ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ការទូត​របស់​អង្គការ​សហប្រជាជាតិ​ការពារ​​បេសកកម្ម​កងកម្លាំង​រក្សា​សន្តិភាព


លោក Adama Dieng ទីប្រឹក្សា​ពិសេស​ទទួល​បន្ទុក​ផ្នែក​រារាំង​អំពើ​ប្រល័យ​ពូជសាសន៍​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថ្លេង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Bangui សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល កាលពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧។
លោក Adama Dieng ទីប្រឹក្សា​ពិសេស​ទទួល​បន្ទុក​ផ្នែក​រារាំង​អំពើ​ប្រល័យ​ពូជសាសន៍​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ថ្លេង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​ក្នុង​ក្រុង Bangui សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល កាលពី​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧។

ក្រុមប្រឹក្សា​សន្តិសុខ​និង​សន្តិភាព​របស់​សហភាព​អាហ្វ្រិក​បាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​លើ​ប្រទេស​ស៊ូដង់​ខាង​ត្បូង ​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយតប​របស់​ខ្លួន​ចំពោះ​វិបត្តិ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង និង​បាន​ផ្តល់​យោបល់​ឲ្យ​បង្កើត​តុលាការ​កូនកាត់​មួយ។

លោក Adama Dieng ទីប្រឹក្សា​ពិសេស​ទទួល​បន្ទុក​ផ្នែក​រារាំង​អំពើ​ប្រល័យ​ពូជសាសន៍​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ កំពុង​ការពារ​លទ្ធផល​នៃ​បេសកកម្ម​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង ឬ​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា UNMISS។

លោក Adama Dieng បាន​ប្រាប់​កម្មវិធី South Sudan In Focus របស់​ VOA ថា គេ​ចាំបាច់​ត្រូវអបរំ​ពលរដ្ឋ​ស៊ូដង់​ខាង​ត្បូង​ស្តី​ពី​អាណត្តិ​របស់​ក្រុម​បេសកកម្ម UNMISS ដែល​ជា​កងកម្លាំង​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ និង​មាន​សមាជិក​១២.០០០​នាក់។ ក្រុម​នេះ​ទទួល​បាន​ការ​ចាត់​តាំង​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ក្នុង​ការ​ការពារ​ជនស៊ីវិល បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​អំពើ​ហិង្សា​ដ៏​ប្រល័យ​នៅ​ក្នុង​រដ្ឋធានី​របស់​ស៊ូដង់​ខាង​ត្បូង​ក្នុង​ឆ្នាំ២០១៣។

អ្នក​ការ​ទូត​កំពូល​របស់​អ.ស.ប.​រូប​នេះ​បាន​អះអាង​ថា កង​រក្សា​សន្តិភាព​ដែល​ធ្វើ​ការ​ក្រោម​ស្លាក UNMISS បាន​ជួយ​សង្គ្រោះ​ជីវិត​ជន​ស៊ីវិល​រាប់​ពាន់​នាក់ដែល​ជាប់​នៅ​ក្នុង​ក្រុង Juba និង​ក្រុង​ផ្សេងៗ​ទៀត​ក្នុងអំឡុង​ពេល​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ស៊ូដង់​ខាង​ត្បូង​ និង​ក្រុម​ឧទ្ទាម​នៃ​ចលនា​រំដោះ​ពលរដ្ឋ​ស៊ូដង់​ដែល​ប្រឆាំង​ទៅ​នឹង​អតីត​អនុប្រធានាធិបតី​លើក​ទី១​គឺ​លោក Riek Machar។

លោក Adama Dieng ​បាន​និយាយ​ថា៖ «ក្រុម UNMISS មិន​មែន​ជា​កងកម្លាំង​អន្តរាគមន៍ ឬ​កងកម្លាំង​រារាំង​ក្រុម​ណា​មួយ​នោះ​ទេ។ ក្រុម​នេះ​អាច​ប្រតិបត្តិការ​បាន​លុះត្រា​ណា​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​ម្ចាស់​ផ្ទះ»។​

ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ

លោក Dieng បាន​និយាយ​ថា រដ្ឋាភិបាល​ស៊ូដង់​ខាង​ត្បូង​គួរ​តែ​សហការ​ជាមួយ​នឹង​ក្រុម UNMISS​ ដើម្បី​អនុញ្ញាត​ឲ្យ​កងកម្លាំងមួក​ខៀវ​ទាំង​នេះ​ដែល​មាន​ទាំង​បុរស​និង​ស្ត្រី​ អនុវត្ត​នូវ​សេចក្តី​សម្រេច​លេខ២៣២៧ (២០១៦) របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប។ សេចក្តី​សម្រេច​នេះ​ស្នើ​ឲ្យ​គូភាគី​ដែល​មាន​ជម្លោះ​ត្រឡប់​មក​ដំណើរការ​សន្តិភាព​វិញ និង​អនុញ្ញាត​ឲ្យ​ក្រុម UNMISS ប្រើប្រាស់​មធ្យោបាយ​ចំបាច់​ក្នុង​ការ​ការពារ​ជន​ស៊ីវិល។

