ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​សង្កត់​ធ្ងន់​លើ​ការ​បោះឆ្នោត​ដែល​មិន​ពេញ​លក្ខណៈ


លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមការបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (AP Photo/Heng Sinith)
លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានចូលរួមការបោះឆ្នោតនៅការិយាល័យបោះឆ្នោតមួយ នៅក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (AP Photo/Heng Sinith)

គណបក្ស​ប្រជាជន​កម្ពុជា បាន​ឈ្នះ​យ៉ាង​ភ្លូកទឹក​ភ្លូកដី​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ ទី២៩ ខែ​កក្កដា ឆ្នាំ២០១៨ ដោយ​ទទួល​បាន​អាសនៈ​ទាំង​១២៥​របស់​រដ្ឋសភា​ជាតិ ដោយ​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ធំ​មួយ។ គណៈកម្មការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​បាន​រាយការណ៍​ពី​អត្រា​ខ្ពស់​នៃ​ចំនួន​អ្នក​បាន​ទៅ​បោះឆ្នោត បើ​ទោះ​ជា​មាន​ការ​អំពាវនាវ​មិន​ឲ្យ​ទៅ​បោះឆ្នោត​ពី​សំណាក់​គណបក្ស​សង្រ្គោះ​ជាតិ​និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​ដែល​អំពាវនាវ​ឲ្យ​ធ្វើ​ពហិការ​មិន​ទៅ​ចូលរួម​ការ​បោះឆ្នោត​ក៏​ដោយ។

មុន​ការ​បោះឆ្នោត អ្នក​ជំនាញ​បាន​ចោទ​សួរ​លើ​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​មិន​មាន​វត្តមាន​គណបក្ស​ប្រឆាំង​យ៉ាង​ដូច្នេះ។

លោក​ស្រី Astrid Noren-Nilsson សាស្ត្រាចារ្យ​នៅ​ឯ​សាកល​វិទ្យាល័យ Lund នៅ​ក្នុង​ប្រទេស ស៊ុយអែត បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​មួយ​ដែល​ចុះ​ផ្សាយ​ដោយ អង្គការ East Asia Forum កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៨ ​ថា គណបក្ស​ប្រជាជន​កម្ពុជា ទំនង​ជា​ឈ្នះ​ភ្លូកទឹក​ភ្លូក​ដី ហើយ​នឹង​ក្លាយ​ទៅ​ជា​ប្រទេស​ឯក​បក្ស​ក្នុង​ការ​អនុវត្ត​ជាក់ស្តែង ខណៈ​ដែល​ប្រទេស​នេះ​ប្រឹង​ប្រែង​រក្សា​រូបភាព​ប្រជាធិបតេយ្យ​បែប​ពហុបក្ស។

លោក​ អៀ សុផល ដែល​ជា​សាស្រ្តាចារ្យ​នៃ​មហា​វិទ្យាល័យ Occidental College នៅ​ឯ​ទីក្រុង Los Angeles បាន​និយាយ​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​គឺ​ជា​ការ​ខាត​បង់​ឱកាស​កសាង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយ​ការ​បោះឆ្នោត​នេះ​បាន​បង្ខំ​ឲ្យ​ប្រជាជន​ទៅ​បោះឆ្នោត​ដោយ​ពួកគេ​មិន​មាន​ជម្រើស​ដ៏​ពិត​ប្រាកដ។

លោក អ៊ា សុផល សាស្ត្រាចារ្យ​រង​នៃ​មហាវិទ្យាល័យ Occidental College ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​គ្នា​តាម​រយៈ​ប្រព័ន្ធ ​Skype​ ពី​ទីក្រុង​ Los Angeles កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (ហុង ចិន្តា/VOA)
លោក អ៊ា សុផល សាស្ត្រាចារ្យ​រង​នៃ​មហាវិទ្យាល័យ Occidental College ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​គ្នា​តាម​រយៈ​ប្រព័ន្ធ ​Skype​ ពី​ទីក្រុង​ Los Angeles កាលពី​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (ហុង ចិន្តា/VOA)

លោក អៀ សុផល បាន​និយាយ​ថា៖ «ផ្ទុយ​ទៅ​វិញ អ្នក​បង្ខំ​ឲ្យ​ពួកគេ​ទៅ​បោះឆ្នោត ហើយ​ទាញ​ដៃ​របស់​ពួក​គេ​ដាក់​ក្នុង​ទឹក​ខ្មៅ ហើយ​និយាយ​ថា ប្រសិន​បើ​អ្នក​មិន​ដាក់​ដៃ​របស់​អ្នក​នៅ​ក្នុង​ទឹក​ខ្មៅ ហើយ​មិន​បង្ហាញ​យើង​ថា​អ្នក​បាន​បោះឆ្នោត​ទេ អ្នក​មិន​បាន​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ឡើយ»។

ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត

លោក អ៊ូ វីរៈ ស្ថាបនិក​នៃ​ស្ថាប័ន​ស្រាវជ្រាវ​វេទិកា​អនាគត បាន​និយាយ​ថា ក្រៅ​ពី​ភាព​ជោគជ័យ​ដែល​គ្រប់គ្នា​សុទ្ធ​តែ​ក៏​អាច​ស្មាន​ដឹង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​ផ្តាច់​មុខ​លើ​ការ​បោះឆ្នោត​នោះ គណបក្ស​នេះ​ប្រឈម​នឹង​ការ​ពិបាក​ក្នុង​ការ​ពន្យល់​ពី​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត​នេះ។

លោក អ៊ូ ​វីរៈ បាន​និយាយ​ថា៖ «ខ្ញុំ​ថា​ស្រប​ច្បាប់ ប៉ុន្តែ​ស្រប​ច្បាប់​ហើយ​នឹង​ភាព​សមស្រប​ដែល​ទទួល​សិទ្ធិ​អំណាច​ពី​ប្រជា​ពលរដ្ឋ តាម​គេ​ហៅ​ថា​ភាព​សមស្រប​ ពាក្យ​អង់គ្លេស​គេ​ហៅថា Legitimacy ហ្នឹង ខ្ញុំ​ថា​អត់​ទេ។ ដោយសារ​អញ្ចឹង​បាន​ខ្ញុំ​ថា ទោះ​បី​គាត់​អាច​បង្កើត​ដោយ​តាម​ច្បាប់​ក៏​ដោយ គាត់​បង្កើត​រដ្ឋាភិបាល​ថ្មី​តាម​ច្បាប់​ក៏​ដោយ ក្នុង​បេះដូង​កែវ​ភ្នែក​របស់​មហាជន​វា​អាច​មាន​ជា​បញ្ហា​ដែរ ព្រោះ​អី​គាត់​ឃើញ​គណបក្ស​ប្រកួត គាត់​អត់​មាន​សិទ្ធិ​ក្នុង​ការ​ប្រកួត​គាត់​ដឹង​ថា​គាត់​ឈ្នះ​អញ្ចឹង។ រដ្ឋាភិបាល​មួយ​ថ្មី​នឹង​រង​នូវ​សម្ពាធ​ខ្លាំង​មែន​ទែន​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ ពីព្រោះ​គាត់​អត់​បាន​ជ្រើសរើស​អី​ដោយ​ឆន្ទៈ​ខ្លួន​ឯង​ផង»។

លោក​បាន​បន្ថែម​ថា៖ «ចំពោះ​ខ្ញុំ​គឺ​ត្រូវ​ការ​រៀប​ចំ​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ ទើប​ប្រហែល​ជា​ប្រជាពលរដ្ឋ​អាច​ទទួល​យក​ដោយ​ងាយ​ស្រួល»។

