ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​តុលាការ​កំពូល​បើក​សវនាការ​ករណី​សកម្មជន​​​បី​នាក់​នៃ​អង្គការ​មាតា​ធម្មជាតិ​


រូបឯកសារ៖ សកម្ម​ជន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​​​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ឈរនៅមុខ​ពន្ធនាគារ​ខេត្តកោះកុង​ នៅថ្ងៃ​ទី​ ១​ ខែកក្កដា​ ឆ្នាំ​ ២០១៦។​ (ផ្តល់ជូន​ដោយ ​Licadho)
រូបឯកសារ៖ សកម្ម​ជន​បីនាក់​នៃ​ចលនា​មាតា​ធម្មជាតិ​​​ និង​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ឈរនៅមុខ​ពន្ធនាគារ​ខេត្តកោះកុង​ នៅថ្ងៃ​ទី​ ១​ ខែកក្កដា​ ឆ្នាំ​ ២០១៦។​ (ផ្តល់ជូន​ដោយ ​Licadho)

​ក្រុម​សកម្មជន​ទាំង​បីនាក់ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ បើក​ឱកាស​ឲ្យ​ថ្លែង​ពី​ដំណើរ​រឿង​ ប៉ុន្តែ​ពួកគេ​មិន​បាន​ធ្វើ​ការ​បកស្រាយ​ពី​ដំណើរ​​រឿង​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នោះ​ទេ​ ដោយ​បាន​ផ្តល់​ពេល​វេលា​ដល់​ស្មាក្តី​របស់​ពួកគេ​ រ៉ាយរ៉ាប់​ប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​អំពី​រឿង​ហេតុ​ទាំង​អម្បាល​ម៉ាន​ ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​ជាប់​ឃុំ​រយៈ​​​​​​ពេល​១០ខែ​និង​១៥ថ្ងៃ។​

តុលាការ​កំពូល​បាន​បើក​សវនាការ​នៅ​ថ្ងៃ​សុក្រ​នេះ​លើ​បណ្តឹង​សារទុក្ខរបស់​សកម្មជន​បរិស្ថានបីរូប​នៃ​អតីត​អង្គការ​មាតា​ធម្មជាតិ​ដែល​ត្រូវ​បាន​សាលា​ដំបូង​ខេត្តកោះកុង​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​ពីបទ​«គំរាម​កំហែង»និង«ធ្វើ​ឲ្យខូចខាត»ផល​ប្រយោជន៍​ក្រុមហ៊ុន​បូមខ្សាច់​កាលពី​ឆ្នាំ​២០១៦។​

​ក្រុម​សកម្មជន​ទាំង​បីនាក់​មាន​លោក​ សាន់ ម៉ាឡា​ លោក​ ទ្រី សុវិគា​ និង​លោក​ ស៊ីម សំណាង​ ត្រូវ​បាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ បើក​ឱកាស​ឲ្យ​ថ្លែង​ពី​ដំណើរ​រឿង​ ប៉ុន្តែ​ពួកគេ​មិន​បាន​ធ្វើ​ការ​បកស្រាយ​ពី​ដំណើររឿង​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នោះ​ទេ​ ដោយ​បាន​ផ្តល់​ពេល​វេលា​ដល់​ស្មាក្តី​របស់​ពួកគេ​ រ៉ាយរ៉ាប់​ប្រាប់​ក្រុមប្រឹក្សា​ជំនុំជម្រះ​អំពី​រឿង​ហេតុ​ទាំង​អម្បាល​ម៉ាន​ ដែល​បាន​ធ្វើ​ឲ្យ​ពួកគេ​ជាប់​ឃុំ​រយៈពេល​១០ខែ​និង​១៥ថ្ងៃ។​