លោក​បាន​និយាយ​ថា ការ​ទទួលខុស​ត្រូវក្នុង​ការ​ការពារ​ជន​ស៊ីវិល​គឺ​ស្ថិត​នៅ​លើ​រដ្ឋាភិបាល​ស៊ូដង់​ខាង​ត្បូង​តែ​មួយ​គត់ ដោយលោក​បាន​បន្ថែម​ថា ក្នុង​ករណី​ដែល​រដ្ឋ​មិន​អាច​ការពារ​ជល​ស៊ីវិល​របស់​ខ្លួន​បាន រដ្ឋ​នោះ​គួរ​តែ​ស្នើ​សុំ​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ ប្រទេស​ជិត​ខាង និង​តំបន់​ក្បែរ​នោះ​ឲ្យ​ជួយ​ការពារ​ជនស៊ីវិល​របស់​ខ្លួន។

លោក​បាន​និយាយ​ថា៖ «វា​ស្ថិត​ក្នុង​បរិបទ​នេះ​ហើយ​ដែល​អាជ្ញាធរ​អន្តររដ្ឋាភិបាល​ស្តី​ពី​ការ​អភិវឌ្ឍ​ ឬ​ហៅ​កាត់​ថា IGAD សហភាព​អាហ្វ្រិក អ.ស.ប.​ ក្រុម Troika បី​ប្រទេសគឺ​ប្រទេសន័រវែស ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក និង​សហគមន៍​អន្តរជាតិ​ជាច្រើន​កំពុង​ជួយ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ក្នុង​ការ​បញ្ចប់​ជម្លោះ​ និង​ការពារ​ពលរដ្ឋ​ក្នុង​ប្រទេស​នេះ»។

ទោះ​ជា​យ៉ាង​ណា​ លោក Dieng បាន​និយាយ​ថា ប្រសិន​បើ​រដ្ឋ​នោះ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ការពារ​ពលរដ្ឋ​របស់​ខ្លួន ហើយ​រដ្ឋ​នោះ​មាន​ពាក់ព័ន្ធ​ក្នុង​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្សជាតិ​ អំពើ​ប្រល័យ​ពូជសាសន៍​ និង​ការ​បោស​សម្អាត​ជាតិ​សាសន៍​នោះ សហគមន៍​អន្តរជាតិ​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ការពារ​ជនស៊ីវិល។

ឧបសគ្គ

លោក David Shearer ប្រធាន​ក្រុម​បេសកកម្ម UNMISS កាលពី​ពេល​មុន​បាន​រៀបរាប់​ពី​ការមិន​សប្បាយ​ចិត្ត​របស់ភ្នាក់ងារ​ជំនួយ​ដែល​បាន​ចោទ​រដ្ឋាភិបាល​ស៊ូដង់​ខាង​ត្បូង​ និង​ក្រុម​ឧទ្ទាម​ថា​ បាន​រារាំង​បុគ្គល​ផ្តល់​ជំនួយ​មនុស្សធម៌​មិន​ឲ្យ​ចូល​ទៅ​ជួប​គ្រួសារ​ដែល​កំពុង​តែ​ត្រូវ​ការ​ស្បៀង​អាហារ​ សេវា​សុខាភិបាល​ និង​ជម្រក។

លោក​បាន​និយាយ​ថា៖ «វា​មាន​សារៈសំខាន់​ណាស់​ដែល​ថា រដ្ឋាភិបាល​ស៊ូដង់​ខាង​ត្បូង​ធានា​ឲ្យ​កងកម្លាំង​រក្សា​សន្តិភាព​ចេញ​ចូល​ដោយ​សេរី និង​សហការ​ជាមួយ​ពួកគេ​ដើម្បី​ឲ្យ​មាន​ការ​ដាក់​បន្ថែម​នូវ​កងកម្លាំង​ការពារ​តំបន់​របស់​អ.ស.ប.​ចំនួន​៤.០០០នាក់​ថែម​ទៀត។ អ្នក​មិន​អាច​បន្ទោស​បុគ្គលិក​អ.ស.ប.​ដែល​កំពុង​ធ្វើ​ការ​នៅ​កន្លែង​កើត​ហេតុ​នោះ​ទេ ពួកគេ​កំពុង​ធ្វើ​នូវ​អ្វី​ដែល​ពួកគេ​អាច​ធ្វើ​បាន»។

តុលាការ​កូន​កាត់

ក្រុមប្រឹក្សា​សន្តិសុខ​និង​សន្តិភាព​របស់​សហភាព​អាហ្វ្រិក​បាន​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​លើ​ប្រទេស​ស៊ូដង់​ខាង​ត្បូង ​ជា​ផ្នែក​មួយ​នៃ​ការ​ឆ្លើយតប​របស់​ខ្លួន​ចំពោះ​វិបត្តិ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង និង​បាន​ផ្តល់​យោបល់​ឲ្យ​បង្កើត​តុលាការ​កូនកាត់​មួយ។ លោក Dieng បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋ Yei River ក្នុង​ខែ​វិច្ឆិកា ឆ្នាំ២០១៦ ហើយ​បាន​ព្រមាន​ពី​ភាព​ដែល​អាច​កើត​មាន​អំពើ​ប្រល័យ​ពូជសាសន៍​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង។

លោក​បាន​និយាយ​ថា៖ «ដូច្នេះ​អ្វី​ដែល​ត្រូវ​ការ​សព្វថ្ងៃ​នេះ​គឺ​ត្រូវ​ធានា​ថា ជន​រងគ្រោះ​នៃ​ជម្លោះ​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ទទួល​បាន​សំណង​ផ្លូវ​ច្បាប់។

លោក Dieng បាន​និយាយ​ថា វេទិកា​ស្តារ​ប្រទេស​ឡើង​វិញ​កម្រិត​ខ្ពស់​របស់ IGAD​ (IGAD's High Level Revitalization Forum) ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្នុង​ខែ​ធ្នូ​នេះ​នៅ​ក្នុង​ក្រុង Addis Ababa គួរ​តែ​ដាក់​សម្ពាធ​លើ​សហភាព​អាហ្វ្រិក​ក្នុង​ការ​ពន្លឿន​ការ​បង្កើត​តុលាការ​កូនកាត់​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព ក្នុង​ខែ​សីហា ឆ្នាំ​២០១៥។ តុលាការ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កាត់​ទោស​បុគ្គល​ណា​ដែល​ប្រព្រឹត្ត​បទល្មើស​ក្នុង​រយៈពេល​៤​ឆ្នាំ​នៃ​សង្គ្រាម​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​គួរ​និយាយ​ថា សហភាព​អាហ្វ្រិក​បាន​ធ្វើ​ការងារ​ជាច្រើន។ ប៉ុន្តែ​បើ​សិន​ជា​រដ្ឋាភិបាល​ស៊ូដង់​ខាង​ត្បូង​មិន​ព្រម​សហការ​ក្នុង​ការ​បង្កើត​តុលាការ​កូន​កាត់​នេះ នោះ​នឹង​មាន​ការ​លំបាក»។

លោក Dieng បាន​បន្ថែម​ថា សហភាព​អាហ្វ្រិក​គួរ​តែ​ចាប់​ផ្តើម​រៀបចំ​ចងក្រង ប្រមូល និង​រក្សា​ភស្តុតាង​នៃ​បទល្មើស​ដែល​បាន​ប្រព្រឹត្ត​ក្នុង​ជម្លោះ​៤​ឆ្នាំ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង។

លោក Dieng បាន​បញ្ជាក់​ថា៖ «នៅ​ពេល​ខ្ញុំ​ទៅ​ដល់​ក្រុង Yei ខ្ញុំ​បាន​ទៅ​ស្តាប់​សក្ខីកម្ម​មួយ​អំពី​ស្ត្រី​វ័យ​ចំណាស់​៨៤​ឆ្នាំ​ដែល​ត្រូវ​បាន​គេ​រំលោភ។ ខ្ញុំ​ចង់​ថា រឿង​នេះ​អាច​អត់ឱន​ឲ្យ​បាន​នោះ​ទេ»។

ក្រុម Troika បី​ប្រទេស​បាន​ចេញ​នូវ​ការ​ព្រមាន​មួយ​ទៅ​កាន់​ភាគី​មាន​ជម្លោះ​ឲ្យ​ចរចា​ដោយ​សុច្ចរិត​នៅ​ក្នុង​វេទិកា​ស្តារ​ប្រទេស​ឡើង​វិញ​កម្រិត​ខ្ពស់​របស់ IGAD​ នៅ​ក្នុង​ក្រុង Addis Ababa៕

ប្រែ​សម្រួល​ដោយ​ ប៊ុន ប៉េងហ៊ុយ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG