ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​វាយ​ប្រហារ​តំបន់​ហ្កាហ្សា ស៊ីរី និង វែសប៊ែង ស្រប​ពេល​សង្គ្រាម​ជាមួយ​នឹង​ហាម៉ាស់​អាច​រីក​ធំ​ជាង​នេះ


រថក្រោះ​អ៊ីស្រាអែល​​នៅ​ជិត​ព្រំដែន​​ជាមួយ​ដែនដី​ប៉ាឡេស្ទីន​​ហ្កាហ្សា (Gaza) ក្នុង​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២៣។
រថក្រោះ​អ៊ីស្រាអែល​​នៅ​ជិត​ព្រំដែន​​ជាមួយ​ដែនដី​ប៉ាឡេស្ទីន​​ហ្កាហ្សា (Gaza) ក្នុង​ភាគ​ខាង​ត្បូង​ប្រទេស​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២៣។

យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​បាន​វាយ​ប្រហារ​លើ​គោលដៅ​នានា​នៅ​ទូទាំង​តំបន់​ហ្កាហ្សា (Gaza) ​កាលពី​យប់​មិញ​និង​ឈាន​ចូល​ដល់​ថ្ងៃ​អាទិត្យ​ ក៏​ដូចជា​លើ​អាកាសយានដ្ឋាន​ពីរ​កន្លែង​នៅ​ក្នុង​ប្រទេស​ស៊ីរី​និង​វិហារ​អ៊ិស្លាម​មួយ​កន្លែង​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​បាន​ប្រើប្រាស់​នៅ​ក្នុង​តំបន់​វែសប៊ែង​ដែល​ជា​តំបន់​កាន់កាប់​ដោយ​អ៊ីស្រាអែលនៅ​ពេល​ដែល​សង្គ្រាម​រយៈពេល​ពីរ​សប្ដាហ៍​ជាមួយ​នឹង​ក្រុម​ហាម៉ាស់​នេះ​បង្ក​ហានិភ័យ​នៃ​ការ​វិវត្ត​ចូល​ទៅ​ក្នុង​សង្គ្រាម​ធំ​ជាង​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AP។

អ៊ីស្រាអែល​បាន​បាញ់បោះ​ទៅ​វិញ​ទៅ​មក​ជាមួយ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​ហេសបូឡា (Hezbollah) ស្ទើរតែ​រាល់​ថ្ងៃ​តាំងពី​ពេល​ដែល​សង្គ្រាម​រវាង​អ៊ីស្រាអែល​និង​ក្រុម​ហាម៉ាស់​បាន​ចាប់ផ្ដើម​មក ហើយ​ភាព​តានតឹង​កំពុង​កើនឡើង​នៅ​ក្នុង​តំបន់​តំបន់​វែសប៊ែង (West Bank) ​ដែល​នៅ​ទី​នោះ​កង​កម្លាំង​អ៊ីស្រាអែល​បាន​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​តាម​ជំរំ​ជន​ភៀស​ខ្លួន​និង​បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ពីរ​លើក​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។

អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ អ៊ីស្រាអែល​ហាក់​ដូចជា​ជិត​ធ្វើ​ការលុកលុយ​តាម​ផ្លូវ​គោក​ចូល​ក្នុង​តំបន់​ហ្កាហ្សា​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ការ​ឆ្លើយតប​របស់​ខ្លួន​ចំពោះ​ការ​ឆ្មក់​វាយ​ប្រហារ​ដ៏​ប្រល័យ​របស់​ក្រុម​ហាម៉ាស់​លើ​អ៊ីស្រាអែល​កាលពី​ថ្ងៃ​ទី៧ ខែ​តុលា​កន្លង​ទៅ​នេះ។ រថក្រោះ​និង​ទាហាន​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្ដុំ​នៅ​តាម​ព្រំដែន ហើយ​ថ្នាក់​ដឹកនាំ​អ៊ីស្រាអែល​បាន​និយាយ​អំពី​ដំណាក់កាល​បន្ទាប់​ដែល​មិន​ទាន់​កំណត់​នៅ​ឡើយ​នៅ​ក្នុង​ប្រតិបត្តិការ​នេះ។

ជនជាតិ​ប៉ាឡេស្ទីនស្វែងរកអ្នក​រស់រាន​ពី​អគារ​បែកបាក់នៅ​ក្រុង Deir Al-Balah នៃ​តំបន់ហ្កាហ្សា (Gaza) កាល​ពីថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២៣ ក្រោយ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។
ជនជាតិ​ប៉ាឡេស្ទីនស្វែងរកអ្នក​រស់រាន​ពី​អគារ​បែកបាក់នៅ​ក្រុង Deir Al-Balah នៃ​តំបន់ហ្កាហ្សា (Gaza) កាល​ពីថ្ងៃ​ទី​២២ ខែ​តុលា ឆ្នាំ​២០២៣ ក្រោយ​ការ​វាយប្រហារ​របស់​អ៊ីស្រាអែល។

