ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ស្នើ​ឱ្យ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ខណៈ​ការ​បោះឆ្នោត​ជាតិ​ឈាន​ជិត​មក​ដល់


រូបឯកសារ៖ ទិដ្ឋភាពការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សសង្រ្គោះជាតិ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ ទិដ្ឋភាពការដង្ហែក្បួនឃោសនាបោះឆ្នោតថ្ងៃចុងក្រោយរបស់គណបក្សសង្រ្គោះជាតិ កាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/VOA)

ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ ​ដឹក​នាំ​ដោយ​លោក​មេធាវី​ ​គី តិច​ ​នៅ​ថ្ងៃ​សុក្រ​នេះ​ ​បាន​​​យក​ភស្តុតាង​ចំនួន​២១​កញ្ចប់​ ​ដាក់​ទៅ​​តុលាការ​កំពូល​ ​ដើម្បី​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អះអាង​ថា​ ​ភស្តុតាង​ទាំង​នោះ​ ​គឺ​គ្រប់គ្រាន់​សម្រាប់​ឲ្យ​តុលាការ​កំពូល​ ​រំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​នេះ។

ក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃសុក្រ​នេះ​ ​បាន​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​កំពូល ស្នើ​ឲ្យ​រំលាយ​គណបក្ស​ប្រឆាំង​ ​ដោយ​ចោទ​ថា​ ​គណបក្ស​នេះ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​របស់​ ​លោក​ ​ហ៊ុន សែន។​ ​អ្នកឃ្លាំមើល​ស្ថាន​ការណ៍​នយោបាយ​ សិទ្ធិ​មនុស្សជាតិ​ ​និង​អន្តរជាតិ​ ​លើក​ឡើង​ថា​ ​ការ​រំលាយ​គណបក្ស​ប្រឆាំង​ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​បង្ហាញ​ថា​ កម្ពុជា​កំពុង​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​ដឹកនាំ​ដោយ​ជន​ផ្ដាច់​ការ​យ៉ាង​ពិត​ប្រាកដ។​

ក្រុម​មេធាវី​តំណាង​ក្រសួង​មហាផ្ទៃ​ ​ដឹក​នាំ​ដោយ​លោក​មេធាវី​ ​គី តិច​ ​នៅ​ថ្ងៃ​សុក្រ​នេះ​ ​បាន​យក​ភស្តុតាង​ចំនួន​២១​កញ្ចប់​ ​ដាក់​ទៅតុលាការ​កំពូល​ ​ដើម្បី​ប្ដឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អះអាង​ថា​ ​ភស្តុតាង​ទាំង​នោះ​ ​គឺ​គ្រប់គ្រាន់​សម្រាប់​ឲ្យ​តុលាការ​កំពូល​ ​រំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​នេះ។​

ការ​ប៉ុនប៉ង​រំលាយ​ ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា​ដូច្នេះ ​ត្រូវ​បាន​អ្នកវិភាគ​ ​អង្គការ​ឃ្លាំមើល​ការវិវឌ្ឍន៍​នយោបាយ​និង​សិទ្ធិ​មនុស្ស ​មើល​ឃើញ​ថា​ជា​ការ​ព្យាយាម​វាយ​បំបែក​គូប្រជែង​ដ៏​ធំ​របស់​គណបក្ស​កាន់​អំណាច​មុន​ការ​បោះឆ្នោត​ឆ្នាំ​ ​២០១៨​ ​មក​ដល់។​ ​ការណ៍​នេះ​នឹង​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​កម្ពុជា​ ដើរ​បញ្ច្រាស​ទិស។​

​លោក​ ​គី តិច​ ​មេធាវី​មួយ​រូប​ក្នុង​ចំណោម​៥រូប​ ​ដែល​តំណាង​ឲ្យ​ក្រសួង​មហាផ្ទៃ​ ​ប្រាប់​អ្នក​សារព័ត៌មាន ​ក្រោយ​ចេញ​ពី​ដាក់​បណ្ដឹង​ ​និង​ភស្តុតាង​ទៅ​តុលាការ​កំពូល​ថា ក្រសួង​មហាផ្ទៃ​មាន​សមត្ថកិច្ច​ប្ដឹង​រំលាយ​គណបក្ស​នយោបាយ​ណាមួយ​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ ​ដើម្បី​ការពារ​សន្តិសុខ​ក្នុង​សង្គម។

រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​បក្ស​នៅទីស្នាក់ការកណ្តាល​របស់​បក្ស​នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅកាន់​អ្នក​គាំទ្រ​បក្ស​នៅទីស្នាក់ការកណ្តាល​របស់​បក្ស​នៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧។

លោក​បន្ថែម​ថា​ ​ភស្តុតាង​សំខាន់ៗ​ក្នុង​ចំណោម​ភស្តុតាង​ចំនួន២១ បាន​បង្ហាញ​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​ ​មាន​ដូច​ជា​សម្ដី​ផ្ទាល់​របស់​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​លោក​បាន​និយាយ​ក្នុង​ខ្សែអាត់​វីដេអូ​ចំនួន​៣ ពាក់ព័ន្ធ​នឹង​ការ​សហការ​ជាមួយ​បរទេស។​ ​ក្នុង​នោះ​ក៏​មាន​បណ្ដឹង​របស់​គណបក្ស​យុវជន​កម្ពុជា​ ​និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​ភស្តុតាង​ជា​រូបភាព​ ​វីដេអូ​ ​លិខិត​ឆ្លើយ​ឆ្លង​ ​និង​ឯកសារ​ផ្សេងៗ​ដែល​បាន​ពី​ការ​ស៊ើបអង្កេត​របស់​ក្រសួង​មហា​ផ្ទៃ​ជាដើម។​

​លោក​មេធាវី​ ​គី តិច​ ដែល​គេ​ស្គាល់​ថា ​ជា​មេធាវី​របស់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ផង​នោះ​ ​បាន​អះអាង​ថា​ ​ភស្តុតាង​ទាំង​នោះ​ មាន​ភាព​គ្រប់គ្រាន់​អាច​ឲ្យ​តុលាការ​កំពូល​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ឬ​ផ្អាក​សកម្មភាព​នយោបាយ​របស់​គណបក្ស​ និង​ថ្នាក់​ដឹកនាំ​គណបក្ស​នោះ​បាន។​

លោក​បញ្ជាក់​ថា៖​

«ក្នុង​នាម​មេធាវី​តំណាង​របស់​ក្រសួង​មហាផ្ទៃ​ ​ហើយ​តាម​ដែល​ការពិនិត្យ​ ​ពិចារណា​ជាមួយគ្នា ទាំងអស់​គ្នា​គឺ​ឃើញ​ថា​ ​ភស្តុតាង​ប៉ុណ្ណេះ​គឺ​ថា​គ្រប់គ្រាន់​ ​ហើយ​មាំ​ ​សម្រាប់​ជា​មូលដ្ឋាន​ ​ឲ្យ​តុលាការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ហើយ​តាម​ផ្លូវច្បាប់»។​

​ការ​ដាក់​បណ្ដឹង​ទៅ​តុលាការ​កំពូល​ ​ស្នើសុំ​ឲ្យ​រំលាយ​គណបក្ស​ប្រឆាំង​នេះ​ ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ប្រកាស​ជាច្រើន​ដង​ថា​ ​គណ​បក្ស​សង្គ្រោះ​ជាតិ​អាច​នឹង​ត្រូវ​រំលាយ​ ​ហើយ​មន្ត្រី​និង​តំណាងរាស្ត្រ​គណបក្ស​នេះ​មួយ​ចំនួន​ទៀត​ ​នឹង​ត្រូវ​ចាប់​ខ្លួន​ ​ពាក់ព័ន្ធ​នឹងសំណុំ​រឿង​របស់​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​អំពើ​ក្បត់ជាតិ។

​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ ​រដ្ឋាភិបាល ត្រូវ​បាន​បង្កើត​ឡើងដោយ​តំណាងរាស្ត្រ​ជាប់ឆ្នោត​មក​ពី​គណបក្ស​កាន់​អំណាច​ចំនួន​៦៨​រូប​ ​និង​តំណាងរាស្ត្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥រូប។

ចំណែកក្រុមប្រឹក្សា​ឃុំ​សង្កាត់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​ ​៥​ពាន់​នាក់​ដែល​ទើប​ជាប់​ឆ្នោត​កាលពី​ខែ​មិថុនា​កន្លង​ទៅ​ ​ក៏​កំពុង​បម្រើ​ការងារ​នៅ​តាម​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ផង​ដែរ។

​លោក​ ​សូ ចន្ថា​ ​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​លើក​ឡើង​ថា​ ​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ ពិតជា​ត្រូវ​បាន​រំលាយ​ដោយ​សារ​បណ្ដឹងរបស់​រដ្ឋាភិបាល​ នោះនឹង​ប៉ះពាល់​ដល់​ភាព​ស្របច្បាប់​របស់​សភា​ ​និង​រដ្ឋាភិបាល។

លោក​បន្ថែម​ថា ការ​រំលាយ​គណបក្ស​ប្រឆាំង​ដែល​មាន​ប្រជាពលរដ្ឋ​គាំទ្រ​ជាង​៣លាន​នាក់​នេះ​ ​នឹង​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​ ​សង្គម​ ​និង​សេដ្ឋកិច្ច​នៅ​កម្ពុជា ​ធ្លាក់​ក្នុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ។

លោក​សាស្ត្រាចារ្យ ​សូ ចន្ថា​ បញ្ជាក់​ថា៖​

​«ការ​ដែល​រដ្ឋាភិបាល​ធ្វើ​របៀប​នេះ​ អាច​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​ដល់​អនាគត​នៃ​ប្រជាធិបតេយ្យ​ ​និង​នីតិរដ្ឋ​នៅ​កម្ពុជា​ ​ហើយ​មិនតែ​ប៉ុណ្ណោះ​ខ្ញុំ​គិត​ថា​កម្ពុជា​ អាច​នឹង​ត្រូវ​សហគមន៍​អន្តរជាតិ​ ​ជា​ពិសេស​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​នៅ​លើ​ពិភព​លោក​ អាច​នឹង​ដាក់ទណ្ឌកម្ម​លើ​កម្ពុជា​ទៀត​ផង»។​

លោក​ ​សូ ចន្ថា​ ​បន្ថែម​ថា​ ​អ្នកនយោបាយ​កម្ពុជា គួរ​មានការ​ចរចា​ ​សម្រប​សម្រួល​គ្នា​ដើម្បី​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ដែល​កំពុង​កើត​មាន​ ជាជាង​ចាត់​ទុក​គ្នាជា​សត្រូវ។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)
រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ស្រប​គ្នា​នោះ​ដែរ​ ​លោក​ Phil Robertson​ ​អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ ​Human Rights Watch​ ​ប្រចាំ​តំបន់​អាស៊ី​ ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ ដោយ​សរសេរ​ថា​ ​ការ​ប្ដឹង​រំលាយ​គណបក្សប្រឆាំង​ គឺ​កំពុង​បង្ហាញ​ពី​ការ​សម្លាប់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដោយធ្វើ​ឲ្យ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​ខាងមុខ​ ​ក្លាយ​ជា​រឿង​កំប្លែង​ដ៏​អាក្រក់​មួយ។

លោក​បាន​បន្ថែម​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នោះ​ថា​ ​ការ​បង្កើត​សាច់រឿង​ដោយ​ចោទ​គណបក្ស​ប្រឆាំង​ថា​មាន​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌​ ​គឺ​ជា​ការ​រៀបចំ​ដើម្បី​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ដល់​ជន​ណា​ម្នាក់​ដែល​ហ៊ាន​បញ្ចេញ​មតិប្រឆាំង​នឹង​រដ្ឋាភិបាល។

លោក​ ​Phil Robertson​ ​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែងការណ៍​ដោយ​សម្រង់​ន័យ​ដើម​ថា៖​

​«មិន​ខុស​ទេ​ ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​នឹង​ត្រូវធ្វើ​ឡើង​ដោយ​សារ​តែ​តុលាការ​កំពូល​ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ហើយ​ចៅក្រម​ ​និង​ធ្វើ​ដូច​អ្វី​ដែល​លោក​ ​ហ៊ុន សែន​ ​បញ្ជា។​ ​នេះ​គឺជា​ការ​ធ្វើ​រដ្ឋប្រហាររបស់​បុរស​ខ្លាំង ជាមួយ​នឹង​ការ​ផ្លាស់ប្ដូរ​ខ្លួន​របស់​គាត់​ឲ្យ​ក្លាយ​ទៅជា​មេដឹកនាំ​ផ្ដាច់ការ​ ​ដើម្បី​ឲ្យ​ពិភព​លោក​ទាំងមូល ​បាន​ឃើញ​ដោយ​គ្មាន​ការ​ខ្មាសអៀន»។

អង្គការ​ Global Witness​ ​ដែល​ជា​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​និង​ធនធាន​ធម្មជាតិ​ ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ផង​ដែរ​ ​ថា​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​ប្រឆាំង​ ​គឺជា​សកម្មភាព​ចុង​ក្រោយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អភិជន​ពុករលួយ​មួយ​ក្ដាប់​តូច​ដើម្បី​ក្រាញ​អំណាច​ ​និង​ទ្រព្យ​សម្បត្តិ ដោយ​ធ្វើ​ឲ្យ​ប្រយោជន៍​ជាតិ​ទាំងមូល​ត្រូវ​ខាតបង់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នាយ​ឧត្ដមសេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​ប្រាប់​ ​VOA នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ​ប្រសិន​បើ​តុលាការ​កំពូល​សម្រេច​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​ ​នោះ​នឹង​មាន​គណបក្ស​ជា​ច្រើន​ទៀត​មាន​សំឡេង​ក្នុង​រដ្ឋសភា​ និង​ថា​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន​៥៥​រូប​ក្នុង​រដ្ឋ​សភា​ ​នឹង​ត្រូវ​រំលាយ​ទៅ​តាម​គណបក្ស។

ក៏​ប៉ុន្តែ​ ​អ្នក​នាំ​ពាក្យ​រូប​នេះ​ ​សុំ​មិន​បញ្ជាក់​ថា​ ​តើ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​រួម​ទាំង​សមាជិក​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​មក​ពី​គណបក្ស​ប្រឆាំង​ ​នឹង​ត្រូវ​បន្ត​ការងារ​របស់​ពួក​គេ​ ​ឬ​ក៏​ត្រូវ​រំលាយ​ចោល​នោះ​ទេ។​

លោក​នាយ​ឧត្ដមសេនីយ៍​ ​ខៀវ សុភ័គ​ ​មាន​ប្រសាសន៍​ថា៖ ​

«យើង​ជឿ​ថា​ ​ខាង​អ្នកច្បាប់​ ​ឬ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លោក​មិន​ទុក​ឲ្យ​ប្រទេស​ជាតិ​មួយ​ដែល​អត់​បក្ស​សង្គ្រោះ​ជាតិ​ ​ហើយ​ដើរ​ទៅ​មិន​រួច​ គឺ​គ្មាន​ទេ​ ​ព្រោះ​ក្នុងរដ្ឋធម្មនុញ្ញ​គ្មាន​ចែង​ថា​ត្រូវ​តែ​មាន​បក្ស​សង្គ្រោះ​ជាតិ​ទេ​ ​គឺ​មាន​តែ​ប្រជាធិបតេយ្យ។​ ​ចង់​និយាយ​ថា​ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​ប្រកាន់​ខ្ជាប់​របប​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ ​និង​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​ ​សេរី ពហុបក្ស»។​

VOA​ ​មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពីលោក​ ​សុន ឆ័យ​ ​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ​បានទេ​ នៅ​ថ្ងៃសុក្រ​នេះ។​

​ការ​ប៉ុនប៉ង​រំលាយ​គណបក្ស​ជំទាស់​ដ៏​មាន​ឥទ្ធិពល​របស់​កម្ពុជា​ ​បាន​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ ក្រោយ​ពី​ការ​រត់​ភៀស​ខ្លួន​របស់​តំណាង​រាស្ត្រ​បក្ស​នេះ​ ​ដែល​ភ័យខ្លាច​ចំពោះ​ការ​ចាប់​ឃុំ​ខ្លួន​តាម​ការ​ប្រកាស​របស់​លោក​ ​ហ៊ុន សែន។​

មក​ដល់​ពេល​នេះ​ យ៉ាងហោចណាស់​ តំណាងរាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​ជាង​ពាក់​កណ្ដាល​របស់​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​កម្ពុជា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG