ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​ខេត្ត​កណ្តាល៖​​ ការ​ចាក់​​ថ្ម​ក្នុង​ទឹកទន្លេ​ភូមិសាស្រ្ត​អរិយក្សត្រ​ជា​គម្រោង​​របស់​​ក្រុមហ៊ុន​ ឃុន សៀ


កន្លែង​ចាក់​ថ្ម​ចូល​ទឹក​ទន្លេ​ក្នុង​ភូមិសាស្រ្ត​អរិយក្សត្រ មើល​ពី​ចំណត​សាឡាង ដែល​ស្ថិត​នៅ​ក្រោម​គម្រោង​របស់​ក្រុមហ៊ុន ឃុន សៀ ​ថ្ងៃ​ទី៧ ខែកក្កដា ឆ្នាំ២០២១។ (រូបថត​ផ្តល់ឲ្យ​ដោយ ព្រីង សំរាំង)
កន្លែង​ចាក់​ថ្ម​ចូល​ទឹក​ទន្លេ​ក្នុង​ភូមិសាស្រ្ត​អរិយក្សត្រ មើល​ពី​ចំណត​សាឡាង ដែល​ស្ថិត​នៅ​ក្រោម​គម្រោង​របស់​ក្រុមហ៊ុន ឃុន សៀ ​ថ្ងៃ​ទី៧ ខែកក្កដា ឆ្នាំ២០២១។ (រូបថត​ផ្តល់ឲ្យ​ដោយ ព្រីង សំរាំង)

អភិបាល​ខេត្ត​កណ្តាល​អះអាង​ថា​ការ​ចាក់​ថ្ម​ចូល​ទឹក​ទន្លេ​ក្នុង​ភូមិសាស្រ្ត​អរិយក្សត្រ ជា​គម្រោង​អភិវឌ្ឍន៍​របស់ក្រុមហ៊ុន ឃុន សៀ (Khun Sea Development Group) ដែល​បាន​ជួល​ដី​រដ្ឋ​ចំនួន៧០ហិកតា ក្នុង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​តាម​ដង​ទន្លេ។

ស្រប​ពេល​នឹង​ការ​បញ្ចេញ​ឈ្មោះ​ក្រុមហ៊ុន ក្រោយ​មាន​ការ​ព្រួយ​បារម្ភ​រឿង​ចាក់​ថ្ម​ចូល​ទន្លេ តំណាងក្រុមហ៊ុន​អះអាង​ថា​ក្រុមហ៊ុននឹង​អភិវឌ្ឍ​តំបន់​នោះ​ ឲ្យ​ដូចជា​ទីក្រុង​ហុងកុង​នា​ពេល​រាត្រី​ ដែលអាច​មើល​ឃើញ​ទឹកទន្លេ​បាន។

ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ អ្នក​ធ្វើ​ដំណើរ​តាម​សាឡាងពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ត្រើយ​អរិយក្សត្រ​នៃ​ភូមិសាស្ត្រ​ស្រុក​ល្វាឯម ខេត្ត​កណ្តាល នឹង​ឃើញ​សកម្មភាព​នៃ​ការ​ចាក់​ថ្ម ដើម្បី​ភ្ជាប់​គ្នា​ក្នុង​ទឹក។

ក្រោយ​ឃើញការ​ចាក់​ថ្ម​ចូលទន្លេបែប​នេះ និង​មាន​ការ​ព្រួយ​បារម្ភ​ពី​ក្រុម​ស្រឡាញ់​បរិស្ថាន​ អភិបាល​ខេត្ត​កណ្តាល​ លោក ​គង់ សោភ័ណ្ឌ​ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ កាល​ពី​ថ្ងៃ​អង្គារ​ថា​វា​ជាគម្រោង​អភិវឌ្ឍន៍របស់​ក្រុមហ៊ុន​ ឃុន សៀ ​ដែល​មាន​លោក​ឧកញ៉ា​ ឃុន សៀ ជា​ម្ចាស់ក្រុមហ៊ុន។ លោក ឃុន​ សៀ ​ត្រូវបាន​គេស្គាល់​ថាជា​អ្នក​រកស៊ី​ខាង​អចលនទ្រព្យ​មួយ​រូបនិង​បាន​ជួលដីរដ្ឋ​តាម​តំបន់​កោះ​នៅ​កន្លែង​ផ្សេង​ទៀត ​ដើម្បី​អភិវឌ្ឍ​ជា​ទីក្រុង​រណប​ផ្សេងៗ។

