វិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឈានមកដល់របត់ថ្មីមួយកាលពីថ្ងៃព្រហស្បតិ៍ នៅពេលក្រុមអ្នកគាំទ្ររបបយោធានៅទីក្រុងរ៉ង់ហ្គូន បានវាយប្រហារក្រុមបាតុករ ដែលប្រឆាំងការផ្តួលរំលំរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃទី១ ខែកុម្ភៈ។
អំពើហិង្សា បានកើតឡើងមួយថ្ងៃដែលបានចាប់ផ្តើមនៅពេលអ្នកគាំទ្រយោធារាប់រយនាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅកណ្តាលទីក្រុងរ៉ង់ហ្គូន។ ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា ក្រុមអ្នកគាំទ្រយោធា កំពុងតែដើរក្បែរស្ថានីយរថភ្លើងកណ្តាលទីក្រុងនៅពេលដែលពួកគេត្រូវអ្នកឈរមើលចំអក ហើយពួកគេបានតបតវិញដោយបាញ់គ្រាប់ចំពាម និងគប់ដុំថ្មលើអ្នកឈរមើល។
វីដេអូបង្ហោះនៅលើបណ្តាញសង្គម បង្ហាញពីក្រុមបាតុករគាំទ្រយោធាជាច្រើននាក់បានវាយបុរសម្នាក់នៅមុខអគារការិយាល័យដោយយ៉ាងហោចណាស់បាតុករម្នាក់កាន់កាំបិត។
បាតុកម្មប្រជាជនប្រឆាំងរដ្ឋប្រហារមាននៅទូទាំងប្រទេសមីយ៉ាន់ម៉ាជារៀងរាល់ថ្ងៃ ចាប់តាំងពីយោធាបានឃុំខ្លួនលោកស្រី អោង សានស៊ូជី មេដឹកនាំពិតប្រាកដ និងសមាជិកដទៃទៀតនៃរដ្ឋាភិបាលស៊ីវិលកាលពីថ្ងៃទី១ ខែកុម្ភៈ ដោយអះអាងថា មានការលួចបន្លំយ៉ាងទូលំទូលាយនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ដែលគណបក្សសម្ព័ន្ធភាពជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អោង សានស៊ូជី បានឈ្នះភ្លូកទឹកភ្លូកដី។ មនុស្សបីនាក់ ត្រូវបានសម្លាប់ជាលទ្ធផលនៃការតវ៉ាប្រចាំថ្ងៃដែលពីរនាក់បានស្លាប់ កាលពីថ្ងៃសៅរ៍នៅទីក្រុង Mandalay ដែលម្នាក់ជាក្មេងប្រុសជំទង់នៅពេលប៉ូលិស និងកងកម្លាំងសន្តិសុខ បានបាញ់គ្រាប់កាំភ្លើងពិតនិងគ្រាប់ជ័រ ឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកលើបាតុករ។
បាតុកម្មទ្រង់ទ្រាយធំកាលពីថ្ងៃចន្ទរួមជាមួយកូដកម្មទូទៅ បានធ្វើឡើងដើម្បីប្រឆាំងនឹងការព្រមានដ៏ចម្លែករបស់របបយោធាកាលពីមួយថ្ងៃមុនថា ក្រុមអ្នកតវ៉ាធ្វើដំណើរតាម«ផ្លូវប្រឈមមុខគ្នាដែលពួកគេនឹងត្រូវបាត់បង់ជីវិត»៕