ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​តាក់​តែង​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​COC ​រវាង​អាស៊ាន​ចិន​នៅតែ​ចម្រូង​ចម្រាស


រូបឯកសារ៖ សំណង់​អគារ​នៅ​កោះ​សិប្បនិមិត្ត​ដែល​ចិន​បាន​បង្កើត​ឡើង​នៅ​ក្នុង​តំបន់​ថ្មប៉ប្រះទឹក​ Subi Reef នៅ​តំបន់​ប្រជុំ​កោះ Spratly។
រូបឯកសារ៖ សំណង់​អគារ​នៅ​កោះ​សិប្បនិមិត្ត​ដែល​ចិន​បាន​បង្កើត​ឡើង​នៅ​ក្នុង​តំបន់​ថ្មប៉ប្រះទឹក​ Subi Reef នៅ​តំបន់​ប្រជុំ​កោះ Spratly។

ប្រទេស​កម្ពុជា​អះអាង​អំពី​កុងសង់ស៊ីស​អាស៊ាន-ចិន ​លើ​បញ្ហា​អនុម័ត​ក្រប​ខ័ណ្ឌ​គ្រោង​ឆ្អឹង​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​កន្លង​មក​ថា ជា​ការរីក​ចម្រើន​មួយ​ទាក់ទង​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង។​

ទោះ​បី​ជា​មាន​ការ​ជឿន​លឿន​ខ្លះ​មែន​ តែ​ក្រុម​អ្នកវិភាគ​កិច្ចការ​តំបន់​ខ្លះ​នៅតែ​មើល​ឃើញ​ការ​លំបាក​ចំពោះ​ដំណើរការ​ចរចា​ដើម្បី​តាក់តែង​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី ​ដោយសារ​ក្រុម​ប្រទេស​អាស៊ាន​ខ្លះ​ មិនត្រឹម​តែ​ចង់ឃើញ​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​ជាក្រម​ដែល​អាច​ត្រឹមតែ​ទប់ស្កាត់​ជម្លោះ​ទេ​ គឺគួរ​តែជា​ក្រម​ដែល​អាច​មាន​យន្តការ​ដោះស្រាយ​ជម្លោះ​តាម​ច្បាប់​អន្តរជាតិ។

ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​និងចិន ​បាន​ព្រម​ព្រៀងគ្នា​ជា​ឯកច្ឆន្ទ​កាលពី​ថ្ងៃទី៦ ខែ​សីហា​ ក្នុងការ​អនុម័ត​ឯកសារ​គោលជា​បឋម​មួយ​ហៅថា​ ក្របខ័ណ្ឌ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិនខាង​ត្បូង​ ដែល​ត្រូវបាន​គេ​រង់ចាំ​១៥ឆ្នាំ​មក​ហើយ​នោះ។​ ការ​អនុម័ត​នេះ​ត្រូវ​គេ​គិត​ថា ជា​ការ​បើក​ផ្លូវ​ឲ្យ​ប្រទេស​អាស៊ាន​និង​ចិន ​បន្ត​កិច្ចចរចា​ដើម្បី​តាក់តែង​ក្រម​ប្រតិបត្តិ​ស្តីពី​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្រទេស​អាស៊ាន​ចំនួន​៤ កំពុង​តតាំង​ជាមួយ​ចិន​ក្នុង​ការ​ទាមទារ​កម្មសិទ្ធិ​ក្នុងដែន​សមុទ្រ​ចិនខាង​ត្បូង​ ហើយ​ដែល​ចិន​កំពុង​ព្យាយាម​ច្បាម​យក​ធ្វើជា​កម្មសិទ្ធិ​ស្ទើរ​តែ​ទាំង​ស្រុង​ម្នាក់ឯង​នោះ។​

