ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយឲ្យដឹងថា មេដឹកនាំរបបយោធាក្នុងប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវឲ្យមានការប្រឹងប្រែងដ៏ស្វាហាប់មួយក្នុងការស្តារសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធឃោសនារដ្ឋមីយ៉ាន់ម៉ានៅថ្ងៃអង្គារមិ្សលមិញ ស្របពេលដែលបស្ចិមប្រទេសកំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែមទៀតទៅលើប្រទេសនេះដើម្បីដាក់សម្ពាធលើក្រុមឧត្តមសេនីយយោធា ឲ្យបញ្ឈប់ការបង្ក្រាបដោយអំពើហិង្សាទៅលើក្រុមអ្នកប្រឆាំងតវ៉ានោះ។
ការអំពាវនាវឲ្យផ្តោតទៅលើការស្តារជាតិឡើងវិញបានកើតមានឡើងបន្ទាប់ពីកូដកម្មទូទៅបានបិទអាជីវកម្មជាច្រើនកាលពីថ្ងៃចន្ទ ហើយពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននាក់ បានប្រមូលផ្តំគ្នាដើម្បីថ្កោលទោសរដ្ឋប្រហារយោធាកាលពីថ្ងៃទី១ ខែកុម្ភៈ។ ពួកគេ ក៏បានទាមទារឲ្យមានការដោះលែងមេដឹកនាំជាប់ឆ្នោតអ្នកស្រី Aung San Suu Kyi បើទោះបីមានការព្រមានពីក្រុមអាជ្ញាធរដែលថា ការប្រ ឈមមុខគ្នារវាងអាជ្ញាធរនិងអ្នកតវ៉ា អាចបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងណាក្តី។
អ្នកប្រឆាំងតវ៉ានឹងរដ្ឋប្រហារយោធាដែលបានប្រមូលផ្តុំគ្នានៅថ្ងៃអង្គារម្សិលមិញនេះ មានចំនួនតិចជាងកាលពីថ្ងៃចន្ទ។ ទន្ទឹមនឹងនេះដែរ ក៏មានអ្នកដើរហែក្បួនក្នុងចំនួនតិចតួចផងដែរ ដើម្បីគាំទ្ររបបយោធានោះ។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធឃោសនារដ្ឋមីយ៉ាន់ម៉ា។
មិនមានសេចក្តីរាយការណ៍ណាមួយពីករណីហិង្សាកើតមានឡើងទេកាលថ្ងៃអង្គារម្សិលមិញនេះ។ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា នាយឧត្តមសេនីយ Min Aung Hlaing នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃចន្ទជាមួយក្រុមប្រឹក្សាយោធាដែលកំពុងគ្រប់គ្រងប្រទេស បានអំពាវនាវឲ្យមានការកាត់បន្ថយការចំណាយរបស់រដ្ឋនិងការនាំចូលហើយបង្កើនការនាំចេញវិញ។
ក្រុមប្រឹក្សាយោធា ចាំបាច់ខិតខំស្តារសេដ្ឋកិច្ចដែលកំពុងចុះខ្សោយឡើងវិញ។ វិធានការដោះស្រាយបញ្ហាសេដ្ឋកិច្ច ត្រូវតែកើតមានឡើង។ នេះបើយោងតាមប្រព័ន្ធឃោសនារដ្ឋដែលបានស្រង់សម្តីមេដឹកនាំយោធាក្នុងប្រទេសមីយ៉ាន់ម៉ាដែលបានថ្លែងក្នុងកិច្ចប្រជុំនោះ។
បណ្តាញផ្សាយរបស់ព័ត៌មានរដ្ឋបានបញ្ជាក់ថា នាយឧត្តមសេនីយ Min Aung Hlaing មិនបានភ្ជាប់ការប្រឆាំងតវ៉ារបស់ពលរដ្ឋមីយ៉ាន់ម៉ាទៅនឹងបញ្ហាសេដ្ឋកិច្ចទេ ប៉ុន្តែលោកនិយាយថា អាជ្ញាធរមីយ៉ាន់ម៉ា កំពុងអនុវត្តមាគ៌ាប្រជាធិបតេយ្យជាមួយក្រុមអ្នកប្រឆាំងតវ៉ា ហើយក្រុមប៉ូលិស បានប្រើប្រាស់កម្លាំងតិចតួចប៉ុណ្ណោះក្នុងការប៉ះទង្គិចជាមួយអ្នកតវ៉ា ដូចជាគ្រាប់កាំភ្លើងជ័រជាដើម៕