លោក Sebastian Strangio អ្នក​និពន្ធ​សៀវភៅ​«កម្ពុជា​របស់​លោក ​ហ៊ុន សែន‍» ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា «Hun Sen's Cambodia» បាន​និយាយ​ថា អត្រា​អ្នក​ទៅ​បោះឆ្នោត​ខ្ពស់ មិន​គ្រប់​គ្រាន់​នៅ​ឡើយ​ទេ ក្នុង​ការ​បំបាត់​ក្តី​បារម្ភ​ចំពោះ​ភាព​មិន​ត្រឹមត្រូវ​នៃ​ការ​បោះឆ្នោត។

រូបឯកសារ៖ លោក Sebatian Strangio អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០១៧​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​កិច្ចពិភាក្សា​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (VOA/ហុង ចិន្តា)
រូបឯកសារ៖ លោក Sebatian Strangio អ្នក​និពន្ធ និង​អ្នក​សារព័ត៌មាន ពិភាក្សា​អំពី​ការ​បោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ​២០១៧​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​កិច្ចពិភាក្សា​មួយដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មជ្ឈមណ្ឌល Stimson Center នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧។ (VOA/ហុង ចិន្តា)

លោក​បាន​ប្រាប់​វីអូអេ​ថា៖ «រាល់​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ពោរ​ពេញ​ទៅ​ដោយ​ប្រជាភិថុតិ ការ​ភ័យ​ខ្លាច ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ទម្រង់​ផ្សេងៗ​នៃ​ការ​ទិញ​សន្លឹក​ឆ្នោត»។

ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់ គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ការ​ពន្យល់​ពី​ការ​ឈ្នះ​ឆ្នោត​ដោយ​មិន​មាន​ដៃ​គូ​ប្រកួត​ប្រជែង។

លោក ពៅ សូរពង្ស ដែល​ជា​សាស្រ្តាចារ្យ​នៅ​ឯ​សាកល​វិទ្យាល័យ Ryerson University នៅ​ទីក្រុង Toronto បាន​ប្រាប់​សារព័ត៌មាន The Diplomat ថា កង្វះ​នៃ​ភាព​ត្រឹមត្រូវ​នៃ​ស្ថាប័នរដ្ឋ បាន​ធ្វើ​ឲ្យ​កម្ពុជា​ទោះ​តិច​ក្តី ច្រើន​ក្តី​គឺ​ស្ថិត​ក្នុង​និយម​ន័យ​នៃ​រដ្ឋ​ធម្មជាតិ តាម​ទ្រឹស្តី​របស់​ទស្សនៈ​វិទូ Thomas Hobbes ហើយ​នយោបាយ​ដើម្បី​តែ​រស់ នៅ​តែ​មាន​ភាព​រឹង​មាំ​ដដែល។ ដូច្នេះ​ខ្ញុំ​មិន​រំពឹង​ថា​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន​នឹង​ចុះចេញ​ដោយ​គ្មាន​ការ​បង្ហូរ​ឈាម​ទេ។ សម្រាប់​ខ្ញុំ នេះ​គឺ​ជា​សោកនាដកម្ម​ដ៏​ធំ​របស់​កម្ពុជា»។