លោក​ សំ ចំរើន​ មេធាវី​ការពារ​ក្តី​អ្នក​ការពារ​បរិស្ថាន​ទាំង​បី​ បាន​ប្រាប់​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ថា កូន​ក្តី​លោក​ទាំង​បី​មិន​បាន​ប្រព្រឹត្ត​សកម្មភាព​ឧក្រិដ្ឋ​ ដែល​តម្រូវ​ឲ្យ​ពួកគេ​ជាប់​ទោស​ធ្ងន់​យ៉ាង​ដូច្នោះ​ឡើយ ហើយ​ថា​ ការ​កាត់​សេចក្តី​នៅ​តុលាការ​ខេត្ត​កោះកុង​ គឺ​មាន​តែ​ចៅក្រម​មួយ​រូប​ជា​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ ដោយ​មិន​មាន​ការ​ជជែក​សួរ​ដេញ​ដោល​នៃ​ដំណើរ​រឿង​ទប់​ស្កាត់​ការ​បូម​ខ្សាច់​នោះ​ទេ។​

​លោក​ សំ ចំរើន​ ប្រាប់​អង្គ​សវនាការ​ថា៖​

«ការ​សម្រេច​មាន​ចំណុច​ប្រហោង​ នៃ​នីតិវិធី​ ដែល​នាំ​ឲ្យ​រំលោភ​សិទ្ធិ​ជន​រង​គ្រោះ»។​

​លោក​មេធាវី​បន្ត​ថា​ វា​ជា​ការ​មិន​ត្រឹមត្រូវ​ទេ​ ដែល​អយ្យការ​បាន​ចោទ​ថា សកម្មភាពកូនក្តី​លោក​ គឺ​ជា​ការ​គំរាម​កំហែង​ដោយ​មាន​បញ្ជា​អ្វីមួយ៖​

«តើ​ការ​គំរាម​កំហែង​បែប​ណា?​ ជន​រង​គ្រោះ​ត្រូវ​មាន​លទ្ធផល​បែប​ណា​ ហើយ​បើ​រងគ្រោះ​នោះ​គឺ​កម្រិត​ណា»។​

លោក សំ ចំរើន​ បាន​បន្ត​អធិប្បាយ​របស់​លោក​ថា បើ​ពិនិត្យ​ទៅ​លើ​ចម្លើយ​របស់​សាក្សី​ដែល​ក្នុង​នោះ​មាន​លោក​ អន ភារៈ​ អតីត​អភិបាល​ស្រុក​បូទុម​សាគរ​នោះ​ គឺ​លោក​ អន ភារៈ ក៏​មិន​បាន​និយាយ​ដល់​ការ​គំរាម​កំហែង ហើយ​ក៏​មិន​ដឹង​ថា​នរណាមួយ​មានការ​ភ័យ​ខ្លាច​នឹង​សម្តី​របស់​សកម្មជន​ទាំង​បី​នោះ​ដែរ។ លោក​មេធាវី​អះអាង​ថា​សូម្បី​លោក​ ពេជ្រ ស៊ីយ៉ុន ប្រធាន​មន្ទីរ​រ៉ែ​និង​ឧស្សាហកម្ម​ខេត្ត​កោះកុង​ក៏​បាន​និយាយ​ថា​ សកម្មជន​និង​ពលរដ្ឋ​បាន​ត្រឹម​ស្នើ​ឲ្យ​សាឡ៉ង់​ចេញ​ពី​កន្លែង​បូម​ខ្សាច់​ប៉ុណ្ណោះ ហើយ​មិន​បាន​គំរាម​កំហែង​អ្វី​នោះ​ទេ។

​នៅ​ក្នុង​ការ​ថ្លែង​បិទ​បញ្ចប់​សេចក្តី​អធិប្បាយ​អំពី​ហេតុការណ៍​ដែល​បាន​កើត​ឡើង​នៅក្នុង​ព្រឹត្តការណ៍​ទប់ស្កាត់​ការ​បូម​ខ្សាច់​កាលពី​ឆ្នាំ​២០១៥នោះ លោក​សំ ចំរើន​ បាន​លើក​ឡើង​មាត្រា​ច្បាប់​មួយ​ចំនួន​ និង​ស្នើ​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បដិសេធ​ចោល​ការ​កាត់​ទោស​កូនក្តី​ទាំង​បី​របស់​លោក​និង​ឲ្យ​ពួក​គេ​ទាំង​បី​បាន​រួច​ពី​បទ​ចោទ។

