ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំយោធាថ្មីនៃប្រទេសស៊ូដង់លាចេញពីដំណែង


ប្រធានស៊ើបអង្កេត​ស៊ូដង់​លោក Salah Abdallah Mohamed Saleh ឬត្រូវ​បានស្គាល់​ថា​ Salah Gosh និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុង​ទីក្រុង Khartoum ប្រទេស​ស៊ូដង់​កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣។
ប្រធានស៊ើបអង្កេត​ស៊ូដង់​លោក Salah Abdallah Mohamed Saleh ឬត្រូវ​បានស្គាល់​ថា​ Salah Gosh និយាយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយក្នុង​ទីក្រុង Khartoum ប្រទេស​ស៊ូដង់​កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣។

មេដឹកនាំ​របស់​ក្រុម​ប្រឹក្សាយោ​ធា​ដែល​បាន​បណ្តេញ​ប្រធានា​ធិបតីស៊ូដង់​លោក​ Omar Hassan Al Bashir ​បាន​លា​ចេញ​ពី​ដំណែង​កាល​ពី​ថ្ងៃ​សុក្រ ​មួយ​ថ្ងៃ​បន្ទាប់​ពីការប្រកាស​ការកាន់​អំណាច​របស់​ពួកយោធាមក។ ឧត្តមសេនីយ៍ទោ Awad Mohamed Ahmed Ibn Auf ​បាន​តែងតាំង​ឧត្តមសេនីយ៍ Abdel-Fattah Burhan ​ជា​អ្នក​ស្នង​ដំណែង​របស់​លោក។

ពួក​យោ​ធា​មិន​បាន​និយាយ​ថា​ហេតុអ្វី​បាន​ជាលោក​ Ibn Auf ​ចុះ​ចេញ​ពី​តំណែង​នោះ​ទេ។

ការតវ៉ា​ប្រឆាំងដ៏​ធំមួយ បាន​បន្ត​ធ្វើ​នៅ​ក្នុង​រដ្ឋ​ធានី​និង​ទីក្រុង​ផ្សេង​ៗ​ទៀត​របស់​ស៊ូដង់​នៅ​ពេល​ដែល​ពួក​បាតុករ​បានច្រាន​ចោលផែនការ​របស់​ក្រុម​ប្រឹក្សា​ដែលដឹកនាំ​ដោយ​ពួក​យោធា​ដើម្បី​ដឹកនាំ​រដ្ឋាភិបាលរហូត​ដល់​២ឆ្នាំ។

បាតុករ​មួយ​ក្រុម​ធំ ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ខាង​ក្រៅទីបញ្ជាការ​យោធា​នៅ​ក្នុង​រដ្ឋ​ធា​នី Khartoum ​ដែល​នៅ​ទី​នោះ ​បាតុករ​ខ្លះ​បាន​ស្រែក​ថា «​រដ្ឋាភិបាល​បាន​ដួល​រលំ​កាល​ពី​មុន ​វា​នឹង​ដួល​រលំ​ម្តងទៀត»​។

​ពួក​មេដឹកនាំ​យោ​ធា​ថ្មី​នៃ​ប្រទេស​ស៊ូដង់ ​និយាយថា ​ពួកគេនឹង​ធ្វើ​ឲ្យ​មានការ​ដឹក​នាំ​តាម​បែបស៊ី​វិល​វិញ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ឬតិចជាងនេះ។

នៅឯ​សន្និសីទ​កាសែត​កាលពី​ថ្ងៃ​សុក្រ ឧត្តមសេនីយ៍ Omar Zein Abedeen ក៏​បាន​និយាយ​ដែរ​ថា ពួក​រដ្ឋ​អំណាច​យោ​ធា ​នឹង​មិន​ធ្វើ​បត្យាប័ន​ប្រធានា​ធិបតី Al Bashir ដែល​ត្រូវ​ចង់​ចាប់ខ្លួន​ដោយ​តុលាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ដើម្បី​ប្រឈមនឹងការ​ចោទ​ប្រកាន់​ពី​ឧក្រិដ្ឋ​កម្ម​សង្គ្រាម ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​និង​អំពើ​ប្រល័យ​ពូជ សាសន៍ទេ។​ លោក​ឧត្តម​សេនីយ៍ Abedeen ​បាន​និយាយ​ថា ​ប្រទេស​ស៊ូដង់ ​មាន​ច្បាប់​ដើម្បី​ដោះ​ស្រាយ​មនុស្ស​ដែល​មានការ​សង្ស័យ​ពី​ការ​ប្រព្រឹត្ត​ឧក្រិដ្ឋ​កម្ម​នៅ​ក្នុង​ប្រទេស​ដែរ៕

XS
SM
MD
LG