ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រឹង​ប្រែង​របស់​ប្រទេស​ជិត​ខាង​ដើម្បី​​​បញ្ចប់​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​បង្កើតជា​មន្ទិល​សង្ស័យ​​ក្នុង​ចំណោម​ក្រុម​អ្នក​ប្រឆាំង​តវ៉ា


ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា កាន់បដានានា ក្នុងអំឡុងពេលតវ៉ាមួយក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា កាន់បដានានា ក្នុងអំឡុងពេលតវ៉ាមួយក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋ​មន្ត្រី​ការបរទេសមីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​តែង​តាំង​ដោយ​របប​យោធានោះ ​បាន​ជិះ​យន្តហោះ​ទៅ​ដល់​ប្រទេស​ថៃ នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ​ ដើម្បី​ជួប​ប្រជុំពិភាក្សាជាមួយ​ប្រទេស​ជិត​ខាង​របស់​ខ្លួន។

ប្រទេសជិតខាងមីយ៉ាន់ម៉ា ដូចជាឥណ្ឌូណេស៊ី និងថៃ កំពុងបង្កើនការប្រឹងប្រែង ដើម្បីដោះស្រាយជុំវិញវិបត្តិរដ្ឋប្រហារនៅក្នុងប្រ ទេសមីយ៉ាន់ម៉ា បើទោះបីជាមិនមានការជឿជាក់ពីក្រុមអ្នកគាំទ្រលទ្ធិប្រជាធិតេយ្យក្នុងប្រទេសរបស់ខ្លួនយ៉ាងណាក្តី។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។

រដ្ឋម​ន្ត្រី​ការ​បរទេសនៃ​របប​យោធា​មីយ៉ាន់ម៉ា​លោក Wunna Maung Lwin (វុនណា មួង ល្វីន) បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ជា​លើក​ទី​ ១ ​ក្នុង​នាម​ជា​សមាជិកនៃ​រដ្ឋាភិបាលយោធា​ថ្មី​ ស្រប​ពេល​ដែល​ក្រុម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ កាល​ពី​ថ្ងៃ​ទី​១​ ខែកុម្ភៈ​ ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​កំពុង​តវ៉ា​ប្រឆាំង​តាម​ដង​ផ្លូវ​នោះ។​

ឥណ្ឌូណេស៊ី​បាន​ដឹកនាំ​ការ​ប្រឹង​ប្រែងក្នុង​នាម​ជាសមាគម​អាស៊ាន​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយនៃ​វិបត្តិ​នេះ​ ដោយ​រដ្ឋ​មន្ត្រី​ការបរទេស​របស់​ខ្លួន​ គឺ​លោកស្រី​ Retno Marsudi បាន​មក​ដល់​ទី​ក្រុង​បាង កក​ ប្រទេស​ថៃ​ នៅ​ថ្ងៃ​ពុធម្សិល​មិញ​នេះ​ដែរ។

លោកស្រី Marsudi បាន​ជួប​ជា​មួយ​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​របប​យោធា​មីយ៉ាន់ម៉ា​ លោក Wunna Maung Lwin និង​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ​ លោក Don Pramudwinai។ តាមប្រភពរបស់ថៃ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ក៏បានជួបប្រជុំផងដែរជាមួយនាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-ocha ។

កិច្ច​ប្រឹង​ប្រែង​របស់​ប្រទេស​ឥណ្ឌូណេស៊ី​នេះបាន​ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យក្នុង​ ចំណោម​សកម្មជនក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​ដែល​បារម្ភ​ថា ការធ្វើ​ទំនាក់​ទំនង​ជា​មួយ​របប​សឹក​មីយ៉ាន់ម៉ា នឹង​ផ្តល់សុពល​ភាព​ផ្លូវ​ច្បាប់ទៅឲ្យរបប​នេះ​ ក៏​ដូចការ​ជា​ប៉ុន​ប៉ង​របស់​ខ្លួន​ក្នុង​ការ​បោះ​បង់​ចោលការ​បោះ​ឆ្នោត កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​ទៅ​ផង​ដែរ​។

ពួក​គេ​នៅ​តែ​ទទូច​ថា ​លទ្ធផល​បោះ​ឆ្នោត​ជាតិ​ពេលនោះ​ត្រូវ​រក្សា​ទុក​ដដែល។​ ក្រុម​បាតុករ​មីយ៉ាន់ម៉ា​មួយ​ចំនួន ក៏​បាន​មក​ប្រមូល​ផ្តុំ​គ្នាតវ៉ា​នៅ​មុខ​ស្ថាន​ទូត​ថៃ​ ក្នុង​ទី​ក្រុង​រ៉ង់ហ្គូន ដោយ​បាន​លើក​បដាដែល​មាន​សរសេរ​អក្សរ​ថា​ «គោរព​ការបោះ​ឆ្នោត​របស់​យើង។ យើង​បាន​បោះ​ឆ្នោតឲ្យ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជា​ធិបតេយ្យ»។

បាតុករ​ខ្លះ​ទៀត​ស្រែក​ថា៖ ​«​រដ្ឋមន្ត្រី​ការ​បរទេស​របស់​យើង ​គឺលោក​ស្រី Aung San Suu Kyi»៕

XS
SM
MD
LG