ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហាផ្ទៃ​ប្រាប់​ឱ្យ​អាជ្ញាធរ​ប្រុង​ប្រយ័ត្ន​ការ​ប្រមូល​ផ្តុំ​និង​បាតុកម្ម​របស់​អង្គការ​សមាគម​ក្នុង​ស្រុក


រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។
រូបឯកសារ៖ បាតុករ​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​កង​កម្លាំង​ប៉ូលិស​បាំង​ដោយ​រនាំង​ដែក​នៅ​កណ្តាល​ផ្លូវ​ក្បែរ​តុលាការ​ក្រុង​ភ្នំពេញ​ នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ពុធ ទី១៦ ខែ​កក្កដា ឆ្នាំ២០១៤។

ក្រសួង​មហាផ្ទៃ​បាន​ព្រមាន​លុបចោល​ ​និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អង្គការ​សមាគម​ណា​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សកម្មភាព​តវ៉ា​ផ្សេងៗ​របស់​ប្រជាពល​រដ្ឋ។​ តែ​អ្នក​ឃ្លាំមើល​ស្ថានការណ៍​សង្គម​ ​និង​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការងារ​របស់​អង្គការ​ សមាគម​ ​និង​សិទ្ធិក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។

ក្រសួង​មហា​ផ្ទៃ​បាន​ព្រមាន​លុបចោល​ ​និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​លើ​អង្គការ​ សមាគម​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សកម្មភាព​តវ៉ា​ផ្សេងៗ​របស់​ប្រជា​ពលរដ្ឋ។​ ​ការ​ព្រមាន​នេះ​ត្រូវ​បាន​ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថាន​ការណ៍​សង្គម​ ​និង​សិទ្ធិ​មនុស្ស​យល់​ឃើញ​ថា ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ការ​បំពេញ​ការងារ​របស់​អង្គការ​ ​សមាគម​ ​និង​ប៉ះពាល់​ដល់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ ​និង​ច្បាប់​ស្តីពីការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។

ក្រសួង​មហាផ្ទៃ​បញ្ជា​ឲ្យ​សមត្ថកិច្ច​រាជធានី​ ខេត្ត​ ​មាន​ការ​ត្រួត​ពិនិត្យ​ខ្ពស់​ ​និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ភ្លាមៗ​ចំពោះ​អង្គការ​សមាគម​ណា​ ​ដែល​ធ្វើ​សកម្មភាព​ប្រមូល​ផ្តុំ​ប្រជា​ពលរដ្ឋ​ ឬ​ធ្វើ​បាតុកម្ម​ ​ដោយ​អះអាង​ថា​ ​សកម្មភាព​ទាំង​នោះ​អាច​នាំ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​សន្តិសុខ​សង្គម។​

លិខិត​មួយ​ចេញ​ដោយ​ក្រសួង​មហា​ផ្ទៃ​កាលពី​ថ្ងៃទី​២ ​ខែតុលា​ ​ឆ្នាំ​២០១៧​ ​ហើយ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​នា​ថ្ងៃ​ចន្ទ​ ​បញ្ជាក់​ថា ​ប្រសិន​បើ​អង្គការ​ ​សមាគម​ណា​មិន​បាន​ជូន​ដំណឹង​ ​ឬ​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ការ​ជូន​ដំណឹង​ ​ឬ​ប្រមូល​ផ្តុំ​ប្រជា​ពលរដ្ឋ​ចូលរួម​ធ្វើ​បាតុកម្ម​នានា​ ​ឬ​ធ្វើ​សកម្មភាព​ប៉ះ​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ និង​សន្តិសុខជាតិ​ នោះ​សមត្ថកិច្ច​មាន​សិទ្ធិ​ក្នុង​ការ​បញ្ឈប់​ ​ឬ​ផ្អាក​សកម្មភាព​ និង​ជូន​ដំណឹង​ទៅ​ក្រសួង​មហា​ផ្ទៃ​ជា​បន្ទាន់។ ​

រូបឯកសារ៖ លោក ​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួនជន​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​ (ឡេង ឡែន/VOA)
រូបឯកសារ៖ លោក ​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួនជន​អន្តោប្រវេសន៍​នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានី ភ្នំពេញ។​ (ឡេង ឡែន/VOA)

លើស​ពី​នេះ​ទៀត​ ​ក្រសួង​មហា​ផ្ទៃ​ក៏​បាន​បញ្ជា​ឲ្យ​សមាគម​ ​និង​អង្គការ​ក្នុង​ស្រុក​នានា​ចុះ​បញ្ជី​ត្រឹម​ត្រូវ​តាមច្បាប់​ ​ប្រសិន​បើ​មាន​បំណង​បើក​សាខា​បន្ថែម​ ដើម្បី​ធ្វើ​សកម្មភាព​ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​រាជធានី​ ​ខេត្ត​ណា​មួយ​ ​អង្គការ​ទាំង​នោះ​អាច​ជូន​ដំណឹង​ដោយ​ផ្ទាល់​ជា​លាយ​លក្ខណ៍​អក្សរ​ក្នុង​រយៈពេល​៣​ថ្ងៃ​ជាមុន​ ​និង​ត្រូវ​ភ្ជាប់​នូវ​គម្រោង​សកម្មភាព​របស់​ខ្លួន​ ​បញ្ជូន​ទៅ​ក្រសួង​មហា​ផ្ទៃ​ ​ឬ​រដ្ឋ​បាល​រាជធានី​ ​ខេត្ត​នោះ។​

