អង្គការ សមាគម សហជីព និងសហគមន៍ចំនួន ១៣២ នៅថ្ងៃច័ន្ទនេះ បានអំពាវនាវរួមគ្នាស្នើឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ចំពោះអ្នកសារព័ត៌មានដែលត្រូវបានចាប់ខ្លួន និងឲ្យបញ្ឈប់ការយារយីលើអ្នកកាសែតផ្សេងៗទៀត។
សេចក្តីថ្លែងការណ៍រួមគ្នារបស់ក្រុមអង្គការសង្គមស៊ីវិលទាំងនេះ ដែលបានចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានសរសេរថា៖
«សូមមេត្តាទម្លាក់ចោលការចោទប្រកាន់ចំពោះអ្នកសារព័ត៌មានដែលកំពុងជាប់ឃុំក្នុងពន្ធនាគារលោក សុខ ឧត្តម និងលោក សុវណ្ណ រិទ្ធី និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញចំពោះអ្នកសារព័ត៌មានផ្សេងទៀត ដែលមិនស្ថិតក្នុងការឃុំឃាំង ហើយដែលប្រឈមមុខនឹងការផ្តន្ទាទោស ដោយសារការងាររាយការណ៍ព័ត៌មានរបស់ពួកគេ»។
កាលពីសប្តាហ៍មុន អាជ្ញាធរបានចាប់ខ្លួន លោក សុខ ឧត្តម អ្នកសារព័ត៌មានក្នុងស្រុកម្នាក់ ក្នុងខេត្តកំពង់ឆ្នាំង ពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់ពីលោកបានរាយការណ៍ជាបន្តបន្ទាប់អំពីជម្លោះដីធ្លីរវាងសហគមន៍កសិករមូលដ្ឋាននិងមន្ត្រីដ៏មានអំណាច។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិលដែលរួមមានអង្គការការពារសិទ្ធិមនុស្ស និងអង្គការការពារសេរីភាពសារព័ត៌មាន ដូចជាអង្គការលីកាដូ អាដហុក និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាជាដើម។
មុនពេលចាប់ខ្លួនអ្នកកាសែតរូបនេះ ក្រសួងព័ត៌មានក៏បានសម្រេចលុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់ស្ថានីយវិទ្យុ រិទ្ធិសែន និងគេហទំព័ររបស់វិទ្យុនេះ ដែលមានលោក សុខ ឧត្តម ជាម្ចាស់ផងដែរ។
កាលពីខែមេសា ឆ្នាំ២០២០ លោក សុវណ្ណ រិទ្ធី ម្ចាស់គេហទំព័រ TVFB ក៏ត្រូវបានចាប់ខ្លួន ហើយអាជ្ញាប័ណ្ណរបស់លោកក៏ត្រូវបានលុបចោល បន្ទាប់ពីលោកបានបង្ហោះសាររបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែងជាសាធារណៈអំពីវិធានការរបស់រដ្ឋាភិបាល ក្នុងការដោះស្រាយវិបត្តិកូវីដ១៩។
យ៉ាងហោចណាស់ មានអ្នកសារព័ត៌មានជាង ១០ នាក់ហើយ ត្រូវបានអាជ្ញាធរកោះហៅនិងសាកសួរ នៅត្រឹមដើមឆ្នាំ ២០២០ នេះ ដោយសារការរាយការណ៍ព័ត៌មានរបស់ពួកគេ។ នេះបើផ្អែកតាមក្រុមអង្គការសង្គមស៊ីវិល។
ក្រុមអង្គការទាំងនេះបានចាត់ទុកថា ការបន្តធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរលើអ្នកសារព័ត៌មានដែលហ៊ានផ្សាយព័ត៌មានរិះគន់គឺ «ជាការរំលោភយ៉ាងធ្ងន់ធ្ងរចំពោះសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា»។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Border) បានចាត់ចំណាត់ថ្នាក់សេរីភាពសារព័ត៌មានក្នុងប្រទេសកម្ពុជាស្ថិតក្នុងលេខរៀងទី ១៤៤ លើ ១៨០ លើពិភពលោកក្នុងឆ្នាំ ២០២០ នេះ៕