ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាម​ដាន​ជំរុញ​ឲ្យ​បន្ត​​រក្សា​កន្លែង​ស្តុក​ទឹក ខណៈ​រដ្ឋាភិបាល​ច្រាន​ចោល​គម្រោង​អភិវឌ្ឍ​បឹង​រដ្ឋ​ប្រមាណ​១​ពាន់​ហិកតា


រូប​ពី​គេហទំព័រ Google Earth កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២១ បង្ហាញ​ពី​ទី​តាំង​ភូមិសាស្ត្រ​តំបន់​បឹង​នៅ​ក្នុង​ឃុំ​បារុង ស្រុក​ល្វាឯម ខេត្ត​កណ្តាល នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​​ពី​រាជធានី​ភ្នំពេញ។
រូប​ពី​គេហទំព័រ Google Earth កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០២១ បង្ហាញ​ពី​ទី​តាំង​ភូមិសាស្ត្រ​តំបន់​បឹង​នៅ​ក្នុង​ឃុំ​បារុង ស្រុក​ល្វាឯម ខេត្ត​កណ្តាល នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​​ពី​រាជធានី​ភ្នំពេញ។

ការ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​អភិវឌ្ឍ​ទីក្រុង​រណប​លើ​ផ្ទៃដី​ប្រមាណ​១ពាន់​ហិកតាមាន​ទាំង​ដី​បឹង​ផង​នោះស្ថិត​ក្នុង​ស្រុក​ល្វា​ឯម​ខេត្ត​កណ្តាល ត្រូវ​បាន​សាទរ​ដោយ​អ្នក​តាម​ដាន​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ពួកគេ​ចង់​ឃើញ​រដ្ឋា​ភិបាល​រក្សា​បឹង​ជា​កន្លែង​ស្តុក​ទុក​ឲ្យ​បាន​ច្រើន។

កាល​ពី​ពេល​ថ្មីៗ​នេះ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​សម្រេច​មិន​យល់​ព្រម​លើ​សំណើ​របស់​ក្រុម​ហ៊ុន​មួយ​ឈ្មោះ​«សំណង់​ឈ្នះ​ឈ្នះ» ដែល​ចង់​អភិវឌ្ឍ​ទីក្រុង​រណប​មួយ​នៅ​ក្នុង​ឃុំ​បារុង ស្រុក​ល្វាឯម ខេត្ត​កណ្តាល នៅ​លើ​ដី​ប្រមាណ​១​ពាន់​ហិកតា ដែល​មាន​ទាំង​បឹង​រដ្ឋ​ផង​ដែរ។

សំណើ​របស់​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​ស្នើ​តាម​រយៈក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​ខេត្ត​កណ្តាល ហើយ​ស្ថាប័ន​ទាំង​ពីរ​នេះ​បាន​សម្រេច​បញ្ជូន​សំណើ​នេះ​បន្ត​ទៅ​ប្រមុខ​រដ្ឋាភិបាល​ដើម្បី​សម្រេច។ ប៉ុន្តែ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ច្រាន​ចោល ហើយ​បាន​ប្រាប់​ក្រសួង​កសិកម្ម​ឲ្យ​បញ្ឈប់​ការ​ស្នើ​សុំ​ការ​អភិវឌ្ឍន៍​នៅ​តំបន់​នោះ​ត​ទៅ​ទៀត។

លិខិត​មួយ​ច្បាប់​របស់ទីស្តី​ការ​គណៈ​រដ្ឋមន្រ្តី ចុះ​ ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២១ បាន​ឲ្យដឹង​ថា​ក្រុមហ៊ុន​«សំណង់ឈ្នះ​ឈ្នះ» បានស្នើ​សុំ​ការ​អនុញ្ញាត​ជា​គោល​ការណ៍​ទិញ​ដីរដ្ឋ​ទំហំ​១​ពាន់​ហិកតា ក្នុង​ឃុំ​បារុង ស្រុក​ល្វាឯម ខេត្តកណ្តាល ដើម្បី​រៀប​ចំ​តំបន់​ទីក្រុង​រណប​បែប​ទំនើប និង​ហេដ្ឋារចនា​សម្ព័ន្ធ ប៉ុន្តែ​រដ្ឋា​ភិបាល​សម្រេច​មិន​ផ្តល់​ឲ្យ។ លិខិត​បញ្ជាក់​ថា​រដ្ឋាភិបាល​ចង់រក្សា​ទុក​ផ្ទៃ​បឹង​ធម្ម​ជាតិ​នេះសម្រាប់​ជា​ប្រយោ​ជន៍​សាធា​រណៈ និង​ជីក​ឲ្យ​បាន​ជ្រៅ ដើម្បី​រក្សា​ទុកទឹក។

នៅ​ក្នុង​លិខិត​នោះ លោក ហ៊ុន សែន ក៏​ប្រាប់​ទៅ​ក្រសួង​កសិកម្ម និង​រដ្ឋបាល​ខេត្ត​កណ្តាល​«ត្រូវ​បញ្ឈប់​ការ​ទទួល និង​លើក​សំណើ​ដី​តំបន់​នេះ​ត​ទៅ​ទៀត»។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថា​ធិប្បាយ​ពី​លោក​វេង សាខុន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​នៅឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​នេះ។

រូប​ឯកសារ៖ ដី​ដែល​ត្រូវ​គេ​បាន​ចាក់​លុបបឹង​ផ្សេង​មួយគឹ​បឹងតាមោក​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​១២ ខែ​ឧសភា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/VOA)
រូប​ឯកសារ៖ ដី​ដែល​ត្រូវ​គេ​បាន​ចាក់​លុបបឹង​ផ្សេង​មួយគឹ​បឹងតាមោក​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​១២ ខែ​ឧសភា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/VOA)

លោក​ គង់ សោភ័ណ្ឌ អភិ​បាល​ខេត្ត​កណ្តាល​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ក្រុម​ការងារ​ខេត្ត​កណ្តាលជាមួយ​មន្រ្តី​ក្រសួង​កសិកម្ម បាន​ពិនិត្យ​សំណើ​របស់​ក្រុមហ៊ុន ហើយ​បន្ត​បញ្ជូន​ទៅ​រដ្ឋាភិបាល ប៉ុន្តែ​ការ​សម្រេច​យ៉ាង​ណា គឺ​លោកធ្វើ​តែ​ទៅ​តាម​គោលការណ៍​និង​ការ​សម្រេច​របស់ប្រមុខ​រដ្ឋា​ភិបាល​តែ​ប៉ុណ្ណោះ។ លោក​បន្ត​ថា​ក្រុមហ៊ុន​បាន​ដាក់​សំណើ​ជួល​ដី​រដ្ឋ​១​ពាន់​ហិក​តានេះ គឺ​ដោយ​សារ​តែ​ក្រុម​ហ៊ុន​មើល​ឃើញ​ពី​សក្តានុ​ពល​ក្នុង​ភូមិ​សាស្រ្ត​នោះ និង​បាន​ស្នើ​សុំ​តាម​រយៈ​ក្រសួង​កសិ​កម្ម និង​អាជ្ញាធរ​ខេត្ត​កណ្តាល។

លោក​ថ្លែង​ថា៖ «ក្រុមហ៊ុន​គាត់(ក្រុមហ៊ុន​សំណង់​ឈ្នះ ឈ្នះ)​សម្លឹង​ឃើញ​ខេត្ត​កណ្តាល។ ក្រុមហ៊ុន​ទូទៅ​ទូទាំង​ប្រទេស ឥឡូវ​ (គឺ) គេ​សម្លឹង​ឃើញ​ខេត្ត​កណ្តាល​ជា​ខេត្ត​ដែល​មាន​ការ​អភិវឌ្ឍន៍​បន្ទាប់​ពី​ទីក្រុង​ភ្នំពេញ។ ហើយ​ទោះ​បី​នៅ​ក្នុង​កម្រិត​កូវីដ​១៩​ពិត​មែន​ប៉ុន្តែ​ចង់​និយាយ​ថា​ការ​វិនិ​យោគ ការ​ចរាចរអ​ចលន​ទ្រព្យ​ទិញ​លក់​(ដីធ្លី) (និង)​ចំណូល​ពន្ធ​(រដ្ឋ)ផ្សេងៗ​វា​នៅ​មាន​ដំណើរ​ការ​ល្អ​ប្រសើរ​ច្រើន​ជាង​បណ្តា​កន្លែង​ផ្សេង​ៗ»។

មន្ត្រី​ម្នាក់​ដែល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​«សំណង់​ឈ្នះ ឈ្នះ» ដែល​ដឹង​ពី​គម្រោង​អភិ​វឌ្ឍន៍​របស់​ក្រុមហ៊ុន​នៅ​ស្រុក​ល្វាឯម ថ្លែង​ថា​ក្រុម​ហ៊ុនបាន​ឃើញ​ពីសក្តានុ​ពល​នៃ​តំបន់​នោះ​ដែល​មិន​ទាន់​មាន​ការ​អភិវឌ្ឍន៍​ច្រើន​នៅ​ឡើយ ទើប​ក្រុម​ហ៊ុន​ដាក់​ពាក្យ​ស្នើ​សុំ​រដ្ឋា​ភិបាល​ក្នុង​ការ​អភិវឌ្ឍ​ន៍​នៅ​តំបន់​នោះ។