បន្ថែម​លើ​ការ​ថ្កោល​ទោស​លើ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​ពី​សំណាក់​សហគមន៍​ជាតិ និង​អន្តរ​ជាតិ ភាព​ត្រឹម​ត្រូវ​នៃ​ការ​បោះឆ្នោត​នៅ​ក្នុង​កែវ​ភ្នែក​របស់​ប្រជាពលរដ្ឋ​កម្ពុជា អាច​នឹង​មាន​ភាព​ស្មុគស្មាញ​ច្រើន។ លោក Strangio បាន​បន្ថែម​ថា៖ «គំនិត​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​បោះឆ្នោត​ជ្រើស​រើស​ដោយ​ប្រជាធិបតេយ្យ ដើម្បី​ទទួល​បាន​ភាព​ត្រឹម​ត្រូវ គឺ​ជា​គំនិត​ដែល​ត្រូវ​បាន​ជំទាស់​ដោយ​មនុស្ស​មួយ​ចំនួន។ រដ្ឋាភិបាល​ចិន​មិន​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើស​រើស​ទេ ប៉ុន្តែ​ពួក​គេ​មាន​ភាព​រីករាយ​នឹង​អត្រា​ខ្ពស់​លើ​ការ​អនុម័ត​ច្បាប់​នានា និង​ទទួល​បាន​ការ​ទទួល​ស្គាល់​ជា​ខ្លាំង​ថា​មាន​ភាព​ត្រឹម​ត្រូវ ពីព្រោះ​រដ្ឋាភិបាល​នេះ​បាន​ធ្វើ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច និង​បញ្ហា​ផ្សេងៗ​ស្រដៀង​នេះ»។

លោក​ អ៊ូ វីរៈ យល់​ស្រប​ចំពោះ​បញ្ហា​នេះ។

លោក​បាន​ប្រាប់​វីអូអេ​ថា៖ «មាន​មតិ​ច្រើន​ដែល​គាត់​មិន​ទទួល​យក តែ​មាន​មតិ​មួយ​ចំនួន​ដែល​គាត់​ទទួល​យក ប៉ុន្តែ​ដូច​ខ្ញុំ​ថា​អញ្ចឹង ប្រជា​ពលរដ្ឋ ចុង​ក្រោយ​គាត់​មិន​ខ្វល់​ពី​អ្នក​នយោបាយ​ឬ​មួយ​គណបក្ស​នយោបាយ​ទេ។ គាត់​ខ្វល់​ពី​ប្រទេស​ជាតិ និង​ជីវភាព​របស់​គាត់។ ប្រសិន​បើ​រដ្ឋាភិបាល​ថ្មី​ហ្នឹង ទោះបី​ប្រឈម​នឹង​បញ្ហា​ចោទ​ប្រកាន់​ច្រើន​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​ក៏ដោយ ប្រសិន​បើ​រដ្ឋាភិបាល​ថ្មី​នឹង​រៀប​បាន​ល្អ មាន​ប្រសិទ្ធិ​ភាព មាន​តួអង្គ​ ដែល​អាច​រៀប​ចំ​គោល​នយោបាយ​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​ជាតិ​បាន​ច្រើន ខ្ញុំ​មើល​ទៅ​ប្រជាពលរដ្ឋ​នឹង​ទទួល​យក»។

ការ​ដាក់​ទណ្ឌកម្ម

សហគមន៍​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក បាន​ដាក់​ទណ្ឌកម្ម​ដែល​មាន​កម្រិត​មួយ​ចំនួន​លើ​កម្ពុជា​មុន​ការ​បោះឆ្នោត ដោយ​សហគមន៍​អឺរ៉ុប ក៏​ពិចារណា​ក្នុង​ការ​ដក​កម្ពុជា​ចេញ​ពី​ផែនការ​អនុគ្រោះ​ពន្ធ ដែល​អាច​ប៉ះពាល់​វិស័យ​កាត់​ដេរ​នៅ​កម្ពុជា ដែល​នាំ​ចេញ​ទៅ​អឺរ៉ុប​ដែល​ធ្លាប់​តែ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​កន្លង​មក។

លោក Strangio បាន​និយាយ​ថា ការ​ដាក់​សម្ពាធ​នយោបាយ​នឹង​មាន​លើ​រដ្ឋាភិបាល​ប៉ុន្តែ​សម្ពាធ​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​នេះ​អាច​នឹង​មាន​ប្រសិទ្ធភាព​ខ្ពស់​ជាង ក្នុង​ការ​ធានា​ឲ្យ​គោរព​សិទ្ធិ​មនុស្ស​អន្តរជាតិ។

លោក Strangio បាន​និយាយ​ថា៖ «វិនិយោគិន​ចូល​ចិត្ត​ស្ថិរភាព។ សហគមន៍​ជំនួញ ជា​ទូទៅ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា។ ខ្ញុំ​មិន​ឃើញ​ថា នឹង​មាន​ការ​ផ្លាស់​ប្តូរ​នា​ពេល​ឆាប់ៗ​ខាង​មុខ​ទេ។ ដរាប​ណា​ពួកគេ​អាច​ធានា​ស្ថិរភាព​នយោបាយ ហើយ​ពួកគេ​អាច​រារាំង​ចលនា​របស់​គណបក្ស​ប្រឆាំង ខ្ញុំ​គិត​ថា​យើង​នឹង​ឃើញ​ដំណើរ​ការ​អាជីវកម្ម​ដូច​ធម្មតា»។

រូបឯកសារ៖ លោក​ Wei Fenghe​ សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ ​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុន​កិច្ចជំនួបដែលធ្វើឡើងនៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។ (REUTERS)
រូបឯកសារ៖ លោក​ Wei Fenghe​ សមាជិក​ក្រុម​ប្រឹក្សា​រដ្ឋ​ ​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​ចិន ចាប់ដៃជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មុន​កិច្ចជំនួបដែលធ្វើឡើងនៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨។ (REUTERS)

លោក Strangio បាន​បន្ថែម​ថា៖ «ខ្ញុំ​គិត​ថា​មាន​ហានិភ័យ​មួយ ដែល​ជា​ហានិភ័យ​មក​ពី​ខាង​ក្រៅ គឺ​ថា​សហគមន៍​អឺរ៉ុប និង​សហរដ្ឋអាមេរិក លុប​ចោល​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​ទំនិញ​ទៅ​កាន់​ទីផ្សារ​របស់​ពួកគេ។ នេះ​វា​អាច​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ចំពោះ​ឧស្សាហកម្ម​ធំៗ​នៅ​កម្ពុជា។ ប៉ុន្តែ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក ក៏​ដឹង​ដែរ​ថា​ជំហាន​នេះ​អាច​បង្ក​គ្រោះភ័យ​ខ្លាំង ហើយ​អាច​ប៉ះពាល់​ដល់​កម្មករ​ជា​ច្រើន មុន​នឹង​ប៉ះពាល់​ដល់​មនុស្ស​មួយ​ក្រុម​ដែល​គ្រប់​គ្រង​អំណាច»។

ខណៈ​ដែល​ប្រទេស​លោក​ខាង​លិច រក្សា​គម្លាត​ពី​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ប្រទេស​ចិន​បាន​បង្កើន​ទំនាក់​ទំនង​ជា​មួយ​កម្ពុជា ដោយ​ផ្តល់​ជំនួយ និង​វិនិយោគ​ដល់​កម្ពុជា​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។

ខណៈ​ដែល​អ្នក​អត្ថាធិប្បាយ​មួយ​ចំនួន​សម្តែង​ក្តី​បារម្ភ​អំពី​ការ​ដែល​ពឹង​ទៅ​លើ​មហាអំណាច​សេដ្ឋកិច្ច​តែ​មួយ​របស់​កម្ពុជា អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ប្រឈម​ផ្នែក​ការទូត​ជា​មួយ​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត។ លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ប្រាប់​ផលិតករ​ភាពយន្ត​លោក Robert Lieberman កាល​ពី​ឆ្នាំ​២០១៥​ថា៖ «សម្រាប់​ខ្ញុំ​ គ្មាន​ការ​ព្រួយ​បារម្ភ​ទាំង​អស់ ជា​មួយ​នឹង​ឥទ្ធិពល​របស់​ចិន ឬ​ឥទ្ធិពល​របស់​អ្នកណា​ទេ។ បញ្ហា​សំខាន់​របស់​យើង គឺ​យើង​ត្រូវ​ខិត​ខំ ឲ្យ​ប្រទេស​របស់​យើង​មាន​ការ​អភិវឌ្ឍ​ឡើង»។

