តុលាការក្រុងភ្នំពេញបានចេញដីកាបង្គាប់ឲ្យអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចូលខ្លួននៅខែកញ្ញាខាងមុខ ដើម្បីបំភ្លឺពីបទ «ប្រមាថចំពោះអង្គព្រះមហាក្សត្រ»។ នេះបើតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញដែល VOAទទួលបាន។
ការបង្គាប់ឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរដ្ឋាភិបាលរំលាយចោលកាលពីឆ្នាំមុននោះ កើតមានឡើង ក្នុងពេលមានការដោះលែងអ្នកវិភាគនយោបាយ សកម្មជនការពារសិទ្ធិលំនៅដ្ឋាន និងអ្នកកាសែតជាបន្តបន្ទាប់នៅខែសីហានេះ។
យោងតាមដីកាបង្គាប់ឲ្យចូលខ្លួនរបស់ចៅក្រមស៊ើបសួរលោក ហម ម៉េងសែ ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨បានសរសេរក្នុងន័យដើមថា៖
«បង្គាប់មកឈ្មោះ សម រង្ស៊ី ភេទប្រុស កើតនៅថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៤៩ ជនជាតិខ្មែរ...ឲ្យចូលមកកាន់សាលាដំបូងរាជធានីភ្នំពេញ[...]នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៩ និង០០នាទីព្រឹក ជាកំណត់ ដើម្បីសាកសួរពីដំណើររឿង ប្រមាថចំពោះអង្គព្រះមហាក្សត្រ ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងទីកន្លែងផ្សេងទៀត កាលពីថ្ងៃទី៦ ៧ និងទី១០ ខែមិថុនា ឆ្នាំ២០១៨។
ការចោទប្រកាន់របស់តុលាការមកលើលោកសម រង្ស៊ី ដែលពេលនេះ កំពុងរស់នៅដោយនិរទេសខ្លួន នៅឯប្រទេសបារាំង បានធ្វើឡើង បន្ទាប់ពីអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានអធិប្បាយទៅលើរាជសាររបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម សីហមុនី ដែលបានអំពាវនាវឲ្យប្រជារាស្ត្រព្រះអង្គទៅបោះឆ្នោតកាលពីចុងខែកក្កដាថា ជា «រាជសារក្លែងក្លាយ»។
បទចោទប្រកាន់នេះ ត្រូវបានធ្វើឡើង ដោយមានបញ្ជាពីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកអង្គ វង្សវឌ្ឍនា ដែលបានស្នើឲ្យស្ថាប័នយុត្តិធម៌ ពិនិត្យភាពស្របច្បាប់នៃការអធិប្បាយរបស់លោក សម រង្ស៊ី។
ក្នុងបទចោទប្រមាថចំពោះអង្គព្រះមហាក្សត្រនេះ លោក សម រង្ស៊ី ដែលបច្ចុប្បន្នជាមេដឹកនាំចលនាសង្គ្រោះជាតិ ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅម្តងរួចមកហើយកាលពីខែមិថុនា។
ក្រោយការកោះហៅនោះ លោក សម រង្ស៊ី បានប្រើប្រាស់ទំព័រហ្វេសប៊ុករបស់លោក វាយបកមកស្ថាប័នតុលាការវិញ ដោយលោកលើកឡើងថា លោកនៅតែជឿជាក់ថា លិខិតដែលព្រះមហាក្សត្រ ចុះថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៨ ដែលអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នោះ គឺជាលិខិតក្លែងក្លាយដដែល។ លោកអះអាងថា លិខិតនោះ គឺជាលិខិតគ្មានតម្លៃ និងមិនអាចយកជាការបានទេ។