លោក​ប្រាប់​វីអូអេ​ដោយ​មិន​ចង់​បង្ហាញ​ឈ្មោះ​របស់​លោក យ៉ាង​ដូច្នេះ​ថា៖ «ចក្ខុវិស័យ​យើង​យើង​ឃើញ​តំបន់​ហ្នឹង​គួរ​តែ​ដល់​ពេល​ត្រូវ​អភិ​វឌ្ឍ ហើយ​យើង​ចង់​ឈរ​ជាមួយ​ក្រុម​ហ៊ុន​ផ្សេងៗ ទៀត​ដើម្បី​ជុំរុញ​ការ​អភិវឌ្ឍន៍​ខាង​ទន្លេ​មេគង្គ ដែល​មាន​ទីតាំង​ជាប់​ទីក្រុង​ភ្នំពេញ»។

រដ្ឋាភិបាល​កម្ពុជា​រង​ការ​រិះគន់​ពី​ការ​លុប​បឹង​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​បន្ត​បន្ទាប់ ដូច​ជា​បឹងកក់ បឹង​ទំពុន និង​បឹង​តាមោក​ជា​ដើម ដែល​នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​បាត់​បង់​អាង​ស្តុក​ទឹក ដែល​នាំ​ឲ្យ​ទីក្រុង​ជន់​លិច ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ ប៉ុន្តែ​ការ​មិន​អនុញ្ញាត​តាម​សំណើ​របស់​ក្រុមហ៊ុន ដើម្បី​រក្សា​ទុក​បឹង​រដ្ឋ​នេះ ត្រូវ​បាន​អ្នក​តាម​ដាន​នៅ​កម្ពុជា​បាន​បង្ហាញ​ការ​គំាទ្រ ហើយ​ពួក​គេ​ក៏​ចង់​ឲ្យ​រដ្ឋា​ភិបាល​សិក្សា​ឲ្យ​បាន​ស៊ី​ជម្រៅ មុន​នឹង​ជួល​ដី​រដ្ឋ​ឲ្យ​ទៅ​ក្រុមហ៊ុន​ណា​មួយ។

រូប​ឯកសារ៖ កន្លែង​ចាក់ថ្ម​ចូល​ទឹកទន្លេ​ដែល​ស្ថិត​ក្នុង​ភូមិ​អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)
រូប​ឯកសារ៖ កន្លែង​ចាក់ថ្ម​ចូល​ទឹកទន្លេ​ដែល​ស្ថិត​ក្នុង​ភូមិ​អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

លោក​ ហេង គឹមហុង​ ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា​(Cambo​dian Youth Network) ជំរុញ​អាជ្ញាធរ​និងរដ្ឋា​ភិបាល​សិក្សា​គម្រោងអភិវឌ្ឍន៍​គម្រោងដីសម្បទាន​និង​ការ​លក់​ដី​រដ្ឋ​ឲ្យ​បាន​ច្បាស់​លាស់​ហើយ​បង្ហាញ​ជា​សាធារណៈ​ជា​ពិសេស​ត្រូវ​តែ​មាន​ការ​ចូ​ល​រួម​ផ្តល់​យោបល់​ពី​ភាគី​ពាក់​ព័ន្ធ។ លោក​បន្ត​ថា​កន្លង​ទៅ លោក​មើល​ឃើញ​ថា​ដី​រដ្ឋ​ជា​ច្រើន​កន្លែង ត្រូវ​បាន​កាត់​លក់​ជា​បន្ត​បន្ទាប់​ជា​ពិសេស​ដី​ព្រៃនិង​បឹង​ធម្ម​ជាតិ ដែល​វាធ្វើ​ឲ្យ​បាត់​បង់​ប្រព័ន្ធ​អេកូឡូស៊ី ជា​ពិសេស​ប្រភព​ទឹក។

លោក ហេង គឹមហុង ប្រាប់​វីអូអេ​ថា៖ «មាន​តែ​ការ​ផ្តល់​ជា​ជំហរ​នូវ​មូល​ហេតុ​សមរម្យ ហើយ​សម​ស្រប​និង​មាន​ការ​ចូល​រួម​ពិភាក្សា​ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ និង​ការ​ធ្វើ​ការ​វាយ​តម្លៃ​ឲ្យបាន​ស៊ី​ជម្រៅ​តាម​រយៈ​កម្មវិធី​វាយ​តម្លៃ​(ផល)ប៉ះពាល់​បរិស្ថាន ដែល​យើង​អាច​ដឹង​ដែល​យើង​អាច​ឲ្យ​គ្រប់​ភាគី​ទាំង​អស់​ទាំង​សង្គម​ស៊ីវិល ទាំង​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួល​រង[ផល​ប៉ះពាល់​ដោយ]​ផ្ទាល់​នៃ​ការ​អភិវឌ្ឍន៍​មួយ​នោះ គាត់​អាច​ដឹង​(និង​)អាច​ឮ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​គិត​ថា​គម្រោង​អភិវឌ្ឍន៍​នោះ នឹង​មាន​សារៈ​សំខាន់​អ្វីខ្លះ​សម្រាប់​ពួក​គាត់ និង​សេដ្ឋ​កិច្ចជាតិ»។