ប៉ុន្តែ​សម្រាប់​ប្រជាជន​កម្ពុជា ​វិនិយោគ​ចិន​ប៉ះពាល់​ដល់​ជីវភាព​របស់​ពួកគេ។ លោក Strangio បាន​ថ្លែង​ថា៖ «ប្រជា​ពលរដ្ឋ​កម្ពុជា​ធម្មតា មិន​ទទួល​បាន​ប្រយោជន៍​ច្រើន​ទេ​ពី​ការ​ធ្វើ​វិនិយោគ​របស់​ចិន។ មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​វិនិយោគ​ចិន។ ពួកគេ​បាត់បង់​ដី​ដោយសារ​គម្រោង​វិនិយោគ​ចិន ឬ​គម្រោង​ទំនប់​វារី​អគ្គិសនី​របស់​ចិន ឬ​ក៏​ពួកគេ​មិន​ត្រូវ​បាន​ជួល​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​ចិន​ទេ»។

លោក ​អ៊ូ វីរៈ​ បាន​និយាយ​ថា ជំនួយ​របស់​ប្រទេស​ចិន​មិន​អាច​ជំនួស​ពាណិជ្ជកម្ម​ជា​មួយ​សហភាព​អឺរ៉ុប​បាន​ទេ ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​បង្កើន​ពន្ធ​នាំ​ចូល​លើ​ទំនិញ​កម្ពុជា។ លើស​ពី​នេះ​ទៀត​កម្ពុជា​ធ្លាប់​ត្រូវ​បាន​ដាក់​ទណ្ឌកម្មពី​សំណាក់​ប្រទេស​លោក​ខាង​លិច បន្ទាប់​ពី​រដ្ឋប្រហារ​ឆ្នាំ១៩៩៧។

លោក អ៊ូ វីរៈ បាន​និយាយ​ថា៖ «យើង​ត្រូវ​ចាំ​ថា​៩៧​កាល​ហ្នឹង​យើង​ក្រ ហើយ​បើ​យើង​ចង់​ក្រ​ដូច​៩៧​វិញ ហ្នឹង​មាន​អី​យើង​ដើរ​ផ្លូវ​ហ្នឹង​បាន។ ហើយ​ទសវត្សរ៍​៨០​យើង​ក្រ​វេទនា ប្រសិន​បើ​យើង​ចង់​ក្រ​ទាំង​អស់​គ្នា បើ​ទាំង​អ្នក​ធំ អ្នក​មាន អ្នក​អី​ហ្នឹង​ក៏​ទៅ​ក្រ បើ​អ្នក​ក្រ​ក៏​នៅ​តែ​ក្រ ហ្នឹង​យើង​ដើរ​ទៅ​ទសវត្សរ៍​៨០​វិញ​បាន។ វា​នៅ​តែ​វេទនា​ទាំង​អស់​គ្នា​អញ្ចឹង»។

អ្នក​បោះឆ្នោត​វ័យ​ក្មេង

លោក Milton Osborne ដែល​ជា​អ្នក​និពន្ធ​សៀវភៅ «ប៉ុលពត​ដោះ​ស្រាយ​បញ្ហា​ជំងឺ​ឆ្លង» បាន​សរសេរ​នៅ​ក្នុង​អត្ថបទ​មួយ​ដែល​ផ្សាយ​ដោយ​សារព័ត៌មាន The Interpreter ថា ប្រជាជន​វ័យ​ក្មេង​របស់​កម្ពុជា នឹង​មាន​ឥទ្ធិពល​ខ្លាំង​លើ​អនាគត​របស់​ប្រទេស។