អភិបាល​ខេត្ត​កណ្តាល​ដដែលបាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថាការចាក់​ថ្ម​ ឬចាក់គ្រឹះ​នៅក្នុង​ទន្លេនេះ​ គឺជាការចាប់​ផ្តើម​នៃការ​អភិវឌ្ឍមួយ​។ លោក​បន្ថែម​ថា​ការ​ចាក់ថ្មនេះ​ មានការ​សិក្សា​ពី​អ្នកជំនាញ​ផ្នែកបរិស្ថាន​គ្រប់ស្ថាប័ន​រួច​ហើយ ​ដើម្បី​ធានា​មិនឲ្យ​ប៉ះពាល់​លំហូរ​ទឹក​ទន្លេ។

កន្លែង​ចាក់ថ្ម​ចូល​ទឹកទន្លេ​ដែល​ស្ថិត​ក្នុង​ភូមិ​អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)
កន្លែង​ចាក់ថ្ម​ចូល​ទឹកទន្លេ​ដែល​ស្ថិត​ក្នុង​ភូមិ​អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

តំណាង​ក្រុមហ៊ុន ​លោក​ សេង ផេង ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ក្រុមហ៊ុន​បាន​ជួលដីរដ្ឋ​ចំនួន​៧០​ហិកតា​ រយៈពេល​៥០ឆ្នាំ ដោយបាន​ដោះស្រាយ​រួចរាល់​ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​មាន​ផ្ទះ​នៅ​ទីនោះ។ លោក​បញ្ជាក់​ថា​ក្រុមហ៊ុន​នឹង​អភិវឌ្ឍតំបន់​នោះ​ឲ្យ​ដូច​ជា​នៅទីក្រុង​ហុង​កុង ​ដែល​អាច​មើល​ឃើញ​ទឹក​ទន្លេ​នា​ពេល​យប់។ លោក​បន្ថែម​ថា​ក្រុម​ហ៊ុន​នឹង​ស្ថាបនា​សំណង់​នានា ​ដើម្បី​ធានា​ការ​ទប់​ច្រាំង​ទន្លេ​ផងដែរ។

បើ​តាម​លោក​ សេង ផេង ​ក្រុមហ៊ុន​នឹង​ស្ថាបនា​សួន ​និងផ្លូវ​តាម​មាត់​ទន្លេ ដែល​សរុបមាន​ចម្ងាយ​ប្រមាណ​៥០ម៉ែត្រ​ពី​កន្លែង​សង់អគារ។ លោក​ សេង ផេង ឲ្យ​ដឹង​ថា​មាន​ការ​ប៉ាន់​ប្រមាណ​លើ​ការចំណាយ​វិនិយោគ​នេះ ចន្លោះ​ពី​១៥០០លាន​ទៅ​២៥០០លាន​ដុល្លារ​អាមេរិក។

ទោះ​ជា​យ៉ាងណា ​តំណាង​ក្រុម​ហ៊ុន​ស្ទាក់​ស្ទើរ​ក្នុង​ការ​បញ្ជាក់​ថាតើ​ការ​ចាក់ថ្ម​នោះ​ជា​របស់​ក្រុមហ៊ុន ឃុន សៀ ឬ​យ៉ាងណា ​ខណៈ​លើក​ឡើង​ថា​ក្រុមហ៊ុន​មិន​មាន​ដីក្បែរ​កន្លែង​ជិះសាឡាង​អរិយក្សត្រ​នោះ​ទេ។​

ក្រោយ​មក​ លោក​ សេង ផេង បាន​លើក​ឡើង​ថា​លោកនឹង​ពិភាក្សា​ជាមួយ​អគ្គនាយក​ក្រុមហ៊ុន​ គឺលោក​ឧកញ៉ា​ ឃុន សៀ ​មុន​នឹង​បញ្ជាក់​ត្រង់ចំណុច​នេះ។

លោក​បានឲ្យ​ដឹង​នៅ​ពេល​រសៀល​ថ្ងៃ​ពុធ​ថា​អគ្គនាយក​របស់​ក្រុមហ៊ុន​បញ្ជាក់​ថា​ការ​ចាក់​ថ្ម​ចូល​ទន្លេ ស្ថិត​នៅ​ក្រោម​ការងារ​របស់​ក្រុមហ៊ុន​សម្រាប់​ការ​អភិវឌ្ឍ។

កន្លងទៅ មាន​ការចុះផ្សាយថាក្រុមហ៊ុន ឃុន សៀ ​បាន​បូម​ខ្សាច់ ចាក់លុប​តាម​ដងទន្លេមេគង្គ ស្ថិត​នៅ​ឃុំអរិយ​ក្សត្រ ស្រុកល្វាឯម​ ខេត្ត​កណ្តាល​ ​សម្រាប់​គម្រោងអភិវឌ្ឍន៍របស់​ក្រុមហ៊ុន ដែល​ប្រហាក់​ប្រហែល​នឹង​គម្រោង​របស់កោះពេជ្រ​ គឺ​ក្រុមហ៊ុនOCIC។

លោក​ឧកញ៉ា ឃុន សៀ ដែល​ធ្លាប់​មាន​ប្រវត្តិ​នៃ​ជម្លោះដីធ្លី​ជាមួយ​ប្រជាពលរដ្ឋនៅ​តំបន់​បឹងកក់ ធ្លាប់បាន​បរិច្ចាគ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​ទៅ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ផង​ដែរ ដើម្បីចូលរួម​ចំណែក​ក្នុង​វិបត្តិអ្វីមួយ ​ដូចជា​ជំងឺ​កូវីដ១៩​ជាដើម។ កាល​ពី​ចុង​ឆ្នាំ​២០២០ លោក​ឧកញ៉ា ឃុន សៀ ​បាន​បរិច្ចាគ​ថវិកា​៥០​ម៉ឺន​ដុល្លារដល់​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន​ ដើម្បី​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩។

កន្លែង​ចាក់ថ្ម​ចូល​ទឹកទន្លេ​ដែល​ស្ថិត​ក្នុង​ភូមិ​អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)
កន្លែង​ចាក់ថ្ម​ចូល​ទឹកទន្លេ​ដែល​ស្ថិត​ក្នុង​ភូមិ​អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល កាលពី​ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១។ (ស៊ុន ណារិន/វីអូអេ)

ស្រប​ពេល​មាន​ការ​ចាក់​ថ្ម​ចូល​ទឹក​ទន្លេ​ក្នុងភូមិសាស្រ្ត​អរិយក្សត្រ​ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​មិន​ឆ្ងាយ​ពី​ទឹក​ទន្លេ​ បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​អំពី​ការ​បណ្តេញចេញ​នៅ​ពេល​ខាង​មុខ ខណៈ​ពួកគេ​មិន​មាន​ព័ត៌មាន​អំពី​ការ​អភិវឌ្ឍ​នៅ​ទីនោះ​នៅឡើយ​ទេ។

លោក ​គ្រឿន​ រ៉ាវិដ្ឋ​ អាយុ​២៧​ឆ្នាំ​ជាប្រជា​ពល​រដ្ឋ​ម្នាក់​ដែល​រស់​នៅ​ទីនោះ​ បាន​ប្រាប់​វីអូអេកាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ថា​សកម្មភាព​នៃ​ការ​ចាក់​ថ្ម​ ធ្វើ​ឡើង​នៅ​ពេល​រៀង​ល្ងាច​បន្តិច​ រហូត​ដល់​យប់​ជ្រៅ។ លោក​បន្ត​ថា​បច្ចុប្បន្ន​នេះ មាន​ការ​បូមខ្សាច់​ចាក់​បញ្ចូល​ផង​ដែរ។

លោក​បារម្ភ​គម្រោង​អភិវឌ្ឍន៍​នេះ​នឹង​ប៉ះពាល់ផ្ទះសម្បែង​របស់​លោក និង​អ្នក​ភូមិ​ផ្សេង​ទៀត។

លោកនិយាយ​ថា៖ «ខ្លាច​គេ ធ្វើ​មក​ប៉ះពាល់​ផ្ទះ​យើង​អីចឹង តែ​អត់​ដឹង​និយាយ​ម៉េច»។

ប្រធាន​កម្ម​វិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​របស់​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង ​ប្រាប់​VOAថាការ​ចាក់​ថ្ម​នេះ ហាក់​មាន​ភាព​ស្រពេចស្រពិល ដោយសារ​អាជ្ញាធរ​ពីដំបូង​ឡើយ​ស្ទាក់​ស្ទើរ​ក្នុង​ការ​បញ្ចេញ​ព័ត៌មាន។ លោក​ព្រួយ​បារម្ភ​អំពី​ការ​អភិវឌ្ឍ​សំណង់នានា​លើ​ទឹក​ទន្លេ​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ចរន្ត​ទឹក​ហូរ ខណៈ​មាន​គម្រោង​ធំៗ​មួយចំនួន​ដូច​ជាកោះពេជ្រ​និង​កោះនរា​របស់​ក្រុមហ៊ុន​OCIC។ លោក​ជំរុញ​ឲ្យមាន​ការ​ផ្សព្វ​ផ្សាយអំពី​ការ​វាយ​តម្លៃ​ហេតុ​ផល​ប៉ះពាល់​បរិស្ថាន​ជាសាធារណៈ។

ទាក់​ទង​នឹង​ការ​ចាក់​ថ្ម​របស់​ក្រុមហ៊ុន ឃុន សៀ ​លោក ​ហេង គឹមហុង អះអាង​ថា​មើល​ទៅ​មិន​មែន​ជា​ការ​ទប់ច្រាំង​នោះ​ទេ គឺ​អាច​ជា​ការ​ពង្រីកដី ដោយសារ​គំនរ​ថ្ម​នៅ​ឆ្ងាយ​ពី​ច្រាំង។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ឃើញ​ថា​គឺ​ជា​សកម្មភាព​ចាក់​ថ្ម​ចូល​ទៅក្នុង​ផ្ទៃ​ទន្លេ​តែ​ម្តង​ មិន​មែន​ជា​សកម្មភាព​ចាក់​ថ្ម​ ដើម្បី​ទប់​ច្រាំង​ទន្លេ​ទេ ពីព្រោះ​កន្លែង​ដែល​មាន​ដី​ដុះ​ចេញ​ពី​ការ​ចាក់​នោះ វា​មាន​ចម្ងាយ​ឆ្ងាយ វា​មិន​នៅ​កណ្តាល​ផ្ទៃ​ទន្លេ​ទេ ប៉ុន្តែ​វា​មាន​ចម្ងាយ​ឆ្ងាយ​ពីច្រាំង»។

លោក នេត្រ ភក្រ្តា​ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ ដោយ​ស្នើ​ឲ្យ​ទាក់ទង​ទៅ​ក្រសួង​ធនធា​នទឹកវិញ។

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ ចាន់ យុត្ថា ​រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​បាន​នៅឡើយ​ទេ​នា​ថ្ងៃ​ពុធ​នេះ។

គួរ​បញ្ជាក់​ថា​កាលពី​ខែ​ឧសភា ​ឆ្នាំ២០២០ ​រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​លោក ​លឹម គានហោ ​បាន​ព្រមាន​អំពី​គ្រោះ​មហន្តរាយ​ទឹក​ជំនន់​ ដែល​នឹង​អាច​មាន​ឡើង​ដោយសារ​តែ​ការ​ចាក់​ដីលុប​ និង​ការ​សាងសង់​បិទ​ផ្លូវ​ទឹក​នានា។ លោក​បានជំរុញ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ​និង​អភិបាល​ខេត្ត​ទាំង​អស់​ជួយ​ទប់​ស្កាត់​ការ​រំលោភ​ចាក់​ដី​លុប​ចំណី​មាត់​ច្រាំង​ទន្លេ ​ស្ទឹង​ ព្រែក​ អូរ​ ប្រឡាយ​ អាង​ទឹក បឹង​បួ៕

XS
SM
MD
LG