លិខិត​ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ ​ស ខេង​ ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ ​បាន​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ប្រសិន​បើ​រដ្ឋបាល​រាជធានី​ ​ខេត្ត​ពិនិត្យ​ឃើញ​ថា​ ការ​ធ្វើ​សកម្មភាព​របស់​សហគម​ ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ ក្នុង​ស្រុក​មិន​បាន​ធ្វើ​ការ​ជូន​ដំណឹង​ ឬ​ការ​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ការ​ជូន​ដំណឹង ​ឬ​ការ​ធ្វើ​សកម្ម​ភាព​ប្រមូល​ផ្តុំប្រជា​ពលរដ្ឋ​ចូលរួម​បាតុកម្ម​នានា​ ឬ​ការ​ធ្វើ​សកម្ម​ភាព​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ ​និង​សន្តិសុខ​ជាតិ​ រដ្ឋបាល​រាជធានី​ ខេត្ត​ និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ មាន​សិទ្ធិ​ក្នុង​ការ​បញ្ឈប់​ ឬ​ផ្អាក​សកម្មភាព​ទាំង​នោះ រួច​ហើយ​រាយ​ការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​បន្ទាន់»។

លោក​នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ ប្រាប់​ VOA​ នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា ​ការ​ចូលរួម​របស់​អង្គការ ​សមាគម​ក្នុង​ការ​ប្រមូល​ផ្តុំ​ប្រជា​ពលរដ្ឋ​ធ្វើ​បាតុកម្ម​គឺ​ជា​សកម្មភាព​ខុស​ពី​ច្បាប់​ស្តីពី​សមាគម​ ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ព្រមទាំង​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។​ ​លោក​បន្ថែម​ថា​ ​ការ​ធ្វើ​សកម្ម​ភាព​បាតុកម្ម​ផ្សេងៗ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ពេល​កន្លង​មក​ ​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​លែង​គោរព​ច្បាប់​ ​និង​ជាដើម​ចម​នៃ​ការ​ធ្វើ​បដិវត្តន៍​ពណ៌ ​ហើយ​ថា ​រាល់​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ទាំង​អស់​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​ឡើង​នោះ​ទេ។​

លោក​ ខៀវ សុភ័គ​ បញ្ជាក់​បន្ថែម​ថា៖​

«បើ​គាត់​ធ្វើ​សកម្មភាព​ទាំង​ហ្នឹង ​វា​ខុស​នឹង​ច្បាប់​ស្តីពី​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។​ យើង​បើក​មើល​ច្បាប់​មើល!​ យើង​អាច​ធ្វើអី​បាន​ទាំងអស់។ ​ហើយ​វា​ខុស​ហ្នឹងអាហ្នឹង។​ យើង​អាច​បញ្ឈប់​បាន។ ​ក្នុង​ករណី​មាន​បទ​ល្មើស​ព្រហ្មទណ្ឌ​ ​យើង​បញ្ជូន​ទៅ​តុលាការ​ សម្រាប់​បទ​ល្មើស​ព្រហ្ម​ទណ្ឌ»។​

ការ​ប្រកាស​ព្រមាន​ចាត់​វិធានការ​ផ្លូវ​ច្បាប់របស់​ក្រសួង​មហាផ្ទៃនេះ​ធ្វើ​ឡើង​ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​កំពុង​កើន​កម្តៅ​ ​និង​ស្របពេល​ដែល​មាន​ការ​សង្ស័យ​ថា​ ​ការ​តវ៉ា​ ​ឬ​ការ​ធ្វើ​បាតុកម្ម​ណា​មួយ​នឹង​អាច​កើត​ឡើង​ឆាប់ៗ​ ​បន្ទាប់ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ចាប់​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ ​ហើយ​ក្រុម​តំណាង​រាស្រ្ត​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​រាប់​សិបនាក់​បាន​ចាកចេញ​ពី​កម្ពុជា​ជា​បន្ត​បន្ទាប់។

រូបឯកសារ៖ ប្រជា​ពលរដ្ឋ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី កាន់​បដា​ពាក្យ​ស្លោក​ដែល​សរសេរ​ថា «និយាយ​ថា​ទេ! ច្បាប់សហជីព សមាគម និងអង្គការ» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែមិថុនា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)
រូបឯកសារ៖ ប្រជា​ពលរដ្ឋ សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្មជន​ដីធ្លី កាន់​បដា​ពាក្យ​ស្លោក​ដែល​សរសេរ​ថា «និយាយ​ថា​ទេ! ច្បាប់សហជីព សមាគម និងអង្គការ» ក្នុង​ពេល​បាតុកម្ម​នៅ​មុខ​រដ្ឋសភា​ជាតិ​ នៅ​ថ្ងៃអាទិត្យ​ទី ២៨ ខែមិថុនា ឆ្នាំ២០១៥។ (ហ៊ុល រស្មី/VOA)

កាល​ពី​ថ្ងៃសុក្រ​កន្លង​ទៅ​ ក្រសួង​មហា​ផ្ទៃ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​កំពូល​ស្នើ​រំលាយ​គណបក្ស​ជំទាស់​ដ៏​ធំ​នៅ​កម្ពុជា។​ ការណ៍នេះ​ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​ស្ថាន​ភាព​នយោបាយ​បញ្ជាក់​ថា ​អាច​នាំ​ដល់​ស្ថាន​ការណ៍​នយោបាយ​តានតឹង​ និង​ការ​ដើរ​បញ្ច្រាស់​ទិស​នៃ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស។​

លោក​ ​យឿង សុធារ៉ា​ ​មន្រ្តី​ច្បាប់​ ​និង​អង្កេត​នៃ​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ ហៅ​ថា​ខុមហ្វ្រែល​ បាន​លើក​ឡើង​ថា​ ​ការ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​ ​និង​សន្តិវិធី​ត្រូវ​បាន​ចែង​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ ​និង​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ លោក​បន្ថែម​ថា​ ​ការ​បញ្ជា​របស់​ក្រសួង​មហា​ផ្ទៃ​ ​ធ្វើឡើង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​យ៉ាង​ធ្ងន់​ធ្ងរ។​

លោក​បញ្ជាក់​ថា៖​

«ការ​ដែល​ចេញ​បញ្ជា​បែប​នេះ​ គឺជា​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពលរដ្ឋ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ​វា​ជា​តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នៃ​សិទ្ធិ​ និង​សេរីភាព​របស់​ប្រជា​ពលរដ្ឋ»។​

ចំណែក​លោក​ ​សឹង សែនករុណា​ ​មន្ត្រីផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ យល់​ថា​ ​ការ​ព្រមាន​របស់​ក្រសួង​មហា​ផ្ទៃ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​ការងារ​របស់​អង្គការ​ ​និង​សមាគម​មួយ​ចំនួន​ ដែល​តែង​តែ​ការពារ​សិទ្ធិ​មនុស្ស​ ​ព្រមទាំង​ប៉ះពាល់​ដល់​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ។​ ​លោក​បន្ថែម​ថា​ ​អង្គការ​ ​សមាគម​ជាច្រើន​ រួម​ទាំង​សមាគម​អាដហុក​ផង​នោះ​ តែង​ឃ្លាំ​មើល​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​ ​តាម​រយៈ​ការ​ចុះ​ផ្ទាល់​ក្នុង​ពេល​ធ្វើ​សកម្មភាព​តវ៉ា​របស់​ប្រជា​ពលរដ្ឋ ​ដូច្នេះ​លោក​បារម្ភ​ថា​ ​អង្គការ​ ​សមាគម​ទាំង​នោះ​អាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​រដ្ឋាភិបាល។​

លោក ​ស៊ឹង សែន​ករុណា​ ថ្លែង​ថា៖​

«ខ្ញុំ​គិត​ថា​ វាធ្វើ​ឲ្យ​ប៉ះពាល់​ទៅ​វិញ​ទេ ​លើ​សកម្មភាព​ការ​បញ្ចេញ​មតិ​របស់​ប្រជា​ពលរដ្ឋ​ ​ហើយ​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ព្រួយ​បារម្ភ​ទៅ​លើ​សកម្មភាព​របស់​ខ្លួន​ ហើយ​ពួក​គាត់​នឹង​ពិបាក​ក្នុង​ការ​បំពេញ​ការងារ​របស់​គាត់ ដែល​ពីមុន​មក​គាត់​តែង​ធ្វើ​កិច្ចការ​យ៉ាង​សកម្ម​ក្នុង​ការ​ជួយ​ប្រជា​ពលរដ្ឋ​ ​ឬ​អ្នក​ដែល​មាន​បញ្ហា​រង​គ្រោះ​កន្លង​មក»។​

ថ្មីៗ​នេះ​ ​ក្រសួង​មហាផ្ទៃ​បាន​ប្រកាស​ផ្អាក​សកម្មភាព​ ​និង​បិទ​អង្គការ​មួយ​ចំនួន​ ដែល​ចូលរួម​សកម្ម​ភាព​ជា​មួយ​ប្រជា​ពលរដ្ឋ​ ​ក្នុង​ការ​ជំរុញ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​ការ​ផ្តល់​ចំណេះ​ដឹង​ផ្នែក​ច្បាប់​ ​និង​ការ​ការពារ​បរិស្ថាន​ជា​ដើម។​ ​របាយ​ការណ៍​របស់​ក្រសួង​មហាផ្ទៃ​បង្ហាញ​ថា ​សមាគម​ ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​ ​មាន​ចំនួន​សរុប​ ​៤៧១៥​ ​ក្នុង​នោះ ​សមាគម​មាន​ចំនួន​១៨៣២​ ​អង្គការ​មិនមែន​រដ្ឋាភិបាល​មាន​ចំនួន​២៨៨៣៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG