ការអះអាងដោយលោកប្រធានាធិបតី Donald Trump ថាការប្រើសន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍សម្រាប់ការបោះឆ្នោតប្រធានាធិបតីក្នុងខែវិច្ឆិកាខាងមុននេះនឹងនាំឱ្យមាន «ការបោះឆ្នោតមានការបន្លំច្រើនបំផុត» នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកបាននាំឱ្យអង្គការតំណាងមន្ត្រីរៀបចំការឆ្នោតតាមរដ្ឋនិងពួកសមាជិកសភាអាមេរិកសំខាន់ៗមានការងឿងឆ្ងល់។
លោក Trump បានធ្វើការអះអាងដូច្នេះនៅក្នុង tweets មួយចំនួនកាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ដោយលោកបានចោទប្រកាន់ថា ការប្រើសន្លឹកផ្ញើតាមប្រៃសណីយ៍នៅក្នុងរដ្ឋមួយចំនួនដែលខ្លះបានត្រូវបោះពុម្ពនៅក្នុងប្រទេសក្រៅ«នឹងក្លាយទៅជារឿងអាស្រូវនៃសម័យនេះរបស់យើង»!។
ក៏ប៉ុន្តែពួកអ្នកតំណាងនៃសមាគមជាតិនៃក្រុមរដ្ឋមន្ត្រីកិច្ចការរដ្ឋហៅកាត់ថា NASS និងសមាគមជាតិនៃពួកនាយកខាងការរៀបចំការបោះឆ្នោតក្នុងរដ្ឋហៅកាត់ថា NASED និយាយថា ប្រសិនបើមានអ្វីមួយនៅពីក្រោយការចោទប្រកាន់ទាំងនេះ រដ្ឋបាលលោក Trump គួរបែងចែករំលែកឱ្យពួកគេបានដឹងផង។
អ្នកស្រី Maria Benson ជានាយិកាខាងគមនាគមន៍របស់សមាគម NASS បាននិយាយប្រាប់វីអូអេតាមអ៊ីម៉ែលថា៖ «យើងមិនបានដឹងអំពីភ័ស្តុតាងណាមួយគាំទ្រការអះអាងរបស់លោកប្រធានាធិបតី Trump ទេ។ ជានិច្ចជាកាល យើងតែងតែចង់ដឹងអំពីកង្វល់របស់រដ្ឋបាល»។
អ្នកស្រី Bensen បាននិយាយទៀតថា៖ «ប្រជាពលរដ្ឋអាមេរិកាំងគួរមានការទុកចិត្តថា ការបោះឆ្នោតរបស់យើងមានការគ្រប់គ្រងប្រកបដោយយុត្តិធម៌និងមានសន្តិសុខល្អផងដែរជាមួយការថែរក្សាបែបប្រព័ន្ធដែលឋិតនៅក្នុងនោះ ដើម្បីធ្វើឱ្យប្រាកដប្រជាថា លទ្ធផលនៃការបោះឆ្នោតមានភាពត្រឹមត្រូវ»។
អ្នកស្រី Amy Cohen ដែលជានាយិកាប្រតិបត្តិនៃសមាគម NASED បាននិយាយប្រាប់វីអូអេថា៖ «សន្តិសុខមានសារៈសំខាន់ណាស់សម្រាប់ពួកមន្ត្រីរៀបចំការបោះឆ្នោតតាមរដ្ឋ»។