លោក​ សំ ចំរើន បាន​បន្ថែម​ថា៖«ខ្ញុំ​បាទ​យល់​ថា​ សកម្មភាព​នេះជាសកម្មភាព​មនុស្ស​ធម៌​ និង​ស្រឡាញ់​ធន​ធាន​ធម្មជាតិ‍»។ លោក​បាន​បន្ត​ថា៖«សកម្មភាព​នេះ​ គ្រាន់​តែ​ជា​ការ​ឈឺ​ឆ្អាល​និង​ជា​សកម្ម​ភាព​ យក​ចិត្ត​ទុក​ដាក់​លើ​ផល​ប៉ះពាល់​បរិស្ថាន​ ដោយ​ខេត្តផ្សេង​ៗ​មិនសូវមានការ​បូមខ្សាច់ តែ​កោះកុង​គឺច្រើន​កន្លែង»។

លោក​ព្រះ​រាជ​អាជ្ញា ច័ន្ទ​ តារា​រស្មី​លើកឡើង​ថា​ ជន​ជាប់ចោទ​ ប្រើ​ពាក្យ​សម្តី​គំរាម​ម្ចាស់​សាឡ៉ង់​ និង​គំរាម​ឲ្យ​កម្មករ​ចាក់​ខ្សាច់​ចេញ​ពី​សាឡ៉ង់។ លោក​ព្រះរាជអាជ្ញាអះអាង​ថា​ ការ​បូម​ខ្សាច់​នា​ពេល​នោះ​ គឺ​ទទួល​បាន​អាជ្ញាបណ្ណ​ពី​រដ្ឋាភិបាល ដូច្នេះ​ក្រុម​បុគ្គល​និង​នីតិ​បុគ្គល​ឯកជន​ណាមួយ​ គ្មាន​សិទ្ធិ​អំណាច​ទៅ​ឃាត់​សកម្មភាព​នេះ​បាន​ទេ។ លោក​ព្រះរាជ​អាជ្ញា​ថ្លែង​បន្ត​ក្នុង​ន័យ​ដើម​ថា៖

«ជន​ជាប់​ចោទ​ ទ្រី សុវិគា ស៊ីម សំណាង​ និង​សាន់ ម៉ាឡា ពិត​ជា​បាន​គំរាម​បុគ្គលិក​ឲ្យ​បើក​សាឡ៉ង់​ចេញ​ពី​កន្លែង​បូមខ្សាច់​»។

លោក​ព្រះរាជ​អាជ្ញា ច័ន្ទ​ តារា​រស្មី​ បាន​ថ្លែង​បញ្ជាក់​ថា បើ​ម្ចាស់​សាឡ៉ង់​មិន​ធ្វើ​ការ​ចង់​បាន​របស់​ជន​ជាប់​ចោទ​ទាំងបី​ទេ​ គឺជនជាប់ចោទ​នឹង​ដុត​សាឡ៉ង់​។

លោក​បន្ថែម​ថា៖ «​ទ្រព្យ​របស់​គេ​គឺ​ស្រប​ច្បាប់​ និង​សកម្មភាព​របស់​គេ​ គឺស្របច្បាប់»។ «​សម្តីនេះ​ គំរាម​ឬអត់?»។

