លោក គី ឬទ្ធី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃព្រហស្បតិ៍នេះបានសម្រេចផ្តន្ទាទោស អ្នកវិភាគនយោបាយ លោក គឹម សុខ ឲ្យជាប់ពន្ធនាគាររយៈពេល ១៨ ខែ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ»។
ការសម្រេចផ្តន្ទាទោស លោក គឹម សុខ តាមបណ្តឹងរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នេះធ្វើឡើង ដោយលោកចៅក្រម គី ឬទ្ធី បានប្រកាសថា អ្នកវិភាគរូបនេះ ទទូលស្គាល់ការអធិប្បាយរបស់ខ្លួន ជាមួយវិទ្យុអាសេរី ដែលបានធ្វើឡើងកាលពីខែកុម្ភៈ។
នៅមុនពេលអាជ្ញាធរចាប់ឃុំខ្លួន និងបញ្ជូនលោក គឹម សុខ ទៅតុលាការ អ្នកវិភាគរូបនេះ បាននិយាយជាមួយវិទ្យុអាសេរីថា ប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលបច្ចុប្បន្ន មិនអាចរកមុខឃាតករពិត សម្លាប់លោក កែម ឡី លោក ជា វិជ្ជា ព្រះសង្ឈ សម ប៊ុនធឿន និងលោកឈុត វុទ្ធី ជាដើម។
លោក ជួង ជូងី មេធាវីការពារក្តី លោក គឹម សុខ ដែលមិនបានចូលរួមស្តាប់ការប្រកាសសាលក្រម នៅសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ដំណើរការកាត់ក្តីរបស់កូនក្តីលោក បានជួបភាពអយុត្តិធម៌តាំងពីដំណាក់កាល ដែលអយ្យការបានចោទប្រកាន់កូនក្តីលោក។ លោកថា កូនក្តីលោកព្យាយាម លើកជាសំណើរហៅលោកហ៊ុន សែន ដែលជាដើមបណ្តឹងមកតទល់រឿងក្តីនេះ តែតុលាការជារឿយៗបានច្រានចោលសំណើរនោះ។ លោក មេធាវី ជួង ជូងី ចាត់ទុកការកាត់ទោស។
«ការដែលដាក់ទោសលោក គឹម សុខ ក្នុងរឿងវិភាគតាមវិទ្យុយ៉ាងនេះ ធ្វើឲ្យអ្នកផ្សេងទៀត កាន់តែភ័យខ្លាច អត់ហ៊ានផ្តល់ការវិភាគ ឬក៏អត់ហ៊ានបញ្ចេញយោបល់តាមបណ្តាញសារព័ត៌មានផ្សេងៗ ឬក៏ដល់វិទ្យុអីផ្សេងៗអញ្ចឹង»។
បន្ថែមលើការកាត់ទោសឲ្យលោក គឹម សុខ ឲ្យជាប់ក្នុងពន្ធនាគាររយៈពេល ១៨ខែ លោកចៅក្រម គី ឬទ្ធី បានបង្គាប់ឲ្យ អ្នកវិភាគនយោបាយរូបនេះ បង់ប្រាក់ពិន័យចំនួន ៨លានរៀលចូលថវិកាជាតិ និងសំណងជំងឺចិត្តដល់លោក ហ៊ុន សែន ដែលជាដើមបណ្តឹងចំនួន ៨០០លានរៀល (ឬប្រមាណជា ២០ម៉ឺនដុល្លារអាមេរិក)៕