តុលាការកំពូលកាលពីថ្ងៃចន្ទបានសម្រេចទម្លាក់ចោលការផ្តន្ទាទោសលើសកម្មជនដីធ្លីបឹងកក់ពីររូប ដែលត្រូវចោទពីបទ «គំរាមថានឹងសម្លាប់» សមាជិកសហគមន៍បឹងកក់ម្នាក់ទៀត កាលពីជាង ១០ ឆ្នាំមុន។
កាលពីឆ្នាំ២០១២ អ្នកស្រី ង៉ែត ឃុន អាយុ ៨៣ ឆ្នាំ ហៅយាយម៉ាមី និងអ្នកស្រី ឆេង លាភ អាយុ ៥៨ ឆ្នាំ ត្រូវបានសមាជិកសហគមន៍បឹងកក់ម្នាក់ទៀតគឺអ្នកស្រី លី មុំ ប្តឹង។ អ្នកទាំងពីរត្រូវបានសាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ៦ ខែ ពីបទគំរាមថានឹងសម្លាប់កាលពីខែមីនា ឆ្នាំ ២០១២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ។
នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូលោក អំ សំអាត ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា សកម្មជនដីធ្លីទាំងពីររូបបានរងភាពអយុត្តិធម៌អស់រយៈពេល ១២ ឆ្នាំមកហើយ ចំពោះបទល្មើសដែលពួកគេមិនបានប្រព្រឹត្ត។ លោកថា ការសម្រេចរបស់តុលាការកំពូលជាការផ្តល់យុត្តិធម៌ដល់ពួកគាត់ទាំងពីរនាក់។
លោកថ្លែងថា៖ «នេះគឺជាការផ្តល់យុត្តិធម៌ និងភាពស្អាតស្អំសម្រាប់គាត់ទៅហើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទម្រាំតុលាការកំពូលផ្តល់យុត្តិធម៌ និងភាពស្អាតស្អំសម្រាប់គាត់នេះ គឺគាត់ត្រូវដំណើរការស្វែងរកយុត្តិធម៌ហ្នឹងរយៈពេល ១២ ឆ្នាំហើយ។ តាំងពី ២០១២ មកដល់ពេលនេះ វារយៈពេល ១ ២ឆ្នាំ តាំងពីសាលាដំបូង ហើយនឹងសាលាឧទ្ធរណ៍»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការលីកាដូចេញផ្សាយកាលពីថ្ងៃចន្ទ សមាជិកសហគមន៍បឹងកក់នៅរាជធានីភ្នំពេញបានប្រឈមនឹងជម្លោះដីធ្លីរ៉ាំរ៉ៃ បន្ទាប់ពីរាជរដ្ឋាភិបាលបានជួលបឹងកក់ទៅឱ្យក្រុមហ៊ុនឯកជនក្នុងឆ្នាំ ២០០៧។ សមាជិកសហគមន៍ជាច្រើននាក់ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសឱ្យជាប់ពន្ធនាគារជាបន្តបន្ទាប់ និងត្រូវបានកាត់ទោសពីបទល្មើសទាក់ទងនឹងការការពារផ្ទះរបស់ពួកគេ និងហ៊ាននិយាយតវ៉ានឹងការបណ្តេញចេញដោយបង្ខំ។
ការចោទប្រកាន់លើអ្នកស្រី ង៉ែត ឃុន និងអ្នកស្រី ឆេង លាភ មានទំនាក់ទំនងនឹងហេតុការណ៍ដែលមានក្រដាសសរសេរជាច្រើនសន្លឹក គំរាមថានឹងសម្លាប់អតីតសមាជិកសហគមន៍ម្នាក់ឈ្មោះ លី មុំ។ ក្រដាសទាំងអស់នោះត្រូវបានរកឃើញនៅរាយប៉ាយនៅខាងមុខផ្ទះរបស់អ្នកស្រី លី មុំ។ អ្នកស្រី លី មុំ បានដាក់ពាក្យបណ្ដឹងប្តឹងសមាជិកសហគមន៍បឹងកក់ ៦ នាក់ ដែលក្នុងនោះរួមទាំងអ្នកស្រី ង៉ែត ឃុន និងអ្នកស្រី ឆេង លាភ ផងដែរ។ ស្រ្ដីទាំង ៦ នាក់នោះ បានអះអាងថា ពួកគេមិនទទួលខុសត្រូវចំពោះការគំរាមកំហែងនោះទេ។ នេះបើតាមអង្គការលីកាដូ។
អ្នកស្រី ង៉ែត ឃុន សកម្មជនដីធ្លីនៅសហគមន៍បឹងកក់ យល់ថា ការសម្រេចរបស់តុលាការកំពូលជាការផ្តល់យុត្តិធម៌ជូនរូបគាត់ដែលតែងតវ៉ាមិនសុខចិត្តនឹងការសម្រេចរបស់សាលាដំបូង និងសាលាឧទ្ធរណ៍ភ្នំពេញជាហូរហែមក ក្រោយរងពាក្យបណ្តឹងរបស់អតីតសមាជិកសហគមន៍បឹងកក់ គឺអ្នកស្រីលី មុំ។
អ្នកស្រីប្រាប់វីអូអេថា៖ «ខ្ញុំយល់ឃើញថា ខ្ញុំអីចឹង ខ្ញុំក៏អរគុណប្រព័ន្ធតុលាការកំពូល ដែលបានរកភាពយុត្តិធម៌សម្រាប់ខ្ញុំហ្នឹង បានលើកលែងទោសឱ្យខ្ញុំរួចខ្លួន។ អ៊ីចឹង គឺតុលាការកំពូលគាត់យុត្តិធម៌សម្រាប់ប្រជាពលរដ្ឋដែលរងគ្រោះពិតប្រាកដ»។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីអ្នកស្រី ម៉ៅ ធីតា អ្នកនាំពាក្យតុលាការកំពូលបានទេ ដោយអ្នកស្រីថា អ្នកស្រីត្រូវការពេលវេលាពិនិត្យការជំនុំជម្រះលើក្តីក្តាំរបស់សកម្មជនដីធ្លីទាំង២នាក់។
ក្នុងសំណុំរឿងគំរាមថានឹងសម្លាប់នេះ អ្នកស្រី លី មុំ បានដកពាក្យបណ្តឹងនៅក្នុងឆ្នាំ ២០១៦ ប៉ុន្តែសកម្មជនដីធ្លីទាំង ៦ នាក់ នៅតែត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស ដោយយោងតាមមាត្រា ២៣៣ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០១៨ ប៉ុន្តែទោសពន្ធនាគារចំនួន ៦ ខែត្រូវបានព្យួរ។ នេះបើតាមអង្គការលីកាដូ។
អ្នកស្រី ង៉ែត ឃុន និង អ្នកស្រី ឆេង លាភ គឺជាជនជាប់ចោទតែពីរនាក់ប៉ុណ្ណោះដែលប្តឹងសាទុក្ខទៅកាន់តុលាការកំពូល។ អ្នកស្រី ង៉ែត ឃុន បញ្ជាក់ប្រាប់វីអូអេឱ្យដឹងថា ជនជាប់ចោទខ្លះ ដូចជាអ្នកស្រី ទេព វន្នី បានចាកចេញពីប្រទេសកម្ពុជា ខ្លះប្តូរលំនៅដ្ឋាន និងខ្លះទៀតបានចុះចូលជាមួយនឹងខាងអាជ្ញាធរ។
អ្នកស្រី ង៉ែត ឃុន ឱ្យដឹងទៀតថា អ្នកស្រីនៅមានបណ្តឹងរបស់អតីតសកម្មជនដីធ្លីបឹងកក់មួយទៀតដែលប្តឹងអ្នកស្រីទៅតុលាការករណីប្រើអំពើហិង្សា ក្រោយការតវ៉ាអស់រយៈពេលជិត ១២ ឆ្នាំមកនេះ៕
វេទិកាបញ្ចេញមតិ