ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កំពូល​ទុក​ពេល​២០ថ្ងៃ​ឱ្យ​គណបក្ស​សង្គ្រោះជាតិ​ត្រៀម​ឆ្លើយ​តទល់​នឹង​បណ្តឹង​រំលាយ​គណបក្ស​នេះ


រូបឯកសារ៖​ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។
រូបឯកសារ៖​ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ឃុំសង្កាត់​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។

តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​បាន​ទុក​ពេល​២០ថ្ងៃ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ឆ្លើយ​តទល់​នឹង​បណ្តឹង​រំលាយ​គណបក្ស​ ​ស្របពេល​ដែល​សហគមន៍​អន្តរជាតិ​ និង​អ្នក​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ​រិះគន់​វិធាន​ការនេះ។

ការ​ព្យាយាម​រំលាយ​គណបក្ស​ជំទាស់​បាន​ដំណើរ​ការ​បន្ត​ទៅមុខ​ ​បើទោះជា​មាន​ការ​ទទូច​ស្នើ​សុំ​ពី​ក្រុម​សហគមន៍​អន្តរជាតិ​ និង​អ្នក​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ​មិន​ឲ្យ​រំលាយ​យ៉ាង​ណា​ក៏​ដោយ។​ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា​បាន​ទុក​ពេល​២០ថ្ងៃ​ ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​ឆ្លើយ​តទល់​នឹង​បណ្តឹង​រំលាយ​គណបក្ស​នេះ។

គណបក្ស​សង្គ្រោះ​ជាតិ​ត្រៀម​មេធាវី​ចំនួន​៧​រូប​ដើម្បី​តតាំង​ក្តី​នៅ​តុលាការ​កំពូល​ទាក់ទង​នឹង​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​ខណៈ​ដែល​តុលាការ​កំពូល​ចេញ​ដីកា​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឯកសារ​ ​ក្នុង​រយៈពេល​២០​ថ្ងៃ​ ត្រៀម​ឆ្លើយ​តប​ទៅ​នឹង​បណ្តឹង​នោះ។​ ​នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះជាតិ។​

លោក​ ​សុន ឆ័យ​ ​ប្រធាន​ក្រុម​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​ ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​នៅ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ត្រៀម​រួច​ជា​ស្រេច​នូវ​មេធាវី​ចំនួន​៧​រូប​ ​ដើម្បីពិភាក្សា​ក្នុង​ការ​ទៅ​តតាំង​ក្តី​នៅ​តុលាការ​កំពូល​នា​ពេល​ខាង​មុខ។​ ​លោក​បន្ថែម​ថា ​គណ​បក្សនឹង​ពិភាក្សា​បន្ថែម​ជាមួយ​មេធាវី​ដើម្បី​ទទួល​បាន​យោបល់​ផ្លូវ​ច្បាប់​ ​មុន​នឹង​ធ្វើការ​សម្រេច​ចិត្ត​ណា​មួយ។​

លោក​ សុន ឆ័យ បញ្ជាក់​ថា៖​

«ការងារ​នេះ​ត្រូវ​តែ​ពិគ្រោះ​ជាមួយ​ក្រុម​មេធាវី​ ​តើ​នីតិវិធី​ហ្នឹង​ត្រូវ​ធ្វើ​បែប​ម៉េច​ ​ព្រោះ​យើង​ដឹង​ហើយ​បណ្តឹង​ទៅ​តុលាការ​កំពូល​ហ្នឹង​ វា​ជា​នីតិវិធី​មិន​ធម្មតា​ទេ​ ​មិន​មែន​ជា​រឿង​ករណី​ធម្មតា​ដែល​ត្រូវ​ចេញ​ពី​សាលា​ដំបូង​ទៅ​តុលាការ​ឧទ្ធរណ៍​អី​ទេ។​ ​អានេះ​ចេញ​តាម​រយៈ​ការ​ប្រើប្រាស់​ច្បាប់​គណបក្ស​នយោ​បាយ»។​

នៅ​ព្រឹក​នេះ​ដែរ​ ​មន្រ្តីនៃ​តុលាការ​កំពូល​បាន​យក​ដីកា​បញ្ជា​ឲ្យ​ដាក់​ឯកសារ​ត្រៀម​ ​ហើយ​ដីកា​នេះ​ត្រូវ​គេយក​ទៅ​បិទ​នៅ​ខាង​មុខ​ស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។​ ​ដីកា​បង្គាប់​ចេញ​ដោយ​លោកស្រី​ ​សែម សក្តិកូឡា​ ​ចៅក្រម​ទទួល​បញ្ជា​របស់​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​នោះ​ ​បាន​បញ្ជា​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឯកសារ​ត្រៀម​ ​ក្នុង​អំឡុង​ពេល​២០​ថ្ងៃ​ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​បណ្ដឹង​របស់​ក្រសួង​មហា​ផ្ទៃ​ដែល​បាន​ស្នើ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ស្នាក់ការ​កណ្តាល​គណបក្សសង្គ្រោះជាតិ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)
លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ស្នាក់ការ​កណ្តាល​គណបក្សសង្គ្រោះជាតិ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)

