រៅប្រទេសក៏មានលក្ខណៈទូលំទូលាយ និងប្រកបដោយជំនឿទុកចិត្ត។ នេះបើតាមមន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រសួងព័ត៌មាន ដែលបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ហៅកាត់ថា AKP កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានប្រាប់ទីភ្នាក់ងារ សារព័ត៌មានកម្ពុជា AKPយ៉ាងដូច្នេះថា៖ «ជាការពិតស្ថានភាពវិស័យព័ត៌មាន និងសោតទស្សន៍ នៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៤ ត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរ ដោយកំពុងបោះជំហ៊ានទៅមុខជាវិជ្ជមានស្របនឹងការវិវឌ្ឍ និងការរីកចម្រើនដ៏ឆាប់រហ័សនៅក្នុងសង្គមកម្ពុជា»។
បើតាមអ្នកនាំពាក្យរូបនេះ ក្នុងក្របខ័ណ្ឌនៃការស្ទង់មតិ អ្នកសារព័ត៌មានចំនួន ៧៩.៨% បានឆ្លើយថា សេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ខណៈអ្នកសារព័ត៌មានប្រមាណ ៨០% បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយអនុវត្តការងារ មានភាពងាយស្រួល មានសុវត្ថិភាព និងធ្វើការដោយឯករាជ្យភាព។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP។
លោក ទេព អស្នារិទ្ធ បានឲ្យដឹងទៀតថា អង្គភាពសារព័ត៌មានចំនួន ១៦២០ អង្គភាព សមាគមសារព័ត៌មាន ២៦ និងអ្នកសារព័ត៌មានទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងទំនើបសរុបជាង ៨ពាន់ នាក់ បានកំពុងតែបំពេញការងាររបស់ខ្លួនបានយ៉ាងពេញលេញ មានសុវត្ថិភាពដោយអនុវត្តតាមក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។
យ៉ាងណាក៏ដោយ អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ និងអ្នកឃ្លាំមើលសិទ្ធិមនុស្សមួយចំនួន បានកត់សម្គាល់ស្ថានភាពរឹតត្បិត ពាក់ព័ន្ធសេរីភាពសារព័ត៌មាននៅកម្ពុជា ក្រោមហេតុផលថា អ្នកសារព័ត៌មានបានបន្តរងការប្តឹងផ្តល់នៅតុលាការ ឬការចាប់ខ្លួន ហើយកាលពីឆ្នាំ២០២៤កន្លងទៅនេះ ក៏មានករណីឃាតកម្មលើអ្នកសារព័ត៌មានម្នាក់ ដែលរាយការណ៍អំពីប្រតិបត្តិការកាប់ឈើខុសច្បាប់នៅដែនជម្រកសត្វព្រៃបឹងពែរ នៅភាគឦសានប្រទេសកម្ពុជា។
នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី យល់ឃើញថា ទោះបីមានកំណើននៃការចូលរួមរបស់ពលរដ្ឋក្នុងវិស័យសារព័ត៌មាន ការបើកចំហព័ត៌មានជាសាធារណៈនៅតែមានកម្រិតដដែល ខណៈកម្ពុជាមិនទាន់មានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន។
