តុលាការកំពូលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បត្តិ៍ បានសម្រេចមិនអនុញ្ញាតឲ្យសភាសហរដ្ឋអាមេរិក អាចពិនិត្យឯកសារពន្ធលើប្រាក់ចំណូល និងឯកសារហិរញ្ញវត្ថុផ្សេងទៀតរបស់លោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trump) ដែលសភាបានព្យាយាមចង់បានអស់ជាងមួយឆ្នាំមកហើយ។
សេចក្តីសម្រេចនេះ បាននាំឲ្យករណីសំណុំរឿងនេះ ត្រូវបញ្ជូនទៅតុលាការជាន់ក្រោមវិញ ដោយគេមិនដឹងថា រឿងក្តីនេះនឹងត្រូវបញ្ចប់ដោយរបៀបណានោះទេ។
សេចក្តីសម្រេច៧ ទល់នឹង២សំឡេងនេះ ជាជោគជ័យរយៈខ្លីសម្រាប់លោកត្រាំ ដែលបានព្យាយាមយ៉ាងខ្លាំងក្នុងការរក្សាឯកសារហិរញ្ញវត្ថុរបស់លោកឲ្យនៅសម្ងាត់។
សេចក្តីសម្រេចនេះកើតមានឡើង ក្រោយតុលាការកំពូល បានសម្រេចអនុញ្ញាតឲ្យរដ្ឋអាជ្ញាអាចពិនិត្យឯកសារពន្ធចំណូលរបស់លោកប្រធានាធិបតីត្រាំបាន ជាផ្នែកមួយនៃការស៊ើបអង្កេតខាងព្រហ្មទណ្ឌចំពោះការចោទអំពីការបង់ប្រាក់ដល់ស្ត្រីម្នាក់ ដែលអះអាងថា ធ្លាប់មានទំនាក់ទំនងអាស្រូវស្នេហាជាមួយលោកត្រាំ៕