VOA ព្យាយាមសុំការអធិប្បាយពីលោក សម រង្ស៊ី ចំពោះការណ៍ដែលតុលាការបង្គាប់ឲ្យលោកចូលខ្លួននៅខែកញ្ញា តាមសារអេឡិចត្រូនិច(Email) តែលោកមិនទាន់ឆ្លើយតបនៅឡើយមកទល់នឹងរសៀលថ្ងៃពុធនេះ។ VOA ក៏មិនអាចសុំការអធិប្បាយពីលោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញបានដែរនៅថ្ងៃពុធដដែលនេះ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ បានប្រាប់VOAនៅថ្ងៃពុធនេះថា អ្នកនយោបាយមួយចំនួន នៅមិនទាន់ចែកឲ្យដាច់បាននូវសេរីភាពនៃការបញ្ចេញមតិ និងការប្រព្រឹត្តបទល្មើសនៅឡើយទេ។ លោកមិនធ្វើការអធិប្បាយលើការប្តឹងផ្តល់ លោក សម រង្ស៊ី នោះទេ តែថា អ្នកនយោបាយខ្មែរដល់ពេលត្រូវរួបរួមគ្នាហើយ។
«យើងចង់ឲ្យមានការចរចាគ្នារវាង ខ្មែរ និងខ្មែរធ្វើម៉េចឲ្យមាន ការរួមគ្នា ដើម្បីធ្វើការអភិវឌ្ឍ ប្រទេសយើងទាំងអស់គ្នា ហើយយើងជៀសជាង យើងលាបពណ៌ដាក់គ្នាទៅវិញទៅមក អាហ្នឹងវាធ្វើឲ្យ វាមិនល្អទេ អ៊ីចឹងគឺ ចង់ធ្វើយ៉ាងណា គឺឲ្យខ្មែរទំាងអស់ យើងរួបរួមគ្នា ហើយនាំគ្នាធ្វើការអភិវឌ្ឍទៅបាទ»។
លោក អំ សំអាត ថ្លែងបន្តទៀតថា បើអ្នកនយោបាយយកការរួបរួម ជាងការឈ្លោះប្រកែកគ្នានោះ ប្រទេសនឹងរីកចម្រើនបានលឿនទាំងខាងសេដ្ឋកិច្ច ខាងការលើកកម្ពស់សិទ្ធិមនុស្ស និងការជឿនលឿននៃដំណើរការប្រព័ន្ធនយោបាយប្រជាធិបតេយ្យនៅក្នុងប្រទេស។
«ខ្ញុំយល់ថា បើគ្រប់ភាគីទាំងអស់របស់ខ្មែរយើង មានការរួបរួមគ្នា យើងចំណេញច្រើនណាស់បាទ។ ទីមួយគឺយើងអាចអភិវឌ្ឍប្រទេសយើងបានជឿនលឿន ហើយមានការគាំទ្រពីសហគមន៍អន្តរជាតិនែ! អីចឹងគ្រប់វិស័យទាំងអស់ វាអាចនឹងរីកចម្រើន។ បញ្ហាទីពីរ ទាក់ទងបញ្ហាសិទ្ធិមនុស្ស បើយើងមានការរួបរួមគ្នា អីចឹង អាបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក៏វា មានសន្ទុះកើនឡើងខ្លាំង ហើយការគោរពសិទ្ធិមនុស្សក៏វាអាចវិវត្តជឿនលឿន ធានានូវការគោរពសិទ្ធិមនុស្សបានដែរបាទ»។
សម្រាប់លោក ជួង ជូងី មេធាវី ដែលរមែងការពារក្តីអ្នកនយោបាយមាននិន្នាការជំទាស់នឹងរដ្ឋាភិបាលយល់ថា ការប្តឹងផ្តល់ប្រឆាំងលោក សម រង្ស៊ី គឺគ្មានអ្វី ក្រៅតែពីរឿងនយោបាយនោះទេ។
«មិនមានអ្វីបកស្រាយទេ គ្រាន់តែថា សកម្មភាពរបស់លោក សម រង្ស៊ី គាត់ជាសកម្មភាពនយោបាយ ហើយគាត់ជាអ្នកនយោបាយ។ អីចឹង បញ្ហាទាំងឡាយ ដែលកើតមានចំពោះគាត់ ពាក់ព័ន្ធរឿងនយោបាយទាំងអស់ហ្នឹង»។
ចាប់តាំងពីមាត្រាមួយចំនួនក្នុងក្រមព្រហ្មទណ្ឌត្រូវបានធ្វើវិសោធនកម្ម ដោយចែងពីការដាក់ទោសអ្នកដែលប្រមាថព្រះមហាក្សត្រ តាំងពីខែកុម្ភៈមកនោះ លោក សម រង្ស៊ី គឺជាជនទីបួនហើយ ដែលត្រូវបានតុលាការកម្ពុជាកោះហៅពាក់ព័ន្ធនឹងការប្រមាថព្រះមហាក្សត្រ បន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមចំនួនបីរូបត្រូវបានចោទប្រកាន់កន្លងទៅ៕