ដីកា​បង្គាប់​របស់​ចៅក្រម​តុលាការ​កំពូលដែល​បញ្ជា​ឲ្យ​ដាក់​ឯកសារ​ត្រៀម​នោះ​ ​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«បង្គាប់​មក​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​មាន​ទី​ស្នាក់ការ​នៅ​អាស័យដ្ឋាន​ផ្ទះលេខ​៥៧៦​ ​ផ្លូវ​ជាតិ​លេខ​២ ​សង្កាត់​ចាក់​អង្រែលើ​ ​ខណ្ឌ​មានជ័យ​ ​រាជធានី​ភ្នំពេញ​ ​ឲ្យ​ដាក់​ឯកសារ​ត្រៀម​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​បណ្ដឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ចុះ​ថ្ងៃទី​៦​ ​ខែតុលា​ ​ឆ្នាំ​២០១៧​ ​របស់​ក្រសួង​មហាផ្ទៃ ​ដែល​ភ្ជាប់​ជាមួយ​នេះ​ ​ជូន​តុលាការ​កំពូល​ក្នុង​អំឡុង​ពេល​ ​២០ថ្ងៃ​ ​គិត​ចាប់​ពី​ថ្ងៃ​បាន​ទទួល​ការ​បញ្ជូន​ដីកា​បង្គាប់​នេះ​ ​(ថ្ងៃ​ទី៩​ ខែ​តុលា ​ឆ្នាំ២០១៧)»។​

កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ ​ក្រសួង​មហាផ្ទៃ​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កំពូល​ ​ស្នើ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។​ ​អ្នក​ឃ្លាំមើល​ស្ថាន​ការណ៍​នយោបាយ​ ​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា​ ​ការ​រំលាយ​គណបក្ស​ប្រឆាំង​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​ហើយ​វា​បង្ហាញ​ថា​ កម្ពុជា​កំពុង​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​ដឹកនាំ​ដោយ​ជន​ផ្ដាច់​ការ​យ៉ាង​ពិត​ប្រាកដ។​

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ ​សហគមន៍​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ដ៏​សំខាន់​មួយ​សម្រាប់​ផលិត​ផល​កម្ពុជា​ ​បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ឡើង​វិញ​នូវ​ចំណាត់​ការ​របស់​ខ្លួន​ក្នុង​ការ​ព្យាយាម​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ ​ដោយ​ចាត់ទុក​ថា​ រឿង​នេះ​នឹង​អាច​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ជាតិ​ខាង​មុខ។​

លោក​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ ​បដិសេធ​មិនធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​បណ្តឹង​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។

លោក​ ​សុន ឆ័យ​ ​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​នា​ថ្ងៃ​អង្គារ​នេះ​ថា ​ការ​រំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ប្រេះឆា​នយោបាយ​ផ្ទៃ​ក្នុង​ ​និង​ធ្វើ​ឱ្យ​ដំណើរ​ការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​ដាំ​ក្បាល​ចុះ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ការងារ​នេះ​មិន​ចំណេញ​ដល់​នរណា​ទេ។​ ដូច្នេះ​បាន​ជា​គណបក្ស​សង្គ្រោះជាតិ​បាន​គិត​គូរ​ណាស់​ថា​ តើ​មាន​ច្រក​ណា​ទេ ​ដែល​យើង​អាច​ជជែក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ឲ្យ​មាន​ការ​យល់​គ្នា ​ហើយ​យើង​បន្ត​ដំណើរ​ទៅ។ ​រឿង​ឈ្នះ រឿង​ចាញ់​មិន​សំខាន់​ទេ។​ រឿង​សំខាន់​គឺ​ថា​ យើង​មិន​ឈ្លោះ​ទាស់ទែង​រហូត​ដល់​បាត់​បង់​ផល​ប្រយោជន៍​ជាតិ ​រហូត​ដល់​មាន​ការ​បែកបាក់​ជាតិ។​ ខ្ញុំ​និយាយ​ពី​រឿង​បែកបាក់​ជាតិ ​មិន​មែន​ជា​ការ​បែកបាក់​ថ្នាក់​ដឹកនាំ​ទេ។​ រឿង​សំខាន់​ ពលរដ្ឋ​យើង​កុំ​ឲ្យ​បែក​ជា​ក្រុម​នេះ​ ក្រុម​នោះ ​បង្កើត​ជា​ការ​ឈឺចាប់​ផ្លូវ​ចិត្ត​ ផ្លូវ​កាយ ​ងាយ​ស្រួល​ឲ្យ​មាន​ការ​អុជអាល​ បង្កើត​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម»។​

ការ​ព្យាយាម​រំលាយ​គណបក្ស​ជំទាស់ដ៏​ធំ​នៅ​កម្ពុជា​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​របស់លោក​ ហ៊ុន សែន​ ​បើក​យុទ្ធនា​ការ​បង្ក្រាប​ទ្រង់ទ្រាយ​ធំ​ប្រឆាំងអ្នក​និយាយ​រិះគន់​រដ្ឋាភិបាល​ ​អង្គការ​សង្គម​ស៊ីវិល​ ​និង​គណបក្ស​ប្រឆំាង។​ ក្រោយ​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា ​មេដឹក​នាំ​គណបក្ស​ប្រឆាំង ​ដែល​មានអភ័យ​ឯក​សិទ្ធ​សភា​នោះ​ យ៉ាង​ហោច​ណាស់​ជាង​ពាក់​កណ្តាល​នៃ​តំណាងរាស្ត្រ​គណបក្ស​ជំទាស់​នេះ​បាន ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា៕

អត្ថបទ​ទាក់ទង

វីដេអូថ្មីៗបំផុត

XS
SM
MD
LG