មេធាវីការពារក្តីឲ្យអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូបលើកឡើងថា ការសម្រេចរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ក្នុងការបន្តស៊ើបអង្កេតលើកូនក្តីរបស់លោក ធ្វើឡើងដោយខ្វះមូលដ្ឋានច្បាប់។
នៅព្រឹកថ្ងៃចន្ទនេះ សាលាឧទ្ធរណ៍បានបើកសវនាការលើបណ្តឹងមិនសុខចិត្តរបស់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូបគឺលោក យាង សុធារិន្ទ និងលោក អ៊ួនឈិន ដែលប្តឹងមិនសុខចិត្តទៅនឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលបន្តការស៊ើបអង្កេតលើពួកគេពាក់ព័ន្ធសំណុំរឿង «ផ្តល់ព័ត៌មានឲ្យរដ្ឋបរទេស ដែលអាចបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ»។ ការសម្រេចនេះហៅថា «សាលក្រមចាត់របៀប»។
ក្នុងសវនាការដែលមានលោក យាង សុធារិន្ទ និងលោក អ៊ួនឈិន ឈរក្នុងរង្វង់ក្រចកសេះ ដែលមានការចូលរួមស្តាប់ពីមន្រ្តីសិទ្ធិមនុស្ស និងមន្រ្តីស្ថានទូតមួយចំនួនផង លោកមេធាវី សំ ចំរើន មេធាវីការពារក្តីឲ្យអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរលើកឡើងថា ការប្រកាសបន្តនីតិវិធីស៊ើបអង្កេតលើកូនក្តីរបស់លោក ជាការសម្រេចដែលមិនស្របតាមច្បាប់។ លោកបន្តក្នុងសវនាការនោះថា ចៅក្រមស៊ើបសាលាដំបូងរាជធានីភ្នំពេញបានចំណាយពេលជាងពីរឆ្នាំក្នុងការស៊ើបអង្កេត រហូតឈានដល់នីតិវិធីជម្រះ និងប្រកាសសាលក្រម ប៉ុន្តែលោកថា នៅថ្ងៃកំណត់ប្រកាសសាលក្រម ចៅក្រមបែរសម្រេចបន្តនីតិវិធីស៊ើបអង្កេតទៅវិញ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោកចៅក្រម ប្លង់ សំណាង ប្រកាសក្នុងសវនាការនោះថា សវនាការនៅព្រឹកថ្ងៃចន្ទនេះ ជាការសម្រេចលើនីតិវិធីថា តើសាលាឧទ្ធរណ៍មានសមត្ថកិច្ចក្នុងការបើកសវនាការលើសំណុំរឿងនេះទៅតាមបណ្តឹង ឬយ៉ាងណា ដោយលោកបញ្ជាក់ថា សាលាឧទ្ធរណ៍អាចសម្រេចបានក្នុងលក្ខខណ្ឌដែលនីតិវិធីត្រូវបានបិទបញ្ចប់តែប៉ុណ្ណោះ។ យ៉ាងណាក្តីលោក ប្លង់ សំណាង បានកំណត់ពេលប្រកាសលទ្ធផលនៃការសម្រេចទៅថ្ងៃទី២៨ ខែមករានេះ។
ក្រោយចេញពីសាលសវនាការ លោក សំ ចំរើន មេធាវីដែលការពារក្តីឲ្យអតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូប ប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសាលាឧទ្ធរណ៍ថា ការសម្រេចបន្តការស៊ើបអង្កេតរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងដោយខ្វះភាពចាំបាច់។
លោកបន្តថា ការសម្រេចនេះបង្ហាញពីការស្វែងរកចំណុចសម្រាប់ដាក់បន្ទុក និងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់កូនក្តីលោកទាំងពីរ៖ «ចំណុចដែលបង្គាប់ឲ្យស៊ើបសួរបន្ថែមហ្នឹង គឺជាចំណុចដែលសុទ្ធតែជាចំណុចសម្រាប់ស្វែងរកចំណុចដាក់បន្ទុកលើកូនក្តីទាំងអស់ អញ្ចឹងយើងគិតថាអាហ្នឹងជាចំណុចដាក់បន្ទុកហើយ»។
អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីគឺលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទ ត្រូវបានតុលាការកាត់ទោសកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នា២០១៩កន្លងទៅ តែមិនមានការប្រកាសសាលក្រម។ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ តុលាការបានបង្គាប់ឲ្យស៊ើបអង្កេតសំណុំរឿងពួកគេឡើងវិញ ដោយមិនកំណត់ថ្ងៃបើកសវនាការ ដោយគ្រាន់តែបញ្ជាក់ថា សំណុំរឿងនេះមិនទាន់មានព័ត៌មានគ្រប់គ្រាន់ និងត្រូវការពេលវេលាសម្រាប់បន្តការស៊ើបអង្កេត។
លោក យាង សុធារិន្ទ ដែលឈ្មោះប្រើសម្រាប់ការផ្សាយហៅ យាង សុជាមេត្តា អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីមួយរូបដែលកំពុងជាប់ចោទនេះប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសាលាឧទ្ធរណ៍ថា ការបន្តអូសបន្លាយស៊ើបអង្កេតលើសំណុំរឿងរបស់លោក និងលោក អ៊ួន ឈិន គឺជាចេតនារបស់ចៅក្រមសាលាដំបូង ក្នុងការដាក់បន្ទុកលើអ្នកទាំងពីរ។
លោកបញ្ជាក់ថា៖ «ចៅក្រមគាត់មានពេលវេលាច្រើនណាស់ក្នុងការសម្រេចថា តើពួកខ្ញុំមានទោស ឬមិនមានទោស តែផ្ទុយទៅវិញគាត់អត់ចេញការសម្រេច បែរទៅជាធ្វើការស៊ើបអង្កេតបន្ថែម។ ខ្ញុំយល់ថា អាហ្នឹងជារឿងអសមត្ថភាពរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលកាលហ្នឹងគាត់គ្មានសមត្ថភាពថា ធ្វើយ៉ាងណាឲ្យពួកខ្ញុំមានទោស ដូចមេធាវីពួកខ្ញុំលើកឡើងអញ្ចឹង រកអានេះមិនឃើញហើយ ធ្វើបង្កើតរឿងផ្សេងទៀតដើម្បីរកកំហុសពួកខ្ញុំ ហើយខ្ញុំគិតថាពួកគាត់ដូចមានបំណងចង់យកពួកខ្ញុំធ្វើជាចំណាប់ខ្មាំងអីមួយ»។
ចំណែកលោក អ៊ួន ឈិន ប្រាប់អ្នកសារព័ត៌មានថា ការបន្តនីតិវិធីកាន់តែយូរ ជាការបន្តការធ្វើទុក្ខបុកម្នេញលើលោក និងលោក យាង សុធារិន្ទ៖
«យើងវាបាត់បង់សេរីភាព ទៅណាមកណាមិនបាន ធ្វើអីមិនបានពេញលេញ មិនបានស្មើមុខស្មើមាត់ដូចគេដូចឯង។ និយាយឲ្យខ្លីទៅថាការដែលបន្តនីតិវិធី គឺការអូសបន្លាយហ្នឹង គឺការចងកម្មចងពារ ធ្វើបាបពួកខ្ញុំតែប៉ុណ្ណឹងឯង»។
VOA មិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានទេ។
អតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូប ត្រូវបានសមត្ថកិច្ចចាប់ និងឃុំខ្លួន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ដោយតុលាការចោទប្រកាន់ថា ពួកគេទាំងពីរបានផ្តល់ព័ត៌មានឲ្យរដ្ឋបរទេសដែលអាចបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។ ក្នុងការចោទនោះ តុលាការអះអាងថា ពួកគេទាំងពីរបន្តរាយការណ៍ព័ត៌មានឲ្យវិទ្យុអាស៊ីសេរី បន្ទាប់ពីវិទ្យុនេះបានបិទការិយាល័យរបស់ខ្លួននៅកម្ពុជា។
ក្រោយមកតុលាការបានសម្រេចបំបែកសំណុំរឿងជាពីរ គឺពីបទ «ផ្តល់ព័ត៌មានឲ្យរដ្ឋបរទេសដែលអាចបង្កឲ្យប៉ះពាល់ដល់សន្តិសុខជាតិ» និងបទ«ផលិត និងរក្សាទុករូបភាពអាសអាភាស»។
បច្ចុប្បន្ន ពួកគេទាំងពីរកំពុងស្ថិតនៅក្រៅមន្ទីរឃុំឃាំងបណ្តោះអាសន្ន ក្រោមការឃ្លាំមើលរបស់តុលាការ បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃស អស់រយៈពេលជិតដប់ខែ។
ចាប់តាំងពីអ្នកទាំងពីរត្រូវបានចាប់ ចោទប្រកាន់ ឃុំខ្លួន និងដាក់ឲ្យស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ សហគមន៍អន្តរជាតិ និងអង្គការជាតិ និងអន្តរជាតិជាច្រើនរិះគន់លើចំណាត់ការនេះ ថាធ្វើឲ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មាននៅកម្ពុជា និងបានអំពាវនាវជាបន្តបន្ទាប់ឲ្យទម្លាក់ចោលបទចោទ និងដោះលែងអតីតអ្នកសារព័ត៌មានទាំងពីររូបឲ្យមានសេរីភាព។
នៅថ្ងៃទី២០ ខែមករានេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញសេចក្តីថ្លែងការណ៍មួយ ដោយអំពាវនាវឲ្យសាលាឧទ្ធរណ៍នៅថ្ងៃទី២៨ខាងមុខនេះ សម្រេចបញ្ចប់ការស៊ើបអង្កេតលើបទល្មើសប្រឆាំងនឹងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទិ្ធមនុស្សប្រចាំតំបន់អាស៊ី លើកឡើងក្នុងសេចក្តីថ្លែងការណ៍នោះថា៖ «រដ្ឋាភិបាលកម្ពុជាច្បាស់ណាស់គឺកំពុងតែប្រើល្បិចចាស់ដដែលៗ។ រដ្ឋាភិបាលបរទេសគួរតែដឹងពីការកាត់ក្តីដែលមិនបានចប់ពេញលេញនៅថ្ងៃនេះថា វាគឺជាសញ្ញាមួយទៀតថា រដ្ឋាភិបាលកម្ពុជាមិនព្រមផ្តល់សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយតាមការទាមទារហើយរដ្ឋាភិបាលបរាជ័យក្នុងការគោរពគោលការណ៍នៃសេរីភាពសារព័ត៌មាន»៕