តុលាការកំពូលនៅថ្ងៃសុក្រនេះបានសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ ក្នុងការកាត់ទោសសកម្មជនបរិស្ថានបីនាក់របស់អង្គការមាតាធម្មជាតិ ពីបទ «គំរាមកំហែងធ្វើឲ្យខូចខាត ដោយមានភ្ជាប់បញ្ជាអ្វីមួយ» ក្នុងព្រឹត្តការណ៍ទប់ស្កាត់ការបូមខ្សាច់ក្នុងខេត្តកោះកុងកាលពីឆ្នាំ២០១៥។ នេះបើតាមការបញ្ជាក់របស់សកម្មជនបរិស្ថាន និងអ្នកនាំពាក្យតុលាការកំពូល។
លោក សាន់ ម៉ាឡា សកម្មជនការពារបរិស្ថានរបស់អង្គការមាតាធម្មជាតិដែលពេលនេះ មិនមានឈ្មោះក្នុងបញ្ជីរបស់ក្រសួងមហាផ្ទៃប្រាប់ VOA នៅថ្ងៃសុក្រនេះថា តុលាការកំពូលបានសម្រេចរក្សាទុកសាលដីការបស់សាលាឧទ្ធរណ៍ឲ្យនៅជាបានការដដែល។
លោករៀបរាប់ថា សកម្មជនទាំងបី មិនពេញចិត្តនឹងការសម្រេចនេះទេ ហើយក៏មិនអាចទទួលបានដែរ សម្រាប់ការបញ្ជារបស់តុលាការខេត្តកោះកុង ដែលតម្រូវឲ្យសកម្មជនទាំងបីបង់ប្រាក់ដល់ទៅ១០០លានរៀលជូនក្រុមហ៊ុននោះ។
លោកអះអាងថា ក្រុមហ៊ុនទៅវិញទេ ដែលគួរតែបង់សំណងដល់ពលរដ្ឋសម្រាប់ការបំផ្លិចបំផ្លាញប្រព័ន្ធបរិស្ថានដែលក្រុមហ៊ុនបានបង្កឡើង តាមរយៈសកម្មភាពបូមខ្សាច់របស់ខ្លួននោះ មិនមែនសកម្មជនទាំងបីត្រូវទទួលបន្ទុកនោះទេ។
«បើសិនបើខាង តំណាងក្រុមហ៊ុន គេទាមទារឲ្យយើងហ្នឹងត្រូវដាច់ខាត ផ្តល់សំណង១០០លានរៀលទៅគេ ខ្ញុំគិតថា វាជារឿងមួយអាចហ្នឹង គួរឲ្យអស់សំណើចសម្រាប់ប្រជាពលរដ្ឋខ្មែរ ពីព្រោះយើងនឹងមើលឃើញច្បាស់នឹងភ្នែកលើគោកថា ក្រុមហ៊ុនដែលគេធ្លាប់ធ្វើអាជីវកម្ម គេយកខ្សាច់កន្លងមកហ្នឹង អត់មានតម្លាភាព ហើយយើងរកឃើញថា មានអំពើពុករលួយជាច្រើននៅក្នុងហ្នឹង ក៏គាត់មិនបានមក ទទួលខុសត្រូវចំពោះមុខច្បាប់»។
លោកបន្ថែមថា ក្រុមសកម្មជននឹងរិះរកយន្តការផ្លូវច្បាប់ផ្សេងទៀត ដើម្បីតទល់នឹងការសម្រេចនេះ។
ក្រុមសកម្មជនទាំងបីនាក់មានលោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ីម សំណាង ត្រូវបានកាត់ទោសឲ្យជាប់ក្នុងពន្ធនាគាររយៈពេល១៨ ខែកាលពីឆ្នាំ២០១៦ ក្រោយការធ្វើសកម្មភាពទប់ស្កាត់ការបូមខ្សាច់របស់ពួកគេ តាំងពីខែមេសា ឆ្នាំ២០១៥ ហើយត្រូវបានចាប់ឃុំខ្លួនក្នុងខែសីហាក្នុងឆ្នាំដដែលនោះ តាមបទចោទ «គំរាមកំហែងនិងធ្វើឲ្យខូចខាត ដែលភ្ជាប់នូវបញ្ជាអ្វីមួយ»។ តុលាការខេត្តកោះកុង ក្រៅតែពីការផ្តន្ទាទោសសកម្មជនទាំងបីឲ្យជាប់ទោស១៨ខែនោះ ក៏បានបង្គាប់ឲ្យសកម្មជនទាំងបីសងជំងឺចិត្តទៅក្រុមហ៊ុនបូមខ្សាច់ចំនួន១០០លានរៀល (ឬប្រមាណជា ២៥,០០០ដុល្លារ)។
ប៉ុន្តែដោយសារពួកគេបានអនុវត្តទោសក្នុងពន្ធនាគារចំនួន១០ខែនិង១៥ថ្ងៃហើយនោះ តុលាការបានសម្រេចព្យួរទោសដែលនៅសេសសល់ ហើយដោះលែងពួកគេឲ្យមានសេរីភាពវិញនៅខែកក្កដា ឆ្នាំ២០១៦ដដែលនោះ។ ការចាប់និងឃុំខ្លួនអ្នកទាំងបីនេះ គឺត្រូវបានធ្វើទៅតាមការប្តឹងរបស់ក្រុមហ៊ុន Direct Access ដែលគេដឹងថា មានការជួយជ្រោមជ្រែងពីអាជ្ញាធរស្រុកបទុមសាគរ។
លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញា និងជាអ្នកនាំពាក្យតុលាការកំពូលថ្លែងថា សាលដីការបស់តុលាការកំពូល នឹងបិទផ្លូវតវ៉ារបស់សកម្មជនទាំងបី។ ទាក់ទិនបញ្ហាសំណងដែលសកម្មជនត្រូវសងទៅឲ្យក្រុមហ៊ុន Direct Access នោះ សកម្មជនទាំងបីត្រូវតែអនុវត្តតាមសាលក្រមរបស់តុលាការខេត្តកោះកុង ដែលត្រូវបានតម្កល់ដោយសាលាឧទ្ធរណ៍ ហើយក៏ត្រូវបានតម្កល់ទុកដោយតុលាការកំពូលផងដែរ។
«កំពូលបានតម្កល់ ហើយអីចឹងវា ការសម្រេចរបស់កំពូល អីចឹងខ្ញុំសុំមិនបកស្រាយរឿងមូលហេតុអីទេណ៎ា។ អាហ្នឹងវានៅលើ នៅក្រុមប្រឹក្សានៃតុលាការលោកពិចារណា»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកមានការសោកស្តាយ ចំពោះការសម្រេចរបស់តុលាការកំពូល។ លោកយល់ថា កិច្ចការដែលសកម្មជនទាំងបីបានធ្វើកន្លងមកនោះ គឺក្នុងបុព្វហេតុការពារសម្បតិ្តធម្មជាតិ។ ពាក់ព័ន្ធនឹងសំណង ១០០លានរៀលនោះ លោកជឿថា ក្រុមសកម្មជនបរិស្ថានទាំងបី គ្មានលទ្ធភាពនឹងទូទាត់ជូនក្រុមហ៊ុននោះឡើយ។
«ក្នុងសាលដីកាដែលបានសម្រេចកន្លងមកហ្នឹង គឺយើងដឹងហើយចំនួនដល់១០០លានរៀលឯណោះ អីចឹងតើពួកគាត់ហ្នឹង ជាសកម្មជនសង្គមចឹង តើគាត់មានលទ្ធភាពឯណាក្នុងការយកប្រាក់ហ្នឹង ដើម្បីទៅទូទាត់ឲ្យទៅភាគី ដែលដើមបណ្តឹងហ្នឹងបាទ»។
ស្របពេលជាមួយគ្នានេះដែរ អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សលីកាដូ បានចេញសេចក្តីថ្លែងការណ៍សង្ខេបមួយ នៅថ្ងៃសុក្រនេះ ដោយបានបរិយាយពីការតម្កល់សាលដីកាផ្តន្ទាទោសធ្វើឡើងដោយតុលាការកំពូល។
សេចក្តីថ្លែងការណ៍បាននិយាយដល់ការសងសំណងជំងឺចិត្ត ពីសំណាក់ក្រុមសកម្មជនទាំងបីទៅឲ្យក្រុមហ៊ុនជាដើមបណ្តឹង ដោយបានបញ្ជាក់ថា៖
«យោងតាមច្បាប់កម្ពុជា ការខកខានមិនបានបង់ប្រាក់ខាងលើ នឹងអាចឲ្យអ្នកទាំងបីបន្តជាប់ក្នុងពន្ធនាគារ»។
យុទ្ធនាការរបស់អ្នកទាំងបីក្នុងការទប់ស្កាត់ការបូមខ្សាច់នៅក្នុងខេត្តកោះកុងដែលបានធ្វើកាលពីពេលកន្លងមកនោះ មានការចូលរួមពីប្រជាពលរដ្ឋជាច្រើននាក់ ក្នុងសហគមន៍ដែលរងផលប៉ះពាល់ពីការបូមខ្សាច់នោះដែរ។ ពលរដ្ឋសហគមន៍យល់ថា ការបូមខ្សាច់នេះបានបង្កឲ្យមានការបាក់ច្រាំងនៃដៃសមុទ្រ និងបានបំផ្លាញដល់ធនធានជីវៈចម្រុះនៅក្នុងសមុទ្រ។
បន្ថែមលើការទប់ស្កាត់ការបូមខ្សាច់ដែលមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននោះ ក្រុមសកម្មជននៃអង្គការមាតាធម្មជាតិក៏បានទប់ស្កាត់មិនឲ្យមានការធ្វើទំនប់វារីអគ្គិសនីលើស្ទឹងអារ៉ែងនៃជួរភ្នំក្រវាញ ដែលគ្រោងនឹងវិនិយោគដោយក្រុមហ៊ុនចិនឈ្មោះ Sinohydro ផងដែរ។ សកម្មភាពរបស់ពួកគេនាពេលនោះ បានធ្វើឲ្យអាជ្ញាធរនិងអ្នកពាក់ព័ន្ធមួយចំនួនមិនសប្បាយចិត្តនោះឡើយ៕