លោក​ព្រះរាជ​អាជ្ញា​ បាន​ថ្លែង​ការពារ​ក្រុមហ៊ុន​ Direct Access ដែល​ទទួល​បាន​សិទ្ធិ​បូម​ខ្សាច់​ស្រប​ច្បាប់​ថា ទង្វើ​របស់​ជន​ជាប់​ចោទ​ទាំង​បី​ បាន​ធ្វើ​ខូចខាត​ដល់​ការ​អនុវត្តន៍​កុងត្រា​របស់​ក្រុមហ៊ុន រវាង​អ្នក​ទិញ​និង​អ្នក​លក់​ ហើយ​ថា​ក្រុមហ៊ុន​ក៏​អាច​នឹង​មាន​ការ​ទាមទារ​សំណង​រដ្ឋ​ប្បវេណី​បន្ថែម​ផង​ដែរ ចំពោះ​ការ​ខូចខាត​ តាមរយៈការ​ផ្អាក​សកម្មផាព​បូមខ្សាច់​ ដែល​លោក​អះអាងថា​ ក្រុមហ៊ុន​ត្រូវ​ជួល​សាឡ៉ង់​សម្រាប់បូម​ខ្សាច់​ក្នុងមួយខែ​ពី៣០០០ ទៅ​៤០០០​ដុល្លារ​អាមេរិក​។

ក្រោយពីស្តាប់​ការអធិប្បាយ​នានា​របស់​មេធាវី និងអយ្យការ​អម​តុលាការ​កំពូល​ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃតុលាការ​ជាន់​ខ្ពស់មួយនេះ មិន​មានការ​ផ្តល់​សេចក្តីអធិប្បាយ​អ្វី​នោះ​ឡើយ​ ​ហើយបានតម្រូវឲ្យ​សកម្មជនទាំងបី​ មកស្តាប់ការ​ប្រកាស​សាលដីកា​នៅ​ព្រឹក​ថ្ងៃ​សុក្រ​សប្តាហ៍​ក្រោយ។​

​ថ្លែងនៅក្រៅ​តុលាការ​កំពូល​ លោក​ ​សាន់ ម៉ាឡា​ ​សកម្មជន​មួយរូបក្នុងចំណោម​សកម្មជន​ទាំង​បីរូប​នោះ​ ​បានប្រាប់​ ​VOA​ ​ថា​ ​ការ​បកស្រាយ​របស់​លោក​ព្រះរាជអាជ្ញា​នៃ​តុលាការ​កំពូល​ ជុំវិញ​ការ​គំរាម​ដុតសាឡ៉ង់​នោះ​ គឺមិនត្រឹមត្រូវទេ​ ព្រោះគ្មាន​ភស្តុតាង​ច្បាស់​ណាមួយមក​គំាទ្រ​បាន​ឡើយ។ លោក​យល់ថា​ តុលាការ​កំពូល​ លោកនឹង​មិន​តម្កល់​សាលក្រម​សាលា​ឧទ្ធរណ៍ដែល​នឹង​បន្ត​ទទួល​ស្គាល់​បទចោទ​ទៅលើសកម្មជនទាំងបី ដែល​ត្រូវបានសម្រេចដោយ​តុលាការ​ខេត្តកោះកុង​នោះឡើយ។​

​លោក​សាន់ ម៉ាឡា​បញ្ជាក់​ថា៖

«តុលាការ​មិនគួរ​តម្កល់​ទេ​ គួរតែ​ផ្តល់​យុត្តិធម៌​សម្រាប់ពួកយើង​ទាំងបី​នាក់​ ពីព្រោះ​អ្វីដែល​ពួក​យើងធ្វើ​ គ្រាន់​តែ​ជាផលប្រយោជន៍​ដើម្បី​សង្គមជាតិ​ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​តាម​បណ្តោយ​ដង​ព្រែក​ ដែលរងបញ្ហា​ដោយសារ​ការ​បូមខ្សាច់។ ពីព្រោះបន្ទាប់​ពី​មានរឿងរ៉ាវ​នៃ​ការ​ទាម​ទារ​នៅក្នុង​ខេត្ត​កោះកុង​ ក៏​ដូច​ជា​ការ​ស៊ើប​អង្កេត​និង​ស្រាវ​ជ្រាវ​ ក្រោយមក​គឺរដ្ឋាភិបាល​គាត់​បាន​សម្រេច​បញ្ឈប់​សកម្មភាពបូមខ្សាច់​នៅក្នុង​ខេត្តកោះ​កុង​ ដូច្នេះវា​ជាការ​សបង្ហាញ​ថា​ អ្វីដែល​យើង​ធ្វើ​គឺ​ត្រឹមត្រូវ​ ហើយ​ដើម្បី​ផល​ប្រយោជន៍​ស្របច្បាប់​នៃ​ ប្រជាពលរដ្ឋ​និង​ប្រទេស​ជាតិ​យើងទៀត​បាទ»។​

