ការច្រានចោលជាយូរមកហើយរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងការបញ្ចេញឯកសារប្រកាសពន្ធប្រាក់ចំណូលរបស់លោក បានលេចឡើងនៅក្នុងសវនាការរបស់តុលាការកំពូលសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញ នៅពេលដែលចៅក្រមថ្លឹងថ្លែងថាតើសភា និងរដ្ឋអាជ្ញាមូលដ្ឋានមានសិទ្ធិអំណាចនៅក្នុងការស៊ើបអង្កេតលើប្រធានាធិបតីដែលកំពុងកាន់តំណែងដែរឬក៏យ៉ាងណានោះ។
ក្រុមចៅក្រមបានស្ដាប់ការបង្ហាញអំណះអំណាងផ្ទាល់មាត់នៅក្នុងសំណុំរឿងចំនួន ២ ដែលមានការចាប់អារម្មណ៍ពីសាធារណជន។ សំណុំរឿងទាំងពីរនោះពាក់ព័ន្ធនឹងដីកាកោះហៅរបស់គណៈកម្មាធិការមួយចំនួនរបស់រដ្ឋសភា និងរបស់រដ្ឋអាជ្ញាកំពូលនៃទីក្រុង New York ដែលចង់ឲ្យមានការបង្ហាញឯកសារប្រកាសពន្ធប្រាក់ចំណូល និងឯកសារហិរញ្ញវត្ថុផ្សេងទៀតរបស់លោក Trump។
កន្លងមក លោក Trump បានស្វះស្វែងរារាំងស្ថាប័នហិរញ្ញវត្ថុនានាមិនឲ្យប្រគល់ឯកសារទាំងនោះដល់អ្នកស៊ើបអង្កេត ប៉ុន្តែតុលាការសហព័ន្ធនៅក្នុងទីក្រុង New York និងរដ្ឋធានីវ៉ាស៊ីនតោន បានសម្រេចប្រឆាំងនឹងលោកកាលពីឆ្នាំមុន ដែលករណីនេះជំរុញឲ្យមេធាវីរបស់លោក Trump ប្ដឹងបន្តទៅតុលាការកំពូល។
គណៈកម្មាធិការ ៣ របស់រដ្ឋសភា កំពុងស៊ើបអង្កេតលើលោក Trump និងលើអាជីវកម្មរបស់លោក អស់រយៈពេលមួយឆ្នាំមកហើយ។ គណៈកម្មាធិការទាំងនេះអះអាងថា ពួកគេត្រូវការព័ត៌មានទាំងនេះជាផ្នែកមួយនៃកិច្ចការរបស់ពួកគេ។
រីឯរដ្ឋអាជ្ញាប្រចាំសង្កាត់ Manhattan ក្នុងទីក្រុង New York លោក Cyrus Vance Jr. វិញ ចង់បានព័ត៌មានទាំងនេះដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ក្រុមប្រឹក្សាតុលាការលើការចំណាយប្រាក់បំបិទមាត់ ដែលអតីតមនុស្សរបស់លោក Trump បង់ឲ្យស្ត្រីពីរនាក់ក្នុងអំឡុងពេលបោះឆ្នោតកាលពីឆ្នាំ ២០១៦៕