ថ្មីៗនេះ ក្រុមសិស្សនារីវ័យក្មេងមួយក្រុមបានឈានដល់ដំណាក់ការពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតភាពជាសហគ្រិនសាកលលោកឈ្មោះ Technovations បន្ទាប់ពីបានបង្កើតកម្មវិធី App តាមទូរស័ព្ទមួយ ដែលអាចជួយកសិករលក់ផលិតផលកសិកម្មរបស់ខ្លួនក្នុងតម្លៃល្អប្រសើរ។
ក្រុមសិស្សនារីនេះមានឈ្មោះថា LiGeek មកពីមជ្ឈមណ្ឌលសិក្សា Liger នៅរាជធានីភ្នំពេញ មានសមាជិកប្រាំនាក់ ដែលមានអាយុយ៉ាងតិចណាស់១៤ឆ្នាំ។ បើទោះបីជាពួកគេមិនឈានដល់ដំណាក់ការផ្តាច់ព្រ័ត្យក្តី ក៏ការខិតខំប្រឹងប្រែងរបស់ពួកគេបានបង្ហាញថា ការច្នៃប្រឌិតខាងបច្ចេកវិទ្យាគឺមិនមែនសម្រាប់តែបុរសនោះទេ។
ក្រុម LiGeek បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Technovations ឆ្នាំ២០១៥នេះ ក្នុងចំណោមក្រុមសិស្សនារីវ័យក្មេងជាច្រើនមកពីប្រទេសចំនួន៦០ប្រទេសជុំវិញពិភពលោក។ កម្មវិធី Technovations នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់ស្ត្រីវ័យក្មេងឲ្យក្លាយជាអ្នកដោះស្រាយបញ្ហាក្នុងសហគមន៍ តាមរយៈបច្ចេកវិទ្យា។
កម្មវិធី App ឈ្មោះ ImEX របស់ក្រុម LiGeek ជួយបង្កើតទីផ្សារតាមប្រព័ន្ធអ៊ីនធឺណិតដល់កសិករ ដែលពួកគេអាចលក់ផលិតផលកសិកម្មរបស់ខ្លួនតាមតម្រូវការរបស់អតិថិជន។ ក្រុម LiGeek បានសិក្សាពីជំនាញបច្ចេកវិទ្យានេះនៅឯមជ្ឈមណ្ឌលសិក្សា Liger នៅស្រុកកៀនស្វាយ ក្បែរទីក្រុងភ្នំពេញ។
ក្រុមសិស្សនារីវ័យក្មេងនេះបានរៀបចំគ្រោងសារជីវកម្ម និងឧបករណ៍ដោយខ្លួនឯង ដើម្បីបង្កើតកម្មវិធី App នេះឡើង ដោយទទួលបានជំនួយខាងបច្ចេកវិទ្យាពីគម្រោងអភិវឌ្ឍន៍ការច្នៃប្រឌិត ឬ Development Innovations ដែលជាគម្រោងមួយរបស់ទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជាដើម្បីជួយលើកកម្ពស់ការអភិវឌ្ឍន៍ខាងបច្ចេកវិទ្យា។
២ភាគ៣នៃចំនួនប្រជាជនសរុបរបស់កម្ពុជាមានអាយុក្រោម៣០ឆ្នាំ ហើយជារៀងរាល់ឆ្នាំ មាននិស្សិតកាន់តែច្រើនដែលបញ្ចប់ការសិក្សាផ្នែកបច្ចេកវិទ្យាព័ត៌មាន។ នេះបានបង្កើតជាឱកាសច្រើនដល់ការបង្កើតសហគ្រាសបច្ចេកវិទ្យាជាច្រើន ដូចជា ហ្គេមតាមអ៊ីនធឺណិតឈ្មោះ Asva ដ៏ពេញនិយមមួយរបស់ Osja Studio ជាដើម៕