អង្គការទាំងពីរនេះដែលតំណាងពួកមន្ត្រីចាត់ចែងការបោះឆ្នោតថ្នាក់រដ្ឋមកពីគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យក៏បានបង្ហាញអំពីសេចក្តីថ្លែងការណ៍រួមមួយកាលពីខែឧសភា ដែលបានធានារ៉ាប់រងដល់ក្រុមបោះឆ្នោតថា៖ «រដ្ឋទាំងអស់បានអនុវត្តវិធានការសន្តិសុខមួយចំនួនដើម្បីការពារភាពគួរឱ្យជឿទុកចិត្តបានដល់ការបោះឆ្នោត។ សមាជិកសំខាន់ម្នាក់នៅក្នុងគណៈកម្មាធិការខាងការស៊ើបការសម្ងាត់នៃព្រឹទ្ធសភាស.រ.អ.ដែលបានចេញផ្សាយរបាយការណ៍មួយចំនួនអំពីការជ្រៀតជ្រែករបស់រុស្សីនៅក្នុងការបោះឆ្នោតប្រធានាធិបតីស.រ.អ.កាលពីឆ្នាំ២០១៦ក៏បានច្រានចោលការនិយាយអះអាងរបស់លោកប្រធានាធិបតីអំពីការគៃបន្លំសន្លឹកឆ្នោតដែរ។
លោក Mark Warner ជាសមាជិកព្រឹទ្ធសភាស.រ.អ.និងជាអនុប្រធានគណៈកម្មាធិការខាងស៊ើបការសម្ងាត់នៃព្រឹទ្ធសភា។ លោកបាននិយាយប្រាប់វីអូអេថា៖ «គណៈកម្មាធិការខាងស៊ើបការសម្ងាត់នៃព្រឹទ្ធសភាមិនគ្រាន់តែមិនបានឃើញភ័ស្តុតាងអំពីការចោទប្រកាន់នេះប៉ុណ្ណោះទេ ក៏ប៉ុន្តែគណៈកម្មាធិការនេះក៏បានផ្តល់អនុសាសន៍តាមមូលដ្ឋាននៃគណបក្សទាំងពីរឱ្យប្រើសន្លឹកឆ្នោតជាក្រដាសពីព្រោះជាការពិតពួកប្រទេសក្រៅមានអរិភាពដូចជា ប្រទេសរុស្សីជាដើមមានការពិបាកក្នុងការជ្រៀតតជ្រែកជាងនៅក្នុងប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិច»។
ទីភ្នាក់ងាមួយចំនួនរបស់រដ្ឋាភិបាលស.រ.អ.ដែលទទួលខុសត្រូវដល់សន្តិសុខនៃការបោះឆ្នោតក្នុងប្រទេសអាមេរិក ដោយមានរួមបញ្ចូលទាំងទីភា្នក់ងារខាងសន្តិសុខអ៊ីនធឺណិត និងសន្តិសុខខាងហេដ្ឋារចនាសម្ព័ន្ធហៅកាត់ថា CISA ការិយាល័យនៃនាយកខាងការស៊ើបការសម្ងាត់ជាតិនិងការិយាល័យសហព័ន្ធខាងការស៊ើបអង្កេតហៅកាត់ថា FBI បានបង្វែរសំណួររបស់វីអូអេអំពីសន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍និងការគៃបន្លំសន្លឹកឆ្នោតទៅឱ្យសេតវិមាន។
សំណួររបស់វីអូអេទៅកាន់សេតវិមានអំពីការនិយាយអះអាងទាំងនេះរបស់លោកប្រធានាធិបតីគ្មានចម្លើយទេ។
ក៏ប៉ុន្តែកាលពីយប់ថ្ងៃចន្ទ ទី២២ ខែមិថុនា លោក Trump បាននិយាយជាថ្មីទៀតអំពីការចោទប្រកាន់ទាំងនេះនៅក្នុងសេចក្តីសម្ភាសន៍មួយជាមួយទូរទស្សន៍ Scripps។
នៅពេលត្រូវសួរអំពីឧទាហរណ៍ លោក Trump បាននិយាយថា៖ «មានករណីរាប់ពាន់។រាប់ពាន់។ខ្ញុំមិនចូលចិត្តប្រព័ន្ធនេះទេ»។
លោកបាននិយាយបន្ថែមថា៖ «ជាមួយសន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍ មនុស្សអាចបន្លំបាន។ ពួកប្រទេសក្រៅអាចបោះពុម្ពសន្លឹកឆ្នោតបាន។យើងខិតខំបញ្ឈប់ការណ៍នេះ»។
នេះមិនមែនជាលើកដំបូងទេដែលលោក Trump បានរិះគន់ការប្រើសន្លឹកឆ្នោតតាមរយៈប្រៃសណីយ៍។
លោកបានរិះគន់ការបោះឆ្នោតតាមប្រៃសណីយ៍ជាលើកដំបូងនៅក្នុង tweet មួយកាលពីខែមេសា ដោយបានព្រមានអំពីការបន្លំសន្លឹកឆ្នោត។
ហើយនៅក្នុង tweet មួយកាលពីថ្ងៃទី២៤ ខែឧសភា លោក Trump បានហៅការបោះឆ្នោតតាមរយៈប្រៃសណីយ៍ថាជាអំពើទុច្ចរិតមួយដែលជួយបន្លំសន្លឹកឆ្នោត។
ក៏ប៉ុន្តែការរិះគន់ថ្មីៗបំផុតរបស់លោកមានឡើងនៅក្រោយការព្រមានថ្មីមួយដោយលោករដ្ឋមន្ត្រីយុត្តិធ៌ម William Barr ដែលបាននិយាយប្រាប់កម្មវិធី« Sunday Morning Futures» នៃទូរទស្សន៍ Fox News ថាការប្រើសន្លឹកឆ្នោតតាមរយៈប្រៃសណីយ៍«ឱ្យមានការបន្លំសន្លឹកឆ្នោត»។
លោក Barr បាននិយាយថា៖ «នៅពេលនេះ ប្រទេសក្រៅមួយអាចបោះពុម្ពសន្លឹកឆ្នោតក្លែងក្លាយហើយយើងមានការពិបាកដឹងថាតើសន្លឹកឆ្នោតណាត្រឹមត្រូវហើយសន្លឹកឆ្នោតណាទៀតក្លែងក្លាយ។ ការណ៍នេះអាចបំផ្លាញការទុកចិត្តដល់ទំនុកចិត្តក្នុងការបោះឆ្នោតរបស់យើង។ យើងគួរបន្តឹងរឿងនេះនៅពេលនេះតែម្តង។»
រដ្ឋភាគច្រើននៅក្នុងស.រ.អ.បានអនុញ្ញាតរួចស្រេចហើយនូវទម្រង់ខ្លះនៃការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ដែលគេហៅថាសន្លឹកឆ្នោតដែល «អ្នកបោះឆ្នោតអាចបោះឆ្នោតដោយអវត្តមាន»។ ក៏ប៉ុន្តែដោយសារមានកង្វល់អំពីការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ រដ្ឋមួយចំនួនបានពង្រីកការប្រើសន្លឹកឆ្នោតតាមប្រៃសណីយ៍សម្រាប់ការបោះឆ្នោតក្នុងខែវិច្ឆិកាខាងមុខនេះ។
ពួកមន្ត្រីនៃទីភា្នក់ងារខាងសន្តិសុខអ៊ីនធឺណិត និងសន្តិសុខខាងហេដ្ឋារចនាសម្ព័ន្ធហៅកាត់ថា CISA សន្យាថា នឹងជួយរដ្ឋទាំងអស់ក្នុងការប្រើសន្លឹកឆ្នោតផ្ញើតាមប្រៃសណីយ៍នៅក្នុងការបោះឆ្នោតក្នុងខែវិច្ឆិកាពាក់ព័ន្ធនឹងរឿងសន្តិសុខដោយមន្ត្រីម្នាក់បានហៅការបោះឆ្នោតបឋមមួយចំនួនដែលបានប្រព្រឹត្តទៅក្នុងខែមិថុនាដែលពឹងពាក់ច្រើនលើការបោះឆ្នោតដោយផ្ញើសន្លឹកឆ្នោតតាមប្រៃសណីយ៍ថាជា «ការអនុវត្តល្អ»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