ការធ្វើជំនួញដែលទទួលបានជោគជ័យគឺសហគ្រិនដែលបង្កើតទាំងការងារធ្វើ ផ្តល់ជំនាញ និងចំណូលដល់យុវជន និងប្រជាពលរដ្ឋទូទៅ។ នេះគឺជាការយល់ឃើញរបស់សហគ្រិនវ័យក្មេងម្នាក់របស់កម្ពុជា ដែលបានបង្កើតការងារដល់មនុស្ស២០០នាក់នៅក្នុងខេត្តសៀមរាប។
សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាកំពុងតែកើនឡើង ដោយមានការចូលរួមយ៉ាងច្រើនពីសហគ្រិនវ័យក្មេងរបស់កម្ពុជា ដែលមានគំនិតច្នៃប្រឌិត និងធ្វើជំនួញ។ គិតមកត្រឹមឆ្នាំ២០១១ កម្ពុជាមានសហគ្រាសចំនួនប្រមាណ៥៣០.០០០ ដែលក្នុងនោះ៩៩%គឺជាសហគ្រាសខ្នាតតូច និងមធ្យម។
លោកលួន អានចំណេះគឺជាសហគ្រិនវ័យក្មេងម្នាក់ប្រចាំនៅខេត្តសៀមរាប ដែលបានបង្កើត និងគ្រប់គ្រងភោជនីយដ្ឋានចំនួនពីរកន្លែង សណ្ឋាគារប៉ូទិកចំនួនពីរកន្លែង និងហាងកាហ្វេដែលមានបណ្ណាល័យអានសៀវភៅក្នុងនោះមួយកន្លែងទៀត។ លោក ចំណេះបានប្រាប់ VOA ថា ការបង្កើតសហគ្រាសខ្នាតតូច និងមធ្យមនេះគឺជាគោលការណ៍គន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ក៏ប៉ុន្តែ វាទាមទារការយកចិត្តទុកដាក់ និងការបណ្តុះបណ្តាលបន្ថែមទៀតពីរដ្ឋាភិបាល។
«រដ្ឋាភិបាលណាក៏ដោយ ក៏គាត់គិតថា អាជីវកម្មផ្តួចផ្តើមថ្មី [startup]គឺជាសរសៃឈាមរបស់សេដ្ឋកិច្ចជាតិ។ អញ្ចឹងខ្ញុំគិតថា វាប្រសើរ បើសិនជាមានព្រឹត្តិការណ៍ ឬវេទិកាមួយ ដើម្បីឲ្យក្មេងៗចាប់ផ្តើមទៅ គាត់អាចទៅសួរព័ត៌មាន និងរកអ្នកបណ្តុះបណ្តាលពីវេទិកាហ្នឹងបាន»។
ការធ្វើអាជីវកម្មនីមួយៗតែងតែឆ្លងកាត់បរាជ័យ ហើយសម្រាប់លោកចំណេះវិញ បរាជ័យនេះបានផ្តល់ជាមេរៀនដ៏សំខាន់ដល់លោក មុនពេលលោកឈានមកទទួលបានជោគជ័យជាបន្តបន្ទាប់។
«យើងមិនដឹងថា អ្វីទៅភាពជាដៃគូ ហើយយើងមិនដឹងពីកត្តាអ្វីខ្លះដែលធ្វើឲ្យមានជោគជ័យ។ អ្វីដែលខ្ញុំរៀនបានគឺធ្វើយ៉ាងម៉េចឲ្យភាពជាដៃគូវាខ្លាំង ការពារកុំឲ្យវាមានជម្លោះក្នុងផ្ទៃក្នុង»។
រដ្ឋាភិបាលកម្ពុជាទទួលស្គាល់យ៉ាងពេញទំហឹងថា សហគ្រាសទាំងខ្នាតតូច និងមធ្យមនៅកម្ពុជាកំពុងតែកើនឡើង ដែលជាឆ្អងខ្នងនៃកំណើនសេដ្ឋកិច្ច។ ក៏ប៉ុន្តែ បញ្ហាខ្វះមូលធនបានក្លាយជាកត្តាប្រឈមដល់ការច្នៃប្រឌិតថ្មីនៃសហគ្រាសមួយចំនួនធំ។
លោកលួន អានចំណេះយល់ស្របថា មូលធនគឺជាកត្តាដ៏ចម្បងមួយក្នុងការធ្វើឲ្យអាជីវកម្ម និងជំនួញដើរទៅមុខ។ ក៏ប៉ុន្តែ លោកយល់ថា អាជីវកម្មមួយអាចមិនទទួលបានជោគជ័យទេ បើសិនជាគ្មានភាពជាអ្នកដឹកនាំ ដែលនេះជារូបមន្តមួយក្នុងចំណោមរូបមន្តបីដែលលោកបានរៀនសូត្រពីអ្នកធ្វើជំនួញដ៏ជោគជ័យផ្សេងៗ។
«រូបមន្តរបស់ខ្ញុំជាក់ស្តែងទីមួយ គឺភាពជាអ្នកដឹកនាំត្រូវមាននៅក្នុងជំនួញ។ វាសំខាន់ណាស់ បើនិយាយពីដៃគូជំនួញ។ តែបើសិនជាដៃគូជំនួញវិញ ភាពជាអ្នកដឹកនាំគឺសំខាន់ណាស់ ពីព្រោះវាដើរតួនាទីសំខាន់ជាងគេក្នុងការសម្របសម្រួលឲ្យមនុស្សនៅក្នុងអាជីវកម្មហ្នឹងធ្វើការជាមួយគ្នា»។
ជាទូទៅ សហគ្រិននីមួយៗប្រាថ្នាចង់ធ្វើអាជីវកម្មល្អ និងបានជោគជ័យ។ រីឯលោក ចំណេះយល់ថា អាជីវកម្មល្អជាការធ្វើជំនួញដែលប្រកបដោយក្រមសីលធម៌ ហើយនឹងបង្កើតអ្នកដឹកនាំឲ្យបានច្រើនក្នុងវិស័យអាជីវកម្មនេះ។
«អាជីវកម្មល្អវាត្រូវតែជាអាជីវកម្មដែលមានក្រមសីលធម៌។ ចំពោះខ្ញុំ មុខរបរអ្វីដែលប៉ះពាល់ដល់សុខភាព ខូចខាតដល់វប្បធម៌ ដល់សង្គមជាតិ ខ្ញុំមិនធ្វើទេ បើទោះបីវាចំណេញច្រើនប៉ុណ្ណា ក៏ខ្ញុំមិនធ្វើដែរ។ មានន័យថា ធ្វើម៉េចក៏ដោយឲ្យវាជួយសង្គមជាតិ ហើយក៏វាជាប្រព័ន្ធដែលអាចឲ្យមនុស្សធ្វើការក្នុងហ្នឹងបាន។ ហើយសំខាន់ វាត្រូវតែបង្កើតអ្នកដឹកនាំឲ្យច្រើន»។
លោកចំណេះបានសង្កត់ធ្ងន់ថា ការបង្កើតជំនាញ និងអ្នកដឹកនាំក្នុងអាជីវកម្មនេះទៀតសោតគឺកើតចេញពីការបង្កើតជាវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈគោលសំខាន់ៗដល់បុគ្គលិកគ្រប់រូប។
«គឺខ្ញុំបង្កើតថ្នាក់ភាសាអង់គ្លេស និងថ្នាក់រៀនកុំព្យូទ័រសម្រាប់បុគ្គលិកខ្ញុំរៀន។ រាល់គ្រប់ក្រុមហ៊ុនទាំងអស់ បុគ្គលិកខ្ញុំ គាត់មានឱកាសរៀន។ យើងគ្រាន់តែសង្ឃឹមថា ទោះបីជាគាត់ចេញពីកន្លែងយើងក៏ដោយ ក៏គាត់មានភាសាអង់គ្លេស មានជំនាញកុំព្យូទ័រ ហើយគាត់អាចទៅរកកន្លែងផ្សេងទៀត ដែលគាត់អាចមានប្រាក់ខែច្រើនជាងធ្វើការឲ្យយើង។ ហើយយើងមានមោទនភាពជាងគេគឺរឿងហ្នឹង»។
ក្នុងគោលដៅទៅអនាគត លោកលួន អានចំណេះចង់ឃើញអាជីវកម្មរបស់លោកបង្កើតការងារ និងចំណូលឲ្យកាន់តែច្រើនដល់យុវជនកម្ពុជាផ្សេងៗទៀត។
«នៅពេលដែលខ្ញុំបើកកាន់តែច្រើនទៅៗ ខ្ញុំមានអារម្មណ៍មោទនភាពខ្លួនឯង ត្រង់ថា យើងគ្រាន់តែជាមនុស្សមួយក្រុមម្នាក់ ពីរនាក់ទេ តែយើងអាចបង្កើតការងារដល់ខ្មែរយើងបានជិតដល់២០០ការងារ ហើយយើងមិននិយាយពីឥទ្ធិពលសម្រាប់គ្រួសារគាត់ប្រមាណ១៨០គ្រួសារហ្នឹងផង ហើយយើងមិនទាន់បាននិយាយពីការចំណាយរបស់យើងទៅលើសេដ្ឋកិច្ចជាតិ ដែលក្នុងមួយខែៗយើងចំណាយអស់រាប់សែន។ ទាំងអស់នេះគឺជាកត្តាមួយ ដែលជំរុញសេដ្ឋកិច្ចជាតិ»។
បន្ថែមលើនេះ លោកចំណេះយល់ថា យុវជន ដែលប្រាថ្នាក្លាយជាសហគ្រិន ត្រូវចាប់យកផ្នត់គំនិតជាសហគ្រិនឲ្យបានល្អ ដោយចែករំលែក និងប្រាស្រ័យទាក់ទងនឹងអ្នកធ្វើជំនួញផ្សេងៗទៀត ដើម្បីផ្លាស់ប្តូរគំនិតថ្មីៗដើម្បីបង្កើតអាជីវកម្មល្អៗ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ៕