ប៉ុន្តែ យោធា​អ៊ីស្រាអែល​បាន​ទទួល​ស្គាល់​ថា​ជន​ស៊ីវិល​ប៉ាឡេស្ទីន​រាប់​សែន​នាក់​កំពុង​ស្ថិត​នៅ​ក្នុង​ផ្នែក​ភាគ​ខាង​ជើង​នៃ​តំបន់​ហ្កាហ្សា​នៅ​ឡើយ បើ​ទោះបីជា​មាន​បញ្ជា​ឱ្យ​មាន​ការ​ជម្លៀស​ចេញ​ទាំងស្រុង​ក៏ដោយ ដែល​ករណី​នេះ​នឹង​ធ្វើ​ឱ្យ​ស្មុគស្មាញ​ដល់​ការ​វាយ​ប្រហារ​តាម​ផ្លូវ​គោក​ណា​មួយ។

ជាង​នេះ​ទៀត ហានិភ័យ​នៃ​ការ​បង្ក​ឱ្យ​មាន​សង្គ្រាម​ធំ​ជាង​នេះ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់​ក្រុម​ហាម៉ាស់​នៅ​ក្នុង​ប្រទេស​លីបង់​និង​ប្រទេស​ស៊ីរី​ក៏​ប្រហែល​ជា​អាច​ពន្យារពេល​ដល់​ការ​លុក លុយ​របស់​អ៊ីស្រាអែល​តាម​ផ្លូវ​គោក​ចូល​ក្នុង​តំបន់​ហ្កាហ្សា​នេះ​ផង​ដែរ។

កាលពី​ថ្ងៃ​សៅរ៍ រថយន្ត​ដឹក​ជំនួយ​មនុស្សធម៌​ចំនួន២០គ្រឿង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​តំបន់​ហ្កាហ្សា​ពី​ប្រទេស​អេហ្ស៊ីប​តាម​ច្រក​ឆ្លងកាត់​ទីក្រុង Rafah ដែល​នេះ​គឺ​ជា​លើក​ដំបូង​បង្អស់​ដែល​មាន​ការ​អនុញ្ញាត​ឱ្យ​ចូល​ក្នុង​តំបន់​ហ្កាហ្សា​តាំងពី​ពេល​ដែល​អ៊ីស្រាអែល​បាន​ធ្វើ​ការ​ហ៊ុមព័ទ្ធ​តំបន់​នេះ​កាលពី​ពីរ​សប្ដាហ៍​មុន​មក។

បុគ្គលិក​ជំនួយ​មនុស្សធម៌​បាន​និយាយ​ថាជំនួយ​ទាំង​នេះ​គឺ​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​មនុស្សធម៌​ដែល​កាន់តែ​រីក​ធំ​ឡើង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ដែល​នៅ​ទីនោះ ពលរដ្ឋ​ចំនួន​ពាក់​កណ្ដាល​នៃ​ប្រជាជន​សរុប​ចំនួន២លាន៣សែន​នាក់​បាន​រត់​ភៀស​ខ្លួន​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។

ទីភ្នាក់ងារ​ជំនួយ​មនុស្សធម៌​អង្គការ​សហប្រជាជាតិ​ដែល​គេ​ស្គាល់​ថា OCHA បាន​បញ្ជាក់​ថា ក្បួន​រថយន្ត​បាន​ដឹក​ជំនួយ​មនុស្សធម៌​ប្រហែល​៤%​ប៉ុណ្ណោះ​នៃ​ជំនួយ​នាំចូល​ជា​មធ្យម​ប្រចាំ​ថ្ងៃ​មុន​ពេល​សង្គ្រាម​នេះ​បាន​ចាប់ផ្ដើម​និង​«មួយ​ចំណែក​នៃ​អ្វី​ដែល​ត្រូវការ​ប៉ុណ្ណោះ​បន្ទាប់ពី​មាន​ការហ៊ុមព័ទ្ធ​ទាំងស្រុង​អស់​រយៈពេល​១៣ថ្ងៃ​កន្លង​មក​លើ​តំបន់​ហ្កាហ្សា»។

យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ថាស្ថានភាព​មនុស្សធម៌​គឺ«អាច​គ្រប់គ្រង​បាន»ស្រប​ពេល​ដែល​ទីភ្នាក់ងារ OCHA បាន​អំពាវនាវ​ឱ្យ​មាន​ការ​អនុញ្ញាត​ឱ្យ​រថយន្ត​ដឹក​ជំនួយ​មនុស្ស​ធម៌​ចំនួន​១០០​គ្រឿង​ចូល​ទៅ​ក្នុង​តំបន់​ហ្កាហ្សា​ក្នុង​មួយ​ថ្ងៃៗ៕

ប្រែសម្រួល​ដោយ​លោក ភី សុភាដា

XS
SM
MD
LG