ប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានចរចាជាមួយភាគីទំាងសងខាងដែលពាក់ព័ន្ធនៅក្នុងវិបត្តិនយោបាយនៃប្រទេសមីយ៉ាន់ម៉ា ហើយរដ្ឋមន្ត្រីការបរទេសរបស់ខ្លួន អាចនឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួយរកដំណោះស្រាយ ប៉ុន្តែមិនមានគម្រោងធ្វើដំណើរទៅភ្លាមៗនោះទេ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
ប្រទេសឥណ្ឌូណេស៊ីបានលើកឡើងដូចនេះ បន្ទាប់ពីឯកសារលេចធ្លាយមួយរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបង្ហាញថា រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីអ្នកស្រី Retno Marsudi គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍ស្អែក។
ដំណើរទស្សនកិច្ចនេះ មិនទាន់ត្រូវបានប្រទេសឥណ្ឌូណេស៊ីបញ្ជាក់ជាផ្លូវការនៅឡើយទេ។ ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសដើរតួផ្នែកការទូតដ៏សំខាន់មួយក្នុងចំណោមបណ្ដាប្រទេសជាសមាជិកអាស៊ាន ហើយឥណ្ឌូណេស៊ីបានឲ្យដឹងនៅថ្ងៃពុធនេះថា មិនទាន់មានការកំណត់ពេលណាមួយនៃដំណើរទស្សនកិច្ចនេះនៅឡើយទេ។
ប៉ុន្តែប្រទេសឥណ្ឌូណេស៊ី បានបើកចំហឱកាសសម្រាប់ដំណើរទស្សនកិច្ចនៅពេលក្រោយរបស់អ្នកស្រី Marsudi ដែលត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាសម្រាប់ជំនួបពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន។
កាលបរិច្ឆេទនៃកិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាននេះ មិនទាន់ត្រូវបានគេប្រកាសនៅឡើយទេ។
អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៊ីលោក Teuku Faizasyah បានប្រាប់អ្នកសារព័ត៌មាននៅក្នុងទីក្រុងហ្សាការតាថា៖ «ក្រោយពីថ្លឹងថ្លែងស្ថានភាពបច្ចុប្បន្ន និងបន្ទាប់ពីបានសង្កេតមើលលើប្រទេសជាសមាជិកអាស៊ានមួយចំនួនមក ពេលនេះមិនមែនជាពេលសមស្របសម្រាប់ការធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានោះទេ»។
លោកបានបន្ថែមថា៖ «ទោះជាយ៉ាងនេះក្ដី ប្រទេសឥណ្ឌូណេស៊ីបេ្ដជ្ញារក្សាការទាក់ទងជាមួយគ្រប់ភាគីទំាងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា»៕