អ្នករៀបចំការតវ៉ានៅស៊ូដង់និយាយថា ពួកយោធាបានព្យាយាមបំបែកបាតុកម្មអង្គុយជាច្រើនថ្ងៃនៅក្រៅបញ្ជាការដ្ឋានកងទ័ពនៅរដ្ឋធានី Khartoum បន្តែក្រោយមកបានដកថយវិញ។
បាតុករនិយាយថា កងទ័ពបានព្យាយាមបំបែកការអង្គុយបាតុកម្មនោះប៉ុន្តែត្រូវបានបាតុករដែលសាមគ្គីគ្នាស្រាក់ដៃគ្នាជារង្វង់រារាំងកាលពីថ្ងៃចន្ទ។
សមាគមអ្នកមានវិជ្ជាជីវៈរបស់ស៊ូដង់ជាក្រុមធំដែលដឹកនាំចលនាតវ៉ានេះ បានអំពាវនាវឱ្យមានមនុស្សកាន់តែច្រើនឡើងចូលរួមក្នុងការអង្គុយបាតុកម្មបន្ទាប់ពីយោធាធ្វើសកម្មភាព។
អ្នករៀបចំបាតុកម្មបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងអំពាវនាវសូមឲ្យប្រជាជនរួតរះមកចូលរួមបាតុកម្មអង្គុយតវ៉ាដើម្បីការពារបដិវត្តន៍របស់យើង»។
កាលពីថ្ងៃចន្ទ មេដឹកនាំបាតុករបានទាមទារម្តងទៀតឱ្យក្រុមប្រឹក្សាយោធាថ្មីរបស់ប្រទេសនេះរំលាយខ្លួន ហើយជំនួសដោយរដ្ឋាភិបាលស៊ីវិល បន្ទាប់ពីមានរដ្ឋប្រហារយោធាដែលបានបណ្តេញលោកប្រធានាធិបតី Omar al-Bashir ចេញពីតំណែងកាលពីសប្តាហ៍មុន។
លោក Mohamed Naji មេដឹកនាំជាន់ខ្ពស់នៃសមាគមអ្នកមានវិជ្ជាជីវៈរបស់ស៊ូដង់បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រុមនេះចង់ឲ្យបង្កើតក្រុមប្រឹក្សាពលរដ្ឋមួយដែលមានអ្នកតំណាងមកពីកងទ័ពផងដែរ៕