នៅថ្ងៃពុធនេះ តុលាការកំពូលបានសម្រេចបន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំងឲ្យនៅក្នុងពន្ធនាគារ ដោយអះអាងថា ដើម្បីការពារសុវត្ថិភាពរបស់ជនត្រូវចោទ និងចៀសវាងកើតមានភាពអសន្តិសុខក្នុងសង្គម។ ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា លើកឡើងថា ការបន្តឃុំខ្លួននេះ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងសុខភាពកូនក្តីរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។
ក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលនៅថ្ងៃពុធនេះ ប្រកាសច្រានចោលបណ្តឹងសុំនៅក្រៅឃុំ ជុំទី២របស់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ដោយសម្រេចបន្តឃុំខ្លួនលោកក្នុងពន្ធនាគារដដែល។
ក្នុងសវនាការរយៈពេលជិតមួយម៉ោងដែលមិនមានវត្តមានរបស់លោក កឹម សុខា មេធាវីទាំងបួនរូប រួមមានអ្នកស្រី ម៉េង សុភារី លោក ចាន់ ចេន លោក ផែង ហេង និងលោក ផាន់ ចាន់ស័ក្តិ បានស្នើឲ្យក្រុមប្រឹក្សាអង្គជំនុំជម្រះអនុញ្ញាតឲ្យលោក កឹម សុខា បាននៅក្រៅឃុំ និងធានាថាលោក កឹម សុខា នឹងចូលរួមគ្រប់នីតិវិធីសវនាការទៅតាមការកោះហៅរបស់តុលាការ។
ក្នុងសវនាការដែលមិនអនុញ្ញាតឲ្យមានការថតរូបនិងថតសំឡេងនោះ ក្រុមមេធាវីតំណាងលោក កឹម សុខា បញ្ជាក់ថា កូនក្តីរបស់ខ្លួនកំពុងមានជំងឺលើសឈាម និងជំងឺឆ្អឹងត្បៀតសរសៃ ដែលត្រូវការការព្យាបាល និងវះកាត់ដោយពេទ្យជំនាញជាបន្ទាន់។ ពួកគេបន្ថែមថា ការបន្តឃុំខ្លួនលោក កឹម សុខា ក្នុងពន្ធនាគាររហូតដល់ជិតមួយឆ្នាំដោយមិនមានសវនាការ គឺជាការឃុំខ្លួនដែលមិនសមហេតុផលនិងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងសុខភាពរបស់លោកកាន់តែធ្ងន់ធ្ងរ។
មេគណបក្សជំទាស់ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចសម្រុកចូលចាប់ខ្លួនពីក្នុងផ្ទះទាំងកណ្ដាលយប់រំលងអាធ្រាត្រ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ ដោយចោទលោកពីបទ «ក្បត់ជាតិ» និងបញ្ជូនលោកទៅឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តត្បូងឃ្មុំ ដែលជាខេត្តមានព្រំប្រទល់ជាប់ប្រទេសវៀតណាម។ ក្រោយការចាប់ខ្លួន លោក កឹម សុខា ប្រធានគណបក្សជំទាស់ដ៏ធំនៅកម្ពុជា ត្រូវបានរំលាយចោលភ្លាមៗ និងមិនអនុញ្ញាតឲ្យចូលរួមការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីខែកក្កដាកន្លងទៅនោះទេ។
រហូតមកដល់ពេលនេះ លោក កឹម សុខា ត្រូវបានឃុំខ្លួនអស់រយៈពេលជិតមួយឆ្នាំមកហើយ ដោយមិនត្រូវបានអនុញ្ញាតឲ្យមានការចូលសួរសុខទុក្ខទេ ក្រៅពីមេធាវី និងក្រុមគ្រួសាររបស់លោក។
យ៉ាងណាក៏ដោយ អគ្គព្រះរាជអាជ្ញា លោក អ៊ុក គឹមសិទ្ធិ លើកឡើងថា ការអះអាងរបស់មេធាវីទាំងនោះមិនសមហេតុផល និងបានស្នើឲ្យក្រុមប្រឹក្សាអង្គជំនុំជម្រះបន្តឃុំខ្លួនលោក កឹម សុខា ដើម្បីការពារសុវត្ថិភាពរបស់ជនត្រូវចោទ ជៀសវាងអសន្តិសុខសង្គម និងថាពន្ធនាគារមានពេទ្យសម្រាប់ពិនិត្យនិងព្យាបាលជំងឺរបស់លោក កឹម សុខា រួចហើយ។
ក្រោយបញ្ចប់សវនាការនិងថយទៅពិភាក្សាអស់រយៈពេលជិតពីរម៉ោង ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះ ចៅក្រម គង់ ស្រ៊ីម បានប្រកាសច្រានចោលបណ្តឹងសុំនៅក្រៅឃុំជុំទី២របស់លោក កឹម សុខា និងសម្រេចតម្កល់សាលដីការបស់សាលាឧទ្ធរណ៍ទុកជាបានការ ដោយយោងមូលហេតុថា ការសម្រេចរបស់សាលាឧទ្ធរណ៍មានភាពត្រឹមត្រូវតាមច្បាប់ និងថា សេចក្តីសន្និដ្ឋានរបស់អគ្គព្រះរាជអាជ្ញាតុលាការកំពូលសមស្របទទួលយកបាន។
លោក គង់ ស្រ៊ីម ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះតុលាការកំពូលប្រកាសក្នុងសាលសវនាការតាមន័យដើមថា៖
«សម្រេចបដិសេធបណ្តឹងសារទុក្ខរបស់មេធាវីរបស់លោក កឹម សុខា។ តម្កល់សាលដីកាព្រហ្មទណ្ឌរបស់សភាស៊ើបសួរសាលាឧទ្ធរណ៍ទុកជាបានការទាំងមូល»។
