លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លើកឡើងថា ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាន បានសម្ដែងការមិនសប្បាយចិត្តនឹងការបាញ់បង្ហោះមីស៊ីលសាកល្បងរបស់កូរ៉េខាងជើង និងបានឯកភាពគ្នា ដើម្បីដោះស្រាយបញ្ហាឧបទ្វីបកូរ៉េ ដែលកំពុងមានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំកន្លងមកហើយ។
បន្ទាប់ពីវិលត្រឡប់មកពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥០ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀតនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោក ប្រាក់ សុខុន ថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃពុធនេះថា រដ្ឋមន្រ្តីការបរទេសអាស៊ាន បានប្រជុំពិភាក្សាពិគ្រោះយោបល់ពិសេសដាច់ដោយឡែកមួយក្រៅពីការប្រជុំអាស៊ាន ដើម្បីពិភាក្សាលើបញ្ហាឧបទ្វីបកូរ៉េ ក្រោយពីមានការឡើងកម្ដៅជាបន្តបន្ទាប់នោះ។
លោករដ្ឋមន្ត្រីរូបនេះបន្ថែមថា ក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ បានគាំទ្រគំនិតក្នុងការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េនេះ ប៉ុន្តែលោកថា រដ្ឋមន្ត្រីការបរទេសប្រទេសកូរ៉េខាងជើង មិនបានបញ្ចេញមតិច្រើននោះទេ ដោយគ្រាន់តែនិយាយថា ជាការអយុត្តិធម៌ដែលប្រទេសកូរ៉េខាងជើងត្រូវបានរងការចោទប្រកាន់តែម្នាក់ឯង ពាក់ព័ន្ធនឹងអាវុធនុយក្លេអ៊ែរ និងថា កូរ៉េខាងជើងប្រឆាំងតែសត្រូវរបស់ខ្លួនតែមួយគត់ គឺសហរដ្ឋអាមេរិក។
ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ប្រាក់ សុខុន បន្ថែមដោយសំដៅលើការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានទៅកាន់រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងក្នុងពេលប្រជុំនោះថា៖
«សុំឲ្យគាត់ពិចារណា បន្ទន់ឥរិយាបថ គិតឡើងវិញ ហើយកុំឲ្យធ្វើអីដែលវាអាចធ្វើឲ្យសភាពការណ៍កាន់តែធ្ងន់ធ្ងរ ហើយនិងសុំឲ្យគាត់យល់អំពីការមិនសប្បាយចិត្តរបស់ប្រទេសអាស៊ានទាំង ១០ដែរ។ គឺគាត់អត់ឆ្លើយហ្មង ងក់ក្បាលក៏មិនងក់ គ្រវីក្បាល ក៏មិនគ្រវី»។
បញ្ហាឧបទ្វីបកូរ៉េក្នុងអំឡុងពេលប៉ុន្មានខែចុងក្រោយនេះ កំពុងធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្ដាប្រទេសនានា ដោយសាររដ្ឋាភិបាលកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់មីស៊ីលជាច្រើនដងនាប៉ុន្មានខែចុងក្រោយនេះ។
តបទៅនឹងការសាកល្បងអាវុធប្រល័យលោកដ៏គឃ្លើន របស់កូរ៉េខាងជើង សហរដ្ឋអាមេរិកបានដាក់ពង្រាយកងទ័ពជើងទឹករបស់ខ្លួននៅឧបទ្វីបកូរ៉េ ដែលបញ្ហានេះបានធ្វើឲ្យស្ថានការណ៍យោធាមានការប្រឈមមុខដាក់គ្នាយ៉ាងតឹងតែង។
កាលពីថ្ងៃសៅរ៍ រដ្ឋមន្ត្រីការបរទេសនៃបណ្ដាប្រទេសសមាគមអាស៊ានទាំងអស់ បានបង្ហាញនូវ «ការព្រួយបារម្ភដ៏ខ្លាំងក្លា» អំពីការកើនឡើងនូវភាពតានតឹងនៅឧបទ្វីបកូរ៉េ ដែលក្នុងនោះមានទាំងការបាញ់គ្រាប់ផ្លោងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើងចំនួនពីរលើកកាលពីខែកក្កដា កន្លងទៅនេះផងដែរ។ ពួកគេ បានស្នើឲ្យកូរ៉េខាងជើងគោរពតាមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបញ្ឈប់ការសាកល្បងគ្រាប់ផ្លោងមីស៊ីលតទៅទៀត៕