លោកថ្លែងថា៖ «លម្ហនៃសេរីភាពព័ត៌មានយើងឃើញថាការបើកចំហព័ត៌មានសាធារណៈហ្នឹង គឺនៅមានកម្រិតមែនទែន ដោយសារហេតុអី ដោយសារតែយើងមិនទាន់មានច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មាន ទី១។ ទី២ នៅពេលដែលយើងមិនទាន់មានច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន បើទោះបីជារដ្ឋាភិបាលបង្កើតឲ្យមានអ្នកនាំពាក្យតាមក្រសួង នៅថ្នាក់ក្រោមជាតិ មានអ្នកនាំពាក្យនៅតាមសាលាខេត្ត ក៏ប៉ុន្តែ យើងឃើញថា អ្នកនាំពាក្យ លោកនៅមានកម្រិតមែនទែនក្នុងការផ្តល់ព័ត៌មានជូនទៅដល់ប្រជាពលរដ្ឋជូនទៅដល់សាធារណជន ជូនទៅដល់អ្នកសារព័ត៌មាន»។
លោកផ្តល់ការកត់សម្គាល់ទៀតថា អ្នកសារព័ត៌មានខ្លះបានធ្វើការចាប់ពិរុទ្ធខ្លួនឯង ដោយសារតែការបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនពេលពួកគេធ្វើសេចក្តីរាយការណ៍ព័ត៌មានដែលមានលក្ខណៈរសើប ដូចករណី លោក ឈឿង ឈឹង ដែលបានរាយការណ៍អំពីបញ្ហាបរិស្ថាន ហើយត្រូវបានគេបាញ់សម្លាប់នៅខេត្តសៀមរាប។ លោកបន្ថែមថា ករណីឃាតកម្មបានកើតឡើងយូរៗម្តងក្នុងវិស័យសារព័ត៌មាននៅកម្ពុជា ប៉ុន្តែការប្តឹងផ្តល់លើអ្នកកាសែតកំពុងមានទំនោរកើនឡើង។
លោក ណុប វី បានបញ្ជាក់ទៀតថា នៅឆ្នាំ២០២៥នេះ រដ្ឋាភិបាលគួររៀបចំគោលនយោបាយមួយដែលធានាសន្តិសុខ សុវត្ថិភាព និងការលើកកម្ពស់សេរីភាពជាមូលដ្ឋានរបស់អ្នកកាសែត និងគួរបើកឲ្យមានការចូលរួមក្នុងការពិភាក្សាឲ្យបានល្អិតល្អន់លើការបង្កើតគោលនយោបាយមួយចំនួនដែលគេបារម្ភថា មានគោលបំណងរឹតត្បិតសិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃពុធថា អង្គការសង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ធសិទ្ធិមនុស្សបានមើលឃើញថា ក្នុងឆ្នាំ២០២៤ សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែបន្តធ្លាក់ចុះ ព្រោះអ្នកកាសែត ឬអ្នកយកព័ត៌មាននៅតែរងការចោទប្រកាន់ និងជាប់ក្តីក្តាំនៅតុលាការ ហើយអ្នកសារព័ត៌មានម្នាក់ ត្រូវបានគេបាញ់សម្លាប់ ដូចករណីដែលបានកើតឡើងក្នុងខេត្តសៀមរាបជាដើម។
លោកថ្លែងថា៖ «លម្ហសេរីភាពសារព័ត៌មាននេះ នៅមានការធ្លាក់ចុះ ដោយសារតែក្នុងឆ្នាំ២០២៤នេះ ក៏មិនខុសពីឆ្នាំមុនៗដែរ អ្នកសារព័ត៌មានមួយចំនួនត្រូវបានរងបណ្តឹងនៅតុលាការ អ្នកសារព័ត៌មានមួយចំនួនក៏ត្រូវបានចោទប្រកាន់ ចាប់ខ្លួន និងឃុំខ្លួន។ ហើយអ្នកសារព័ត៌មានម្នាក់ ត្រូវបានបាញ់សម្លាប់ផងដែរនៅក្នុងខេត្តសៀមរាប»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ជំរុញឲ្យមានការបើកលម្ហសេរីភាពសារព័ត៌មានឲ្យបានពេញលេញ សម្រាប់ ឆ្នាំថ្មី២០២៥នេះ ដើម្បីធ្វើយ៉ាងណា កុំឲ្យអ្នកសារព័ត៌មានដែលបំពេញតាមវិជ្ជាជីវៈ របស់ ខ្លួន រងការភិតភ័យ ឬកម្រិតសិទ្ធិសេរីភាពក្នុងការរាយការណ៍ព័ត៌មាននានាដែលបានកើតឡើងក្នុង សង្គម។
