ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​សម្រេច​រក្សា​ទុក​លិខិត​ឆ្លង​ដែន​របស់​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​


រូបឯកសារ៖ លោក​យាង​ សុធារិន្ទ​ (ស្តាំ) និង​លោក ​អ៊ួន​ ឈិន​ អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី ថ្លែង​ទៅ​កាន់​​អ្នកកាសែត​ បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នក​ទាំង​ពីរ ថ្ងៃទី​២១ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ លោក​យាង​ សុធារិន្ទ​ (ស្តាំ) និង​លោក ​អ៊ួន​ ឈិន​ អតីត​អ្នក​សារព័ត៌មាន​អាស៊ី​សេរី ថ្លែង​ទៅ​កាន់​​អ្នកកាសែត​ បន្ទាប់​ពី​តុលាការ​ឧទ្ធរណ៍​បាន​សម្រេច​ច្រានចោល​បណ្តឹង​ឧទ្ធរណ៍​របស់​អ្នក​ទាំង​ពីរ ថ្ងៃទី​២១ ខែ​មិថុនា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី/VOA)

តុលាការ​កំពូល​ នៅ​ថ្ងៃ​ពុធនេះ បាន​សម្រេច​តម្កល់​ផ្នែក​ខ្លះ​នៃ​សេចក្តី​សម្រេច​របស់​សាលា​ឧទ្ធរណ៍​លើ​បណ្តឹង​សារទុក្ខ​របស់​អតីត​អ្នក​កាសែត​អាស៊ីសេរី​ពីរ​នាក់ ដោយ​តម្រូវ​ឲ្យ​រក្សា​ទុក​លិខិត​ឆ្លង​ដែន​របស់​ពួកគេ​ទាំង​នេះ។

យោង​តាម​សេចក្តី​ជូន​ដំណឹង​មួយ​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដែល​បាន​ផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៧​ ខែ​ឧសភា​ ឆ្នាំ​២០២០​ តុលាការ​កំពូល​បាន​លើក​ហេតុ​ផល​ថា ការ​រក្សា​ទុក​លិខិត​ឆ្លង​ដែន​របស់​លោក អ៊ួន ឈិន និង​លោក យាង សុធារិន្ទ​នេះ គឺ​ដោយសារ​«ឯកសារ​ទាំង​នោះ​ចាំបាច់​សម្រាប់​នីតិវិធី​បន្ថែម​នៅ​តុលាការ»។

អតីត​អ្នក​កាសែត​អាស៊ីសេរី​ទាំង​ពីរ​នាក់ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«‍ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​អាច​ធ្វើ​ឱ្យ​អន្តរាយ​ដល់​ការ​ការពារ​ជាតិ»​តាម​មាត្រា​៤៤៥​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​ក្រោយពី​អ្នក​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។ អ្នក​ទាំង​ពីរ​ត្រូវ​បាន​តុលាការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ ​បន្ទាប់​ពី​បាន​ជាប់​ឃុំឃាំងក្នុង​ពន្ធនាគារ​អស់​រយៈពេល​ជិត​១០​ខែ។​

កាល​ពី​ចុង​ខែ​មករា ឆ្នាំ​២០២០​ សាលា​ឧទ្ធរណ៍​បាន​សម្រេច​បដិសេធ​មិន​ប្រគល់​លិខិត​ឆ្លង​ដែននិង អត្ត​សញ្ញាណ​បណ្ណដល់​អតីត​អ្នក​យក​ព័ត៌មានវិទ្យុ​អាស៊ីសេរី​ទាំង​ពីរដោយ​លើក​ហេតុផល​ថា​«វត្ថុ​ចាប់​យក​នៅ​តែ​មាន​ភាព​ចាំបាច់​ក្នុង​ដំណាក់​កាល​ស៊ើប​សួរ»។​

ការណ៍​ដែល​គ្មាន​លិខិត​ឆ្លង​ដែន​ជាប់​នឹង​ខ្លួន​នេះ​បាន​ធ្វើ​ឲ្យ​លោក​ យាង សុធារិន្ទ ដែល​មាន​ស្រុក​កំណើត​នៅ​កម្ពុជា​ក្រោម ​មិន​អាច​ធ្វើ​ដំណើរ​ទៅ​ជួប​ឪពុក​ម្តាយ​ដែល​មាន​វ័យ​ចំណាស់​របស់​លោកនៅស្រុកបាន​ទេ​ ចាប់​តាំង​ពី​ឆ្នាំ​២០១៧​មក​ម៉្លេះ។ ​

យ៉ាងណាក៏ដោយ តុលាការ​កំពូល​ក៏​បាន​សម្រេច​ប្រគល់​អត្ត​សញ្ញាណ​បណ្ណជូន​លោក អ៊ួន ឈិន​វិញ​ដែរ។

ប៉ុន្តែ​លោក អ៊ួន ឈិន បាន​ថ្លែង​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា រូប​លោក​និង​លោក ​យាង សុធារិន្ទ​ត្រូវ​ការ​លិខិត​ឆ្លង​ដែន​របស់​ខ្លួន​វិញ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ពិនិត្យ​សុខភាព​នៅ​ក្រៅ​ប្រទេស​និង​ចូលរួម​សិក្ខាសាលា​ ឬ​វគ្គ​បណ្តុះបណ្តាល​ផ្សេង​ៗ​នៅ​បរទេសផងដែរ។

លោក អ៊ួន ឈិន មាន​ប្រសាសន៍​ថា៖ «ពួក​យើង​នៅ​តែ​ត្រូវ​គេ​វាស់​ដី​ឲ្យ​ដើរ​ដដែល»៕​

XS
SM
MD
LG