ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការគាំទ្រ​ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​នីហ្សេរីយ៉ា​កើនឡើង ខណៈ​ការប្រយុទ្ធ​ជាមួយ​អ៊ីស្រាអែល​នៅ​តែ​បន្ត


ទិដ្ឋភាព​ថត​ពី​លើ​អាកាស​បង្ហាញ​អគារ​ដែល​ត្រូវបាន​បំផ្លាញ​នៅក្នុង​ទីក្រុង al-Zahra ភាគខាងត្បូង​នៃ​ទីក្រុង​ហ្កាហ្សា​បន្ទាប់ពី​ការទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​ក្នុង​អំឡុង​សង្គ្រាម​អ៊ីស្រាអែល-ហាម៉ាស់នៅ​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។
ទិដ្ឋភាព​ថត​ពី​លើ​អាកាស​បង្ហាញ​អគារ​ដែល​ត្រូវបាន​បំផ្លាញ​នៅក្នុង​ទីក្រុង al-Zahra ភាគខាងត្បូង​នៃ​ទីក្រុង​ហ្កាហ្សា​បន្ទាប់ពី​ការទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​ក្នុង​អំឡុង​សង្គ្រាម​អ៊ីស្រាអែល-ហាម៉ាស់នៅ​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។

នៅ​ពេល​ដែល​លោក Musa Abdullahi កំពុង​រៀបចំ​ខ្លួន​ដើម្បី​ការ​បួងសួង​តាម​បែប​សាសនា​អ៊ិស្លាម កាល​ពីថ្ងៃ​សុក្រ មាន​រឿង​មួយ​បាន​ផុស​ឡើង​នៅ​ក្នុង​គំនិត​របស់​លោក។

លោក​និយាយ​ថា លោកបារម្ភ​អំពី​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់ ហើយ​អ្វី​ដែល​លោក​កាន់​តែ​បារម្ភ​ខ្លាំង​នោះ​ គឺ​ស្ថានភាព​ដ៏លំបាក​របស់​អ្នកកាន់​សាសនា​អ៊ិស្លាម​នៅ​ប៉ាឡេស្ទីន។

បន្ទាប់​ពី​បាន​បួងសួង​ចប់​ភ្លាម លោក Abdullahi បាន​ចូលរួម​ដើរ​ហែក្បួន​ជាមួយ​អ្នក​កាន់​សាសនា​អ៊ិស្លាម​ជាច្រើន​ទៀត​នៅ​លើ​ដង​ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ពលរដ្ឋ​ប៉ាឡេស្ទីន ហើយ​បាន​រិះគន់​ការ​ទម្លាក់​គ្រាប់​បែក​ទ្រង់ទ្រាយ​ធំ​របស់​អ៊ីស្រាអែល​ នៅ​តំបន់​ហ្កាហ្សា (Gaza)។

លោក​ថ្លែង​ថា៖ «អ្នក​ឃើញ​ស្រាប់​ហើយ​ថា មនុស្ស​កំពុង​កាន់​ទង់ជាតិ​ប៉ាឡេស្ទីន និង​ស្រែក​បន្ទោ​ពាក្យ​ស្លោក​គាំទ្រ​ដល់​ពលរដ្ឋ​ប៉ាឡេស្ទីន ដើម្បី​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ ជាពិសេស​អយុត្តិធម៌​សម្រាប់​ស្ត្រី និង​កុមារ ដែល​រងការ​វាយប្រហារ​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​ទាហាន​អ៊ីស្រាអែល»។

ការ​ខឹងសម្បា​នៅ​ប្រទេស​នីហ្សេរីយ៉ា​ កំពុង​កើន​ឡើង នៅ​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​បន្ត​កើន​ឡើង​ នៅ​ក្នុង​សង្គ្រាម​រវាង​អ៊ីស្រាអែល និង​ក្រុម​ហាម៉ាស់។ ពលរដ្ឋ​អ៊ីស្រាអែល​ជាង ១.៤០០នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​ដ៏​ប្រល័យ​របស់​ក្រុម​ហាម៉ាស់​ដែល​មិន​ធ្លាប់​កើត​មាន​ពី​មុន ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ជាង​ពីរ​សប្ដាហ៍​កន្លង​ទៅ ខណៈ​ដែល​ការ​វាយ​បក​របស់​អ៊ីស្រាអែល​លើ​ក្រុម​ហាម៉ាស់ ​បាន​សម្លាប់​ពលរដ្ឋ​ប៉ាឡេស្ទីន​ជាង​ ៤.០០០​នាក់។

ជារៀងរាល់​ឆ្នាំ ពលរដ្ឋ​នីហ្សេរីយ៉ា​ជាង ៩០.០០០​នាក់​ តែង​ធ្វើ​ដំណើរ​ទៅ​ទស្សនា​ទីសក្ការបូជា​នានា​នៅ​តំបន់​មជ្ឈិម​បូព៌ា។ អាជ្ញាធរ​នីហ្សេរីយ៉ា​បាន​ថ្លែង​កាលពី​សប្តាហ៍​មុន​ថា ពួកគេបារម្ភ​អំពី​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​នៅ​ទីនោះ។

កាល​ពី​ពីរ​សប្ដាហ៍​មុន គណៈកម្មការ​ធម្មយាត្រា​គ្រិស្ត​បរិស័ទ​នីហ្សេរីយ៉ា បាន​ផ្អាក​ផែនការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អ៊ីស្រាអែល ដោយសារ​តែ​វិបត្តិ​ដែល​កំពុង​បន្ត​កើតឡើង​នៅ​ទីនោះ។

កាល​ពី​ថ្ងៃ​ទី ១៩ ខែតុលា​ ឧត្តម​ក្រុមប្រឹក្សា​ច្បាប់​អ៊ិស្លាម Sharia នៅ​ប្រទេស​នីហ្សេរីយ៉ា បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ដោយ​រិះគន់​ការ​សម្លាប់​មនុស្ស ដោយ​លើក​ឡើង​ថា ​ទង្វើ​នេះ​គឺជា​ការ​រំលោភ​សិទ្ធិ​មនុស្ស។

ឧត្តម​ក្រុមប្រឹក្សា​នេះ បាន​ស្ដីបន្ទោសសហរដ្ឋ​អាមេរិក​ដែល​បាន​ថ្លែង​គាំទ្រ​អ៊ីស្រាអែល ហើយ​បាន​អំពាវនាវ​ឲ្យ​អង្គការ​សហប្រជាជាតិ​ប្រកាន់​នូវ​ជំហរ​ដ៏​ច្បាស់លាស់​មួយ​លើ​បញ្ហា​នេះ។

ឧត្តម​ក្រុម​ប្រឹក្សា​ដដែល ​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ​នីហ្សេរីយ៉ា ពិនិត្យ​ឡើង​វិញ​នូវទំនាក់​ទំនង​របស់​ខ្លួន​ជាមួយ​អ៊ីស្រាអែល​ផង​ដែរ។

លោក Sheikh Abdur-Rasheed Hadiyatullah ប្រធាន​នៃ​ឧត្តម​ក្រុមប្រឹក្សា​នេះ បាន​ថ្លែង​ថា៖ «ក្រៅ​ពី​ឧក្រិដ្ឋភាព និង​កង្វះ​មនុស្សធម៌ វា​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​បរាជ័យ​របស់​ស្ថាប័ន​ពិភពលោក​នានា​ដែល​បង្កើត​ឡើង​នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី ២ ក្នុង​ការ​ការពារ​មនុស្សជាតិ។ សហគមន៍​អន្តរជាតិ បាន​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​ឫសគល់​នៃ​ជម្លោះ​នេះ»។

កាល​ពី​សប្ដាហ៍​មុន សហរដ្ឋ​អាមេរិក​បាន​បោះឆ្នោត​បដិសេធ​ទៅ​លើ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ ដែល​អំពាវនាវ​ឲ្យ​មាន​បទឈប់​បាញ់​គ្នា​ដើម្បី​មាន​ឱកាស​ផ្ដល់​ជំនួយ​សង្គ្រោះ​ទៅ​ដល់​តំបន់​ហ្កាហ្សា​ស្ទ្រីព (Gaza Strip)។

នា​ពេល​នេះ ខណៈដែល​ការ​ប្រយុទ្ធគ្នា​នៅ​តែ​បន្ត ពលរដ្ឋ​នីហ្សេរីយ៉ា​ដែល​តែងតែ​ចូលរួម​ធម្មយាត្រា កំពុង​ទន្ទឹង​រង់ចាំ ដោយ​សង្ឃឹម​ថា ជម្លោះ​នេះ​នឹង​ចប់ ហើយ​ពួក​គេ​អាច​ធ្វើ​ដំណើរ​ទៅ​ទីនោះ​ម្ដង​ទៀត​ដោយ​សុវត្ថិភាព៕

ប្រែ​សម្រួលដោយលោក នៀម ឆេង

XS
SM
MD
LG