លោក ផែង ហេង មេធាវីមួយរូបដែលបានជួបលោក កឹម សុខា ក្នុងពន្ធនាគារនាកាលពីថ្ងៃចន្ទ ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សវនាការនៅខាងក្រៅតុលាការកំពូលថា មេធាវីសោកស្តាយចំពោះការសម្រេចបន្តឃុំខ្លួនលោក កឹម សុខា ខណៈដែលលោកកំពុងមានជំងឺត្រូវធ្វើការវះកាត់។ លោកបន្ថែមថាក្រុមមេធាវីនឹងទៅជួបជាមួយលោក កឹម សុខា ដើម្បីពិភាក្សាថានឹងត្រូវធ្វើអ្វីជាបន្ត។
លោកបញ្ជាក់ថា៖
«យើងយល់ថាជាការសោកស្តាយជំនួសកូនក្តីដែរ ដោយសារតែអ្វីដែលមេធាវីបានលើកឡើង ប្រឹងប្រែង មធ្យោបាយដើម្បីបង្ហាញភស្តុតាង បង្ហាញអង្គហេតុហ្នឹងគ្រប់គ្រាន់ដែរហើយ ប៉ុន្តែធ្វើម៉េចបើតុលាការមិនសម្រេចដោះលែង អញ្ចឹងយើងមានតែសោកស្តាយចំពោះលទ្ធផលព្រឹកមិញនេះ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីចុងខែមីនាឆ្នាំ២០១៨បានប្រកាសថា លោកនឹងមិនដោះលែង ឬបន្ធូរបន្ថយទោសណាមួយ ឲ្យលោក កឹម សុខា ជាដាច់ខាត។
ខណៈសវនាការលោក កឹម សុខា កំពុងដំណើរនៅព្រឹកនេះ គេឃើញសមត្ថកិច្ចជាច្រើនសិបនាក់បានបិទផ្លូវ និងហាមឃាត់មិនឲ្យប្រជាពលរដ្ឋធ្វើដំណើរកាត់តុលាការកំពូលនោះទេ។
វត្តមានរបស់អ្នកសារព័ត៌មាន និងអ្នកគាំទ្រលោក កឹម សុខា នៅព្រឹកនេះ មានចំនួនច្រើនខុសពីសវនាការនាពេលកន្លងទៅ បន្ទាប់ពីមានការដោះលែងសកម្មជនដីធ្លី គឺអ្នកស្រី ទេព វន្នី អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូប និងអ្នកវិភាគនយោបាយ គឺលោក គឹម សុខ ជាបន្តបន្ទាប់នាពេលថ្មីៗនេះ។
នៅព្រឹកថ្ងៃពុធនេះ ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR-Cambodia) បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា ការដោះលែងសកម្មជនដីធ្លី និងអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូប នាពេលថ្មីៗនេះ គឺជាការវិវត្តជំហានមួយក្នុងទិសដៅដ៏ត្រឹមត្រូវ។ ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សដដែលសង្ឃឹមថា នឹងមានការដោះលែងអ្នកដទៃទៀតដែលឧត្តមស្នងការបញ្ជាក់ថា ពួកគេត្រូវបានជាប់ឃុំដោយសារតែការអនុវត្តសិទ្ធិរបស់ពួកគេផងដែរ។
សេចក្តីថ្លែងការណ៍របស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនោះ ត្រូវបានសរសេរក្នុងន័យដើមថា៖
«យើងសង្ឃឹមថាអ្នកដទៃទៀតដែលត្រូវបានជាប់ឃុំដោយសារតែពួកគេអនុវត្តសិទ្ធិមនុស្សរបស់ពួកគេនោះ ក៏នឹងត្រូវដោះលែង រាប់ទាំងអតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ផងដែរ ដែលការឃុំខ្លួនលោក ត្រូវបានក្រុមការងាររបស់អង្គការសហប្រជាជាតិស្តីពីការឃុំខ្លួនដោយបំពាននៅក្នុងសេចក្តីអធិប្បាយលេខ ៩/២០១៨ ដែលបានចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ចាត់ទុកថាជាការឃុំខ្លួនដោយបំពាន»។
ក្រោយការចាប់ឃុំខ្លួនលោក កឹម សុខា គេឃើញស្ថាប័នអន្តរជាតិធំៗជាច្រើនបានប្រតិកម្ម និងរិះគន់រដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់។ កាលពីដើមខែឧសភានេះ ក្រុមការងារអង្គការសហប្រជាជាតិទទួលបន្ទុកដោះស្រាយការឃុំខ្លួនដោយបំពាន និងអង្គការសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្ស បានហៅការចាប់ឃុំខ្លួនលោក កឹម សុខា ថា ជាទង្វើដែលគួរឲ្យអាម៉ាស់ និងអមនុស្សធម៌ ព្រមទាំងបានទាមទារឲ្យអាជ្ញាធរកម្ពុជាដោះលែងលោកជាបន្ទាន់។
ចំណែកស្ថាប័ន និងអង្គការអន្តរជាតិធំៗជាច្រើនទៀត រួមមានសហគមន៍អឺរ៉ុប អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ព្រមទាំងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនទៀត ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងលោក កឹម សុខា ជាបន្ទាន់ ដោយឥតលក្ខខណ្ឌផងដែរ៕