​លោក​ ស៊ឹង សែនករុណា​ អ្នក​នាំ​ពាក្យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក​ដែល​បាន​ចូលរួម​តាម​ដាន​អង្គសវនាការ​ក្តីក្តាំ​របស់​សកម្មជន​ទាំងបី មានប្រសាសន៍​ប្រាប់​ ​VOA​ ​ក្រោយ​សវនាការ​ថា​សកម្មភាព​បរិស្ថាន​និយម​របស់​សកម្មជន​ទាំងបី​ ​គឺគួរត្រូវបានលើកទឹកចិត្ត​ និង​កោត​សរសើរ​ ហើយមិនគួរណា​តប​ស្នងវិញនឹង​ការចាប់​ឃុំខ្លួន​ ​ដែល​មិនសម​ហេតុផល​នោះទេ។​

​«ដូចការ​លើកឡើង​របស់​មេធាវី​បាន​ការ​ពារ​ពួកគាត់​ហ្នឹង​ វាជារឿង​ត្រឹមត្រូវ​ហើយ​ ពីព្រោះ​ការ​ប្រើពាក្យ​សម្តី​គំរាម​កំហែង​ វាត្រង់ថា​ តើការ​ប្រើសម្តី​ ប្រើ​របៀបម៉េច​ ហើយ​ទៅលើ​អ្នកណា​ អ្នកណា​រង​ផល​ប៉ះពាល់​ហ្នឹង​? ហើយដូចជាក់​ស្តែង​ យើង​មើល​ឃើញ​ថា​ តើពួកគាត់​មាន​ឥទ្ធិពល​អី​ទៅ​ គំរាម​ ហើយ​អ្នកទាំងអស់​ហ្នឹង​ ដែលនៅក្នុង​ដើមបណ្តឹង​ហ្នឹង យើង​ឃើញ​សុទ្ធ​តែ​មាន​ឈ្មោះ​ សុទ្ធតែ​ជាអាជ្ញាធរ​ជាន់​ខ្ពស់​នៅក្នុងខេត្ត​ទៅទៀត​។ ហើយ​នៅក្នុង​ហ្នឹង​យើង​ឃើញ​មានខាង​ក្រុមហ៊ុន​ ពេលដែលយើង​ឃើញ​ភាគី​ដែល​រងផល​ប៉ះពាល់​ ដែល​ជាកម្មករ​របស់ក្រុមហ៊ុន​ហ្នឹង​ យើងអត់​ឃើញ​ថា​ ឈ្មោះអី​ អ្នកណា​ហ្នឹង​វា​ប្រាកដ​នៅក្នុង​រឿងហ្នឹង»។​

​លោក​មានប្រសាសន៍បន្ថែមថាសកម្មជន​ទាំងនោះ​គួរតែ​ទទួល​បាន​ការសរសើ​ចំពោះ​ទង្វើ​របស់​ពួកគេ៖​