លោក អំ សំអាត សង្ឃឹមថា ច្បាប់ស្តីពី «សិទ្ធិទទួលបានព័ត៌មាន» នឹងត្រូវបានរដ្ឋាភិបាលអនុម័តឲ្យប្រើប្រាស់ក្នុងឆ្នាំ២០២៥ ហើយក៏រំពឹងថាអ្នកសារព័ត៌មាន អាចបំពេញការងាររបស់ពួកគេបានល្អប្រសើរ ពាក់ព័ន្ធការប្រមូលព័ត៌មាន និងទទួលព័ត៌មានបានគ្រប់ជ្រុងជ្រោយ។
បើតាមសមាគម ខេមបូចា អ្នកសារព័ត៌មានអនឡាញមកពីអង្គភាពសារព័ត៌មានកម្ពុជាអភិវឌ្ឍន៍ ក្នុងខេត្តសៀមរាប លោក ឈឿង ឈឹង ត្រូវបានបាញ់ប្រហារឲ្យរងរបួសធ្ងន់កាលពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៤ ហើយបានស្លាប់នៅយប់ម៉ោង ២យប់ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានទទូចឲ្យអាជ្ញាធរកម្ពុជាដាក់ទោសទណ្ឌដើម្បីបញ្ចប់អំពើហិង្សាលើអ្នកកាសែត។
ជាការឆ្លើយតបនឹងការលើកឡើងអំពីការធ្លាក់ចុះនៃសេរីភាពសារព័ត៌មាន អ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ បានបញ្ជាក់វីអូអេឲ្យដឹងជាថ្មីថា ស្ថានភាពសារព័ត៌មាន និងសោតទស្សន៍ក្នុងឆ្នាំ២០២៤ ត្រូវបានវាយតម្លៃថា មានភាពល្អប្រសើរ និងបានបោះជំហាន ទៅមុខជាវិជ្ជមាន ហើយក្រសួងក៏បានសម្របសម្រួល និងដោះស្រាយបណ្តឹង ពាក់ព័ន្ធពាក់ព័ន្ធវិជ្ជាជីវៈចំនួន ៤៣ករណី។
បើតាម លោក ទេព អស្នារិទ្ធ ក្នុងការដោះស្រាយបណ្តឹងនេះ ក្រសួងបានផ្តល់ការប្រឹក្សាផ្លូវច្បាប់ និងផ្តល់មេធាវីការពារ ក៏ដូចជាការអប់រំតម្រង់ទិសលើការប្រតិបត្តិ និយាមវិជ្ជាជីវៈ និងក្រមសីលធម៌ ដោយឈរលើធម្មនុញវិជ្ជាជីវៈសារព័ត៌មានជាគោល។
លោកប្រាប់វីអូអេនៅថ្ងៃពុធថា៖ «ទោះបីជាយ៉ាងណាក៏ដោយមានអាជ្ញាបណ្ណ អាជីវកម្មចំនួន ៥ ត្រូវបានលុបចេញពីបញ្ជីដោយសារតែអង្គភាពទាំងនោះ គឺបានបំពានលើក្រមសីលធម៌ធ្ងន់ធ្ងរ ហើយការសម្រេចទាំងនេះ ក្រោយពេលដែលក្រសួងបាន អនុវត្តរាល់នីតិវិធីនានាក្នុងក្របខណ្ឌច្បាប់យ៉ាងហ្មត់ចត់រួចអត់ហើយ»។
លោកបន្ថែមថា សម្រាប់ករណីដែលអ្នកសារព័ត៌មានបានប្រព្រឹត្តទង្វើក្រៅក្របខណ្ឌច្បាប់ស្តីពីរបបសារព័ត៌មាន គឺជាការទទួលខុសត្រូវចំពោះមុខច្បាប់ផ្សេងទៀតជាធរមាន ដូចជាការទទួលខុសត្រូវផ្នែករដ្ឋប្បវេណី ឬផ្នែកព្រហ្មទណ្ឌ។ លោកថា នេះជាគោលការណ៍និងការអនុវត្តក្នុងប្រព័ន្ធនៃរបបលទ្ធិប្រជាធិបតេយ្យនីតិរដ្ឋ៕
វេទិកាបញ្ចេញមតិ