ក្រុម​អ្នកវិភាគ​ខ្លះ​និង​មន្ត្រី​អាស៊ាន​ខ្លះ​រួម​ទាំង​កម្ពុជា ​បាន​វាយ​តម្លៃ​ចំពោះ​ការ​រីក​ចម្រើន​ចុង​ក្រោយ​រឿង​សមុទ្រ​ចិន​ខាងត្បូង​ ដោយ​យោង​ទៅលើ​ការ​ទុកចិត្ត​គ្នា​រវាង​អាស៊ាន​និង​ចិន​ បានកើត​មាន​លើស​ពេល​កន្លង​មក។​ ហើយ​តាម​រយៈការ​ជឿទុក​ចិត្តគ្នា​នេះ​អាស៊ាន​និង​ចិន​ បាន​ព្រម​ព្រៀងគ្នា​អនុម័ត​លើ​សេចក្តី​ថ្លែង​ការណ៍​រួមមួយ​ដើម្បី​អនុវត្ត ឲ្យ​បាន​ពេញលេញ​នូវ​សេចក្តី​ថ្លែង​ការណ៍​ប្រតិបត្តិ​ឌីអូស៊ី ​ដែល​ឈាន​ទៅ​ដល់​ការ បង្កើត​ប្រព័ន្ធ​ទំនាក់​ទំនង​ក្រសួង​ការបរទេស​ហៅថា​ Hotline ​ដែល​អាច​ទាក់ទង​គ្នា ពេល​មាន​ភាព​ចាំបាច់​ បង្កើត​បាន​ប្រព័ន្ធ​ទំនាក់​ទំនង​ Unplanned​ Encounters ​at Sea​(CUES)​ ដែល​អាច​ឲ្យ​យោធា​និង​អ្នក​ជំនាញ​ស៊ីវិល​ពិនិត្យ​ពិចារណា ​ដើម្បី​អនុវត្ត​នៅ​ក្រម​នេះ​ ហើយនឹង​បង្កើត​បាន​សេចក្តី​ព្រាង​ក្របខ័ណ្ឌ​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី ​ក្រោយពី​បាន​ជជែក​ពិភាក្សា​គ្នា​យ៉ាងយូរ​និង​ដ៏​តឹងតែង។

លោក Rex Tillerson ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ថត​រូប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ក្នុង​កិច្ច​ពិភាក្សា​អំពី​អាស៊ាន និង​សហរដ្ឋ​អាមេរិក នៅក្នុង​វេទិកា​ពិភាក្សា​ជា​តំបន់​ស្តី​ពី​ខួប​៥០​ឆ្នាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។
លោក Rex Tillerson ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ថត​រូប​ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នៅ​ក្នុង​កិច្ច​ពិភាក្សា​អំពី​អាស៊ាន និង​សហរដ្ឋ​អាមេរិក នៅក្នុង​វេទិកា​ពិភាក្សា​ជា​តំបន់​ស្តី​ពី​ខួប​៥០​ឆ្នាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃពុធ​ បន្ទាប់​ពី​វិល​ត្រឡប់​ពី​ការ​ចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​អាស៊ាន​នៅ​ប្រទេស​ហ្វីលីពីន​ លោក​ទេស​រដ្ឋមន្ត្រី ​ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​អះអាង​ថា ​ប្រទេស​អាស៊ាន​មានការ​ទទួល​ស្គាល់​អំពី​ការ​រីក​ចម្រើន​ក្នុង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ប្រទេស​អាស៊ាន​និង​ម្ចាស់​ផ្ទះ​ គឺ​ហ្វីលីពីន​ថា​មិន​ត្រូវ​ធ្វើឲ្យ​មាន​ការ​អាក់ខាន​ដល់​ការ​តាក់តែង​ក្រមប្រតិបត្តិ​ទេ។

«អញ្ចឹង​ហើយ​ដើម្បី​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា​សភាព​ការណ៍​វា​បាន​ធូរស្រាល ​ហើយ​សភាព​ការណ៍​វា​បាន​ទៅមុខ ​ហើយ​ដើម្បី​យក​ផល​ប្រយោជន៍​នៃ​ភាព​ធូរស្រាល​នៃ​សភាព​ការណ៍​នេះ​ ដើម្បី​យើង​ឈាន​ទៅមុខ​ ដើម្បី​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ តាមរយៈ​ការតាក់​តែង​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​ឲ្យ​ឆាប់​ចប់ ​ដើម្បី​ក្លាយជា​ឯកសារ​មូលដ្ឋាន​មួយ​ ដើម្បី​ធ្វើជា​ក្រម​ប្រតិបត្តិមួយ​សម្រាប់​ប្រទេស​នានា​នៅក្នុង​តំបន់​នេះ​ គឺ​យើង​មិន​ត្រូវ​ធ្វើឲ្យ​សភាព​ការណ៍​នេះ​អាប់អួរ​វិញ​ទេ​ មិន​ឲ្យ​ដើរថយ​ក្រោយ​ទេ​គឺ ​ទៅ​មុខ។ ​ហើយនេះ​ជា​សំណូម​ពរដ៏​ទទូច​របស់​ម្ចាស់ផ្ទះ​ គឺ​ហ្វីលីពីន​នេះ​ផងដែរ‍»។