«ហើយ​យក​មក​ចោទ​ប្រកាន់​ទៅលើ​ពួកគាត់​ វាហាក់​ដូច​ផ្ទុយ​ពីរឿងពិត​ជាក់​ស្តែង​ដែល​ពួកគាត់បាន​ខិតខំ​ធ្វើ​សកម្មភាព​ ដើម្បី​ការពារ​ប្រយោជន៍​ឲ្យខាង​ប្រជាពលរដ្ឋ​ ដែល​គាត់​កំពុង​រង​ផលប៉ះពាល់​ទៅលើការ​បាក់​ច្រាំងដី​ ទៅលើ​ការ​ប៉ះពាល់​ទៅលើ​ផល​នេសាទ​របស់​គាត់​ ហើយការ​រំខាន​ទៅលើការ​រស់​នៅ​របស់​ពួកគាត់​នៅក្នុង​តំបន់​ដង​ព្រែកហ្នឹង​។ អ៊ីចឹង​ហើយ​គាត់​ផ្ទុយ​ទៅវិញ​ គួរ​តែ​លើក​ទឹកចិត្ត​គាត់​ទេ​ ហើយមិន​គួរណាប្រើ​វិធានការបែបហ្នឹង​ ដើម្បី​បន្ទុច​បង្អាក់​នូវសកម្មភាព​ ដ៏ល្អប្រពៃ​ដូច​ដែលពួកគាត់​បាន​ធ្វើ​ហ្នឹង​ទេ​បាទ»។​

​លោក​ ​សំ ចំរើន​ ​មេធាវីការពារ​ក្តី​របស់​ជនជាប់ទាំងបី ប្រាប់​ ​VOA​ថា​ លោកនៅតែ​ជឿថា​ កូនក្តី​លោក​គ្មាន​កំហុស​ដដែល ហើយ​ការ​អះអាង​នានា​របស់​លោក​អយ្យការ​ គឺជាការ​យល់​ឃើញមួយជ្រុង​ក្នុងរឿងក្តីនេះ៖

«អាហ្នឹង​ជាសិទ្ធិ​ក្នុងការ​ធ្វើ​សេចក្តី​សន្និដ្ឋាន​របស់​គាត់​ តែសម្រាប់​ខ្ញុំ​ ខ្ញុំ​នៅតែ​យល់​ថា​ អ្វីដែល​កូន​ក្តី​ខ្ញុំ​ធ្វើ​កន្លង​មក​ គ្មាន​ចេតនា​ទុច្ចរិត​ និង​ឲ្យសម​ទំនង​ ដូចបទ​ចោទប្រកាន់​ដែល​មាន​ នៅក្នុង​សេចក្តី​សម្រេច​នាពេល​កន្លងមក​ហ្នឹង​ទេ»។​

សកម្ម​ជន​ការពារ​បរិស្ថាន​ទាំង​បី​រូប​ត្រូវ​បាន​តុលាការ​ខេត្ត​កោះកុង​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​រយៈ​ពេល​១៨​ខែ​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​២០១៦ ​ពី​បទ​«គំរាម​កំហែង​និង​ធ្វើ​ឲ្យ​ខូចខាត​ ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វីមួយ»។ ប៉ុន្តែ​ដោយ​សារ​ពួកគេ​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​ចំនួន​១០​ខែ​និង​១៥​ថ្ងៃ​ហើយ​នោះ​ ​តុលាការ​បាន​សម្រេច​ព្យួរ​ទោសដែល​នៅ​សេស​សល់​ ហើយ​ដោះ​លែង​ពួក​គេ​ឲ្យ​មាន​សេរីភាព​វិញ​នៅ​ខែ​កក្កដា​ ឆ្នាំ​២០១៦​ដដែល​នោះ។​ ​ការ​ចាប់​និង​ឃុំ​ខ្លួន​អ្នកទាំងបី​នេះ​គឺត្រូវ​បាន​ធ្វើ​ទៅ​តាម​ការ​ប្តឹង​របស់​ក្រុម​ហ៊ុន​ Direct Access ​ដែល​គេ​ដឹង​ថា​ មាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អាជ្ញាធរ​ស្រុក​បទុម​សាគរ៕

XS
SM
MD
LG