ពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងមិនចង់ឃើញសង្គ្រាមកើតឡើងទេ ក្រោយពេលរដ្ឋាភិបាលកម្ពុជាប្រកាសបញ្ជូនកងទ័ពទៅកាន់ព្រំដែនឡាវ ក្រោយពេលដែលមានការចោទប្រកាន់ថា កងទ័ពឡាវបានចូលមកកាន់កាប់ទឹកដីខ្មែរនៅតាមព្រំដែន។ ពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងមួយចំនួនបានប្រាប់ VOA ថា ពួកគេចង់ឲ្យភាគីទាំងពីរមានការចរចាគ្នា និងដកថយរៀងៗខ្លួន។
ភ្លាមៗក្រោយពេលដែលប្រមុខរដ្ឋាភិបាលគឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងក្រុមមន្ត្រីយោធាបានប្រកាសប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងចំណាត់ការផ្នែកការទូតប្រឆាំងជាមួយនឹងកងទ័ពឡាវមួយចំនួន ដែលត្រូវគេចោទប្រកាន់ថាបានចូលមកកាន់កាប់ទឹកដីខ្មែរនៅតាមព្រំដែន ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនោះ ពលរដ្ឋក្នុងខេត្តស្ទឹងត្រែងមួយចំនួនមិនចង់ឃើញសង្គ្រាមកើតឡើងទេ។
លោក សេង សុគន់ អ្នកស្រុកនៅក្នុងស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានថ្លែងប្រាប់VOA ថា ជាការល្អប្រទេសទាំងពីរត្រូវចៀសវាងការប្រើប្រាស់កងទ័ពដោះស្រាយបញ្ហា។
«បើតាមការយល់ឃើញរបស់ខ្ញុំ យោធាទៅអត់រួចទេ ព្រោះខាងណោះ(ឡាវ)ក៏អត់ហ៊ានដែរ ហើយយើង (កម្ពុជា)ក៏អត់ចង់ធ្វើការហ្នឹង ហើយគួរតែជជែកគ្នាទៅ ហើយដករៀងខ្លួនទៅចប់ ព្រោះយើង(កម្ពុជា) អត់ដែលរំលោភគេផង មានតែគេរំលោភយើង»។
លោក សុគុន បានបន្តថា លោកបានកត់សម្គាល់ឃើញថា ពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងមិនមានការភ្ញាក់ផ្អើលអ្វីដែរមកដល់ពេលនេះ ទោះជាមានការចល័តទ័ព និងដឹងពីការគម្រាមដាក់ឱសានវាទរបស់រដ្ឋាភិបាលចំពោះភាគីឡាវ ដែលមិនទាន់ឃើញមានការបញ្ជាក់ពីគោលជំហរមកដល់ព្រឹកថ្ងៃសៅរ៍នេះ។
បើតាមពលរដ្ឋដែលនៅទីរួមខេត្តស្ទឹងត្រែងម្នាក់ទៀត ដែលធ្លាប់ធ្វើកិច្ចការជាមន្ត្រីអង្គការមួយ បានថ្លែងប្រាប់ VOA ក្នុងលក្ខខណ្ឌមិនព្រមប្រាប់ឈ្មោះ ថា ការចរចាដោយសន្តិវិធីជាជម្រើសល្អ។
«ខ្ញុំថាគួរតែយើងនិយាយគ្នាដោយសន្តិវិធី វាល្អជាងយើងធ្វើសង្គ្រាម។ កាលណាធ្វើសង្គ្រាមវាធម្មតា មានការខូចខាតទាំងសងខាងហើយ។ បើសិនជាយើងមានការចរចាគ្នាល្អដែរ បើសិនជាយើងចរចាគ្នាត្រូវ»។
បើតាមម្ចាស់ផ្ទះសំណាក់មួយនៅក្នុងស្រុកសៀមប៉ាង ដែលជាស្រុកកើតវិវាទព្រំដែននោះ បានអះអាងថា អ្នកស្រីមិនទាន់ឃើញមានអ្វីប្លែកនោះទេ គឺដំណើរការមុខជំនួញពាណិជ្ជកម្មកំពុងប្រព្រឹត្តទៅជាធម្មតា ហើយពលរដ្ឋគ្មានការជម្លៀសចេញដែរ។ អ្នកស្រីបានអះអាងថា ពលរដ្ឋកំពុងរង់ចាំមើលការចរចារវាងប្រទេសទាំងពីរ។
ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានធ្ងន់ៗជាឯកតោភាគី ហើយជាសាធារណៈកាលពីថ្ងៃសុក្រ មុនពេលលោកចេញបទបញ្ជាឲ្យកងទ័ពកម្ពុជាត្រៀមបើកការវាយប្រហារទៅលើទាហានឡាវ ប្រមាណ៣០នាក់ដែលកំពុងបោះទីតាំង នៅអូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
«អញ្ចឹងខ្ញុំសូមបញ្ជូនសារពីនេះ អំពាវនាវចំពោះឯកឧត្តម ថោងលន់ ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតឡាវ ដកកងទ័ពចេញពីទឹកដីកម្ពុជា ដោយគ្មានលក្ខខណ្ឌ ហើយឱសានវាទយូរបំផុតគឺថ្ងៃនេះ គឺថ្ងៃទី១១ យូរបំផុតនៅថ្ងៃទី១៧ ខ្ញុំទុកឲ្យប្រាំមួយថ្ងៃ»។
បើតាមលិខិតរបស់លោកនាយករដ្ឋមន្ត្រីចុះថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ដែល VOAទទួលបាននៅសៀលថ្ងៃសុក្រនេះ លោក ហ៊ុន សែន បានប្រាប់នាយករដ្ឋមន្ត្រី លោក ថោងលន់ ស៊ីសូលីត ថា តាមការពិនិត្យទីតាំងជាក់ស្តែងដោយប្រធានគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរកម្ពុជា ឡាវ កាលពីថ្ងៃទី៥ ខែសីហាកន្លងទៅ ទៅលើការសាងសង់ផ្លូវដោយកងវិស្វកម្មកម្ពុជា នៅបណ្តោយទន្លេសេគុង ក្បែរតំបន់អូរអាឡៃ និងនៅតំបន់ដែលទាហានឡាវបោះទីតាំង នៅអូរតាង៉ាវ ស្រុកសៀមប៉ាងព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើ នោះមក បានបង្ហាញយ៉ាងច្បាស់ថា៖
«ទាហានឡាវពិតជាបានរំលោភអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជានៅតំបន់ខាងលើនោះពិតប្រាកដមែន ហើយរហូតមកដល់ពេលនេះ ភាគីមិត្តនៅពុំទាន់បានដកកម្លាំងប្រដាប់អាវុធ ចេញពីទឹកដីកម្ពុជានៅឡើយ ទោះបីជាកម្ពុជាបានផ្អាកការធ្វើផ្លូវនិងបានដកគ្រឿងចក្រចេញពីតំបន់នោះហើយក៏ដោយ»។
ក្រៅពីអំពាវនាវកុំឲ្យពលរដ្ឋភ្ញាក់ផ្អើលរឿងចល័តទ័ព លោកនាយករដ្ឋមន្ត្រីក៏បានដាក់គម្រោងការធ្វើដំណើរទៅកាន់ប្រទេសឡាវ ដើម្បីជួបជាមួយសមភាគីឡាវនៅចុងសប្តាហ៍នេះផងដែរដើម្បីដោះស្រាយរឿងព្រំដែន។
បន្ទរតាមនាយករដ្ឋមន្ត្រី ក្រុមមន្ត្រីយោធាកម្ពុជាបានព្រមានធ្ងន់ ហើយត្រូវផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងប្រទេសនិងក្រៅប្រទេសអំពីការបញ្ជូនកងទ័ព ការត្រៀមខ្លួនបណ្តេញកងទ័ពឡាវ បើកងទ័ពឡាវមិនដកថយ ដែលសកម្មភាពដូច្នេះបានកើតឡើងជាមួយកងទ័ពថៃដែរ។ តែគេមិនបានឃើញថា មានសកម្មភាពខ្លាំងក្លាផ្នែកយោធានេះបានកើតឡើងជាមួយកងកម្លាំងប្រទេសវៀតណាម ដែលត្រូវចោទថាបានចូលមក ជីកស្រះ សង់បុស្តិ៍យោធា ធ្វើផ្លូវនៅតាមព្រំដែនក្នុងតំបន់ខ្លះនោះទេ។ គេឃើញថាវិស័យការទូតបានដើរតួជាជំនួសវិញ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមពលរដ្ឋនៅក្នុងខេត្តស្ទឹងត្រែងមួយចំនួនបានអះអាងថា ជាការល្អដែរដែលកម្ពុជាមានការគម្រាមជាមុនទៅលើប្រទេសដែលចូលមករំលោភដែនអធិបតេយ្យកម្ពុជា ហើយបង្ហាញកម្លាំង ដើម្បីទប់ស្កាត់និងការពារបូរណភាពទឹកដី។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាព លោក យ៉ង គឹមអេង បានជឿជាក់ថា យោងតាមទំនាក់ទំនងរវាងកម្ពុជានិងឡាវ ហាក់ដូចជាគ្មានអ្វីដែលអាចឈានទៅដល់ការប្រើប្រាស់កម្លាំងយោធាទេ។
«កម្ពុជានិងប្រទេសឡាវហ្នឹង គឺមិនជាមានបញ្ហាដែលថាមិនអាចនិយាយគ្នាបានទេព្រោះអីនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរអាចទៅជជែកគ្នាបាន អាចដោះស្រាយបញ្ហារួមគ្នាបានជាច្រើនហើយ»។
លោក គឹមអេង បានទទូចឲ្យមានការដោះស្រាយដោយប្រយ័ត្នប្រយែងចំពោះជម្លោះដីធ្លីទាំងជាមួយឡាវ ហើយព្រមទាំងដោះស្រាយ ជម្លោះដីធ្លីជាមួយពលរដ្ឋកម្ពុជាផងដែរក្នុងពេលឬក្រោយពេលបញ្ចប់បញ្ហាជាមួយទាហានឡាវនោះ។
ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជាតិឆ្នាំខែកក្កដា ឆ្នាំ២០១៨ ហើយព្រឹត្តិការណ៍រំលោភបំពានទឹកដីពីប្រទេសឡាវ ដែលផ្តល់កំសួលនៃកម្លាំងជាតិនិយមខ្ពស់បំផុតនេះ ត្រូវគេរំពឹងថានឹងអាចជួយដល់អ្នកនយោបាយដើម្បីនឹងទាញយកប្រជាប្រិយភាព៕