យ៉ាងណា​ក៏ដោយ​មាន​ការ​ចោទ​ប្រកាន់​ពីប្រទេស​អាស៊ាន​ខ្លះ​ថា​ ប្រទេស​ចិន​បាន​ចាក់​ដី​សាង​សង់​សំណង់​នានា ​បាន​ប្រើប្រាស់​កម្លាំង​ដើម្បី​កាន់កាប់​កោះ និង​ដែនទឹក​នានា​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ ដោយ​មិន​បាន​គោរព​ទៅ​តាម​ច្បាប់​អន្តរជាតិ ​និង​សេចក្តី​ថ្លែង​ការណ៍​អាស៊ាន​ចិន​កន្លង​ទៅ​នោះ​ទេ។​

សកម្មភាពរបស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ជា​តំបន់​ច្រកចេញ​ចូល​ទំនិញ​ធំ​ជាង​គេ​មួយ​លើ​ពិភពលោក​ និង​សម្បូរ​ទៅ​ដោយ​រ៉ែ​និង​ធនធាន​ធម្មជាតិ​នេះ​ បាន​កើត​ឡើង​ជា​រឿយៗ​ ជាពិសេស​គឺ​ការ​កសាង​សំណង់​លើដែន​កោះ​សិប្បនិមិត្ត​ក្នុង​រយៈពេល​ថ្មីៗ​នេះ​ និង​ការ​ដាក់​កងទ័ព​ផង​នោះ។

ប្រទេស​ក្នុង​តំបន់​ ដូចជា​វៀតណាម​និង​អាស៊ាន​មួយ​ចំនួន​ រួមទាំង​សហរដ្ឋ​អាមេរិក ​អូស្ត្រាលី​ ហើយ​នឹង​ជប៉ុន​ ប្រាថ្នា​ចង់​ឃើញ​ការ​តាក់​តែង​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​ក្លាយ​ជា​ក្រម​ ដែល​ស្រប​តាមច្បាប់​អន្តរជាតិ​ ដែល​អាច​រកខុស​ត្រូវ​ ឬ​ប្រកាន់​យក​យន្តការណ៍​តុលាការ​ណាមួយ​និង​ស្ថាប័ន​ណាមួយ​ ដើម្បី​ដោះស្រាយ​ជម្លោះ​ដែល​កើត​មាន​ឡើង​ក្នុង​ដែន​សមុទ្រ​ចិន​ខាងត្បូង​ តែ​ការ​ចង់​បាន​ដូច្នេះ​ផ្ទុយពី​ជំហរ​ប្រទេស​ចិន។ ​

ការ​ទាមទារ​នេះ​ទំនង​ជា​ការ​បង្ហាញ​ថា​ អាស៊ាន​ត្រូវតែ​មាន​ច្បាប់​តវ៉ា​ ដោយសារ​ថា​ប្រទេស​ចិន​មិន​បាន​គោរព​សាលដីកា​តុលាការ​អន្តរជាតិ​អន្តរជាតិ​ទីក្រុង​ឡាអេ​ហៅថា​ The Permanent​ Court of ​Arbitration ​ដែល​បាន​កាត់​សេចក្តី​ឲ្យប្រទេស​ហ្វីលីពីន​ឈ្នះ​ក្តី​លើ​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាងត្បូង​ កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១៦ ​ហើយ​ថែម​ទាំង​បាន​ទាត់​ចោល​ការ​ទាមទារ​ដែន​កម្មសិទ្ធិ​ចិន​សឹង​តែ​ទាំងអស់។

លោក Wang Yi ​ រដ្ឋមន្ត្រី​ការបរទេស​ចិន ឆ្លើយ​តប​សំណួរ​របស់​អ្នក​សារព័ត៌មាន​នៅក្នុង​វេទិកា​ពិភាក្សា​ជា​តំបន់​ស្តី​ពី​ខួប​៥០​ឆ្នាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។
លោក Wang Yi ​ រដ្ឋមន្ត្រី​ការបរទេស​ចិន ឆ្លើយ​តប​សំណួរ​របស់​អ្នក​សារព័ត៌មាន​នៅក្នុង​វេទិកា​ពិភាក្សា​ជា​តំបន់​ស្តី​ពី​ខួប​៥០​ឆ្នាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧។

ប្រទេស​កម្ពុជា​ក៏ដូចជា​ប្រទេស​មួយ​ចំនួន​ដែល​ជា​សមាជិក​អាស៊ាន​ មិន​ហ៊ាន​រិះគន់​ចិន​ដោយ​ត្រង់ៗ​ទេ​ចំពោះ​ជម្លោះដែន​សមុទ្រ​ចិន​ទេ ​ហើយ​ប្រទេស​ខ្លះ​ស្ទាក់​ស្ទើរ​ក្នុងការ​បញ្ចេញ​មតិ​ប្រឆាំង​ទង្វើ​ចិន​ ដែល​គេ​រិះគន់​ថា​ជា​ថ្នូរ​នឹង​ជំនួយ​និង​ការ​គាំទ្រ​ផ្នែក​នយោបាយ។

លោក​បណ្ឌិត ​ឈាង វណ្ណារិទ្ធ​ អ្នក​វិភាគ​កិច្ចការ​តំបន់​បាន​ថ្លែង​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ការ​ប្រយ័ត្ន​ប្រយែង​ដោយ​មិនចង់​ឲ្យ​មាន​ភាព​តានតឹង​ ហើយក៏​បាន​ឲ្យ​តម្លៃ​ខ្លាំង​ទៅលើ​សន្តិភាព​និង​ស្ថេរភាព​ក្នុង​តំបន់​ដែល​ប្រទេស​ចិន​ជាដៃគូ​យុទ្ធសាស្ត្រ​និង​ដៃគូ​សេដ្ឋកិច្ច​សំខាន់​សម្រាប់​អាស៊ាន​និង​កម្ពុជា​ផងដែរ។

«អញ្ចឹងទេ​កម្ពុជា​យើង​គឺ​មិនចង់​ឲ្យ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ហ្នឹង​ទៅ​ជា​ប្រភព​នៃ​ភាព​តានតឹង​រវាង​អាស៊ាន​និងចិន​នោះ​ទេ។​ អញ្ចឹងទេ ​រៀង​ខុស​ពី​គោល​ជំហរ​ប្រទេស​វៀតណាម។ ​ពីព្រោះ​ថា​បច្ចុប្បន្ន​នេះ​គឺមាន​តែ​ប្រទេស​វៀតណាម​មួយ​ទេ​ ដែល​ឈរ​មុខគេ​តតាំង​ជាមួយ​ចិន​ ជាពិសេស​ទាក់ទង​នឹងការ​សាងសង់​កោះ​សិប្បនិមិត្ត​ក៏ដូច​ជាការ​ដាក់ទ័ព​នៅក្នុង​តំបន់​ដែល​មាន​ជម្លោះ​ហ្នឹង‍»។

លោក ​ឈាង វណ្ណារិទ្ធិ ​បាន​អះអាង​ថា ​កម្ពុជា​ក៏ដូចជា​ប្រទេស​អាស៊ាន​ខ្លះ​ទៀត​នៅមាន​ភាព​មិនចុះ​សម្រុងគ្នា​នៅ​ឡើយ​អំពី​ការ​ចរចា​ និង​ការ​ប្រើពាក្យ​ក្នុង​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​ ដោយ​ខ្លះ​ចង់ឲ្យ​ស៊ីអូស៊ី​ទៅជា​ក្រម​មាន​លក្ខណៈ​ស្របច្បាប់ ​Legally binding តែ​ខ្លះ​ចង់​បាន​ត្រឹមតែ​ជាក្រម​ដែល​ទប់ស្កាត់​ជម្លោះ។

«ខ្ញុំគិតថា​ ដំណើរការ​ចរចា​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​នឹង​ជា​ដំណើរការ​មួយ​ដ៏​យ៉ាប់​ដែរ​ មាន​ភាព​ចម្រូងចម្រាស​ និង​មាន​ភាព​ខុសគ្នា​ ពីព្រោះ​ប្រទេស​មួយចំនួន​ចង់​ឲ្យ​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​មាន​លក្ខណៈ​ស្របច្បាប់​ Legally binding ​ហើយ​ប្រទេស​មួយ​ចំនួន​ពុំចង់​ឲ្យ​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​មាន​កម្រិត​ខ្ពស់​ដូចអញ្ចឹង​ទេ​ គ្រាន់តែ​ជា​ឧបករណ៍​មួយ​ដើម្បី​ភាព​ជឿទុក​ចិត្តគ្នា ​ការពារ​មិនឲ្យ​កើត​ជម្លោះ​ និង​គ្រប់គ្រង​ជម្លោះ‍»។

លោក ​មាស នី​ អ្នកវិភាគ​និង​ស្រាវជ្រាវ​ក្នុង​ប្រទេស​កម្ពុជា​ បានមើល​ឃើញ​ពីការ​លំបាក​ដែរ​ ដោយសារ​លោក​បាន​យល់ឃើញ​ថា ​កម្ពុជា​មាន​ភាព​ជិតដិត​និង​ទោរទន់​ទៅរក​ចិន​ដែល​ជា​ម្ចាស់​ជំនួយ​សម្រាប់​កម្ពុជា​ និង​ជា​អ្នកវិនិយោគ​ដ៏ធំ​សម្រាប់​កម្ពុជា។​លោកថា​ ការ​មិន​ចុះសម្រុង​គ្នា​រឿង​ការ​ចរចា​អំពី​បញ្ហា​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង​ ដែលជា​ក្រម​តម្រូវ​ឲ្យប្រទេស​នានា​អនុវត្ត​នោះ​ គឺ​ដោយសារ​ផល​ប្រយោជន៍​ប្រទេស​រៀងខ្លួន​ក្នុងតំបន់​ដូចជា​កម្ពុជា​ដែរ។

លោក​ចង់​ឃើញ​អាស៊ាន​និង​ចិន ​ធ្វើកិច្ចការ​ជាមួយគ្នា​ដើម្បី​សន្តិសុខ ​សន្តិភាព​និង​សេ្ថរភាព​ក្នុង​តំបន់។

«បើគូភាគី​(អាស៊ាន)​ទាំងអស់​ រួមទាំង​ចិន​យល់​ព្រម​ទៅលើ​ក្រម​ប្រតិបត្តិ​ស៊ីអូស៊ី​ហ្នឹង​ទាំង​អស់​ ខ្ញុំ​គិតថា​ វា​ជា​ផ្នែកមួយ​ដើម្បី​រក្សា​លំនឹង​និង​ស្ថេរភាព ​សន្តិសុខ​នៅក្នុង​តំបន់​ដែរ។ ​រឿង​ហ្នឹង​វា​ត្រូវ​តែ​មាន​ផល​ជា​វិជ្ជមាន​ ជាជាង​ការ​គំរាមគ្នា​ទៅវិញ​ទៅមក​ ហើយ​ធ្វើ​ឲ្យ​ប្រទេស​នៅក្នុង​អាស៊ាន​ហ្នឹង​ ពេលខ្លះ​បែកបាក់​គ្នា​ដោយសារ​តែ​បញ្ហា​ចិន‍»។

លោក​ មាស នី​ បាន​សង្កត់​ធ្ងន់ថា​ ជា​ការ​ល្អ​ដែល​មហា​អំណាច​ផ្សេងៗ​រួមទាំង​ស.រ.អា.​អាច​ចូលរួម​ពាក់ព័ន្ធ​ក្នុងតំបន់​ដើម្បី​ទប់​កំណើន​ឥទ្ធិពល​ចិន​កុម្មុយនីស្ត ​ដែល​ចេះ​តែ​មាន​ឥទ្ធិពល​ខ្លាំង​ពេក​តែម្នាក់ឯង​ក្នុង​តំបន់​អាស៊ាន​ ដែល​មាន​ពលរដ្ឋ​ជាង​៦០០​លាន​នាក់​រស់នៅ​នេះ៕

XS
SM
MD
LG