រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាគឺលោក ស៊ុន ចាន់ថុល បានអះអាងនៅថ្ងៃពុធនេះថា លោកនឹងធ្វើកិច្ចការជាមួយអ្នកជំនួញអង្ករ និងដៃគូនានាដើម្បីដាក់ម៉ាក យីហោអង្ករខ្មែរសម្រាប់នាំចេញឲ្យបានច្បាស់លាស់។
«ម៉ាកបើគេទទួលស្គាល់ទៅ យើងអាចលក់តម្លៃបានខ្ពស់។ នេះបើគេទទួលស្គាល់ថា នែ! នេះជាអង្ករមានគុណភាពខ្ពស់»។
លោក ស៊ុន ចាន់ថុល បន្ថែមថា ប្រទេសកម្ពុជាបាននាំអង្ករចេញចំនួន៣៦៩ ពាន់តោនក្នុងរយៈពេល៩ខែចុងក្រោយនេះគឺមិនទាន់ឈានដល់១លានតោនដូចកម្ពុជាបានកំណត់នោះទេ។ អង្ករកម្ពុជាត្រូវចាត់ចូលក្នុងចំណាត់ថ្នាក់ជាអង្ករលេខមួយក្នុងពិភពលោក បីឆ្នាំជាប់គ្នា។ ការកំណត់ម៉ាកយីហោអង្ករកម្ពុជាជារឿងសំខាន់ និងផ្តល់ការចាប់អារម្មណ៍ខ្លាំង ហើយវានាំឲ្យមានកំណើននៃការនាំចេញ ដោយជួយសម្រួលដល់ការកំណត់យុទ្ធសាស្ត្រជាតិទាក់ទងនឹងស្រូវអង្ករកម្ពុជា និងផ្តល់ផលប្រយោជន៍សម្រាប់ការនាំចេញនិងផ្តល់ផលប្រយោជន៍ដល់កសិករផងដែរ។
លោកថ្លែងយ៉ាងដូច្នេះនៅមុខក្រុមអ្នកចូលរួមប្រមាណ១០០នាក់មកពីក្រុមហ៊ុន ស្ថាប័នរដ្ឋនានា ដែលក្នុងនោះមានលោក David Puttnam បេសកជនពិសេសរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេសប្រចាំតំបន់ រួមទាំងកម្ពុជា ហើយនឹងឯកអគ្គរាជទូតអង់គ្លេសផងដែរ។ កិច្ចពិភាក្សានេះបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មនិងស្ថានទូតអង់គ្លេស។
ក្រុមអ្នកចូលរួមបានលើកឡើងថា ការជួយជ្រោមជ្រែងពីរដ្ឋ និងវិស័យឯកជននិងការចូលរួមពីកសិករជារឿងសំខាន់ ក្នុងការដាក់ម៉ាកនេះ។ ពួកគេបានអះអាងថា ការដាក់ម៉ាកឲ្យបានច្បាស់លម្អិត ងាយចំណាំ ហើយនឹងការផលិតដែលថែរក្សាគុណភាពឲ្យបានថេរនោះ គឺជាកត្តាសំខាន់។
លោក David Puttnam បេសកជនពិសេសរបស់លោកនាយករដ្ឋមន្ត្រីអង់គ្លេសដែលបានថ្លែងថាការដាក់ផ្លាក មានសរសេរផ្លាក ឡូហ្គោ មានហត្ថលេខាឬអ្វីជាការបញ្ជាក់ទទួលស្គាល់ពីក្រសួងពាណិជ្ជកម្មនោះជាមធ្យបាយមានការជឿជាក់មួយ ឬក៏ដាក់ផ្លាកថាជាអង្ករមានគុនភាពខ្ពស់ ពិសេស extra ដោយលក់ក្នុងតម្លៃថ្លៃជាងធម្មតា។ លោកថាផលិតអង្ករមានគុណភាពខ្ពស់និងផលិតផលល្អទៀងទាត់នោះគឺជាការទាក់ទាញផ្សារ។
«ការទទួលខុសត្រូវចំពោះការផ្គត់ផ្គង់គឺជារឿងសំខាន់សម្រាប់អ្នកទិញ អ្នកលក់រាយធំៗ អ្នកលក់ដុំធំៗ ហើយនោះគឺជារឿងលំបាកដែលយើងទើបតែបានពិភាក្សា។ រឿងទទួលខុសត្រូវនោះគឺជាវិន័យ ហើយមានន័យថា ការផ្គត់ផ្គង់ផលិតផលត្រូវតែមានរបៀប ព្រោះថា មនុស្សបោកប្រាស់ម្នាក់អាចបំផ្លាញកិត្តិយសដែលអ្នកបានបង្កើតឡើង»។
លោក ស៊ុន ចាន់ថុល បានអំពាវនាវឲ្យក្រុមហ៊ុននានារក្សាគុណភាពអង្ករខ្មែរនិងកុំឲ្យយកអង្ករកម្ពុជាទៅលាយជាមួយអង្ករប្រទេសផ្សេង ហើយដាក់ថា ជារបស់ខ្មែរ។
«សុំថែរក្សាមុខមាត់ប្រទេសជាតិយើង ទើបយើងអាចជួយប្រជាកសិករ យើងបានទាំងអស់គ្នា។ កុំយកចំណេញតែម្នាក់ឯង ឲ្យគេងាប់ដោយសារយើង។ នេះ ខ្ញុំសុំនិយាយពាក្យសាមញ្ញ។ កុំចំណេញម្នាក់ឯង មានបានម្នាក់ឯង ហើយទៅសម្លាប់ប្រជាពលរដ្ឋរាប់លាននាក់ដែលខិតខំផលិតអង្ករជាប់លេខ១ក្នុងពិភពលោកបីឆ្នាំជាប់គ្នា»។
ក្រុមអ្នករកស៊ីនាំចេញអង្ករ ដែលបានចូលរួមក្នុងកិច្ចពិភាក្សានេះ បានអះអាងថា ក្រសួង និងអាជ្ញាធររដ្ឋាភិបាល ដែលជាអ្នកគ្រប់គ្រង ត្រូវតែមានវិធានការផងដែរ ហើយបើឈ្មួញនាំអង្ករខ្មែរទៅប្រទេសជិតខាង លាយនៅទីនោះ ហើយនាំចូលមកកម្ពុជាវិញគឺមិនអាចទប់ស្កាត់បានទេ បើមានការឃុបឃិតពីមន្ត្រីខ្មែរផ្តល់អាជ្ញាបណ្ណលក់ម៉ាក ឬកូតាប្រទេសទៅឲ្យក្រុមហ៊ុនប្រទេសផ្សេងទាំងនោះ។
អង្ករកម្ពុជាមានដូចជាអង្ករផ្កាម្លិះ ផ្ការំដួល ផ្កាខ្ញី សម្រូបផ្កាម្លិះ នាងខុន ក្ងោកពង នាងអំ នាងមិញ បន្លាផ្តៅ ដំណើបជាដើម។ តែក្នុងចំណោមអង្ករទាំងនេះ មានមួយចំនួនមានឈ្មោះដូចអង្ករប្រទេសជិតខាង ពេលនាំចេញទៅក្រៅប្រទេស ដែលតម្រូវឲ្យមានការគិតគូរដាក់ម៉ាកឲ្យបានច្បាស់៕