អ្នក​តាម​ដាន​ក៏​បាន​បង្ហាញ​ការ​អប​អរ​សាទរ និង​គាំទ្រ​នូវ​ចំណាត់របស់​រដ្ឋា​ភិបាល តាម​រយៈ​ការ​បង្ហាញ​មតិ​របស់​ពួកគេ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក។

លោក យ៉ង សាំង​កុមារ អ្នក​ជំនាញ​ផ្នែក​កសិកម្ម​ម្នាក់ និង​ជា​អ្នក​នយោបាយ​មួយ​រូប​មក​ពី​គណបក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន បាន​សរសេរ​សារ​នៅ​លើហ្វេស​ប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «នៅ​មាន​បឹង​ច្រើន​ទៀត​ដែល​ត្រូវ​រក្សា​ទុក​និង​ជីក​ឲ្យ​ជ្រៅ ហើយ​ដាំ​ព្រៃ​លិច​ទឹក​ឡើង​វិញ​បង្កើតជា​កន្លែង​ជម្រក​ត្រី​ធម្មជាតិ»។

ចំណែក​លោក ចាន់ សុផល នាយក​នៃ​មជ្ឈ​មណ្ឌល​សិក្សា​គោល​នយោបាយ​និង​ជា​អ្នក​ស្រាវ​ជ្រាវ​ផ្នែក​សេដ្ឋកិច្ច​មួយ​រូប ក៏​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ​គាំទ្រ​នូវការ​សម្រេច​របស់​រដ្ឋា​ភិបាល​ក្នុង​ការ​មិន​ផ្តល់​បឹង​ធម្ម​ជាតិ​នេះ​សម្រាប់​ការ​អភិវឌ្ឍន៍។ លោក​បន្ត​ថា​កាល​ពី​កន្លង​ទៅ លោក​មើល​ឃើញ​ថា​បឹង​ជា​ច្រើន​ត្រូវ​បានលុប​ដែល​ធ្វើ​ឲ្យ​លោក​មាន​«កា​រខក​ចិត្តខ្លាំង»។

លោក​សរសេរ​យ៉ាង​ដូច្នេះ​ថា៖ «កន្លង​មក​ខ្ញុំ​មាន​ការ​ខកចិត្ត​ខ្លាំង​ដែល​បឹង​ជា​ច្រើន​កន្លែង​ត្រូវ​បាន​លុប​បំបាត់​ដើម្បី​មហិច្ឆតា។ មាន​ពេល​មួយ​នោះ​ខ្ញុំ​ចង់​សសេរ​ថា​បើ​ទិញ​ផ្ទះ​ជាប់​បឹង​មិន​ប្រាកដ​ថា​នឹង​បាន​នៅ​ជាប់​មាត់​ទឹក​យូរ​អង្វែង​ទេ។ បើ​ចង់​នៅ​ក្បែរ​ទឹក សូម​កុំទិញ​ដី​នៅ​ក្បែរ​មាត់​បឹង សូម​ទិញ​ដី​នៅ​ក្បែរ​មាត់​ទន្លេ​ពី​ព្រោះ​គេ​មិន​ងាយ​លុប​ទន្លេ​បាន​ទេ»។

គួរ​បញ្ជាក់​ថា​ភូមិ​សាស្រ្ត​ស្រុក​ខ្សាច់​កណ្តាល និង​ស្រុក​ល្វាឯម ដែល​ព័ទ្ធ​ដោយ​ទន្លេ ត្រូវ​បាន​រំពឹង​ថា​នឹង​ក្លាយ​ជា​ប៉ូល​សេដ្ឋកិច្ច​មួយ​ទៀត​ដែល​នៅ​ជិត​រាជធានី​ភ្នំពេញ ខណៈ​ក្រុមហ៊ុន​មួយ​ចំនួន រួម​មាន​ក្រុមហ៊ុន​ ឃុន សៀ កំពុង​អភិវឌ្ឍ​តំបន់​នោះ ហើយ​ក្រុមហ៊ុន​នេះ​កាល​ពី​ដើម​ខែ​កក្កដា ក៏​ត្រូវ​បាន​រិះគន់​អំពី​ការ​ចាក់​ថ្ម​ចូល​ទឹក​ទន្លេ ដើម្បី​ពង្រីក​ដី​ផង​ដែរ៕

XS
SM
MD
LG