និស្សិត​នាំ​គ្នា​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​យុទ្ធនាការ​មួយ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) នៅ​រាជធានី ភ្នំពេញ ថ្ងៃ​ទី ៩ ខែ ឧសភា ឆ្នាំ ២០១៨។ (AP)
និស្សិត​នាំ​គ្នា​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​យុទ្ធនាការ​មួយ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) នៅ​រាជធានី ភ្នំពេញ ថ្ងៃ​ទី ៩ ខែ ឧសភា ឆ្នាំ ២០១៨។ (AP)

លោក​បាន​សរសេរ​ថា៖ «ការ​វិភាគ​លើ​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ដែល​សំឡេង​ឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់ បាន​បង្ហាញ​ថា បណ្តាញ​ព័ត៌មាន​សង្គម និង​គំរូ​នៃ​ការ​បោះឆ្នោត​របស់​មនុស្ស​វ័យ​ក្មេង​នៅ​កម្ពុជា បាន​ចាប់​ផ្តើម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើត​ទស្សនៈ​នយោបាយ។»

លោក​ ហ្សះរ៉ន សុគ្រី សមាជិក​មួយ​រូប​នៃ​ក្រុម​យុវជន «កាហ្វេ​នយោបាយ» ដែល​ពិភាក្សា​អំពី​បញ្ហា​នយោបាយ​នៅ​កម្ពុជា បាន​ប្រាប់​វីអូអេ​ថា យុវជន​កម្ពុជា​មាន​សក្តានុពល​ក្នុង​ការ​ជះឥទ្ធិពល​លើ​នយោបាយ​កម្ពុជា​ពីព្រោះ​ភាគ​ច្រើន​នៃ​ប្រជាជន​កម្ពុជា​ជា​យុវជន។ លោក​ ហ្សះរ៉ន សុគ្រី​ បាន​និយាយ​ថា៖ «ដើម​ឆ្នាំ​២០១៥ ឬ​ក៏​ចុង​២០១៤​ហ្នឹង មាន​ន័យ​ថា​អ្នក​នយោបាយ​មួយ​ចំនួន​ហ្នឹង ចាប់​ផ្តើម​ទាញ​យុវជន​ម្នាក់​ម្ខាងៗ ដោយសារ​តែ​ប្រទេស​យើង​ជា មាន​ន័យ​ថា​យុវជន​ហ្នឹង​ប្រហែល​ជា​៦០​ភាគរយ​ទៅ​ហើយ»។

លោក​ អៀ សុផល​ ដែល​ជា​សាស្រ្តាចារ្យ​នៅ​ឯ​មហាវិទ្យាល័យ Occidental Colledge សហរដ្ឋអាមេរិក រំពឹង​ថា ​ប្រជាជន​កម្ពុជា​វ័យក្មេង​ដើរ​តួនាទី​ដ៏​សំខាន់​សម្រាប់​អនាគត​កម្ពុជា។

លោក​បាន​និយាយ​ថា៖ «ពិត​ណាស់​មាន​មនុស្ស​ល្អ​នៅ​គ្រប់​ភាគី​ទាំង​អស់។ មាន​មនុស្ស​ល្អ និង​មាន​ហេតុផល។ ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​ថា ពួកគេ​ធ្វើការ​នៅ​ក្នុង​ប្រព័ន្ធ។ មាន​វប្បធម៌​នៃ​អំពើ​ពុក​រលួយ​ដែល​ចាក់​ឫស​ក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំ​រំពឹង​ថា​មនុស្ស​វ័យ​ក្មេង​កម្ពុជា បើ​ទោះ​ជា​ពួកគេ​នៅ​ក្នុង​ក្រុម​ដែល​មាន​អំណាច​នឹង​ធនធាន​ក៏​ដោយ នឹង​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ដែល​ត្រូវ​បាន​កសាង​រួច​ទៅ​ហើយ​ដោយ​ផ្អែក​លើ​សេចក្តី​រំពឹង​ទុក​នៃ​ការ​ចំណាយ​ថវិកា»៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG